ទំនងតើ!

តើ​​លោក​អ្នក​​​មាន​កត់​សម្គាល់​ឃើញថា​ការ​ធ្វើ​ទីផ្សារបែបប្រពៃណីមាន​កាន់តែតិចទៅ ៗ និងមិនសូវមានប្រសិទ្ធភាពទេ?​​  រាល់​ថ្ងៃនេះមាន​មនុស្ស​កាន់​តែ​តិច​ទៅៗ​ដែល​មើលទូរទស្សន៍។ ដូច្នេះ​ក្នុងនាមជាលោក​អ្នក​គឺ​​ជា​អ្នក​​ធ្វើទីផ្សារឬជាអ្នក​​រកស៊ី  ​លោ​កអ្នក​​ស្វែង​រក​វិធីសាស្រ្ត​ណា​ដែល​មាន​ប្រសិទ្ធិភាព​ជាងនេះ។

តើ​មាតិកាគឺជាអ្វី? មាតិកាគឺ​ជា សំណេរ​ រូបភាព​ និង​វីដេអូ។​

តើការ​ធ្វើ​ទីផ្សារប្រើ​មាតិកាគឺជាអ្វី? ការ​ធ្វើ​ទីផ្សារ​ដែល​ផ្តល់​ជូនអតិថិជន​​របស់​លោក​អ្នក​​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ​គឺ​ជា​ទិស​ដៅ​ដែល​លោក​អ្នក​​​គួរ​ដើរ​ទៅ​។ វាគឺ​ជាការ​ធ្វើ​ទីផ្សារដែលផ្តោតសំខាន់លើការបង្កើតនិងចែកចាយមាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ) ដែលមានគុណតម្លៃល្អ អាចផ្សារភ្ជាប់នឹងអាជីវកម្មនិងអ្នក​​តាមដាន និង មានភាពច្បាស់លាស់ ដើម្បីទាក់ទាញនិងរក្សាអតិថិជន​គោល​ដៅ​ ដែល​នឹង​ជម្រុញ​ពួក​គេ​ក្លាយ​ជា​អតិថិជននៃ​អាជីវកម្ម​របស់​​លោក​អ្ន​ក​​​​នៅថ្ងៃ​ខាង​មុខ​។ នេះ​ហើយ​គឺ​ជា​ការ​ធ្វើ​ទីផ្សារ​ដែល​យើង​អោយ​ឈ្មោះ​ថា​ ការ​ធ្វើ​ទីផ្សារ​តាម​មាតិកា។​​​

មាតិកាគឺ​ សំណេរ​ រូបភាព​ និង​វីដេអូ។​

ចំណុចស្នូលនៃការ​ធ្វើ​ទីផ្សាររបស់លោក​អ្នក​​នា​ពេល​បច្ចុប្បន្ន​ គួរ​តែផ្តោត​លើ​ មាតិកាដែលមានប្រយោជន៍។

ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​ចង់​លើក​ឡើង​ គឺ​ផ្កាយមីឆែល​លីន ( Michelin ) ដែល​មនុស្ស​ទូទាំង​ពិភពលោក​បាន​កំណត់​ថា ​ភោជនីយដ្ខាន​ណា​ដែល​ទទួល​បាន​ផ្កាយ​នេះ គឺជា​កន្លែងដែល​មាន​អាហារ​ឆ្ងាញ់​និង​មាន​​គុណភាពខ្ពស់​​។​ ​សេចក្តី​​ណែនាំ​ និង​ការ​វាយ​តម្លៃ​ដ៏ល្បីល្បាញ​ នេះ​ត្រូវ​បាន​បង្កើ​ត និង​ បោះពុម្ភដោយក្រុមហ៊ុនសំបកកង់បារាំង Michelin ។​ សៀវភៅ​មគ្គុទេស៍មីឆែល​លីន​ដំបូង​​ត្រូវ​បានបោះពុម្ពផ្សាយ​ដោយក្រុម​ហ៊ុន​មីឆែលលីននៅក្នុង​ឆ្នាំ ១៩០០​ និង​ត្រូវ​បាន​បង្កើត​ឡើងសម្រាប់​​ជាមធ្យោបាយទីផ្សារ​មួយដើម្បីបង្កើតតម្រូវការរថយន្តនៅក្នុង​ប្រទេសបារាំងដោយផ្តល់ផែនទីដែល​រួមបញ្ចូល​បញ្ជីភោជនីយដ្ឋាននិងដំបូន្មានសម្រាប់ការរៀប​ផែនការ​ដំណើរ​កម្សាន​​។ នៅពេលនោះមិនមានសៀវភៅមគ្គុទេសន៍​បែប​នេះ​ទេ ដូច្នេះ​ហើយ​សៀវភៅ​មគ្គុទេស៍មីឆែល​លីនបាន​​ទទួល​ការយកចិត្តទុកដាក់ពីអតិថិជនសក្តានុពលជាខ្លាំង​។​

ជំនួសឱ្យការបង្ហាញអំពី ​ផលិតផលឬសេវាកម្ម បែប​ត្រង់ៗ និង​ស្តាប់​ទៅ​មាន​ភាព​ដូចៗគ្នា ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ លោក​អ្នក​​គួរ​​បង្កើត​​មាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ) ដែលពាក់ព័ន្ធ និងមានប្រយោជន៍យ៉ាងពិតប្រាកដ ដល់អ្នក​​​តាម​ដាន​ និងអតិថិជន ដើម្បីជួយពួកគេ​ដោះស្រាយបញ្ហា។ ការ​ធ្វើ​ទីផ្សារដោយ​ប្រើ​ប្រាស់​មាតិកាផ្តល់​ អត្ថប្រយោជន៍ ៣​យ៉ាង​សំខាន់ៗ​ សម្រាប់អាជីវកម្ម​ខ្នាត​តូច​ ធំ​ និង​មធ្យម​គួរ​តែ​ធ្វើ​​ ៖

