ទំនងតើ!

នៅក្នុង​វិស័យ​ធុរកិច្ច​អាជីវកម្ម​ទាំងឡាយ​មិន​អាច​ចៀស​ផុត​ពី​ការ​ផ្សព្វផ្សាយ​បាន​ឡើយ​បើទោះ​បី​ជាផលិតផល​ឬ​​សេវា​កម្ម​របស់​អ្នក​មាន​គុណភាព​ល្អ​យ៉ាងណា​ក៏ដោយ​។​​ ការផ្សព្វផ្សាយ​មានន័យថា​ជាការ​ផ្តល់ដំណឹង​ឬ​ប្រាប់​ដល់​អតិថិជន​ពីអ្វី​ដែលអ្នកមាន​ជាពិសេស​គឺ​ធ្វើ​ឲ្យ​គេស្គាល់​ថា​អ្នកលក់ផលិតផល​ឬ​បម្រើ​សេវាកម្ម​អ្វីខ្លះ។​

ផ្ទុយមកវិញ​មនុស្សភាគច្រើន​ទុកចិត្ត​តែ​លើផលិតផល​ឬ​សេវាកម្ម​ដែល​គេធ្លាប់​ប្រើ​តែ​ប៉ុណ្ណោះ។ ចុះបើ​អ្នកជាម្ចាស់​អាជីវកម្ម​ថ្មី​ តើ​អ្នក​គួរធ្វើបែបណា​ដើម្បី​ឲ្យ​គេ​ងាកមកប្រើ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក?​​ យ៉ាងណា​មិញ​ចំពោះអាជីវកម្មថ្មី​ កញ្ចប់ថវិកា​ដែល​ពួកគេ​មាន​សម្រាប់​ផ្គត់ផ្គង់​ទៅលើការ​ផ្សព្វផ្សាយ​គឺ​សុទ្ធតែ​មាន​កំណត់​ឬមានតិចតួចណាស់។ ខាងក្រោមនេះ​ជា​វិធីសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​និង​ចំណាយលុយ​តិច​ខ្លះៗ​ដែល​លោកអ្នក​អាចយក​ទៅ​ប្រើប្រាស់​បាន​ក្នុង​ការផ្សព្វផ្សាយ​ទៅ​ដល់​អតិថិជន​គោល​ដៅ​របស់អ្នក​ ៖​

ការផ្សព្វ​ផ្សាយ​មានន័យ​ថា​ជាការ​ផ្តល់ដំណឹង​ឬ​ប្រាប់ដល់​អតិថិជន​ពី​អ្វីដែល​អ្នក​មាន​ជាពិសេស​គឺ​ធ្វើ​ឲ្យ​គេ​ស្គាល់ថា​អ្នកលក់​ផលិតផល​ឬ​បម្រើ​សេវាកម្ម​អ្វីខ្លះ​!

១. រៀបចំគម្រោងក្នុងការធ្វើទីផ្សារជាមុន

គម្រោង​ដើម្បី​អនុវត្ត​ក្នុង​ការ​ធ្វើយុទ្ធសាស្រ្ត​ទីផ្សារ​គឺ​ជា​ផែនទី​សម្រាប់​នាំ​ផ្លូវ​អ្នក​។ អ្នកត្រូវ​មាន​គម្រោងមួយ​ឬ​ច្រើន​អាស្រ័យ​លើវិធី​ដែល​អ្នកចង់ប្រើ​។ ​វានឹង​បង្ហាញ​ប្រាប់​អ្នកថា​វិធីសាស្ត្រ​ដែល​អ្នក​ប្រើ​មាន​ប្រសិទ្ធភាព​ទេ​មុននឹង​ឈានដល់​ការអនុវត្ត​ជា​ពិសេស​អ្នកមិនត្រូវភ្លេច​ត្រៀម​ផែនការណ៍បម្រុង​ឬផែនការណ៍ផ្សេង​ដើម្បីប្តូរ​ប្រសិនបើ​វា​មិនមាន​ប្រសិទ្ធភាព​នោះ។ គម្រោង​របស់អ្នក​គួរដាក់​បញ្ចូល​លក្ខខណ្ឌ​មួយចំនួន​ដូចជា​

  • ថវិកាដែលអ្នកនឹងចំណាយ
  • កំណត់ថាអតិថិជនគោលដៅរបស់អ្នកជាអ្នកណា
  • ទីតាំងដែលអតិថិជនរបស់អ្នកស្ថិតនៅ
  • ច្រកផ្សព្វផ្សាយដែលអ្នកចង់ប្រើ (បណ្តាញសង្គម គេហទំព័រ ដោយផ្ទាល់ ទូរទស្សន៍​ វិទ្យុ កាសែត…)
  • ផែនការណ៍សង្គ្រោះឬផែនការណ៍ផ្សេង

