Adam Khoo ធ្លាប់ជាក្មេងល្ងង់ខ្លៅ រហូតក្លាយជាសេដ្ឋីនៅអាយុ 26ឆ្នាំ តើគាត់បម្លែងខ្លួនដោយរបៀបណា?

82
Adam Khoo ធ្លាប់ជាក្មេងល្ងង់ខ្លៅ រហូតក្លាយជាសេដ្ឋីនៅអាយុ 26ឆ្នាំ តើគាត់បម្លែងខ្លួនដោយរបៀបណា?

Adam khoo គឺជាមហាសេដ្ឋី និងពាណិជ្ជករជនជាតិសិង្ហបុរីដ៏ល្បីល្បាញម្នាក់។ គាត់គឺជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត ស្តីពីអភិបាលកិច្ច ភាពជាអ្នកដឹកនាំ ហិរញ្ញវត្ថុ និងសក្តានុពលមនុស្ស។ គាត់ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ឈានមុខគេ និងមានឥទ្ធិពលនៅតំបន់អាស៊ី។

នៅឆ្នាំ 2008 Khoo បានស្ថិតនៅក្នុងបញ្ជីអ្នកមានបំផុត ទាំង 25 នៅសិង្ហបុរី នៅអាយុក្រោម 40 ឆ្នាំ ដែលមានទ្រព្យសម្បត្តិសរុបជាង 1,3 ពាន់លានដុល្លារ។ ប៉ុន្តែ ទម្រាំទទួលបានភាពជោគជ័យបែបនេះ លោក Khoo បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ទាំងនៅកុមារភាព​ដោយគាត់ជាមនុស្សល្ងង់ម្នាក់ ដែលធ្វើឱ្យសាលាបានបណ្ដេញគាត់ចេញទៀតផង។

ខាងក្រោមនេះ ដំណើររឿងនៃការបម្លែងខ្លួនរបស់លោកតាំងពីកុមារភាព រហូតទទួលបានភាពជោគជ័យ និងក្លាយជាមហាសេដ្ឋីនៅវ័យ26ឆ្នាំ។

កុមារភាពរបស់លោក Adam Khoo

កាលនៅពីក្មេង Adam khoo ត្រូវបានគ្រូបង្រៀន និងមនុស្សនៅជុំវិញគាត់រិះគន់ថា ជាមនុស្សឆោតល្ងង់និងមិនប្រក្រតី។ ឪពុកម្ដាយរបស់គាត់បាននិយាយថា​ Adam Khoo មិនចូលចិត្តការអានសៀវភៅ និងរៀនសូត្រឡើយ ដោយញៀនតែការមើលទូរទស្សន៍ និងវីដេអូហ្គេម។

នៅថ្នាក់ទី 3 លោក Khoo ត្រូវបានបណ្តេញចេញពីសាលាបឋមសិក្សា St Stephen ដោយសារតែការសិក្សារបស់គាត់អន់ខ្លាំងពេក។ ពេលនោះ លោក Khoo ក៏ត្រូវបានផ្ទេរសាលា ហើយគាត់បានបដិសេធមិនចង់ទៅសាលាចំនួន 6 លើក និងរៀនមិនដែលទទួលបានលទ្ធផលល្អឡើយ តែងតែទទួលបានចំណាត់ថ្នាក់នៅបាតថ្នាក់រហូត។ លើសពីនេះ សូម្បីតែលំហាត់គណិតដ៏សាមញ្ញនៅថ្នាក់ទី4 ក៏គាត់មិនអាចដោះស្រាយបានឡើយ អំឡុងពេលដែលគាត់កំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ។

របៀបផ្លាស់ប្ដូររបស់លោក Adam Khoo

ទី1. ជ្រើសរើសកន្លែងអប់រំត្រូវ

នៅអាយុ 13 ឆ្នាំ Adam Khoo ត្រូវបានបញ្ជូនទៅកម្មវិធីអប់រំរបស់ Dr. Ernest Wong។ លោក Ernest Wong គឺជាស្ថាបនិកនៃ Learning Mastery Academy នៅប្រទេសសិង្ហបុរី។ គាត់គឺជាគ្រូបណ្ដុះបណ្ដាលលើការអភិវឌ្ឍន៍សមត្ថភាពសម្រាប់កុមារ និងវ័យជំទង់។

