ទំនងតើ!

ការផ្សព្វផ្សាយនៅលើFacebook​លែងជា​ប្រធានបទដែលថ្មីទៀតហើយ​នៅពិភព​អាជីវកម្ម​នៅប្រទេស​កម្ពុជា។ យើងឃើញ​មានការផ្សព្វផ្សាយ​វគ្គបណ្តុះបណ្តាលជាច្រើន​ស្តីពី​ប្រើប្រាស់Pageឱ្យបានជោគជ័យ លក់អីក៏ដាច់ អាថ៌កំបាំងចាយលុយតិចលើFacebookជាដើម ។ល។   ហើយថ្មីៗនេះ ក៏មានការបើកវគ្គបណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់វីដេអូ​ដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ជាងគេ។ តើនេះជាការពិតមែនទេ?

មិនខុសនោះទេ ហើយក៏មិនត្រូវទាំងស្រុងដែរ។ វីដេអូបានក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយអាច​ទៅដល់មនុស្សច្រើនជាង​រូបភាពឬអក្សរ ហើយនេះ​មិនមែនទើបតែកើតឡើងនោះទេ ទំនោរនៃការ​ជម្រុញឱ្យ​មានបង្កើតវីដេអូគឺ​មានតាំងពី​ប្រហែល ៣ឆ្នាំ​មុនមកម្ល៉េះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយ​នឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះ​មិនមានអ្វីចម្លែកទេ​ដែលFacebookចង់​លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូ​ដើម្បីអាចទទួលបានផលខ្ពស់ជាង​ប្រភេទមាតិការផ្សេងៗទៀត។

ក៏ប៉ុន្តែ​​​​​ មិនមែនវីដេអូ​ទាំងអស់​សុទ្ធតែទទួលបាន​ប្រសិទ្ធភាព និងទទួលបានផលខ្ពស់ជាង​ការប្រើប្រាស់រូប​ភាព​ផ្សព្វ​ផ្សាយនោះទេ។ វីដេអូ​មានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ និងមិនគួរឱ្យ​ចាប់អារម្មណ៍ នឹងនៅតែត្រូវបានគេអូសរំលងចោល ហើយមានប្រសិទ្ធតិចតួច។ ​ប្រៀបដូចជាយើងកំពុងមើលទូរទស្សន៍អញ្ចឹង នៅពេលដែល​ដល់ពេលផ្សាយពាណិជ្ជកម្ម យើងនឹងចុចដូរប៉ុស្តិ៍មិនខាន។ កម្រិត​ប្រសិទ្ធភាពខ្ពស់ឬទាបនៃ​ការប្រើវីដេអូ ឬប្រើរូបភាព ​គឺ​អាស្រ័យ​ទាំងស្រុង​លើគុណភាព​ និងភាព​ទាក់ទាញ​របស់វា និងអ្វីដែលសំខាន់ជាងហ្នឹងទៅទៀត គឺអាស្រ័យ​លើ​ផលិតផល និងសេវាកម្មដែលអ្នកចង់​ផ្សព្វផ្សាយ។

សម្រាប់អ្នកទីផ្សារ និងអ្នកបង្កើតការផ្សព្វផ្សាយដែលមានជំនាញ ពួកគេ​នឹង​មិនមានភាពដាច់ខាត​លើការអះអាង​ថា​មួយ​ណាល្អជាង​មួយណា​នោះទេ ហើយពួកគេ​តែងតែស្វែងយល់ពី​គោលបំណងផ្សព្វផ្សាយ និងផលិតឬសេវាកម្មជាមុនសិនមុន​នឹង​ឈានទៅរកការសម្រេចិត្តជ្រើសរើសវិធីណាសម្រាប់ការផ្សព្វផ្សាយ។ ប្រសិនបើពួកគេ​មិនទាន់ច្បាស់ ពួកគេនឹងធ្វើពិសោធសាកល្បង​រវាង​មធ្យោបាយផ្សព្វផ្សាយទាំងពីរ (វីដេអូ និងរូបភាព)ថាតើមួយណា​មាន​ប្រសិទ្ធភាព​ជាងមួយណា?

