Homeអភិវឌ្ឍន៍ខ្លួនឯងលោក លីហាវ៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាបុគ្គលិកBrand ម្នាក់?

លោក លីហាវ៖ តើធ្វើយ៉ាងណាដើម្បីក្លាយជាបុគ្គលិកBrand ម្នាក់?

Brand? Brand? Brand? ជាពាក្យដែលមនុស្សម្នាក់ៗកំពុងតែនិយមប្រើប្រាស់ ហើយជាពាក្យដែលតែងតែនិយាយ តែងតែសរសើរនិង តែងតែអួតដាក់គ្នាថាវាជាផលិតផលល្អ មានតម្លៃ ព្រមទាំងមានគុណភាពខ្ពស់ទៀតផងដែលនរណាៗក៏ចង់ប្រើ។មនុស្សម្នាក់ៗសុខចិត្តចំណាយលុយជាច្រើនដើម្បីរបស់របរ ប្រេនៗមកលម្អខ្លួន មកប្រើប្រាស់ទៅតាមតម្រូវការដែលចង់បាន ព្រោះមនុស្សគ្រប់គ្នានឹងសរសើរថាពួកគេឡូយ ហ៊ឺហា ស្អាត សង្ហារ ឬ នឹងឲ្យតម្លៃទៅពួកគេតាមរបស់របរដែលតែងតែប្រើប្រាស់។នៅក្នុងនោះដែរយើងឃើញថា ពាក្យថាBrand គឺសំដៅទៅលើផលិតផលមួយដែលមានម៉ាកយីហោល្បីល្បាញ និង មានគុណភាពខ្ពស់​ ហើយភាគច្រើនគេច្រើនតែនិយាយពាក្យថាBrand ទៅលើសម្លៀកបំពាក់ កាបូប ទូរស័ព្ទ នាឡិកា ឬ ស្បែកជើង។ល។  ប៉ុន្តែនៅក្នុងថ្ងៃនេះលោកគ្រូ លីហាវ (Ly Haw) ​នឹងប្រាប់អំពីបុគ្គលិកBrand វិញម្ដង ថាតើបុគ្គលិកBrand​ ត្រូវមានលក្ខណៈBrand យ៉ាងដូចម្ដេចខ្លះ?ដូច្នេះហើយមិនមែនមានតែវត្ថុ ឬ ផលិតផល ទេដែលមានម៉ាកមានយីហោ មានតម្លៃ និង គុណភាពនោះ ប៉ុន្តែមនុស្សយើងគ្រប់គ្នាក៏អាចក្លាយទៅជាមនុស្សBrand បុគ្គលិកBrand និង អ្នកដឹកនាំBrand បានដែរ ប្រសិនជាយើងចង់ឲ្យខ្លួនឯងមានតម្លៃ មានគេគោរពស្រលាញ់ច្រើន ។

ខាងក្រោមនេះលោកគ្រូ លីហាវ (Ly Haw) នឹងរាយរាប់រៀបរាប់ពីចំណុចទាំង៤ រួមមាន “ កើត ចាស់ ឈឺ ស្លាប់” ជូនអ្នកទាំងអស់ បានដឹង បានស្ដាប់ និង បានអនុវត្តដើម្បីក្លាយជាបុគ្គលិកBrand ម្នាក់៖

១. កើត

កើត នេះមិនមែនសំដៅទៅលើការកើតចេញពីផ្ទៃរបស់ម្ដាយយើងនោះទេ ប៉ុន្តែ “កើត” នេះគឺសំដៅទៅលើការធ្វើអ្វីមួយឲ្យកើត ធ្វើអ្វីមួយឲ្យចេញជាលទ្ធផល ចេញជាផ្លែជាផ្កា ទៅតាមអ្វីដែលអ្នកចង់បាន និង អ្នកគ្រប់គ្រងរបស់អ្នករំពឹងថាអ្នកនឹងអាចបំពេញវាបាន។យ៉ាងណាមិញប្រសិនជាអ្នកគ្រប់គ្រងរបស់អ្នកបានដាក់ការងារឲ្យអ្នកធ្វើដូចជាសរសេរជាអត្ថបទ ឬ ឌីហ្សាញរូបភាពកាត់តរូបភាព ដូចនេះអ្នកត្រូវតែធ្វើវាឲ្យកើត មានន័យថា អ្នកត្រូវសរសេរអត្ថបទឲ្យបានល្អ មានន័យគ្រប់គ្រាន់ មានភាពទាក់ទាញ ហើយអាចផ្ដល់ជាមតិយោបល់ដើម្បីជួយអ្នកដទៃ និង សាធារណៈជនឲ្យបានដឹងនិង បានយល់។ហើយប្រសិនជាអ្នកគ្រប់គ្រងរបស់អ្នកដាក់កិច្ចការឲ្យអ្នក ចំពោះការឌីហ្សាញរូបភាព ម៉ូតសម្លៀកបំពាក់ ឬ ក៏ឌីហ្សាញរូបភាព អ្នកត្រូវតែធ្វើវាឲ្យអស់ពីសមត្ថភាព រៀបចំរូបភាពឲ្យមានភាពទាក់ទាញ ត្រជាក់ភ្នែក និង មនុស្សគ្រប់គ្នាឆាប់ចាប់អារម្មណ៍ជាដើម។ទាំងនេះបង្ហាញថាអ្នកអាចធ្វើវាកើត កើតចេញជាទម្លាប់ ជាលទ្ធផល និង ជាស្នាដៃ។