កម្មវិធីអប់រំរបស់លោក Ernest Wong បានផ្លាស់ប្តូរជីវិតរបស់ Adam Khoo ដោយប្រែក្លាយគាត់ពី“ក្មេងល្ងង់គ្មានសមត្ថភាព” ទៅជាមហាសេដ្ឋីនាពេលក្រោយ។ លោក Ernest Wong បានចង្អុលបង្ហាញថានរណាៗក៏អាចមានទេពកោសល្យ និងជាអ្នកដឹកនាំ សូម្បីតែពីចំណុចចាប់ផ្តើមទាបក៏ដោយ៖“ រឿងតែមួយគត់ដែលបញ្ឈប់យើង គឺជំនឿខុស និងអាកប្បកិរិយាអវិជ្ជមាន” ។ ទស្សនវិស័យនេះហើយ បានបំផុសគំនិតការរៀនសូត្រសម្រាប់ Adam Khoo ឡើងវិញ ដោយឈប់ស្អប់សាលា និងបង្ហាញអាកប្បកិរិយាវិជ្ជមានចំពោះការរៀនសូត្រ។ Khoo ជឿជាក់លើខ្លួនឯងថា បើអ្នកផ្សេងទទួលបាននិទ្ទេស A គាត់ក៏អាចធ្វើបានដែរ ហើយកាន់តែប្រសើរជាងគេផ្សេងទៀតផង។

ទី2. ផ្លាស់ប្ដូរផ្នត់គំនិត

ក្រោយមក Adam Khoo តែងតែផ្តោតលើការរៀនសូត្រ និងជឿតែលើសមត្ថភាព សក្តានុពលរបស់ខ្លួនឯង។ គាត់បានកំណត់គោលដៅ ដើម្បីទទួលបាននិទ្ទេស A នៅគ្រប់មុខវិជ្ជា ហើយប្រលងចូលរៀននៅវិទ្យាល័យ Victoria ដែលជាវិទ្យាល័យល្អបំផុតនៅសិង្ហបុរី និងនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ ទោបីជា គ្រូបង្រៀន និងមិត្តភក្តិ សើចចំអកចំពោះក្ដីស្រមៃរបស់គាត់ក៏ដោយ ក៏គាត់មិនខ្វល់ដែរ គឺនៅតែផ្តោតលើការសិក្សារបស់គាត់ជានិច្ច។

បន្ទាប់មក លោក Khoo បានបិទរូបភាពខ្លួនឯងនៅលើជញ្ជាំង ដោយភ្ជាប់នឹងពាក្យសម្តីបំផុសគំនិត។ គាត់ក៏បានប្រើវិធីសាស្រ្តរៀនសូត្របែបថ្មីៗ ដើម្បីទទួលបានចំណេះដឹង ដូចជាការប្រើបច្ចេកទេសអានឱ្យបានល្បឿន ដោយប្រើខួរក្បាលផ្នែកhemispheres និងបង្កើនការចងចាំជាដើម។ អ្វីទាំងនេះ Khoo បានរៀនពីកម្មវិធីអប់រំរបស់លោក Ernest Wong និងរៀនបន្ថែមនៅក្នុងសៀវភៅ។

ទី3. លទ្ធផលចាប់ផ្ដើមកើតមានឡើង

ក្នុងរយៈពេល 3ខែក្រោយមក ពិន្ទុរបស់Adam khoo បានកើនពី 40 ទៅ 70 ហើយបន្ទាប់ពី 1 ឆ្នាំ គាត់បានទទួលបានពិន្ទុល្អទាំងស្រុង និងសម្រេចបាននូវគោលដៅទាំង 3 របស់គាត់ ដូចជាទី1. ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ទី2. ជាប់បានទៅរៀននៅវិទ្យាល័យVictoria និងទី3. ក្លាយជានិស្សិតនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ មិនត្រឹមតែប៉ុណ្ណោះ Khoo ក៏ទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅសកលវិទ្យាល័យ។ បន្ទាប់ពីនោះគាត់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីដែលបានរចនាឡើង ជាពិសេសសម្រាប់សិស្សកំពូលទាំង 10 របស់សាលា។