  • បង្កើន​ការលក់ក្នុង​រយៈពេល​វែង
  • សន្សំសំចៃលើ​ការចំណាយ
  • បង្កើន​អតិថិជនស្មោះត្រង់ (loyal customer)

មាតិកា(សំណេរ​ រូបភាព​ និង​វីដេអូ)គឺជាកូន​សោរ សម្រាប់​ការ​ធ្វើ​ទីផ្សារ​ ក្នុងពេល​បច្ចុប្បន្ន និងអនាគត។ ប្រសិន​បើ​ការ​ធ្វើ​ទីផ្សារដោយ​មាតិកា មិន​ពាក់ព័ន្ធ និងមិន​មានគុណ​តម្លៃ សម្រាប់​អ្នក​​អានទេ​​ នោះវាគ្រាន់តែ​ជា​ការ​ចែក​រំលែក ​ព័ត៌មាន​ដែលមិន​​មាន​អត្ថ​​​ប្រយោជន៍សម្រាប់​អ្នក​តាម​ដាន​​។​

តើ​ត្រូវ​​​ចាប់​ផ្តើមពី​ត្រង់​ណា​ ​ក្នុង​ការ​ធ្វើ​ទីផ្សារ​តាម​មាតិកា​? 

ជំហាន​មុន​ដំបូង​គេ​ ក្នុង​ការ​ធ្វើ​ទីផ្សារ​ មិន​ថា​តាម​របៀប​ណា​ក៏​ដោយ​ លោក​អ្នក​​ត្រូវ​ចាប់​ផ្តើម​ដោយ ​បង្កើត​គោលដៅ។​ នៅ​ក្នុង​ការ​កំណត់​គោល​ដៅ លោក​អ្នក​ត្រូវ​ឆ្លើយ​សំនួរ​ទូទៅទាំង​ ​៦ Who? What? When? Where? Why? How?  សម្រាប់​នរណា ? អ្វី​? ពេល​ណា​? ទី​ណា​? ហេតុអ្វី​? ដូចម្តេច​?

១ សម្រាប់​នរណា?​​

តើ​លោក​អ្នក​​​ស្គាល់​អតិថិជន​ដែរឬទេ ​?​​ ក្នុង​ភាសា​អង់​គ្លេស​យើង​ហៅ​វា​ថា​ការ​បង្កើត​ Customer Profile សម្រាប់​អាជីវកម្ម​។​ យើង​អាច​បង្កើត​  Customer Profile ដោយ​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន​ខាង​ក្រោម​៖

  • តើ​ពួក​គេ​ជា​នរណា?
  • តើ​ពួក​គេ​រស់​នៅ​ទីណា​ ?
  • តើ​ពួក​គេ​មាន​អាយុ​ប៉ុន្មាន?
  • តើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​​ភេទ​មួយ​ណា?
  • តើ​ពួក​គេ​ធ្វើ​ការងារ​អ្វី?
  • តើ​ពួក​គេ​ជួប​បញ្ហាអ្វី​ខ្លះ​ ដែលសេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​​អាច​ជួយ​ដោះស្រាយ?
  • តើ​ពួ​ក​គេ​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​អ្វី​ខ្លះ?
  • តើ​ពួ​ក​គេ​ចង់បាន​អ្វី​ពី​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​?

២ តើ​ប្រធាន​បទ​ប្រភេទ​ណា​ដែល​ត្រឹម​ត្រូវ​នឹង​ពួក​គេ?

នៅ​ក្នុង​ចំណុច​នេះលោក​អ្នក​​​ត្រូវ​ស្វែង​រក​ពី​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ ហើយមួយ​ទៀត​គឺ​ការ​​កត់​ត្រា​សំនួរ​ដែល​ពួក​គេ​សួរ​ញឹក​ញាប់​។​ ឧទាហរណ៍​ ហាង​លក់​សៀវភៅ អ្នក​អាន​ ដែល​ផ្គត់​ផ្គង់​សៀវភៅ​​សម្រាប់​ការ​ដឹក​នាំនិង​ការ​ធ្វើ​ជំនួញ។​ តើលោក​អ្នក​គិត​ថា​វា​​សមស្រប​ដែរ​ទេ​ប្រសិន​បើ​ពួក​គេ ​ធ្វើ​ការ​បង្កើត​មាតិកា​ ដែល​រ៉ាយ​រ៉ាប់​អំពី​ចរាចរណ៍ ឬកសិកម្ម​?​

ចំណុចសំខាន់​បន្ទាប់​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ ការ​បង្កើត​មាតិកា​មាន​ប្រយោជន៍ សម្រាប់​អតិថិជន ​​ត្រូវ​តែពាក់​ព័ន្ធជាមួួ​យ​អាជីវកម្ម ឬក្នុង​ផ្នែក​ដែល​ស្ថិត​នៅ​ ក្នុង​ជំនាញ​របស់​លោក​អ្នក​​​។​ តើ​ហេតុអ្វី? ព្រោះ​វា​​នឹង​ជួយ​ពង្រឹង​ម៉ាក​សញ្ញា​អាជីវកម្ម​​​ ឲ្យ​រឹង​មាំ ​និង​ទទួល​បាន​ការ​ជឿជាក់​ខ្ពស់​។​ ​ធ្វើ​ឲ្យ​ អ្នក​តាម​ដាន ​​ចង​ចាំ​ម៉ាក​សញ្ញា​!

(សូម​ចុច​ទីនេះ​ដើម្បី​អាន​ភាគ​២)