ទំនងតើ!

ចាប់តាំងពីការចេញផ្សាយអក្សរយូនីកូដខ្មែរចាប់តាំងពីអំឡុងឆ្នាំ ២០០៤-២០០៥ មកដល់ពេលនេះ វាបានក្លាយជាមធ្យោបាយទំនាក់ទំនងតាមរយៈអក្សរ ដ៏សំខាន់សម្រាប់ជនជាតិខ្មែរ។ ព្រោះអក្សរយូនីកូដខ្មែរ ត្រូវបានរៀបចំទៅតាមលក្ខណៈបច្ចេកទេស មានតួអក្សរ មានលេខកូដសម្គាល់ផ្ទាល់ខ្លួន ដោយមិនចាំបាច់ខ្ចីតារាងអក្សរអង់គ្លេសប្រើដូច Limon នោះទេ។ ការប្រើប្រាស់ចេះតែកើនឡើង ទាំងនៅក្នុងកុំព្យូទ័រ ទាំងនៅក្នុងទូរសព្ទ ដូច្នេះហើយកំហុសក៏អាចកើតមានឡើងបានគ្រប់ពេល។ ខាងក្រោមនេះជាកំហុសដែលខ្ញុំធ្លាប់បានជួបប្រទះ ហើយខ្ញុំនឹងលើកយកមករៀបរាប់ត្រួសៗ ទុកជាការពញ្ញាក់ស្មារតី។

សរសេរខុសអក្ខរាវិរុទ្ធ

នៅក្នុងកម្មវិធីកុំព្យូទ័រជាច្រើនមិនបានភ្ជាប់ឧបករណ៍ពិនិត្យអក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរទេ ដូច្នេះហើយអ្នកសរសេរអក្សរខ្មែរ នៅតែចៀសមិនផុតអំពីកំហុសដែលអាចកើតមានឡើង។ ក៏ប៉ុន្តែកំហុសដែលខ្ញុំតែងតែឃើញនោះ ភាគច្រើនជាកំហុសនៃពាក្យដែលងាយៗ ដែលរួមទាំងសរសេរខុសតួអក្សរ និងខុសបរិបទ ដូចជា៖ ដែរ-ដែល, នៅ-នូវ, រសជាត-រសជាតិ, ស្ដាយ-Style, ក្លាយ-ខ្លាយ, ទាហាន-ទាហ៊ាន, ដទៃ-ដ៏ទៃ។ល។

ប្រើប្រាស់ទណ្ឌឃាដនិងអស្ដាមិនត្រូវ

ប្រហែលជាការភ័ន្តច្រឡំហើយមើលទៅ។ វណ្ណយុត្តទាំងពីរនេះ ខ្ញុំឃើញមានការប្រើប្រាស់ខុសជាច្រើនកន្លែង ទាំងនៅក្នុងបណ្ដាញសង្គម, ផ្ទាំងផ្សាយពាណិជ្ជកម្ម។ល។ ដូចជាពាក្យ ឧទាហរណ៍, សប្ដាហ៍, ដ៏, ទឡ្ហីករណ៍ តែបែរជាគេសរសេរ ឧទាហរណ៏, សប្ដាហ៏, ដ៍. ទឡ្ហីករណ៏ ដូច្នេះទៅវិញ។ ផ្អែកទៅតាមអត្ថន័យនៅក្នុងវចនានុក្រមខ្មែរ (បោះពុម្ពគ្រាទី៥) បានបញ្ជាក់ថា៖ អស្ដា ជាវណ្ណយុត្តដែលមានសណ្ឋានជាលេខ៨ សម្រាប់ដាក់លើអក្សរទោល នាំអក្សរនោះឲ្យមានសំឡេងកញ្ឆក់ខ្លីរហ័ស, ដូចជា ក៏បាន, ក៏ដែរ, ក៏ដោយ, ដ៏បវរ, ឰដ៏អាកាស, ហ៏ ! … ទណ្ឌឃាដ ជាវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (អ៍) សម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមចន្ទន៍ … អស្ដាស្ថិតនៅគ្រាប់ចុច Shift + 8, ចំណែកឯទណ្ឌឃាដស្ថិតនៅគ្រាប់ចុច Shift + 6, ហើយបើមើលនៅក្នុងកុំព្យូទ័រឬទូរសព្ទ វាពិតជាអាចច្រឡំគ្នាមែន ព្រោះវាតូចៗ។

សរសេរមិនតាមការប្រកប

នៅក្នុងការប្រើប្រាស់យូនីកូដខ្មែរ យើងត្រូវវាយអក្សរម្ដងមួយៗដូចទៅនឹងការប្រកបនៅពេលយើងរៀនពីបឋមសិក្សាមក។ តួយ៉ាងដូចជាពាក្យ៖