២. បង្កើត​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​នៅលើច្រកផ្សព្វផ្សាយ

បើអ្នក​ជ្រើសយក​វិធីផ្សព្វផ្សាយ​តាមបណ្តាញសង្គម​ គំនិត​សូមលើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​វិធីនេះ​ព្រោះថា​វាជាវិធី​ដែល​មានប្រសិទ្ធភាព​ណាស់​ជាពិសេសហ្វេសប៊ុក​(Facebook) និង​អ៊ីនស្តាក្រាម​(Instagram)​ជាដើម។​  តើអ្នកដឹងទេ? នៅប្រទេសកម្ពុជា​មាន​ប្រជាជន​ប្រហែល​៥លាននាក់​ដែលប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុក​ដែលភាគច្រើន​ជាយុវវ័យ​ដែលមាន​អាយុ​ចន្លោះ​ពី១៨ទៅ២៤ឆ្នាំ។​ ហេតុនេះ​​ការប្រើប្រាស់​អ៊ីនធឺណែត (Internet) ដើម្បី​ផ្សព្វផ្សាយ​គឺ​ពិត​ជាមានប្រសិទ្ធភាព។ មួយវិញទៀត​អ្នកគួរ​តែមាន​គេហទំព័រ​អាជីវកម្ម​របស់អ្នក​ដែលអាច​តភ្ជាប់​ពីបណ្តាញសង្គមបាន។​ ប្រការ​ដែលចាំបាច់​បំផុត​សម្រាប់​អ្នក​គឺត្រូវ​ធ្វើយ៉ាងណា​ឲ្យព័ត៌មាន​ស្តីពី​ខ្លួនអ្នក​ ក្រុមហ៊ុនរបស់អ្នក ឬ​បុគ្គលិក​របស់អ្នក​មាន​នូវការ​ពិពណ៌នា​ដ៏ល្អ​ មានពាក្យគន្លឹះត្រឹមត្រូវ មិនផ្តល់ព័ត៌មាន​បោកប្រាស់ ថែមទាំងអាចឲ្យគេជឿទុកចិត្តបាន។ អ្នកអាច​បង្កើត​អត្ថបទ​ទាក់ទង​នឹង​អាជីវកម្ម​ដែល​អ្នកកំពុងធ្វើ បញ្ហាជួប​ប្រទះ ​គន្លឹះងាយៗ​ដើម្បីដោះស្រាយបញ្ហា​ទាក់ទង​នឹងអាជីវកម្ម ឬការ​បញ្ចុះតម្លៃ​ផ្សេងៗ​ដើម្បី​ជាប្រយោជន៍ទាំង​សម្រាប់​អ្នកមើល​និងអាជីវកម្ម​របស់អ្នកផ្ទាល់។ ម្យ៉ាងទៀត​អ្នកអាច​ចំណាយលុយ​ខ្លះដើម្បី Boost ទំព័រ Facebook របស់អ្នក។

ប៉ុន្តែ ត្រូវចងចាំថា រាល់ការបង្ហោះ ឬធ្វើការផ្សព្វផ្សាយ អ្នកគួរតែមាន​កម្រិត​ស្តង់ដារល្អ​មួយ​ដើម្បី​បង្កើនទំនុកចិត្ត និង​កម្រិត​វិជ្ជាជីវៈរបស់អាជីវកម្មរបស់អ្នក។ ការ​ធ្វើ​ដូចនេះ អ្នក​មាន​រូបភាព និង​ការ​គិត​វិជ្ជមាន​ពីសំណាក់អតិថិជន​របស់អ្នក។

៣. មានកាតសម្គាល់ពាណិជ្ជកម្ម

ការធ្វើកាត​សម្គាល់​ពី​អាជីវកម្ម​ដែលមាននិមិត្តសញ្ញា ឬម៉ាកសញ្ញា​ត្រឹមត្រូវ​ជាការ​បង្ហាញថា​​អ្នកមាន​អាជីវកម្មមួយ​ដែល​មានលក្ខណៈ​ពិតប្រាកដ​ហើយមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។ ក្រៅពីនេះ​អ្នកត្រូវ​ មាន Letterhead សន្លឹកប័ណ្ណ(Leaflet)​ សៀវភៅ​ព័ត៌មា​ន​ជាដើម​​ដែល​វាមាន​ភា្ជប់​ជាមួយ​​និមិត្តសញ្ញា​ក្រុមហ៊ុន​ ឈ្មោះ​និងតួនាទី​របស់អ្នក​ អាស័យដ្ឋាន លេខ​ទូរស័ព្ទ​ អ៊ីមែល​ និងសេវាក​ម្មឬផលិតផលរបស់អ្នក។ អ្ន​កអាច​ប្រើកាតឬ​វត្ថុទាំងនោះ​ដើម្បី​ចែកទៅកាន់សាច់ញាតិ​ បងប្អូន មិត្តភក្តិ ឬ​អ្នកដទៃ​ទៀត​ឲ្យ​គេស្គាល់​ពី​អាជីវម្ម​របស់អ្នក និងអាចពឹង​គេឲ្យ​ជួយប្រាប់​ដល់​អ្នកឯទៀតបើគេត្រូវការ​ផលិតផល​ឬសេវាកម្ម​នោះដែរ។​

