Homeធុរកិច្ចតើអាជីវកម្ម​នឹងមានបម្រែបម្រួលបែបណា​ក្នុង​ស្ថានភាពវិបត្តិជម្ងឺCovid-19?

តើអាជីវកម្ម​នឹងមានបម្រែបម្រួលបែបណា​ក្នុង​ស្ថានភាពវិបត្តិជម្ងឺCovid-19?

ជម្ងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយរីរូសCovid-19បានធ្វើឱ្យពិភពលោក​រំជើបរំជួល និងព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារ​តែការរាតត្បាតយ៉ាងលឿន ហើយបានឆ្លងដល់មនុស្ស​រាប់សែននាក់ស្ទើរពាសពេញពិភពលោក។ បញ្ហានេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើម​កាត់បន្ថយការជួបជុំ លែងហ៊ានចេញទៅកន្លែង​ប្រជុំជន ហើយ​អាជីវកម្ម​មិនតិចទេដែលទទួលរងផលប៉ះពាល់ ឬអាចនឹងបិទទ្វារប្រសិនបើវានៅអូសបន្លាយ។ នៅខណៈពេលដែលជួបវិបត្តិនេះ មាន​អាជីវកម្មជាច្រើនកំពុងត្រដរខ្យល់ ហើយក៏មានអាជីវកម្ម​មិនតិចទេដែល​កំពុងតែមមាញឹក​នៅក្នុងកាលទេសៈដ៏ច្របូកច្របល់នេះ។ ក្នុង​គ្រោះ​ជម្ងឺ​ផ្លូវ​ដង្ហើមនេះផងដែរ វាក៏ជាមេរៀនដ៏ល្អ​ដែលបានបង្រៀនឱ្យ​ម្ចាស់អាជីវកម្ម​ចេះកែប្រែ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និង​ផ្តល់សារ​ឱ្យម្ចាស់អាជីវកម្ម​ត្រៀមខ្លួន​ឱ្យបានល្អជាងមុនបន្ទាប់ពីវិបត្តិនេះបញ្ចប់នៅរយៈពេល​មិនយូរប៉ុន្មានទៀតនាពេលខាងមុខ។ ថ្ងៃនេះខ្ញុំសូមលើកយក​ចំណុច៤ ដែលទាមទារឱ្យអាជីវកម្មនៅកម្ពុជាមានការផ្លាស់ប្តូរ និងសម្របតាមស្ថានភាពពេលមានវិបត្តិ៖

១.ការលក់

ដើម្បីរក្សានិរន្តរភាព​អាជីវកម្ម​ ការផ្លាស់ប្តូរមួយពីការលក់​ជួបមុខផ្ទាល់​ទៅជាការលក់តាមអនឡាញ​គឺជាការចាំបាច់​មួយ​ដែលខានមិនបាន​ដោយសារតែភាពភ័យខ្លាច​ការជួបគ្នាផ្ទាល់អាចបង្កការចម្លងជម្ងឺ។ ការធ្វើដូចនេះ ធ្វើឱ្យអតិថិជន​មានអារម្មណ៍​សុវត្ថិភាពក្នុងការទិញទំនិញ ឬសេវាកម្ម ហើយ​ក៏អាចកាត់បន្ថយ​ហានិភ័យ​ការឆ្លងទៅកាន់បុគ្គលិកផងដែរ។ កត្តានេះ ជម្រុញឱ្យម្ចាស់អាជីវកម្មបត់បែន និងខិតខំ​ប្រឹងប្រែង​ប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន​ក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន​ដើម្បី​អាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបាននៅពេលមានវិបត្តិ។ ការបន្តផ្តល់សេវាជូនអតិថិជន​តាមអនឡាញ នឹងធ្វើឱ្យម្ចាស់អាជីវកម្មរក្សាម៉ូយ និងទំនុកចិត្តបានយ៉ាងល្អ។

“ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក…!”

