Homeអភិវឌ្ឍន៍ខ្លួនឯងវិធីដើម្បីធ្វើឲ្យការងាររបស់អ្នកកាន់តែមានភាពទាក់ទាញនិងមានភាពពេញលេញ

វិធីដើម្បីធ្វើឲ្យការងាររបស់អ្នកកាន់តែមានភាពទាក់ទាញនិងមានភាពពេញលេញ

       ពិចារណាវិធី៨យ៉ាងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍ និង ពេញចិត្ត ហើយគំនិតទាំងនេះអាចមិនត្រឹមតែធ្វើឲ្យអ្នកសប្បាយចិត្តនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយអ្នករក្សានូវនិរន្តរភាព អត្ថប្រយោជន៍ កម្រិតផាសុកភាព និង កេរ្តិ៍ឈ្មោះដែលអ្នកបានខិតខំយ៉ាងខ្លាដើម្បីរកប្រាក់ចំណូល។ដូចនេះចំណុចខាងក្រោម

១. ស្ម័គ្រចិត្តក្នុងការបំរើការងារថ្មីដែលវាទាក់ទងជាមួយនិងកិច្ចការស្រាវជ្រាវ

នៅក្នុងអង្គភាពអាជីវកម្មភាគច្រើន ពួកគេអាចនឹងត្រូវការបេក្ខជនស័្មគ្រចិត្ត ឬ បុគ្គលិកស្ម័គ្រចិត្តដើម្បីជួយសម្របសម្រួលការងារ ជួយធ្វើបទបង្ហាញដើម្បីបំផុសគំនិតជួយដល់បុគ្គលិកថ្មី ឬ ត្រូវជួយសរសេរអត្ថបទឲ្យក្រុមហ៊ុនជាដើម ដែលសកម្មភាពទាំងនេះគឺជាឱកាសដើម្បីហាត់ពត់ និង ពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនជាងមុន ហើយវាក៏ជាចំណុចមួយដែលធ្វើឲ្យការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង ទទួលបាននូវការសរសើរពីក្រុមហ៊ុនផងដែរ។ យ៉ាងណាមិញបើអ្នកដាក់ចិត្តដាក់កាយទៅលើការងារស្ម័គ្រចិត្តនោះហើយ អ្នកត្រូវតែច្បាស់ថា ការងារស្ម័គ្រចិត្តដែលអ្នកចង់ទៅធ្វើនោះគឺត្រូវទាក់ទងជាមួយជំនាញ និង អាជីពរប​ស់អ្នក។ដូចនេះបើសិនជាអ្នកចង់ដឹងព័ត៌មានទាក់ទងនឹងការងារស្ម័គ្រចិត្តនេះ អ្នកអាចសួរទៅកាន់ផ្នែក​គ្រប់គ្រងធនធានមនុស្ស ឬ អ្នកគ្រប់គ្រងស្ថាប័នផ្ទាល់ក៏បានដើម្បីដឹងពីដំណើរការនៃការជ្រើសរើសនេះ។

២. ផ្ដល់ជូនដើម្បីជួយមិត្តរួមការងាររបស់អ្នក

តាមការស្រាវជ្រាវបាន​បង្ហាញថាការជួយការងារដល់មិត្តរួមការងារអាចធ្វើឲ្យអ្នកទទួលបានចំណេះដឹង និង ចំណេះធ្វើបានច្រើន ព្រមទាំងជួយបង្កើនទំនាក់ទំនងបានកាន់តែជិតស្និទ្ធផងដែរ ដូចនេះអ្នកអាចសួរអ្នកគ្រប់គ្រងរបស់អ្នកពីរបៀបដែលអាចបង្កើនជំនាញនិង បទពិសោធន៍របស់អ្នកដើម្បីគាំទ្រសហការីដែលជាមិត្តរួមការងារជាមួយគ្នា។ ដោយពេលខ្លះអ្នកធ្វើការនៅជាន់ជាមួយអ្នកដែលត្រូវការអ្នកដើម្បីជួយក្នុងការបំពេញការងារ ដូចជា ជួយជួសជុលកុំព្យូទ័រ ជួយពិនិត្យឯកសារ ឬ ជួយសរសេរអត្ថបទជាដើម។ដូចនេះដើម្បីក្លាយឈ្មោះជាបុគ្គលិកល្អម្នាក់​អ្នកគួរតែចេះជួយយកអាសារមិត្តរួមការងាររបស់អ្នក និង ចែករំលែកចំណេះដឹងទៅឲ្យគ្នាទៅវិញទៅមកទើបជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យកាន់តែរីកចម្រើនបាន។