២. ចាស់

ចាស់ នេះក៏ដូចគ្នា មិនមែនសំដៅទៅលើវត្ថុចាស់ឬមួយក៏មនុស្សចាស់នោះទេ តែ “ចាស់” ចង់សំដៅទៅលើ ការចាស់ចិត្ត ចាស់គំនិតទៅលើការងារ មិនមែនជាមនុស្សដែលអាឡិកអាឡក់ ទន់ជ្រាយ ឬ មកធ្វើការមិ​នទាន់ពេលនោះទេ។ ការធ្វើការបណ្ដើរ ញ៉ាំបណ្ដើរ ធ្វើបណ្ដើរលេងបណ្ដើរ គឺមិនមែនជាមនុស្សចាស់ចិត្តចាស់គំនិតនោះទេ ដូចនេះមិនត្រូវធ្វើការបែបហ្នឹងនោះទេ។ ជារៀងរាល់ថ្ងៃដែលអ្នកទៅធ្វើការ គឺអ្នកត្រូវតែមានគោលដៅឲ្យបានច្បាស់លាស់ថា ខ្ញុំទៅដើម្បីធ្វើការ ដើម្បីរកលុយជូនគ្រួសារ និង ដើម្បីទទួលបាននូវបទពិសោធន៍ គឺមិនមែនទៅដើម្បីលេង Facebook  ហើយវាក៏មិនមែនជាពេលដែលអ្នកត្រូវលេងFacebook ដែរ។ ដូចនេះអ្នកត្រូវតែចាស់ចិត្តចាស់គំនិត ធ្វើអ្វីដែលត្រឹមត្រូវ​ គោរពម៉ោងពេលធ្វើការ និង គោរពវិន័យឲ្យបានត្រឹមត្រូវ។

៣. ឈឺ

មិនមែនមនុស្សដែលឈឺ មនុស្សដែលមានជម្ងឺអ្វីនោះទេ ប៉ុន្តែគឺជាការឈឺឆ្អាលអ្នកដទៃ ឈឺឆ្អាលក្នុងផ្លូវល្អ ផ្លូវវិជ្ជមាន ឈឺឆ្អាលដើម្បីជួយអ្នកដទៃទៅតាមសមត្ថភាពដែលអ្នកអាចធ្វើបាន។អ្នកគួរតែមានចិត្តមានគំនិត មានចិត្តចង់ជួយ ចង់ឈឺឆ្អាលដល់បុគ្គលិកដទៃ ឈឺឆ្អាលដល់អ្នកគ្រប់គ្រងថ្នាក់លើ និង ចេះឈឺឆ្អាលចំពោះស្ថាប័នដែលខ្លួនកំពុងតែធ្វើនេះឯង។ជាក់ស្ដែងនៅពេលដែលមិត្តរួមការងារ អ្នកគ្រប់គ្រង ឬ ស្ថាប័នរបស់អ្នកកំពុងតែជួបបញ្ហា អ្នកគួរតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសម្រាលការងារ ឬ ចូលរួមបញ្ចេញមតិក្នុងការដោះស្រាយជាមួយគ្នា។ឧទាហរណ៍ដូចជាក្នុងករណីមួយ​ ដែលអ្នកឃើញមិត្តរួមការងាររបស់ត្រូវទទួលរងនូវបន្ទុកការងារជាច្រើនដែលត្រូវបង្ហើយឲ្យក្រុមហ៊ុននៅក្នុងថ្ងៃនេះ តើអ្នកគួរតែជួយសម្រាលការងារឲ្យពួកគេឬក៏ទៅចោលពួកគេ? បើសិនអ្នកចង់ក្លាយជាបុគ្គលិកប្រេន អ្នកគួរតែចេះឈឺឆ្អាលជាមួយនឹងពួកគេ ជួយធ្វើការងារឲ្យគ្នាដើម្បីបញ្ចប់ឆាប់បានចេញពីធ្វើការទាំងអស់គ្នា ទោះបីការងារនោះមិនមែនជាការងាររបស់អ្នកក៏ដោយ។ដូចេ្នះ ពាក្យថាបុគ្គលិកប្រេន មិនមែនមនុស្សគ្រប់គ្នាអាចទទួលយកបានដោយងាយៗ ដោយគ្មានការខិតខំព្យាយាមនោះទេ។