  • ស្ត្រី៖ ស + ្ត + ្រ + ី
  • ស៊ី៖ ស + ៊ + ី (មិនមែន ស + ុ + ី ដូចវាយម្ដងមួយៗក្នុងអក្សរ Limon នោះទេ)
  • ប៉ី៖ ប + ៉ + ី
  • ហ៊ាន៖ ហ + ៊ + ា + ន
  • ប្រសើរ៖ ប + ្រ + ស + ើ + រ

ការច្រឡំរវាងរះមុខនិងយុគលពិន្ទុ

រះមុខ (វិសជ៌នីយ) និង យុគលពិន្ទុ ក៏ជាចំណុចក្ដៅគគុកមួយដែលតែងកើតមានឡើងនៅក្នុងការសរសេរអក្សរខ្មែរ ដូចជាពាក្យ គារវៈ, មានះ, សក្ការៈ, ធុរៈ, រយៈពេល, ស្រៈ, តែបែរជាសរសេរ គារវះ, មានៈ, ធុរះ, រយះពេល, ស្រះ។ រះមុខស្ថិតនៅគ្រាប់ចុច Shift + H, ចំណែកយុគ្គលពិន្ទុស្ថិតនៅគ្រាប់ចុច AltGr (Alt ស្ដាំ) + ‘ ។

ការប្រើប្រាស់ដំណកឃ្លា

ខ្ញុំធ្លាប់បានអានអត្ថបទមួយចំនួនដែលស្ដីអំពីការប្រើប្រាស់ដំណកឃ្លានៅក្នុងភាសាខ្មែរ ដូចជាអត្ថបទ «ដំណកឃ្លាក្នុងភាសាខ្មែរ» (អន្តរកម្មនិយម) របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សំណព្វ ដែលបានរៀបរាប់អំពីគន្លឹះនិងគោលគំនិតជាច្រើន ដើម្បីឲ្យការសរសេរអត្ថបទឬសៀវភៅ មានភាពល្អប្រសើរ និងធ្វើឲ្យអ្នកអានងាយស្រួលអាន។ នៅក្នុងឯកសារនោះ មានរៀបរាប់ជាច្រើនដែលខ្ញុំមិនអាចចាំបានអស់ ហើយក៏មិនហ៊ានថាខ្ញុំសរសេរត្រឹមត្រូវទៅនឹងគោលការណ៍ដំណកឃ្លាដែរ។ ម្យ៉ាងទៀត មានអត្ថបទដែលតាក់តែងដោយភាសាវិទូដទៃទៀត ហើយមកដល់ពេលនេះ ខ្ញុំមិនទាន់បានដឹងអំពីអត្ថបទផ្លូវការណាមួយស្ដីអំពីដំណកឃ្លានេះដែរ។ ឬក៏មានហើយ តែខ្ញុំមិនដឹងមែន? តើអ្នកធ្លាប់ចាប់អារម្មណ៍លើបញ្ហានេះដែរឬទេ?

រកស្រៈពេញតួមិនឃើញ?

ស្រៈពេញតួក៏ជាកំហុសដែលកើតមានញឹកញាប់ដែរ។ ខ្ញុំគិតថា ភាគច្រើនកំហុសនេះកើតមានព្រោះតែរកកន្លែងចុចមិនឃើញ។ ដូច្នេះរូបខាងក្រោមនេះ អាចជួយអ្នកឲ្យប្រើប្រាស់បានត្រឹមត្រូវ។ khmer independent vowels ក្រៅពីស្រៈពេញតួទាំងប្រាំមួយខាងលើ មានស្រៈផ្សេងទៀតដូចជា៖

  • ឥ ស្ថិតនៅគ្រាប់ចុច – ។
  • ឦ នៅ AltGr + I ។
  • ឯ នៅ AltGr + E ។
  • ឬ នៅ Shift + R ។
  • ឫ នៅ AltGr + R ។ (មិនមែនប្រើជើង ្ញ ទេ)
  • ឮ នៅ \ ។
  • ឭ នៅ Shift + \ ។
  • ឲ នៅគ្រាប់ចុច + ។
  • ឰ នៅ AltGr + P ។

ជើង ដ និងជើង ត

ជើង ដ (្ដ) និងជើង ត (្ត) មានសណ្ឋានដូចគ្នាយ៉ាងប្រចក្ស ប៉ុន្តែការប្រើប្រាស់វា ក៏ត្រូវឲ្យសមស្របដែរ។ ចំពោះអ្នកធ្លាប់ប្រើប្រាស់អក្សរលីមូនពីមុនមក មិនដែលខ្វល់អំពីជើង ដ ឬជើង ត ឡើយ។ ប៉ុន្តែនៅក្នុងយូនីកូដខ្មែរ ជើងព្យញ្ជនៈទាំងពីរនេះមានលក្ខណៈសំខាន់។ ខ្ញុំសុំបើករង្វង់ក្រចកបន្តិច។ រាល់តួអក្សរដែលមាននៅក្នុងកុំព្យូទ័រក្ដី ទូរសព្ទក្ដី ឬឧបករណ៍អេឡិចត្រូនិកដទៃទៀតក្ដី សុទ្ធតែមានលេខសម្គាល់របស់វា។ លេខកូដនេះប្រើសម្រាប់តំណាងឲ្យតួអក្សរ, ការតម្រៀបតួអក្សរ, ការស្វែងរកពាក្យ។ល។ ត្រឡប់មកនិយាយអំពីជើងព្យញ្ជនៈទាំងពីរនេះវិញ ក៏ដូចអ្វីដែលនិយាយពីខាងលើដែរ។ ប្រសិនបើរាល់ពាក្យដែលមានជើង ដ ឬជើង ត តែយើងប្រើតែជើង ត រហូតនោះ វានាំឲ្យការតម្រៀបឈ្មោះឬពាក្យ មានកំហុស, វានាំឲ្យការស្វែងរកពាក្យ មានកំហុស, ហើយក៏កើតមានជាកំហុសនានាទៀតដែរ។ ជើង ដ អាចស្ថិតបាននៅពីក្រោមព្យញ្ជនៈ ក, ដ, ណ, ប, ម, ស, ដូចជា ក្ដៅ, វដ្ដ, បណ្ដុះ, ប្ដី, កម្ដៅ, ស្ដាយ។ តែវាមានករណីមួយចំនួនដែលជើង ដ ស្ថិតនៅក្រោមព្យញ្ជនៈ ន ដូចជា សន្ដាន ជាដើម។ ហើយព្យញ្ជនៈ ស ក៏អាចស្ថិតនៅពីលើជើង ត ក្នុងករណីដូចជាពាក្យ ស្ត្រី ដែរ។

សេចក្ដីសន្និដ្ឋាន

កំហុសនៅក្នុងការសរសេរនេះ យើងមិនអាចចៀសផុតបានទាំងស្រុងនោះទេ ប៉ុន្តែយើងអាចព្យាយាមកាត់បន្ថយវាឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ វចនានុក្រមគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង។ អ្នកអាចប្រើប្រាស់វចនានុក្រមភាសាខ្មែរបាន ដូចជា http://dictionary.tovnah.com , http://english-khmer.com សម្រាប់ពិគ្រោះ។ ម្យ៉ាងវិញទៀត ការបើកចិត្តទូលាយទទួលយកកំហុស គឺជាអំពើដ៏ប្រពៃមួយ ដូច្នេះហើយប្រសិនបើមានអ្នកកែកំហុសលើការសរសេររបស់អ្នក អ្នកគួរបើកចិត្តទទួលយកការរិះគន់នោះដោយក្ដីសប្បាយរីករាយ។ ក្រៅអំពីចំណុចប៉ុន្មានខាងលើនេះ ក៏នៅមានចំណុចជាច្រើនទៀត ដែលខ្ញុំមិនបានលើកយកមករៀបរាប់បានអស់។ អ្វីដែលខ្ញុំបានសរសេរទាំងប៉ុន្មាននេះ សុទ្ធតែជាអ្វីដែលធ្លាប់បានជួបប្រទះជាញឹកញាប់ ហើយក៏ជាចំណេះដឹងបន្តិចបន្តួចដែលខ្ញុំមាន។ វាអាចសល់ចន្លោះប្រហោងឬកំហុសផ្សេងៗទៀត ដែលខ្ញុំរង់ចាំការកែសម្រួលពីមិត្តអ្នកអាន។ 

បច្ចុប្បន្ន​ជា​និស្សិត​អាហារូបករណ៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ក្នុង​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​កុំព្យូទ័រ (2013 - 2017)។ នៅ​គេហទំព័រ​គំនិត វិចិត្រ​មាន​តួនាទី​គ្រប់គ្រង​ដំណើរការ​និង​ការ​រៀបចំ​គេហទំព័រ ព្រម​ទាំង​សរសេរ​អត្ថបទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ។ ដោយ​សារ​ការ​ចាប់​ចិត្ត​នឹង​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ វិចិត្រ​បាន​ចំណាយ​ពេល​ជា​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ទៅ​លើ​ផ្នែក​មួយ​នេះ ដោយ​ធ្វើការ​ស្រាវជ្រាវ និង​ព្យាយាម​សិក្សា​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ក្រៅ​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គេហទំព័រគំនិត វិចិត្រ​ក៏​ជា​បុគ្គលិក​ក្រៅ​ម៉ោង​នៅ​អង្គការ​ក្នុង​ស្រុក​មួយ ធ្វើ​ក្នុង​ផ្នែក Junior Software Developer ហើយ​ក៏​ជា Freelance Web Developer ដែរ។