៣.​ ចំណាយពេលដើម្បីឲ្យតម្លៃចំពោះអ្នកដទៃដោយអត្ថន័យ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការសរសើរ ការឲ្យតម្លៃចំពោះគ្នានិងគ្នា ជាពិសេសដូចដែលអ្នកបានដឹងរួចហើយថាការផ្ដល់ឲ្យមានអារម្មណ៍ល្អទៅកាន់អ្នកដទៃនឹងជួយបង្កើនការបំពេញវិជ្ជាជីវៈរបស់អ្នកដោយទទួលស្គាល់ថាវាជាការងារដ៏ល្អប្រសើរមួយដើម្បីជួយលើកទឹកចិត្តនិងសរសើរទៅកាន់សហការីរបស់អ្នកដោយផ្ទាល់នៅក្នុងអ៊ីម៉ែល នៅក្នុងកិច្ចប្រជុំ និង​តាមរយៈវេទិកាទំនាក់ទំនងផ្ទៃក្នុងជាដើម។ អ្នកត្រូវប្រាកដក្នុងចិត្តថាការនិយាយរបស់អ្នកត្រូវមានលក្ខណៈពេញលេញ និង ត្រឹមត្រូវ ដែលវាមិនមែននិយាយត្រឹមតែ ជាការអរគុណនោះទេ ។ដូចនេះការផ្ដល់កិត្តិយស និង និយាយសរសើរជាសាធារណៈដែលប្រកបទៅដោយអត្ថន័យដល់អ្នកដទៃក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់អ្នក និង តម្លៃរបស់អ្នកដែរ។

៤. ចូលរួមទាំងសកម្មភាពខាងក្រៅនិងខាងក្នុង ដើម្បីជួយពង្រីកនូវចំណេះជំនាញរបស់អ្នក

       វាអាចជាជំនាញរបស់អ្នកដែលត្រូវតែទទួលការអភិវឌ្ឍ មិនមែនជាការងាររបស់អ្នកនោះទេ។ អ្នកត្រូវកំណត់ចំណាំចំពោះតំបន់ណាដែលអាចធ្វើឲ្យអ្នកទទួលបានការអភិវឌ្ឍ និង អាចស្វែងរកឱកាសក្នុងការសម្រេចនូវកិច្ចការសំខាន់ណាមួយបាន។សកម្មភាពនៅខាងក្រៅ វាពិតជាងាយស្រួលក្នុងការស្វែងរក ប៉ុន្តែដំបូងអ្នកត្រូវពិនិត្យទៅលើការរៀនសូត្រ និង ការអភិវឌ្ឍនៅក្នុងអង្គភាពអាជីវកម្ម ឬ នៅក្នុងក្រុមហ៊ុន ដូចជាការចូលរួមធ្វើបទបង្ហាញ ឬ ការធ្វើសិក្ខាសិលាជាដើម។ ម្យ៉ាងវិញទៀតការទទួលយកវគ្គសិក្សាខាងក្នុងក៏នឹងជួយបង្កើនការប្រឈមរបស់អ្នកចំពោះមនុស្សថ្មីនៅក្នុងក្រុមហ៊ុន ដែលអាចធ្វើឲ្យបទពិសោធន៍ការងាររបស់អ្នកកាន់តែរីកចម្រើនឡើង និង មានពូកែខាងផ្នេកទំនាក់ទំនង។

៥. ណែនាំខ្លួនអ្នកទៅកាន់មិត្តរួមការងារថ្មី និង ចូលរួមគ្រប់សកម្មភាពដែលទាក់ទងនឹងសង្គម

       ណែនាំខ្លួនឯងទៅឲ្យមនុស្សជុំវិញខ្លួនបានស្គាល់ វាជាឱកាសដែលអ្នកអាចបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុគ្គលិកការងារនៅក្នុងក្រុមហ៊ុន ជាពិសេសនៅពេលដែលអ្នកស្គាល់មនុស្សបានច្រើនអ្នកក៏ងាយស្រួលក្នុងការបំពេញការងារផងដែរ។ ជាងនេះទៅទៀតអ្នកក៏គួរតែចូលរួមគ្រប់សកម្មភាពសង្គមផងដែរ ដូចជាការ ជួយកុមារកំព្រា ការចូលរួមក្នុងការថែរក្សាបរិស្ថាន ឬ ជួយចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃជាដើម ដើម្បីបង្ហាញពីការខ្វល់ខ្វាយពីស្ថានភាពនៅក្នុងសង្គម។

