ទំនងតើ!

មាន​មនុស្ស​មិន​តិចទេជា​ពិសេស​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន​ដែល​ទិញ​ ឬ​ចង់​បាន​លេខ​ទូរស័ព្ទ​ដែល​មាន​លេខ​១៦៨ ទោះ​បី​ជា​តម្លៃ​វា​ថ្លៃ​ជាង​លេខ​ទូរស័ព្ទផ្សេងទៀត​ច្រើន​យ៉ាង​ណា​ដ៏ដោយ។ មិន​ថា​តែលេខ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ប្លាក​យីហោ ផ្លាក​លេខ​រថយន្ត ម៉ូតូ ឬ​ក៏របស់​ដ៏ទៃ​ទៀតឲ្យ​តែ​មាន​លេខ​១៦៨​គឺសុទ្ធ​តែ​ត្រូវប៉ាន់​ និង​ត្រូវបាន​គេគិត​តម្លៃ​ពិសេស។

កុំថាឡើយលេខ១៦៨ត្រូវប៉ាន់លើលេខទូរស័ព្ទ ឬស្លាកលេខ សូម្បី​តែ​ការឱ្យអាំងប៉ាវក៏គ្នា ក៏គេចូលចិត្តឱ្យកន្ទុយ​ដែលមាន​១៦៨ដែរ ហើយភាគច្រើន​ត្រូវបានគេបកស្រាយថាដើម្បីហុងស៊ុយ ឬដើម្បីហេង។ តើ​ហេតុអ្វី​បាន​ជា​លេខ​១៦៨​ពេញ​និយម​យ៉ាងនេះ? តើ​វាមាន​អ្វី​ពិសេសទៅ? តើវាតំណាងឱ្យហុងស៊ុយ ឬហេងដូចគេនិយាយដែរឬទេ?

តាមពិតទៅ លេខ​នេះ​គឺមាន​ប្រភព​ដើម​ពី​ប្រជា​ជន​ចិនដោយសារ​តែ ​នៅពេលដែល​អាន​លេខ​នេះ​គឺមានសម្លេង​ស្រដៀង​នឹង​ឃ្លា​ដែល​មានន័យ​ល្អ។ នៅ​ក្នុង​ភាសាចិន លេខ​១ ត្រូវបាន​គេ​បាន​គេអាន​ថា “អ៊ី” (一)។ រីឯលេខ​ប្រាំមួយ​គឺ​ត្រូវបាន​គេអាន​ថា​ “លីវ” (六)ដែល​មាន​សម្លេង​ស្រដៀង​នឹង​ “លុ” (路) ដែលមាន​ន័យ​ថា​ផ្លូវ។ ចំណែកឯលេខ​ ៨ វិញគឺជា​លេខ​ដែល​ល្អជាងគេ​នៅក្នុង​សង្គម​ចិនដែល​ត្រូវបាន​គេអាន​ថា​ “ប៉ា” (八)ដែល​មាន​សម្លេង​ស្រដៀង​នឹង​ពាក្យថា “ហ្វា” (发)ដែលមាន​ន័យ​ថា សំណាងល្អ ​រុងរឿង មាន​ទ្រព្យ​សម្បត្តិ  និង​រីកចម្រើន។ សរុប​ទៅ លេខ១៦៨ តំណាង​ឲ្យ​ពាក្យ “អ៊ីលុហ្វា” (一路发)ដែលមាន​ន័យ​ថាផ្លូវ​មួយ​ទៅ​កាន់​សំណាងល្អ រុងរឿង មាន​ទ្រព្យ​សម្បត្តិ និង​ភាព​រីកចម្រើន។ ដូចនេះ ការប្រើប្រាស់លេខ​១៦៨ នេះដូចជាការជូនពរ​ឱ្យខ្លួនឯង (ប្រសិនបើទីញខ្លួនឯង) ឬ​ជូនពរអ្នកដទៃ​ឱ្យទទួលបានផ្លូវ​មួយទៅកាន់ភាពមានបានដូច្នេះដែរ!

ឯការបកស្រាយ​ខ្លះទៀតក៏​បាន​លើក​ឡើង​ផងដែរ​ថា ចំពោះ​លេខ​១ ជនជាតិ​ចិន​ចូល​ចិត្ត​អាន​ថា​ “យ៉ាវ” ដែលនៅក្នុង​ភាសាចិន “យ៉ាវ” (要)មាន​ន័យថា ចង់បាន ឬ​ត្រូវការ។ រីឯលេខ​៦​វិញគឺ​មាន​សំណៀង​ស្រដៀង​នឹង​ពាក្យ​ដែលមានន័យថា ភាព​រីករាយ និង​សប្បាយ។ នៅពេលដែល​ផ្គុំ​ចូលគ្នា​ទៅគឺមាន​ន័យ​ថា ចង់​បាន​ឬត្រូវការភាព​សម្បូរសប្បាយ​ និង​មាន​ទ្រព្យ​សម្បត្តិ។

នៅសង្គមចិន ការប្រើប្រាស់លេខគឺពិតជាមានប្រជាប្រិយណាស់ ដែលពេលខ្លះ​អាចសរសេរជំនួសជាប្រយោគ ឬប្រើប្រាស់ដាកជាឈ្មោះហាង ឬដាក់ជាឈ្មោះសម្គាល់គេហទមព័រទៀតផង។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។