Homeធុរកិច្ចរបៀបរៀបចំហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក

របៀបរៀបចំហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក

បញ្ហា​ហិរញ្ញវត្ថុ​ជា​បញ្ហាមួយ​​ដែល​​តែងតែ​​មានភាព​រញ៉េរញ៉ៃ​និង​ធ្វើឲ្យ​មានការ​ឈឺក្បាល​ខ្លាំង​ជាពិសេស​គឺ​សម្រាប់ម្ចាស់​​អាជីវកម្ម​ថ្មី។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​អ្នកនឹង​គ្មាន​​វិធីដោះស្រាយ​ក្នុង​ការទុកដាក់​វា​ឡើយ។ គន្លឹះ​មួយ​ចំនួន​ខាងក្រោម​នឹង​អាចជួយ​ដោះស្រាយ​ភាព​តានតឹងពីបញ្ហា​ស្មុគស្មាញ​ដែល​ទាក់ទងនឹង​ហិរញ្ញវត្ថុ​ដល់​អ្នក ៖

រក្សាទុក​វិក្ក័យបត្រ​នៅ​កន្លែងតែមួយ

ភាព​រញ៉េរញ៉ៃ​គឺកើត​ចេញពី​ការទុក​ដាក់ដោយគ្មាន​សណ្តាប់ធ្នាប់​។ អ្នក​ត្រូវបង្កើត​ទម្លាប់​មួយឲ្យ​ខ្លួនឯង​ដោយ​តែងតែ​យក​វិក្ក័យបត្រ​នៅកន្លែង​ណាដែល​ងាយ​រក​និង​នៅជិតដៃ​របស់អ្នកដើម្បី​បង្ការ​ការភ្លេចឬ​បាត់បង់។ អ្នក​អាចរើសយក​កន្លែង​ផ្សេងៗ​ដូចជា ថតតុ​ ប្រអប់ និងនៅក្នុង​សំណុំឯកសារ​ជាដើម។ អ្នក​ត្រូវ​ប្រាកដ​ថា​កន្លែងដែល​អ្នកទុក​គឺទូលាយ​ ងាយស្រួល​រក​ ហើយ​អ្នក​បាន​រៀប​ទុក​ដាក់​តាមលំដាប់​ត្រឹមត្រូវហើយ។

ទូទាត់​វិក្ក័​យ​បត្រ​​តាម​កាល​វិភាគ

អ្នក​ត្រូវ​ដាក់​កាល​វិភាគ​មួយឲ្យ​បានត្រឹមត្រូវនិងច្បាស់​លាស់ថា​ពេល​ណា​អ្នកនឹង​សម្រេច​ថា​ទូទាត់​លុយកាក់​របស់អ្នក។ ​អ្នក​អាចប្រើប្រាស់​កាលវិភាគ​ប្រចាំ​ខែ​ដើម្បី​មានភាពងាយ​ស្រួល​។ ជាពិសេស​អ្នក​មិន​ត្រូវភ្លេច​ការទូទាត់​ឲ្យ​បាន​​ត្រឹម​ត្រូវ​តាម​ពេល​ដែល​បានកំណត់​ហើយ។

បង្កើត​ការការពារ​ជាមួយនឹងឥណទាន​វិបារូបរ៍

យោងតាម​ព័ត៌មាន​ពីធនាគារ​ស្ថាបនានៃ​​​ប្រទេស​កកម្ពុជារបស់យើង​ “ឥណទានវិបារូបរ៍​​​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​​លោកអ្នក​ដែល​​មាន​​តម្រូវការ​​​សាច់​ប្រាក់​​បន្ទាន់​ដើម្បី​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​ណាមួយ។ ប្រភេទ​ឥណទាន​នេះ​​អាចជួយឲ្យ​​លោកអ្នក​​​​ចាត់ចែង​​​លំហូរ​សាច់ប្រាក់​​​ក្នុង​​អាជីវកម្ម​​ប្រកប​ដោយ​​ប្រសិទ្ធភាព​​និង​ការ​ចំណាយ​​លើស​​ទុន​បង្វិល​ដែល​​មិនបាន​មើល​ឃើញ​ទុកមុន។ ឥណទាន​​មានភាព​បត់បែន​​សមស្រប​តាម​​សេចក្តីត្រូវការរបស់លោកអ្នក។ អត្រាការប្រាក់​គិត​ទៅលើ​ទំហំ​ទឹកប្រាក់​ដែលបាន​​ប្រើប្រាស់​​​តែ​ប៉ុណ្ណោះ។”​

សម្អាត​ឯកសាររបស់​អ្នក

អ្នក​ត្រូវទុក​ដាក់​ឯកសារ​របស់អ្នកទៅតាម​សំណុំ​ឯកសារនីមួយៗ​ដាច់​ដោយឡែក​ពី​គ្នាសម្រាប់​ការទូទាត់​ថ្លៃ​ចំណូល​ចំណាយផ្សេងៗ។  អ្នកត្រូវ​ពិនិត្យ​សើរើ​រាល់ឯកសារ​នៅ​ចុង​ឆ្នាំ​នីមួយៗ។ អ្នក​អាច​បោះ​ចោល​រាល់​វិក្ក័យប័ត្រនិងបង្កាន់ដៃណាដែល​គ្មានប្រសិទ្ធភាព​តទៅ​ទៀត​សម្រាប់ការធ្វើ​សវនកម្ម។

ដាក់​គណនី​ផ្ទាល់​ខ្លួន​និងអាជីវកម្ម​ឲ្យនៅ​ដាច់ដោយឡែក

ការធ្វើបែបនេះ​នឹងជួយឲ្យអ្នក​ចំណេញ​ពេលវេលាព្រោះ​វា​នឹង​មិនឡូកឡំ​ជាមួយប្រាក់​ផ្ទាល់​ខ្លួន​របស់អ្នក​​ឡើយ។ អ្នក​អាចបង្កើត​ Credit account មួយ​សម្រាប់អាជីវកម្ម​របស់អ្នក​ដោយ​ដាក់រាល់​ការចំណាយនៅក្នុងនោះ​។

រៀបចំពន្ធ​របស់អ្នក

រាល់ឯកសារ​ របាយការណ៍​ និងរបាយការណ៍សមតុល្យប្រចាំខែ​នីមួយ​ត្រូវរៀបតាម​លំដាប់​ត្រឹមត្រូវ។ អ្នក​ត្រូវ​រៀបចំ​វាឲ្យ​បានល្អ​តាំងពី​ថ្ងៃ​ដំបូង​​នៃកា​រមាន​អាជីវកម្មបើមិន​ដូច្នោះទេ​​អ្នក​​ប្រហែល​ជា​​មាន​ការងារ​​​ជាច្រើនដែល​​ត្រូវ​ធ្វើហើយ។

ធ្វើការពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់ឡើងវិញ​រៀង​រាល់ឆ្នាំ

​អ្នក​ត្រូវមានការត្រួតពិនិត្យ​ឲ្យបាន​ល្អិតល្អន់​នៅចុងឆ្នាំនីមួយៗ។ ការងារនេះ​មិន​ពិបាកទេ​បើអ្នក​បានធ្វើការ​បានយ៉ាងល្អ​តាំងពី​ថ្ងៃ​ដំបូង​មក។ ក្នុង​នោះ​អ្នក​អាចពិនិត្យ​ថា​តើ​ថវិកា​របស់អ្នក​ចេញ​និង​ចូល​តាម​របៀបណា និង​អ្វី​ដែល​ជាចំណូល​និង​ចំណាយ​ដ៏ធំបំផុត​របស់អ្នកជាដើម។

Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

Most Popular