spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីង6 សំណួរដើម្បីបង្កើតយុទ្ធសាស្រ្តទីផ្សារលើកដំបូង

6 សំណួរដើម្បីបង្កើតយុទ្ធសាស្រ្តទីផ្សារលើកដំបូង

-

ការធ្វើទីផ្សារអាចមានភាពស្មុគស្មាញច្រើន ដោយមានយុទ្ធនាការស្ទើរតែរាប់មិនអស់នៅទូទាំងបណ្ដាញជាច្រើន ដើម្បីផ្ដល់ជាគំនិតក្នុងការបង្កើតយុទ្ធសាស្រ្តធំៗសម្រាប់ធ្វើអាជីវកម្ម។ ទោះបីជាយ៉ាងណា ក៏ការបង្កើតយុទ្ធសាស្រ្តទីផ្សារលើកដំបូងអាចមានភាពពិបាកសម្រាប់អ្នកទើបចាប់ផ្ដើមអាជីវកម្មដោយមិនបានយល់ច្បាស់អំពីការបង្កើតយុទ្ធសាស្រ្តទីផ្សារឱ្យមានប្រសិទ្ធភាព។ ហេតុនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវចំនួន 6 ដើម្បីផ្ដល់ជាគំនិតសម្រាប់បង្កើតយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អប្រសើរ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ Entrepreneur។

1. តើនរណាជាអតិថិជនគោលដៅរបស់អ្នក?

អ្នកត្រូវតែស្គាល់ថានរណាជាអតិថិជនគោលដៅរបស់អ្នក តាមរយៈការកំណត់អត្តសញ្ញារបស់ពួកគេ មិនមែនកំណត់ថាមនុស្សគ្រប់គ្នាជាអតិថិជនរបស់អ្នកឡើយ។ បន្ថែមពីនេះ ដើម្បីកំណត់ថានរណាជាអតិថិជនគោលដៅដ៏ពិតប្រាកដដែលអ្នកផ្ដោតលើ ចូរសួរសំណួរខ្លួនឯងមួយចំនួនដូចខាងក្រោម៖

  • តើនរណាជាប្រភេទអតិថិជនដែលអ្នកចូលចិត្តធ្វើការជាមួយ?
  • តើនរណាជាប្រភេទអតិថិជនដែលអ្នកងាយស្រួលក្នុងការធ្វើការជាមួយ?
  • តើនរណាទំនងជាចង់បានផលិតផលសេវាកម្មរបស់អ្នក?
  • តើនរណាហ៊ានចំណាយលុយលើអ្វីដែលអ្នកកំពុងលក់?

ធ្វើបែបនេះអ្នកនឹងដឹងយ៉ាងច្បាស់ថាក្រុមមនុស្សបែបណាជាអតិថិជនគោលដៅរបស់អ្នក ហើយពួកគេមានជីវភាពបែបណា ជាអ្នកមាន ជាអ្នកមធ្យម ឬអ្នកមិនសូវមានលុយ និងយល់ដឹងពីទំនោរចូលចិត្តរបស់ពួកគេ ដូច្នេះហើយអ្នកនឹងងាយស្រួលក្នុងការបង្កើតយុទ្ធសាស្រ្តទីផ្សារឱ្យចំនឹងគោលដៅដែលអ្នកចង់បាន។

2. តើពួកគេត្រូវការអ្វីខ្លះពីអ្នក?

នៅក្នុងចំណុចនេះ ចង់ឱ្យអ្នកដឹងកាន់តែច្បាស់ថា តើក្រុមមនុស្សប្រភេទណាដែលអ្នកកំពុងផ្ដោតលើ និងផ្ដល់អ្វីខ្លះសម្រាប់ពួកគេ។ ហេតុដូចនេះ អ្នកក៏ត្រូវសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីទស្សនៈនៃការយល់ឃើញរបស់អតិថិជន តាមរយៈការសួរសំណួរដូចខាងក្រោម៖

  • តើពួកគេមានបញ្ហាប្រឈមអ្វីខ្លះនៅក្នុងជីវិតប្រចាំថ្ងៃ?
  • តើពួកគេត្រូវជម្នះបញ្ហាអ្វីខ្លះដើម្បីអាចពង្រីកអាជីវកម្មរបស់ពួកគេ ការធ្វើឱ្យចំណេញពេលវេលាជាងមុន និងអាចកាត់បន្ថយភាពតានតឹង?
  • តើអ្នកនឹងបង្កើតអ្វីដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន?​

គួរបញ្ជាក់ផងដែរថា​ អ្នកមិនអាចជ្រើសរើសការលក់ផលិតផល ឬសេវាកម្មតាមតែចិត្តចង់របស់ខ្លួនឯង ដោយមិនសិក្សាពីអ្វីដែលអតិថិជនចង់បានឡើយ ជាពិសេសអ្នកក៏ត្រូវជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ​ដើម្បីងាយស្រួលក្នុងការផ្ដល់ជូនដល់អតិថិជន និងអតិថិជនងាយស្រួលស្វែងរក។

3. តើពួកគេភាគច្រើនចំណាយពេលនៅឯណា?