៤. ចូលរួមជាមួយក្រុមដែលមានវិជ្ជាជីវៈត្រឹមត្រូវឬព្រឹត្តិការណ៍សង្គម

អ្នក​អាចចូលរួម​ជាមួយ​សភាពាណិជ្ជកម្ម​ក្នុងតំបន់។ ថ្វីត្បិត​តែ​វាត្រូវការ​ចំណាយ​ខ្លះ​តែវា​ក៏មាន​ប្រសិទ្ធភាព​ដែរព្រោះថា​ការចូលជា​សមាជិក​នាំ​ឲ្យអ្នក​មាន​ឱកាសជួប​ប្រជុំ​ជាមួយ​ម្ចាស់អាជីវកម្ម​ឯទៀត​ជារៀងរាល់សប្តាហ៌​ឬរៀងរាល់ខែ។ មួយវិញទៀត​សភាពាណិជ្ជកម្ម​នឹង​ផ្តល់ព័ត៌មាន​​ជារឿយៗ​ទៅកាន់​សមាជិកគ្រប់គ្នា ហើយ​អ្នកអាច​មានឱកាស​បញ្ចូល​ព័ត៌មាន​អំពី​អាជីវកម្ម​របស់អ្នក​នៅ​លើបញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​ដែល​វាពិត​ជាមានភាពងាយស្រួល​ក្នុងការ​ទៅដល់​អតិថិជន​ដែលមានសក្តានុពល​របស់អ្នក។ ក្រៅពី​នេះ​អ្នកអាច​ចូលរួម​ធ្វើជាវាគ្មិន​នៅក្នុងព្រឹត្តិការណ៍​ផ្សេងៗដូច​ជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល សន្និសិទ ជាដើម។

នៅប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មាន​ក្រុមបណ្តាញ​ធុរកិច្ច​ជន និង​ម្ចាស់​អាជីវកម្ម​ជាច្រើន​ដូចជា​ BNI សមាគម​សហគ្រិន​វ័យក្មេង សមាគមសហគ្រិន​ស្ត្រី សមាគមអ្នក​ទីផ្សារ និង​អ្នកលក់ និង​ស្ថាប័ន​ជាច្រើន​ទៀត​ដែលអ្នកអាចចូលរួមដើម្បី​ពង្រីកបណ្តាញ និងផ្សព្វផ្សាយពី​ផលិតផលរបស់អ្នក។

៥. បង្កើតការប្រកួតប្រជែង

វាគឺ​ជាវិធី​​ដ៏ល្អ​​មួយ​ដែរ​​ដើម្បី​​ជាកម្លាំង​​ចលករ​​ជួយជម្រុញ​​សន្ទុះ​​នៃ​ការផ្សព្វផ្សាយ​​ព័ត៌មានរបស់អ្នក​។ អ្នកអាច​បង្កើតកម្មវិធី​ប្រកួតប្រជែង​ដើម្បីយក​រង្វាន់​តាមបណ្តាញ​សង្គមដើម្បីឲ្យគេចែករំលែកតគ្នាក៏បាន ឬការ​លេងល្បែង​កម្សាន្ត​នៅខាងក្រៅ​ក៏បាន​។ អ្នកអាច​ដាក់​ជា​សំណួរ​ដោះស្រាយ​ លេងល្បែង ​ទស្សន៍ទាយ​រូបភាព​​ដើម្បី​ឲ្យ​គេជួយ​ចែក​រំលែក​ដល់មិត្តភក្តិរបស់គេ និងឲ្យជារង្វាន់បន្តិចបន្តួច។​ មួយវិញទៀតបើអ្នករើសយកការផ្សព្វផ្សាយនៅខាងក្រៅ អ្នកអាច​ដាក់វា​នៅតាមផ្សារ​និងចែកខិត្តប័ណ្ណ​នៅតាម​ទីសាធារណៈ​។ អ្នកអាច​អនុញ្ញាត​ឲ្យអតិថិជន​បានលេងល្បែង​ប្រកួតប្រជែងគ្នា​ ឬឆ្លើយសំណួរយករង្វាន់ជាដើម។ ទង្វើ​ទាំងអស់នេះ​គឺមានភាព​ទាក់ទាញ​និងឃើញ​ថាមាន​ប្រសិទ្ធភាពណាស់កន្លងមក។

៦. ផ្តល់សេវាប្រឹក្សាយោបល់ដោយឥតគិតថ្លៃ

អ្នកអាច​ផ្សព្វផ្សាយ​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​ថាអ្នកមានការប្រឹក្សាយោបល់​ដោយ​មិនគិតថ្លៃឡើយ។ ជាពិសេស​ចំពោះអតិថិជន​ដែលមានបញ្ហា​ពួកគេអាចសុំការ​ប្រឹក្សាយោបល់ថា​គួរដោះស្រាយបញ្ហា​របស់គេបែបណា​ឬគួរប្រើផលិតផល​បែបណាទើបសក្តិសម។ ឧទាហរណ៍ថាអ្នកចង់​បើកហាងលក់ផលិតផល​កែសម្ផស្ស អ្នកអាច​ប្រាប់ទៅកាន់​អតិថិជនអ្នកថា​ចំពោះការផ្តល់​ដំបូន្មានទាក់ទង​នឹងបញ្ហា​របស់​គេគឺមិនមានការគិត​តម្លៃបញ្ចូលឡើយ។ ការធ្វើបែបនេះ​នឹងធ្វើឲ្យអតិថិជន​ដែលមានបំណង​ប្រើប្រាស់សេវាកម្ម​ឬចង់ទិញផលិតផល​របស់អ្នកគឺគ្មាន​ការព្រួយបារម្ភឡើយ​បើទោះបីជា​គេមានលុយ​តិចក៏ដោយ។ សំខាន់បំផុត​គេនឹងរើសយកក្រុមហ៊ុន​របស់អ្នកព្រោះថាអ្នក​បានបង្កើនទំនុកចិត្ត​របស់គេថាអ្នកជាក្រុមហ៊ុនដែល​មានវិជ្ជាជីវៈត្រឹមត្រូវ​បើទោះបីជាគេមិនធ្លាប់​ប្រើផលិតផលឬសេវាកម្ម​របស់អ្នកក៏ដោយ។

៧. ទាក់ទាញ​ឱ្យអតិថិជន​មក​ទិញម្តងទៀត

ក្នុងនាមអ្នកជាម្ចាស់អាជីវកម្ម​ដែលទើបតែដំណើរការថ្មី ​វាពិតជាមិនមានភាពងាយស្រួលនោះ​ទេក្នុងការរកបានអតិថិជនម្នាក់ៗ​។ ប៉ុន្តែបើអ្នករកបានអតិថិជនហើយ​ រឿងបន្ទាប់ដែលអ្នកត្រូវ​ធ្វើគឺធ្វើយ៉ាងណាឲ្យគេវិលមកទិញ​អ្នកម្តងទៀត។ ក្រៅពីរៀបចំផលិតផលដែលមានគុណភាព​និងបម្រើសេវាកម្មដិត​ដ​ល់ឲ្យអតិថិជនថ្មីហើយ អ្នកអាចប្រើវិធី​បញ្ចុះតម្លៃចំពោះការ​មកទិញលើកក្រោយរបស់គេម្តងទៀត។ អ្នកអាច​ប្រាប់ពួកគេថា​បើគេមក​លើកក្រោយ​ឬនាំមនុស្សមកទិញ​អ្នកអាចផ្តល់ការបញ្ចុះតម្លៃ​ឬកាដូ​ផ្សេងៗជូនដល់ពួកគេ។ ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព អ្នកអាចដាក់ថ្ងៃផុតកំណត់ឲ្យពួកគេ។

មិនថាការផ្សព្វផ្សាយល្អប៉ុណ្ណាទេ ម្ចាស់អាជីវកម្មត្រូវមាន​ភាពវ័យឆ្លាតក្នុងការបត់បែន​តាមវិធីដែលគេចង់ធ្វើ។ វិធីខ្លះគេត្រូវប្រើពេលយូរ តែ​ចំពោះអាជីវកម្ម​បើកថ្មីនោះកញ្ចប់ថវិការបស់អ្នក​ក៏មានកំណត់ដែរ ហេតុនេះអ្នកគួរជ្រើសរើស​យកវិធីណា​ដែលងាយឆាប់រហ័សហើយចំណាយលុយតិច។ ជាពិសេសអ្នក​មិនត្រូវប្រើប្រាស់​ដើមទុនច្រើន​ពេកទេ​ទៅលើការផ្សព្វផ្សាយ។

សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។