 ៦. រៀបចំកន្លែងធ្វើការរបស់អ្នកឡើងវិញ

 រៀបចំកន្លែងធ្វើការនៅត្រង់នេះមានន័យថា អ្នកត្រូវចេះបង្កើតនូវបរិយាកាសការងារឲ្យមានភាពស្រស់ស្រាយ និង សប្បាយរីករាយជាមួយគ្នានៅកន្លែងការងាររបស់អ្នក ឬ រៀបចំការតុបតែងការិយាល័យរបស់អ្នកឲ្យបានស្អាត និង មានផាសុខភាពល្អ។ តើមានអ្វីដែលនៅចំពោះមុខអ្នក និង​ នៅជុំវិញអ្នក ដែលធ្វើឲ្យអ្នកសប្បាយចិត្ត ឬ​ រំឮកអ្នកពីមនុស្សជាទីស្រលាញ់​ ឬ ទីកន្លែងដែលអ្នកស្រលាញ់ដែរឬទេ? បើសិនជាមិនមានទេនោះ អ្នកអាចចាប់ផ្ដើមធ្វើនូវជំហានតូចៗ និង សាមញ្ញៗ ដូចជាដាក់ស៊ុមរូបថតគ្រួសារអ្នក ឬ មនុស្សជាទីស្រលាញ់របស់អ្នក ដាក់ថូផ្កា តាំងនូវពានរង្វាន់ដែលអ្នកធ្លាប់ទទួលបាន ឬ មួយក៏រៀបចំកម្រាលឥដ្ឋដែលអ្នកចូលចិត្តជាដើម។ ប្រសិនជាមានរបស់របរទាំងនេះនៅទីតាំងដែលអ្នកធ្វើការ វានឹងជួយជម្រុញឲ្យអ្នកមានមោទនភាព និង តែងតែទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ ព្រោះរបស់ទាំងនោះនឹងលើកទឹកចិត្តអ្នកឲ្យក្រោកឈរឡើង ហ៊ានប្រឈមមុខនឹងវា ទោះបីជាមានឧបសគ្គមកតោងទាមក៏ដោយ។ដូចនេះដើម្បីជាការលើកទឹកចិត្តក្នុងពេលធ្វើការអ្នកគួរតែរៀបចំតុបតែងកន្លែងធ្វើការរបស់អ្នកឲ្យមានសោភណភាពល្អ និង តុបតែងនូវវត្ថុណាដែលជួយលើកកម្លាំងចិត្តដល់អ្នក។

៧.  ចំណាយពេលឲ្យបានច្រើនដើម្បីបញ្ចូលថាមពលឲ្យបានពេញលេញ

       ចំណាយពេលឲ្យខ្លួនឯងបានសម្រាក ពោលគឺ សម្រាកទាំងកម្លាំងខួរក្បាល និង កម្លាំងកាយ  ហើយក៏ត្រូវចំណាយពេលខ្លះដើម្បីបញ្ចូលនូវថាមពលខ្លះៗដែរដើម្បីកាត់បន្ថយភាពតុកស៊ីកមួយចំនួន។ដូចនេះអ្នកត្រូវយកចិត្តទុកដាក់ក្នុងការរក្សាឲ្យបាន នូវតុល្យភាពរវាងការងារ និង ជីវិតរបស់អ្នក មានន័យថា អ្នកមានពេលសម្រាប់ធ្វើការ ហើយអ្នកក៏មានពេលក្នុងការដើរលេង សម្រាកលំហែកាយផងដែរ។  យ៉ាងណាមិញបើអ្នកមានភាពស្មុគស្មាញគិតមិនចេញ ដោះស្រាយមិនកើត អ្នកអាចទុកកិច្ចការនោះមួយភ្លេតសិន ហើយទុកពេលឲ្យខ្លួនឯងសម្រាកបន្តិច ឬ ដើរជុំវិញនៅកន្លែងធ្វើការរបស់អ្នកដើម្បីធ្វើចលនាខ្លះដើម្បីកុំឲ្យអង្គុយនៅមួយកន្លែងពេក ព្រោះការដើរនេះអាចជួយសម្រួលនូវថាមពលរបស់អ្នកឲ្យបានប្រសើរឡើងវិញ។

៨.  ធ្វើនូវចំណង់ចំណូលចិត្ត ឬ សកម្មភាពថ្មីជាក់លាក់មួយ

អ្នកគួរតែធ្វើអ្វីមួយនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកឲ្យមានភាពរីករាយ និង ទទួលបាននូវទិន្នផលមួយខ្ពស់ ព្រោះការធ្វើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើនឹងជួយកាត់បន្ថយនូវសម្ពាធ និង ភាពតានតឹងរបស់អ្នក ហើយវាជួយឲ្យអ្នកបានជួបនឹងជីវិតមួយដ៏ស្រស់ស្អាត រំភើប និង ពោរពេញទៅដោយសុភមង្គល។ ម្យ៉ាងទៀតអ្នកក៏គួរតែធ្វើសកម្មភាពណាថ្មីៗដែលអ្នកមិនធ្លាប់ធ្វើ ព្រោះការដែរធ្វើអ្វីប្លែកចម្លែកអារម្មណ៍នឹងធ្វើឲ្យអ្នកបានយល់ បានស្គាល់គ្រប់កិច្ចការទាំងអស់ ហើយវាក៏ជួយបង្កើននូវសមត្ថភាពរបស់អ្នកផងដែរ។

 

 

រិន ហាណាវីhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។

Most Popular