ការវិនិយោគលើអចលនវត្ថុគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ព្រោះវាទាក់ទងនឹងប្រាក់យ៉ាងច្រើនសំបើម ហើយមានមនុស្សមិនតិចទេដែលបានខកខ្លួន ផុងខ្លួនចាញ់បោកគេ ដោយសារតែមិនបានប្រុងប្រយ័ត្ន។ ដើម្បីចៀសវាងការចាញ់បោកពីសំណាក់ជនខិលខូច ថ្ងៃនេះ លោក ហាក់ គីមថុង ដែលជាស្ថាបនិកនៃក្រុមហ៊ុន វិនិយោគបានចែករំលែកនូវចំណុចសំខាន់ៗទាំង ៧ ខាងក្រោមនេះ៖
១. ផ្ទៀងផ្ទាត់ប្លង់ដី និងឯកសារកម្មសិទ្ធិ: មុននឹងសម្រេចចិត្តទិញ សូមប្រាកដថាប្លង់ដី និងឯកសារពាក់ព័ន្ធផ្សេងទៀតត្រឹមត្រូវតាមច្បាប់ ហើយត្រូវបានចុះបញ្ជីត្រឹមត្រូវឋ។ ប្រសិនបើអាច សូមទៅកាន់ការិយាល័យសុរិយោដី ឬមន្ត្រីជំនាញដើម្បីសាកសួរព័ត៌មានលម្អិត។
២. ស្វែងយល់ពីប្រវត្តិម្ចាស់ដើម: ត្រូវដឹងថាអ្នកដែលលក់ដីនោះ ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ ឬយ៉ាងណា? តើពួកគេមានប្រវត្តិទាក់ទងនឹងការក្លែងបន្លំ ឬជម្លោះដីធ្លីដែរឬទេ?
៣. ពិនិត្យទីតាំងជាក់ស្តែង: កុំជឿលើតែរូបភាព ឬការពិពណ៌នា។ ត្រូវចុះទៅមើលទីតាំងដីផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាពដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញ និងលទ្ធភាពអភិវឌ្ឍន៍នាពេលអនាគត។
៤. ប្រយ័ត្នចំពោះការសន្យាខ្ពស់ហួសហេតុ: ប្រសិនបើមានការសន្យាពីផលចំណេញខ្ពស់ ឬការអភិវឌ្ឍន៍ធំៗក្នុងរយៈពេលខ្លី សូមមានការប្រុងប្រយ័ត្នខ្ពស់។ ការវិនិយោគពិតប្រាកដត្រូវការពេលវេលា និងការសិក្សាឱ្យបានច្បាស់លាស់។
៥. ពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់ ឬអ្នកជំនាញអចលនវត្ថុ: មុននឹងចុះហត្ថលេខាលើកិច្ចសន្យាណាមួយ សូមស្វែងរកមេធាវីដែលមានជំនាញខាងអចលនវត្ថុ ឬអ្នកជំនាញទិញលក់អចលនវត្ថុ ដើម្បីពិនិត្យមើលលក្ខខណ្ឌ និងធានាថាផលប្រយោជន៍របស់អ្នកត្រូវបានការពារ។
៦. កុំទូទាត់ប្រាក់ជាមុនទាំងស្រុង: គួរមានការបង់ប្រាក់ជាដំណាក់កាល ដោយផ្អែកលើការសម្រេចបាននូវលក្ខខណ្ឌជាក់លាក់ក្នុងកិច្ចសន្យា។ កុំទូទាត់ប្រាក់ទាំងអស់មុនពេលឯកសារកម្មសិទ្ធិត្រូវបានផ្ទេរមកអ្នកជាផ្លូវការ។
៧. តាមដានព័ត៌មានទីផ្សារ: ត្រូវតាមដានព័ត៌មានអំពីនិន្នាការទីផ្សារអចលនវត្ថុ ច្បាប់ពាក់ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត។