Homeអភិវឌ្ឍន៍ខ្លួនឯងទម្លាប់ ១នាទី ដែលជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន និង មានផលិតភាពកាន់តែច្រើនជារៀងរាល់ព្រឹក

ទម្លាប់ ១នាទី ដែលជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន និង មានផលិតភាពកាន់តែច្រើនជារៀងរាល់ព្រឹក

អារម្មណ៍ល្អឬមិនល្អ គឺអាស្រ័យទៅលើអ្នកខ្លួនឯងជាអ្នកបង្កើត​ ថាតើអ្នកបានធ្វើអ្វី និង បាននិយាយអ្វីខ្លះដើម្បីឲ្យអារម្មណ៍របស់អ្នកបានសប្បាយរីករាយនិងមានថាមពលជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាពិបាក ហើយក៏មិនដឹងថាត្រូវនិយាយអ្វីមកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីបង្កើតឲ្យមានអារម្មណ៍ដែរ។ ដូចនេះសំណួរខាងក្រោមនេះនឹងជួយអ្នកឲ្យមានអារម្មណ៍ស្រស់ថ្លា និង មានផលិតភាពបានកាន់តែច្រើន៖

១. តើខ្ញុំអរគុណអ្វីខ្លះនៅក្នុងថ្ងៃនេះ?

អ្នកត្រូវអរគុណខ្លួនអ្នក សមត្ថភាពរបស់អ្នក ខួរក្បាលរបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នក ភាពរឹងមាំរបស់អ្នក និង សុខភាពរបស់អ្នក ព្រោះដោយសារតែពួក​វាទើបអ្នកអាចទទួលបាននូវសម្ធិផល នូវស្នាដៃដែលអ្នកប្រាថ្នាចង់បាន។ ដូចនេះ ចូរអ្នកអរគុណរាល់អ្វីៗដែលបានជួយអ្នកឲ្យរួចផុតពីបញ្ហា រួចផុតពីភាពហ្មងសៅ និងរួចផុតពីអារម្មណ៍មិនដាច់ស្រឡះដែលអ្នកមាន ហើយបង្ហាញនូវការអរគុណនេះមកកាន់ខ្លួនឯងជារៀងរាល់ព្រឹកដើម្បីឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្បើយ និង មានថាមពលក្នុងការបោះជំហានទៅមុខទៀត។

 

២. តើនរណាដែលខ្ញុំត្រូវអរគុណនៅក្នុងថ្ងៃនេះ?

ពេលដែលអ្នកមានអារម្មណ៍ដឹងគុណ ឬ បង្ហាញការថ្លែងអំណរគុណទៅកាន់នរណាម្នាក់ដែលអ្នកគិតថាសាកសមនឹងទទួល នោះការថ្លែងអំណរគុណរបស់អ្នកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និង មានទឹកមុខស្រស់បស់ពោរពេញទៅដោយថាមពល ក្ដីសង្ឃឹម និង ក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួន។ដូចនេះអ្នកគួរតែជ្រើសរើសអ្វីមួយមិនថារបស់នោះជារបស់តូចឬធំ មានតម្លៃឬមិនមានតម្លៃនោះទេជូនទៅដល់ពួកគេ ដើម្បីបង្ហាញពីការអរគុណ និង ការដឹងគុណរបស់អ្នកចំពោះពួកគេ។អ្នកនឹងឃើញទង្វើ និង ការគិតរបស់អ្នកនៅពេលដែលអ្នកធ្វើដូច្នេះ ពីព្រោះការសម្ដែងនូវការអរគុណចំពោះអ្នកដទៃគឺប្រៀបបានទៅនឹងការអរគុណនូវអ្វីដែលខ្លួនបានធ្វើយ៉ាងហ្នឹងដែរ។ អ្នកអាចសាកស្វែងរកនរណាម្នាក់ដើម្បីបង្ហាញនូវការដឹងគុណចំពោះពួកគេ ដូចជាឪពុកម្ដាយ បងប្អូន លោកគ្រូអ្នកគ្រូ មនុស្សជាទីស្រលាញ់ មេរបស់អ្នក ឬ មិត្តភក្តិរបស់អ្នកជាដើម ថាតើបន្ទាប់ពីអ្នកធ្វើបែបនោះហើយអ្នកនឹងមានអារម្មណ៍បែបណា?សប្បាយរីករាយ ឬ កើតទុក្ខ? ស្រស់ស្រាយ ឬ តប់ប្រមល់នៅក្នុងខ្លួន?អ្នកនឹងដឹងបន្ទាប់ពីការសាកល្បងមួយនេះ។

៣. តើអ្វីដែលខ្ញុំគួរតែគិតនៅក្នុងថ្ងៃនេះ?

ភាគច្រើនអារម្មណ៍មិនល្អច្រើនតែកើតមានឡើងនៅពេលដែលអ្នកធ្វើអ្វីមួយមិនច្បាស់លាស់ ធ្វើការងារពីរបីក្នុងពេលតែមួយ ធ្វើការឆ្បោលៗ ធ្វើឲ្យរួចតែពីដៃ ជាដើម។ ដោយផ្អែកលើបញ្ហាទាំងអស់នេះហើយ ទើបអ្នកត្រូវរៀបចំផែនការ ឬ កាលវិភាគមួយ ថាត្រូវធ្វើអ្វីខ្លះនៅក្នុងថ្ងៃនីមួយៗដើម្បីបង្កើតភាពច្បាស់លាស់សម្រាប់ខ្លួនឯង និង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ភាពស៊ាំញ៉ាំ ឬ អារម្មណ៍មិនល្អជាដើម។ ម្យ៉ាងទៀតនៅពេលដែលអ្នកសួរខ្លួនឯងថា តើថ្ងៃនេះខ្ញុំគួរតែធ្វើអ្វីខ្លះដើម្បីឲ្យការងារខ្ញុំទទួលបានប្រសិទ្ធភាព? នោះសំណួរទាំងនោះនឹងបង្ហាញផ្លូវឲ្យអ្នកបានដឹងភ្លាមៗ ថាអ្នកត្រូវធ្វើអ្វី។យ៉ាងណាមិញទោះបីជាផែនការរបស់អ្នកមិនមែនជាផែនការមួយដ៏អស្ចារ្យក៏ដោយ ប៉ុន្តែវាជួយចង្អុលបង្ហាញឲ្យអ្នកបានដឹងថា អ្នកត្រូវធ្វើអ្វីមុន ធ្វើអ្វីបន្ទាប់ ទៅតាមរបៀបរវារៈដែលអ្នកបានកំណត់ ជាជាងដែលអ្នកធ្វើវាទាំងភាពច្របូកច្របល់ និងមិនច្បាស់លាស់។លើសពីនេះ បន្ទាប់ពីអ្នកសម្រេចចិត្តថាត្រូវធ្វើការងារណាមួយនៅក្នុងថ្ងៃនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅលើការងារនោះមួយមុខបានហើយ មិនត្រូវធ្វើការងារនេះហើយគិតពីបញ្ហាផ្សេងនោះទេ ព្រោះវាអាចជះឥទ្ធិពលទៅលើការងាររបស់អ្នកគឺ ការងាររបស់អ្នកអាចមិនបញ្ចប់ ឬ ធ្វើវាមិនបានល្អជាដើម។

ជាចុងក្រោយអ្នកគួរតែចាប់ផ្ដើមធ្វើអ្វីមួយជារៀងរាល់ថ្ងៃដោយអារម្មណ៍ល្អ ស្រស់ស្រាយ ដោយមានគោលដៅជាក់លាក់ ជាពិសេសបង្ហាញនូវការអរគុណទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីជួយជម្រុញការងាររបស់អ្នកឲ្យកាន់តែមានផលិតភាពខ្ពស់ ហើយកុំភ្លេចសួរសំណួរទាំងនេះមកកាន់ខ្លួនឯងជារៀងរាល់ព្រឹក។

 

 

 

 

 

 

 

 

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។

Most Popular