នៅពេលទំនេរពីការងារ និងការសិក្សា តើអ្នកយកពេលវេលានេះទៅធ្វើអ្វីដែរ? មានមនុស្សជាច្រើនដែលចំណាយពេលទំនេររបស់គេ ដោយអង្គុយសោយសុខនៅមុខកញ្ចក់ទូរទ្សន៍។ ពួកគាត់បានចំណាយពេលជាច្រើនម៉ោង ដើម្បីតាមដានរាល់កម្មវិធីទូរទស្សន៍ណាដែលពួកគាត់ពេញចិត្ត។ ប៉ុន្តែ តើអ្នកមានដឹងទេថា ការមើលទូរទស្សន៍ច្រើនអាចធ្វើអោយប៉ះពាល់ដល់សុខភាពដែរឬទេ? តើទូរទស្សន៍ផ្តល់នូវភាពអវិជ្ជមានអ្វីខ្លះដល់កុមារ និងមនុស្សពេញវ័យ? មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានធ្វើឡើងដើម្បីអោយដឹងច្បាស់ពីផលប៉ះពាល់ដែលអាចបណ្តាលមកពីការមើលទូរទស្សន៍។ ដូចនេះ ថ្ងៃនេះគំនិតសូមលើកយកបញ្ហានេះមកបរិយាយដើម្បីអោយមិត្តអ្នកអានបានដឹងអំពីផលប៉ះពាល់នានាដែលអាចកើតមានតាមរយៈការមើលទូរទស្សន៍ហូសកំណត់។
កុមារៈ
មានមាតាបិតាជាច្រើនដែលបានអនុញ្ញាត្តិអោយកូនរបស់ពួកគាត់មើលទូរទស្សន៍ជាច្រើនម៉ោងដោយពួកគាត់មួយចំនួនបានយល់ថា ការមើលទូរទស្សន៍ធ្វើអោយបុត្រធីតារបស់គាត់មានភាពឆ្លាតវៃ ហើយសម្រាប់អាណាព្យាបាលខ្លះទៀតបានគិតថា ការអោយកូនរបស់ពួកគាត់មើលទូរទស្សន៍គឺដើម្បីអោយពួកគេទាំងនោះនៅមួយកន្លែងដើម្បីអោយពួកគាត់ងាយស្រួលធ្វើកិច្ចការផ្សេងៗ។ ប៉ុន្តែការមើលទូរទស្សន៍ហូសកម្រិត គឺមិនមែនជាប្រការល្អសម្រាប់កុមារនោះទេ។បើយោងតាម The American Academy of Pediatricបាននែនាំថា សម្រាប់កុមារដែលមានអាយុតិចជាង២ឆ្នាំ គឺមិនត្រូវអោយពួកគេមើលទូរទស្សន៍ឡើយ ហើយសម្រាប់កុមារដែលមានអាយុច្រើនជាង២ឆ្នាំគួរអនុញ្ញាត្តិអោយពួកគេមើលទូរទស្សន៍យ៉ាងច្រើនបំផុតត្រឹម២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ។
សម្រាប់កុមារដែលមានវ័យតិចជាង២ឆ្នាំ ក្នុងកំឡុងពេលនេះ ដំណើរនៃការវិវឌ្ឍន៍ខួរក្បាលគឺប្រព្រឹត្តទៅយ៉ាងខ្លាំង។ ហេតុនេះហើយ ការចំណាយពេលមើលទូរទស្សន៍ច្រើន និងការលែងគ្រឿងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត គឺជារនាំងដែលរារាំងពួកគេក្នុងការស្វែងយល់នៅអ្វីដែលថ្មីនៅជុំវិញខ្លួន រារាំងទំនាក់ទំនងពួកគេជាមួយនឹងអាណាព្យាបាល និងរារាំងសកម្មភាពផ្សេងៗទៀតដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អោយពួកគេដឹងនូវអ្វីដែលថ្មី និងធ្វើអោយពួកគេមានសុខភាពល្អផ្នែករាងកាយ និងមានទំនាក់ទំនងល្អក្នុងសង្គម។
សម្រាប់កុមារដែលមានអាយុច្រើនជាង២ឆ្នាំ ការចំណាយពេលវេលាទៅលើការមើលទូរទស្សន៍ច្រើនធ្វើអោយ ពួកគេមិនសូវមានសកម្មភាពផ្នែករាងកាយ មិនសូវមានពេលវេលាសម្រាប់ការអាន សរសេរ ធ្វើកិច្ចការសាលា លែងជាមួយមិត្តភក្តិ និងចំណាយពេលវេលាជាមួយគ្រួសារ។