តាមបទពិសោធន៍ ប្រសិនបើ​យើងធ្វើការផ្សព្វផ្សាយ​កម្មវិធីបញ្ចុះតម្លៃពិសេស ឬក៏ចង់​ឱ្យ​​អតិថិជនចុចលើអ្វីមួយ ការប្រើប្រាស់រូបភាព​នៅតែមាន​ប្រសិទ្ធភាពខ្ពស់ជាង ដោយសារតែងាយក្រឡេកឃើញ និងស្រួលយល់ដោយមិនចាំបាច់​រង់ចាំ​យូរ។ ខុសពីរូបភាព វីដេអូ​ត្រូវការពេលដើម្បី​អាច​ឱ្យអ្នកមើល​បញ្ចប់វីដេអូទាំងមូល​ដើម្បី​អាច​យល់អត្ថន័យ​បាន។ ប៉ុន្តែវីដេអូ​ គឺជា​ការផ្សព្វផ្សាយល្អជាង នៅពេលដែលអ្នកចង់​បង្ហាញ​ពី​ការប្រើប្រាស់ បង្ហាញពីគុណតម្លៃ បង្ហាញ​ពីគន្លឹះ ឬ​ក៏សកម្មភាពដែលមានបញ្ចូលអារម្មណ៍។ អ្នកត្រូវចាំថា អ្នកប្រើប្រាស់Facebookប្រើប្រាស់​ពេលតែ​ប៉ុន្មានវិនាទី​ប៉ុណ្ណោះដើម្បីសម្រេចចិត្តថាមើលវីដេអូ​របស់អ្នក ឬក៏ត្រូវអូសរំលង ដែលអ្នកត្រូវតែ​ផ្តោត​សំខាន់​លើភាព​ទាក់ទាញ​៣​វិនាទី​ដំបូងរបស់វីដេអូ។ ​ហើយអ្នកក៏ត្រូវចងចាំថា ពេលអ្នកបង្កើតវីដេអូ គឺត្រូវ​តែបង្កើត​វីដេអូ​ដែលទាក់ទាញដោយមិនចាំបាច់ឮសម្លេង ដោយសារតែជាទូទៅ​មនុស្ស​មិនបើកសម្លេងពេលកំពុងតែអូសមើល​បណ្តាញសង្គមរបស់ខ្លួននោះទេ។

តើអ្នកគួរជ្រើសរើសវិធីណាដើម្បីធ្វើការផ្សព្វផ្សាយរបស់អ្នក? សម្រាប់ខ្ញុំ ទាំងមធ្យោបាយ​ប្រើប្រាស់រូបភាព ទាំងវីដេអូ សុទ្ធតែមានគុណសម្បតិ្ត​រៀងៗខ្លួន ហើយ​មានប្រសិទ្ធភាពទៅតាមគោលបំណងនៃការ​ផ្សព្វផ្សាយ។ ទោះបី​ជាFacebookជម្រុញ​ឱ្យបង្កើត​វីដេអូ​ក្នុងការផ្សព្វផ្សាយក៏ដោយ តែFacebookមិនអាចជម្រុញចិត្តមនុស្សឱ្យមើល​វីដេអូ​ដែលមិនទាក់ទាញនោះទេ។ អ្វីដែលល្អបំផុត​ដើម្បីដឹងពី​ប្រសិទ្ធភាពរបស់វា (អ្នកត្រូវចំណាយលុយ​ស្មើរគ្នា ហើយស្វែងរកចម្លើយថាតើមួយណាអាចរកបានអតិថិជនច្រើនជាង?) គឺជាការធ្វើតេស្ត​រកមើល​វិធីសាស្ត្រដែលល្អបំផុតសម្រាប់​ផលិតផល និងសេវាកម្ម​របស់អ្នក។ អ្វីដែលចាំបាច់បំផុត គឺអ្នកត្រូវយកចិត្តអតិថិជន​ដាក់នៅក្នុងខ្លួនឯង ដោយគិតថាប្រសិនបើអ្នកឃើញ​ការផ្សាយពាណិជ្ជកម្មបែបនេះ អ្នកនឹងចង់ចុចមើលឬទេ ឬក៏​អ្នកគិតថាមានរូបភាព​ផ្សព្វផ្សាយគឺគ្រប់គ្រាន់ហើយ? ព្រោះថា ការបង្កើតវីដេអូផ្សព្វផ្សាយគឺចំណាយពេលនិង​ថវិកា​ច្រើនជាង​រូបភាព។

ដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើងអញ្ចឹង ជំនាញទីផ្សារគឺការ​រួមបញ្ចូលទាំងវិទ្យាសាស្ត្រ និងសិល្បៈ ដែលមិនមានចម្លើយដាច់​ខាតនោះទេ។ ការធ្វើទីផ្សារគឺជា​ធ្វើតេស្ត​រកវិធីសាស្ត្រ និងយុទ្ធសាស្ត្រដែលល្អបំផុត ហើយគ្មានរូបមន្តមួយ​អាច​ប្រើប្រាស់បានគ្រប់កន្លែង និងគ្រប់វិស័យនោះឡើយ។ អ្នកទីផ្សារគឺត្រូវស្វែងយល់ និងចេះវិភាគ ថាតើគួរប្រើប្រាស់យុទ្ធសាស្ត្រអ្វីដែលសាកសមបំផុត និងតែងតែធ្វើការវាយតម្លៃឡើងវិញដើម្បីកំណត់​យុទ្ធសាស្ត្រថ្មី។

 

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។