៤.​ ស្លាប់

ចំណុចស្លាប់ចុងក្រោយគេនេះ មិនមែនអ្នកត្រូវលាចាកលោក ឬ ទៅណាដែលមិនអាចមកវិញនោះទេ តែ “ ស្លាប់” នេះសំដៅទៅលើអត្តចរិក និង ទម្លាប់របស់អ្នក។ ពាក្យថាស្លាប់គឺបានមកពីពាក្យសម្លាប់ ដូចនេះអ្នកត្រូវតែសម្លាប់នូវចរិក នូវអារម្មណ៍ដែលមិនល្អ ដែលចូលចិត្តច្រណែនឈ្នានីសគ្នា គុំគួនគ្នា ចងគំនុំដាក់គ្នា និង ឆាវឆាវដាក់គ្នា ឲ្យស្លាប់បាត់ទៅ ទាំងនៅកន្លែងធ្វើការក្ដី ទាំងនៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្ដី ព្រោះពេលដែលអ្នកតែងតែប្រកាន់ខ្ជាប់នូវគំនុំគុំគួន ការច្រណែនឈ្នានីសគ្នា គឺអ្នកនឹងមិនទទួលបាននូវការសរសើរ ឬ​ ការគោរពពីអ្នកដទៃនោះទេ ជាពិសេសគឺប្រសិទ្ធភាពការងាររបស់អ្នកនឹងថមថយ រីឯប្រាក់ខែក៏វាទៅតាមហ្នឹងដែរ។ ម្យ៉ាងវិញទៀតមិនមែនត្រឹមតែសម្លាប់ចោលនូវចរិកមិនល្អរបស់អ្នកនោះទេ តែអ្នកត្រូវតែសម្លាប់នូវទម្លាប់អាក្រក់ៗរបស់អ្នកផងដែរ គឺទម្លាប់គេចវេសពីការងារ ទម្លាប់លេងសើចច្រើនខុសទំនង ទម្លាប់ខ្ជិលច្រអូស ទម្លាប់មកធ្វើការមិនទៀងម៉ោង និង ទម្លាប់និយាយដើមគ្នានៅកន្លែងធ្វើការងារជាដើម។ដូចនេះ អ្នកគួរតែលុបបំបាត់វា និង សម្លាប់វា នូវទម្លាប់ និង ចរិកមិនល្អណាដែលអ្នកមាន ឲ្យវាបរលោកទីឋានដែលឆ្ងាយៗឲ្យអស់ទៅ ទើបអ្នកអាចផ្លាស់ខ្លួនឯង ទៅជាបុគ្គលិកប្រេនម្នាក់ ដែលមនុស្សគេត្រូវការ គេឲ្យតម្លៃ និង ស្រលាញ់រាប់អានអ្នក។ហើយម្យ៉ាងវិញទៀត អ្នកគួរតែសួរខ្លួនឯងថាអាយុស្រករៗយើង តើគេមានអី? ហើយយើងមានអីខ្លះហើយ? គេធ្វើការ២ឆ្នាំគេសល់អី? រីឯយើងធ្វើការឲ្យគេ៥ឆ្នាំទៅហើយ តើយើងសល់អ្វីជាដុំកំភួនខ្លះ? តើអ្នកចង់ឲ្យប្រាក់ខែរបស់អ្នកកើនតាមអាយុ? ឬ ក៏ ឲ្យប្រាក់ខែរបស់អ្នកបានច្រើនជាងអាយុ? ឬក៏ចង់បានប្រាក់ខែដែលតិចជាងអាយុអ្នក? ចូរអ្នកគិតពិចារណាឲ្យបានល្អិតល្អន់ដោយខ្លួនឯង។