ការមើលទូរទស្សន៍គឺពិតជាផ្តល់សារប្រយោជន៍ចំពោះកុមារមែន បើសិនណាការចំណាយពេលទៅលើវាមានកម្រិតសមស្របនោះ។ ប៉ុន្តែការមើលទូរទស្សន៍ច្រើនហួសកម្រិត ឬការមើលកម្មវិធីមិនសមរម្យនឹងធ្វើអោយកុមារប្រឈមមុខដូចជា៖
-កុមារដែលចំណាយពេលមើលទូរទស្សន៍ច្រើនជាង៤ម៉ោងក្នុង១ថ្ងៃនឹងប្រឈមមុខនឹងការលើសទម្ងន់។
-កុមារដែលមើលឈុតឆាកកាប់ចាក់ និងធ្វើអោយកុមារមានចរិកឆាប់ឆេវឆៅ ហើយនឹងធ្វើអោយពួកគេខ្លាចពិភពខាងក្រៅ។
-តួសម្តែងក្នុងទូរទស្សន៍បានផ្តល់ឧទាហរណ៍មិនល្អដល់ពួកគេ ដូចជាការជក់បារី ផឹកស្រា និងការធ្វើអោយមានការរើសអើងពូជសាសន៍។
– ការមើលទូរទស្សន៍ច្រើនពេក ធ្វើអោយសតិបញ្ញារបស់កុមារមានការរីកចម្រើនមិនប្រក្រតី ។
ដូចនេះ អាណាព្យាបាលទាំងអស់គួរកម្រិតការមើលទូរទស្សន៍របស់បុត្រធីតាខ្លួនអោយបានល្អដើម្បីអោយពួកគេមានសុខភាពល្អ ទាំងរាងកាយ និងស្មារតី។
មនុស្សពេញវ័យៈ
មានមនុស្សជាច្រើនដែលបានចំណាយពេលទំនេររបស់ខ្លួនក្នុងការតាមដានកម្មវិធីទូរទស្សន៍ណាមួយដែលពួកគេចូលចិត្ត។ ប៉ុន្តែការចំណាយពេលច្រើននៅមុខកញ្ចក់ទូរទស្សន៍ដើម្បីតាមដានកម្មវិធីទាំងនោះ គឺ មិនបានផ្តល់ផលល្អសម្រាប់សុខភាពឡើយ។ ការមើលទូរទស្សន៍ច្រើនអាចបណ្តាលអោយកើតមានជម្ងឺលើសទម្ងន់ និងអាចបណ្តាលអោយស្លាប់មុនអាយុទៀតផង។ បើយោងតាមការសិក្សារស្រាវជ្រាវរបស់សមាគមវិជ្ជសាស្ត្រនៃសហរដ្ឋអាមេរិកបានអោយដឹងថារាល់ការមើលទូរទស្សន៍២ម៉ោងបន្ថែម នឹងធ្វើអោយកម្រិតប្រឈមមុខនឹងការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២កើនឡើងដល់២០% និងការប្រឈមមុខនឹងការកើតជម្ងឺបេះដូងកើនឡើង១៥%។ រីឯការសិក្សាស្រាវជ្រាវមួយទៀតដែលបានធ្វើឡើងដោយអ្នកស្រាវជ្រាវសញ្ជាតិអូស្ត្រាលីបានបង្ហាញថា រាល់ការចំណាយពេល១ម៉ោងសម្រាប់ការមើលទូរទស្សន៍ វានឹងធ្វើអោយអ្នកប្រឈមមុខខ្ពស់នឹងការបាត់បង់ជីវិតពីជម្ងឺcardiovascular(ទាក់ទង់នឹងសរសៃឈាមនិងបេះដូង)ប្រមាណ១៨%។
ដូចនេះ ដើម្បីបានសុខភាពល្អ យើងគួរគប្បីចំណាយពេលវេលាអោយបានសមរម្យនៅមុខកញ្ចក់ទូរទស្សន៍ ដោយមិនអោយលើសពី២ម៉ោងក្នុង១ថ្ងៃ។ ហើយប្រសិនបើអ្នកមានពេលវេលាទំនេរច្រើនជាងនេះ អ្នកគួរយកពេលវេលាទាំងនោះ ដើម្បីធ្វើការហាត់ប្រាណដើម្បីអោយសុខភាពកាន់តែល្អនិងរឹងមាំ ឬយកពេលវេលានោះមកចំណាយទៅលើសិក្សារអ្វីដែលថ្មីដើម្បីអភិវឌ្ឍចំណេះដឹង។
ឯកសារយោង៖
http://kidshealth.org
http://articles.latimes.com/2010/jan/12/science/la-sci-tv12-2010jan12
http://news.bbc.co.uk/2/hi/3603235.stm
http://edition.cnn.com/2010/HEALTH/01/11/television.tv.death/index.html