នៅអាយុ 21 ឆ្នាំ បន្ទាប់ពីបញ្ចប់ការបម្រើយោធានៅសាធារណរដ្ឋសិង្ហបុរីកងទ័ពអាកាស Khoo បានសហការជាមួយមិត្តភក្តិ 3 នាក់មកពី NUS ដើម្បីបើកក្រុមហ៊ុនគ្រប់គ្រងព្រឹត្តិការណ៍មួយ ឈ្មោះ Curroul Entertainment (ក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Event Gurus Pte Ltd.)។

នៅអាយុ 23 ឆ្នាំ Khoo ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យបណ្តុះបណ្តាលនៅ NLP នៅSeattle និងWashington។ NLP= Neuro Linguistic Programming សម្រាប់កម្មវិធីវិទ្យាសាស្រ្តសិក្សាអំពីមនុស្ស និងជួយមនុស្សឱ្យក្លាយជាមនុស្សពូកែឬពូកែជាងគេក្នុងរយៈពេលខ្លីបំផុត ដោយធ្វើត្រាប់តាមមនុស្សជោគជ័យ។

នៅអាយុ 24 ឆ្នាំ Khoo បានក្លាយជាគ្រូបង្វឹកនៅជំរុំ SuperTeen ដែលរៀបចំវគ្គសិក្សាសម្រាប់ស្ថាប័ននិងសាលារៀនធំៗនៅក្នុងតំបន់អាស៊ី។

នៅអាយុ 25 ឆ្នាំ Khoo បានបណ្តុះបណ្តាលអាជីវកម្មធានារ៉ាប់រង និងផ្តល់ដំបូន្មានដល់អ្នកទីផ្សារកំពូលអំពីវិធីបង្កើនការលក់។

លោកVince Khoo ដែលត្រូវជាឪពុករបស់ Adam Khoo និងជាម្ចាស់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម Adcom។ គាត់បានទិញដៃគូទាំងអស់ ហើយផ្តល់សិទ្ធិគ្រប់គ្រងដល់កូនប្រុសរបស់គាត់។ ក្នុងរយៈពេល 3 ខែ Khoo បានបញ្ច្រាស់ស្ថានការណ៍ពីការបាត់បង់សន្ទុះ មករកប្រាក់ចំណេញ ហើយបន្តបង្កើនប្រាក់ចំណេញ 30%។ ដូច្នេះហើយ នៅអាយុ 25 ឆ្នាំដដែល Khoo បានប្រាក់ 1 លានដុល្លារដំបូងរបស់គាត់ ពីការបណ្តុះបណ្តាលនៅសាលា និងក្រុមហ៊ុន។ ជោគជ័យនេះធ្វើឱ្យ Khoo បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេរបស់សិង្ហបុរី។

ទី4. បច្ចុប្បន្នភាព

បច្ចុប្បន្ននេះ Adam Khoo គឺជាប្រធាននាយកប្រតិបត្តិ និងជាអ្នកជំនាញបណ្តុះបណ្តាលជាន់ខ្ពស់នៃ Adam Khoo Learning Technologies Group (AKLTG) ដែលរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាសម្រាប់ក្រុមហ៊ុនពហុជាតិ និងបុគ្គលនៅទូទាំងអាស៊ី។ Khoo ក៏ជាអ្នកឈានមុខគេផ្នែកហិរញ្ញវត្ថុ ទីផ្សារ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងប្រឹក្សាយោបល់ពីសក្តានុពលមនុស្សនៅអាស៊ី។

នៅអាយុ 47 ឆ្នាំ Adam Khoo គឺជាអ្នកជំនួញដ៏ល្បីល្បាញ អ្នកនិពន្ធ គ្រូបង្វឹក អ្នកជំនាញហិរញ្ញវត្ថុនិងវិនិយោគិន។ គាត់នៅតែកាន់តំណែងជាប្រធានក្រុមហ៊ុន Adam Khoo Learning Technologies Group (AKLTG) ដែលមានទ្រព្យសម្បត្តិប្រហែល 70 លានដុល្លារអាមេរិក។ ក្រៅពីនេះ គាត់ក៏ជាវាគ្មិនដ៏ល្បីម្នាក់ ដែលជួយឈ្វេងយល់ និងលើកកម្ពស់សក្តានុពលរបស់មនុស្ស។