មានរឿងនិទានអប់រំខ្លីមួយ ដែលយើងចង់បង្ហាញប្រាប់អ្នកឲ្យបានយល់ ឲ្យបានដឹង៖ មានសេះនិងលាដែលត្រូវជ្រើសរើសក្នុងការធ្វើដំណើរទៅចម្លងធម៌ជាមួយនឹងលោកគ្រូថាងចេង។ដំបូងលោកគ្រូថាងចេងគាត់ចង់ជិះសត្វលាទៅ ប៉ុន្តែសត្វលាបដិសេធមិនព្រមទៅនោះទេព្រោះគេដឹងថាការធ្វើដំណើរទៅចម្លងធម៌ គឺត្រូវដើរផ្លូវវែងឆ្ងាយណាស់ហត់ណាស់ទម្រាំតែយកធម៌ហ្នឹងបាន។ ដូច្នេះ លោកគ្រូថាងចេងគ្មានជម្រើសក៏ជ្រើសរើសសេះជំនួសលាវិញ ហើយសេះក៏ព្រមធ្វើដំណើរជាមួយ ឲ្យលោកគ្រូថាងចេងជិះ។ ពេលដែលសេះនិងគ្រូថាងចេងត្រឡប់មកពីចម្លងធម៌វិញ លាក៏បានសួរទៅសេះថា “ បងសេះឯងធ្វើដំណើរតាមផ្លូវហត់អត់”  សេះក៏បានឆ្លើយថា “ ហត់ ហើយក៏មានឧបសគ្គច្រើនណាស់ដែរ”។ លាក៏បាននិយាយទៀតថា “ គឺខ្ញុំដឹងមុនហើយ បានខ្ញុំមិនទៅព្រោះវាហត់ខ្លាំងណាស់” ប៉ុន្តែសេះបានសួរបកទៅវិញថា “ ចុះរាល់ថ្ងៃហ្នឹងបងឯងអត់ហត់មែន​ ព្រោះខ្ញុំឃើញបងឯងអូសរទេះ ដឹកស្រូវ ដឹកបន្លែ ដឹកនេះដឹកនោះរាល់ថ្ងៃ គឺខ្ញុំគិតថាបងឯងសឹងតែហត់ជាងខ្ញុំទៀតផង ហើយចម្ងាយដែលបងឯងដើររាល់ថ្ងៃ និង ចម្ងាយផ្លូវដែលខ្ញុំដើររាល់ថ្ងៃគឺ មានចម្ងាយមិនលើសខ្វះគ្នាប៉ុន្មាននោះទេ ទោះបីជាយើងធ្វើដំណើរដូចគ្នាមែន ប៉ុន្តែលទ្ធផលដែលយើងទាំងពីរនាក់ទទួលបានគឺវាខុសគ្នា ឥលូវនេះខ្ញុំនិងលោកគ្រូថាងចេងបានឡើងឋានសួគ៌ ប៉ុន្តែបងនៅឋានកណ្ដាល ហើយនៅតែធ្វើការងារដោយប្រើកម្លាំងដដែល”។ ដូច្នេះរឿងនិទានខ្លីមួយនេះចង់ប្រាប់អ្នកទាំងអស់គ្នាថា ទោះបីជាយើងមានពេលវេលាដូចគ្នាមែន ប៉ុន្តែមិនប្រាកដថាលទ្ធផលដែលយើងទទួលបានហ្នឹងដូចគ្នានោះទេ។ តួយ៉ាងបើអ្នកទាំងអស់គ្នាចេញមកធ្វើការហើយ អ្នកទាំងអស់គ្នាត្រូវតែមានគោលដៅ និង ក្ដីសម្រៃ ថាយើងចង់សម្រេចអ្វីនាពេលអនាគត ហើយចង់សម្រេចវាបែបណា? ដោយរបៀបណា?។ដូនេះអ្នកទាំងអស់គ្នាឈប់ខ្ជះខ្ជាយពេលវេលារបស់អ្នកបន្តទៀតទៅ សូមធ្វើអ្វីដែលមានតម្លៃពិតប្រាកដ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ មនុស្សជុំវិញខ្លួន សម្រាប់សង្គមជាតិ និង សម្រាប់ក្រុមហ៊ុនរបស់អ្នក។

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។

Most Popular