ចំណុចនេះ សំដៅលើការសិក្សាលើទីកន្លែងដែលអតិថិជនភាគច្រើនចំណាយពេលច្រើនជាមួយ មិនថានៅក្នុងបណ្ដាញសង្គម និងទីតាំងផ្ទាល់នោះទេ គឺត្រូវសិក្សាឱ្យបានច្បាស់ ដើម្បីងាយស្រួលវាយលុកទីផ្សារឱ្យចំទីកន្លែងដែលអតិថិជនគោលដៅរបស់អ្នកកំពុងស្ថិតនៅ។

បន្ថែមពីនេះ អ្នកក៏អាចឆ្លើយនឹងសំណួរមួយចំនួនខាងក្រោមផងដែរ៖

  • តើវេទិកាអនឡាញអ្វីខ្លះដែលពួកគេពេញនិយមក្នុងការចូលរួម?
  • តើពួកគេចូលចិត្តចូលរួមព្រឹត្តិការណ៍អ្វីខ្លះ?
  • តើប្រព័ន្ធផ្សព្វផ្សាយអ្វីដែលពួកគេយកចិត្តទុកជាមួយខ្លាំងជាងគេ?
  • តើពួកគេភាគច្រើនចូលចិត្តទៅទីកន្លែងណា?

ក្រោយពីអ្នកបានសិក្សាអំពីទីតាំងរួចរាល់ហើយ ជំហានបន្ទាប់អ្នកត្រូវចាប់ផ្ដើមចំណាយពេលវេលាលើទីកន្លែងណាដែលអ្នកបានសិក្សាថាអតិថិជនរបស់អ្នកពេញនិយមនៅទីនោះ ដើម្បីបង្កើតទំនាក់ទំនង និងវិនិយោគលើទីផ្សារឱ្យបានខ្លាំង ដូចជាការបង្កើតមាតិកាដ៏ទាក់ទាញសម្រាប់អតិថិជន និងបង្ហាញពីរបៀបដែលអ្នកអាចដោះស្រាយបញ្ហារបស់អតិថិជន។

4. តើនៅពេលណាអ្នកអាចទាក់ទងជាមួយពួកគេ?

នៅចំណុចនេះ អ្នកត្រូវសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងពេលវេលារបស់អតិថិជនគោលដៅរបស់អ្នក ថាតើពេលវេលាបែបណាដែលពួកគេទំនេរ? បន្ទាប់មកអ្នកអាចរៀបចំយុទ្ធនាការក្នុងការបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយឱ្យត្រូវនឹងពេលវេលាដែលពួកគេនឹងចំណាយពេលជាអ្នក មិនមែនផ្សព្វផ្សាយពេលណាដែលអតិថិជនរបស់អ្នកជាប់រវល់ឡើយ។

5. ហេតុអ្វីពួកគេគួរជ្រើសរើសអ្នកជាងគូប្រជែងរបស់អ្នក?

ជាធម្មតាទេ ការធ្វើអាជីវកម្មអ្វីក៏ដោយ ក៏តែងតែមានដៃប្រកួតប្រជែង ហេតុដូចនេះមានតែការធ្វើឱ្យអាជីវកម្មរបស់ខ្លួនឯងកាន់តែមានគុណតម្លៃ និងអ្វីដែលពិសេសសម្រាប់ផ្ដល់ជូនអតិថិជន ព្រមទាំងផ្ដល់ជម្រើសដ៏ល្អជាងដៃគូប្រកួតប្រជែងរបស់អ្នកនោះទេ ទើបអាជីវកម្មរបស់អ្នកអាចឈរនៅលើទីផ្សារបានយូរអង្វែងបាន។

កត្តានេះហើយ អ្នកត្រូវតែព្យាយាមពង្រឹងអាជីវកម្មលើផ្នែកគុណតម្លៃ ជាជាងការប្រកួតគ្នាលើតម្លៃ និងស្វែងរកអ្វីដែលជាហេតុផលដ៏ល្អដោយអាចទាក់ទាញចិត្តអតិថិជនរបស់អ្នកជ្រើសរើសយកអ្នកជាជាងដៃគូប្រកួតប្រជែងរបស់អ្នក។

គួរបញ្ជាក់ផងដែរថា អតិថិជនជាទូទៅ ពួកគេមានទំនោរផ្តល់អាទិភាពដល់ភាពងាយស្រួល ទំនាក់ទំនង ភាពច្បាស់លាស់ សាមញ្ញ និងភាពខុសប្លែកពីគេ។ ហេតុនេះអ្នកអាចគិតពិចារណាលើផ្នែកទាំងនេះខ្លះ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពលេចធ្លោ និងអាចទាក់ទាញទំនុកចិត្តពីអតិថិជនបានច្រើន។

6. តើធ្វើបែបណាទើបអាចទាញអតិថិជនដើម្បីបង្កើតប្រាក់ចំណូល?

នៅពេលដែលអ្នកបានសិក្សាស៊ីជម្រៅ និងបានស្គាល់ច្បាស់ពីអតិថិជនគោលដៅរបស់អ្នកស្របតាមប្រាំចំណុចខាងលើហើយ ជំហានបន្ទាប់អ្នកត្រូវបម្លែងពួកគេឱ្យក្លាយជាឱកាសក្នុងការបង្កើតប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន តាមរយៈ៖

  • ការបង្កើតឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន
  • បង្កើតផែនទីនៃការលក់
  • ធ្វើយុទ្ធសាស្រ្តដើម្បីទាក់ទាញឱ្យអតិថិជនការចូលរួមពីអតិថិជន
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