ទំនងតើ!

 អ្នកតែងតែមានក្ដីស្រម៉ៃដ៏អស្ចារ្យមួយដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍ និង ដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកជានិច្ចជារៀងរាល់ថ្ងៃ ប៉ុន្តែពេលខ្លះនេះគ្រាន់តែជាការនឹកគិតចង់បានទៅតាមគំនិតភ្លាមៗតែប៉ុណ្ណោះ បន្ទាប់មកអ្នកក៏បែរជានិយាយថា អ្នកមិនដែលធ្វើវាពីមុនមកទេ អ្នកភ័យខ្លាចពេលធ្វើខុស ខ្លាចគេស្ដីបន្ទោសឲ្យអ្នក ដូច្នេះអ្នកក៏សម្រេចចិត្តថាមិនធ្វើអ្វីទាំងអស់ មិនបញ្ចេញសកម្មភាពដើម្បីឆ្ពោះទៅរកភាពជោគជ័យ និង ឈប់គិតពីក្ដីស្រម៉ៃទាំងនោះ ព្រោះអ្នកគិតថាអ្នកមិនដែលធ្វីវាពីមុនមកនោះទេ។តែយ៉ាងណាក៏ដោយអ្នកត្រូវតែហ៊ានស្រម៉ៃ ហ៊ានជម្នះនូវភាពភ័យខ្លាចរបស់អ្នក ហើយហ៊ានធ្វើវាឲ្យក្លាយជាការពិត  ទើបអាចអ្នកអាចចាប់ផ្ដើមអាជីវកម្មមួយដែលអ្នកធ្លាប់នឹកស្រម៉ៃបាន។ចំណុចខាងក្រោមនេះជាចំណុចសំខាន់ដែលអាចជួយបំពេញក្ដីស្រម៉ៃរបស់អ្នកបានក្នុងការចាប់ផ្ដើមអាជីវកម្មប្រកបទៅដោយភាពជោគជ័យ៖

១. ជាមនុស្សដែលមានចិត្តពុះកញ្ជ្រោលចង់រៀនខ្លាំង

ពេលណាដែលអ្នកមានចិត្តពុះកញ្ជ្រោលខ្លាំង មានភាពងប់ងល់ខ្លាំងទៅលើការធ្វើអ្វីមួយ ដូចជាការរៀនសូត្រ ការអានសៀវភៅ ឬ ចង់ក្លាយជាអ្នកយកព័ត៌មាន ឬ ចង់បើកអាជីវកម្មដោយខ្លួនឯងជាដើម នោះអ្នកនឹងខិតខំប្រឹងប្រែងធ្វើវាឲ្យអស់ពីសមត្ថភាព ព្យាយាមធ្វើវាម្ដងហើយម្ដងទៀតទាល់តែបានសម្រេចបំណងប្រាថ្នារបស់អ្នក។អ្នកត្រូវតែមានសក្ដានុពលក្នុងការតាំងចិត្តរៀនសូត្រ ពោលគឺរៀនពីមនុស្សជុំវិញខ្លួនអ្នក និង រៀនពីមនុស្សដែលមានបទពិសោធន៍ជ្រៅជ្រះជាងអ្នកដែលអ្នកគិតថាពួកគេអាចនឹងបង្រៀនអ្នកឲ្យយល់ដឹងពីវាបានកាន់ច្បាស់។​បើក្ដីស្រម៉ៃរបស់អ្នកចង់ក្លាយទៅជាសហគ្រិនជោគជ័យម្នាក់ អ្នកត្រូវរៀនស្វែងយល់ពីមជ្ឃដ្ឋានក្រៅ រៀនស្វែងយល់ពីការគ្រប់គ្រង ការដឹកនាំ ស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និង ស្វែងយល់ពីរបៀប ឬ បៀបបទនៃការធ្វើអាជីវកម្មជាដើម។តួយ៉ាងបើកាលណាដែលអ្នកមានអារម្មណ៍ពុះកញ្ជ្រោលចង់ធ្វើអ្វីមួយខ្លាំង នោះលទ្ធិផលដែលអ្នកទទួលបាននឹងឲ្យផលខ្លាំងយ៉ាងហ្នឹងដែរមកកាន់អ្នក។ជាពិសេសអ្នកត្រូវចាំថា មនុស្សរាល់គ្នាដែលបានចូលមកក្នុងជីវិតរបស់អ្នកពួកគេតែងតែមានមេរៀនអ្វីមួយមកបង្រៀនដល់អ្នក ដែលមេរៀនទាំងនោះជាមេរៀនដែលអ្នកតែងឆ្ងល់ជាយូរណាស់មកហើយ ឬ ជាមេរៀនដែលអ្នកមិនធ្លាប់ជួប។

២. រក្សាភាពថ្លៃថ្នូរ និង ភាពដាក់ខ្លួន

ការដាក់ខ្លួនមិនមែនជាការបន្ទាបខ្លួនអ្នកឲ្យគេជាន់ឲ្យគេមើលងាយនោះទេ តែវាគឺជាចរិកមួយដែលមិនចូលចិត្តអួតអាង មិនចូលចិត្តក្អេងក្អាង និងមិនចូលចិត្តប្រើអំណាចទៅគាបសង្កត់អ្នកដទៃនោះទេ តែការដាក់ខ្លួននេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្ត មានភាពជឿជាក់ខ្ពស់លើខ្លួនឯង មានអ្នកស្រលាញ់ចូលចិត្តច្រើន និង ជួយអភិវឌ្ឍន៍ខ្លួនអ្នកឲ្យកាន់តែពូកែឡើងៗ។ម្យ៉ាងទៀតនៅពេលដែលអ្នកចេះបន្ទាបខ្លួន អ្នកនឹងរៀនបានច្រើន មានគំនិតច្រើន ស្គាល់គេឯងច្រើនជាងមនុស្សដែលចូលចិត្តអួតអាងបានតែបន្លឺសម្លេងហើយក៏បាត់ទៅវិញ។ ដូច្នេះការដាក់ខ្លួនវានឹងជួយជម្រុញអ្នកឲ្យទទួលបានជោគជ័យ និង មានសមត្ថភាពខ្ពស់ជាងភាពក្អេងក្អាង។

៣. ប្រើប្រាស់ធនធានរបស់អ្នក

វាមិនសំខាន់ទេដែលថាអ្នកធ្លាប់មានបទពិសោធន៍ការងាររាប់ម៉ឺនរាប់លានដងក៏ដោយ តែអ្វីដែលសំខាន់នោះគឺថា តើអ្នកទទួលចំណេះដឹងពីវាបានច្រើនដែរឬអត់ បានលឿនឬអត់ ហើយយកវាមកអនុវត្តនៅក្នុងការងារមានប្រសិទ្ធភាពឬអត់តែប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើអ្នកមិនមានបទពិសោធន៍ច្រើនទេ អ្នកត្រូវរៀនពីវិធីដើម្បីទទួលបានវា ហើយរៀនពីវាទើបបទពិសោធន៍ដែលអ្នកទទួលបានមានប្រយោជន៍ល្អសម្រាប់អ្នក។តួយ៉ាង នៅលើពិភពលោកសព្វថ្ងៃនេះ អ្នកមិនចាំបាច់ធ្វើការគណនាលេខនព្វន្តដោយដៃនោះទេ ប៉ុន្តែអ្នកត្រូវតែដឹងពីវិធីប្រើប្រាស់ម៉ាស៊ីនគិតលេខទើបជាការប្រសើរ។

ជារួមមកអ្នកទាំងឡាយណាដែលមានឆន្ទៈក្នុងការបន្តការដើរទៅមុខដែលពោរពេញទៅដោយឧបសគ្គ មានដុំថ្ម ដុំគ្រួសតូចធំនៅពាំងពីមុខក៏ដោយ នោះអ្នកទាំងនោះនឹងទទួលបាននូវភាពជោគជ័យយ៉ាងអស្ចារ្យនៅក្នុងជីវិតរបស់ពួកគេ។

គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។