នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកសកំពុងទទួលបានការពេញនិយមក្នុងស្រទាប់យុវវ័យជាពិសេសយុវនារីតែម្តង ។
វាប្រាកដហើយថាការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងអាចជួយឲ្យស្បែកយើងស ប៉ុន្តែទទឹមនឹងគ្នានេះវាក៏អាចផ្តល់ផលអាក្រក់ដល់យើងវិញផងដែរ ។ គេសង្កេតឃើញថា មានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលមានការយល់ដឹងពីផលប៉ះពាល់ក្នុងការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកស ។ ដូចនេះ “គំនិត” នឹងលើកយកផលប៉ះពាល់ និង ដំបូន្មានខ្លះៗជូនដល់ប្រិយមិត្តទុកគ្រាន់ជាចំណេះដឹង ។
ជាទូទៅផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកសអាចបណ្តាលឲ្យមានផលប៉ះពាល់ដូចជា ៖
– ការរោល ឬ ក្រហាយស្បែក: ធ្វើឲ្យមានអារម្មណ៍ឈឺចាប់លើស្បែកដែលភាគច្រើនបណ្តាលមកពីសារធាតុអ៊ីដ្រូខ្វូយណាន់ (Hydroquinone) ។ សារធាតុអ៊ីដ្រូខ្វូយណាន់ជាសារធាតុដែលជួយដល់ការកំចាត់ ឬ ការកាត់បន្ថយស្នាមអុចតូចៗនិងធ្វើឲ្យស្បែកស ប៉ុន្តែបើមានសារធាតុនេះលើសចំនុះក្នុងផលិតផល ឬ គ្រឿងសម្អាងវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ។
– ប្រតិកម្មស្បែកជាមួយពន្លឺ: សារធាតុអ៊ីដ្រូខ្វូយណាន់ធើ្វឲ្យស្បែកស្តើងដែលនាំឲ្យស្បែកងាយមានប្រតិកម្មជាមួយនឹងពន្លឺដូចជា ពន្លឺអំពូល ពន្លឺព្រះអាទិត្យ និង កាំរស្មីអ៊ុលត្រាវីយូឡេជាដើម ។ល។
– ប៉ះពាល់សុខភាព: ការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកសដែលមានសារធាតុអ៊ីដ្រូខ្វូយណាន់ បារ៉ត អុកស៊ីតដែលមានជាតិអ៊ីដ្រូសែនច្រើន (Peroxide) និង អាសេនិចជាដើមអាចបណ្តាលឲ្យមានជំងឺមហារីក ប្រព័ន្ធដង្ហើម ខូចសួត ខ្សោយក្រលៀន និង ចំពោះស្រ្តីមានផ្ទៃពោះធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកទៀតផង (វិជ្ជបណ្ឌិតបានហាមដាច់ខាតចំពោះស្រ្តីមានផ្ទៃពោះក្នុងការប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកស) ។
ចងចាំថា បើអ្នកប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកសតែមួយមុខនោះក៏នៅមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឲ្យស្បែកស និង ស្បែកមានសុខភាពបានដែរគឺវាទាមទារកត្តាផ្សេងទៀតដើម្បីធ្វើឲ្យស្បែកសដូចជា ៖
– ផឹកទឹកឲ្យបានច្រើន: ការផឹកទឹកឲ្យបានច្រើនវាអាចជួយដល់ការកាត់បន្ថយ ឬ កំចាត់ជាតិពុលចេញពីស្បែករបស់អ្នក ។ អ្នកគូរបរិភោគទឹកឲ្យបានពី ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ ។
– បរិភោគអាហារឲ្យបានត្រឹមត្រូវ: ការតមអាហារខ្លាំងពេក ឬ ការមិនទទួលទានបន្លែនិងផ្លែឈើធ្វើឲ្យរាងកាយខ្វះវីតាមីន និង សារធាតុបំប៉នដល់ស្បែក ។ ដូចនេះ នៅពេលអ្នកប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកស នោះវានឹងពុំសូវទទួលបានប្រសិទ្ធភាពឡើយ ។
– ការហាត់ប្រាណ: វាជួយដល់ការបញ្ចេញជាតិពុលពីក្នុងស្បែក បើមើលទៅវាហាក់បីដូចជាមិនមានអ្វីទាក់ទងនឹងការធ្វើឲ្យស្បែកសទេ ប៉ុន្តែតាមការពិតគឺវាអាចជួយបានមួយកំរិតក្នុងការធ្វើឲ្យស្បែកស ។
បើអ្នកចង់ប្រើប្រាស់ផលិតផល ឬ គ្រឿងសម្អាងដែលធ្វើឲ្យស្បែកស អ្នកគួរចៀសវាងក្នុងការប្រើប្រាស់ផលិតផលណាដែលមានផ្ទុកសារធាតុដូចជា ៖
– អ៊ីដ្រូខ្វូយណាន់ (Hydroquinone)
– អាសេនិក (Arsenic)
– បារ៉ត (Mercury)
– អុកស៊ីតដែលមានអ៊ីដ្រូសែនច្រើន (Peroxide)
– ស្ទេរូអ៊ីត (Steroid)
ជាពិសេសទៅទៀតគួរអានការណែនាំរបស់ផលិតផលឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់និងមិនត្រូវប្រើប្រាស់លើសការណែនាំ ហើយចៀសវាងដាច់ខាតក្នុងការប្រើប្រាស់ផលិតផលតាមគ្នា និង ផលិតផលណាដែលមិនមានស្លាកសញ្ញាច្បាស់លាស់ ៕
ដកស្រង់ និង កែសម្រួលចេញពី:
http://www.ehow.com/about_5037500_dangers-skin-bleaching.html
http://www.ehow.com/about_5106404_side-effects-skin-bleaching-creams.html
http://dralex.hubpages.com/hub/Natural-Skin-Whitening
http://en.wikipedia.org/wiki/Skin_whitening