២.​ដំណើរការប្រតិបត្តិ

ក្នុងស្ថានភាពបច្ចុប្បន្ន អាជីវកម្ម​ជាច្រើននឹងបត់តាម​កាលទេសៈដោយកាត់បន្ថយ​ការជួបមុខគ្នាផ្ទាល់ និងចាប់ផ្តើម​វិធីសាស្ត្រធ្វើការតាមអនឡាញ។ នេះគឺជា​លំហាត់ដ៏ល្អ (អាចថាលំបាក)មួយ​សម្រាប់អាជីវកម្ម​នៅក្នុងប្រទេស​កម្ពុជា​ដែលមិនមានទម្លាប់នេះនាពេលកន្លងមក។ នេះអាចនិយាយបានថាជាឱកាសមួយដើម្បីបញ្ចូលបច្ចេកវិទ្យា​នៅក្នុងប្រតិបត្តិការងារ និងបង្រៀនបុគ្គលិកនិងម្ចាស់អាជីវកម្មឱ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីរក្សាប្រសិទ្ធភាពការងារ​ទោះបីមិនបានមកការិយាល័យធ្វើការផ្ទាល់ក៏ដោយ។ ក្រៅពីនេះ ការរក្សាអនាម័យឱ្យបានល្អគឺជារឿងមួយដែលត្រូវតែមាន​ដើម្បីកាត់បន្ថយហានិភ័យពីវីរុស​ដែលអាច​បង្កើតជាទម្លាប់ល្អមួយ​បន្ទាប់ពីវិបត្តិនេះបញ្ចប់។

៣.ការត្រៀមទុន​បានល្អជាមុន

ជម្ងឺ​ផ្លូវដង្ហើមថ្មីគឺជា​មេរៀនដ៏ជូរចត់មួយ​សម្រាប់ម្ចាស់អាជីវកម្ម​ដែលមិនបានត្រៀមទុនបម្រុងទុកឱ្យបានល្អ។ យើងប្រាកដជាឃើញ​អាជីវកម្មមិនតិចទេដែលនឹងត្រូវបាត់សូន្យពីបញ្ជីដោយសារតែបញ្ហាខ្វះទុន ហើយអ្នកដែលអាចឈរជើងបាន គឺជាអាជីវកម្មដែលរឹងមាំ និងមាននិរន្តរភាពយូរអង្វែង។ ក្នុងស្ថានការណ៍ ខ្ញុំគិតថា អាជីវកម្មជាច្រើនត្រូវមានទុនបម្រុងប្រើប្រាស់ដើម្បីទប់ទល់លើការចំណាយប្រតិបត្តិមិនក្រោម៦ខែនោះទេ ដើម្បីអាចឱ្យស្ថានការណ៍ត្រឡប់មកសភាព​ដើមវិញ។ ប្រសិនបើម្ចាស់អាជីវកម្ម​មិនមានទុនបម្រុងនោះទេ វាគឺជាការលំហាត់មួយដល់ម្ចាស់អាជីវកម្ម​ដើម្បីស្វែងរកកម្ចីពីប្រភពផ្សេងៗមកទប់ដើម្បីកុំឱ្យការរកស៊ីនេះដួលរលំ។ ហើយវានឹងក្លាយជាមេរៀនដ៏ល្អទៅថ្ងៃក្រោយសម្រាប់ការដោះស្រាយវិបត្តិខ្វះទុននេះ និងធ្វើឱ្យយើងត្រៀមខ្លួន​បានល្អជាងនេះ។

៤.បង្កើនប្រសិទ្ធភាព និងទទួលយកការផ្លាស់ប្តូរ

ពេលមានវិបត្តិគឺជាពេលមួយដ៏លំបាក ហើយក៏ជាពេលមួយ​ដែលយើងមានពេល​ផ្តោតលើការបង្កើនប្រសិទ្ធភាពការងារដើម្បី​រស់ និងចេះធ្វើការបត់បែន​ទៅតាមស្ថានការណ៍ឱ្យបានលឿន។ ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក ហើយក៏ជាពេលវេលាមួយដែលម្ចាស់អាជីវកម្មចាប់ផ្តើមឱ្យតម្លៃលើអ្នកជំនាញ អ្នកប្រឹក្សា​ដើម្បីជាជំនួយការក្នុងការដោះស្រាយវិបត្តិដែលសកម្មភាពនេះមានតិចតួចបំផុតនាពេលកន្លងមក។ ថ្វីត្បិតមានអាជីវកម្ម​មិនតិចទេដែលអាចនឹងបានមេរៀនជូរចត់ តែមេរៀននេះនឹងមានតម្លៃកាត់ថ្លៃមិនបាន​សម្រាប់​បញ្ហាប្រឈម​ជាច្រើនក្នុងដំណើរការអាជីវកម្មនាថ្ងៃខាងមុខនេះ។

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular