ទំនងតើ!

ជាដំបូង​ខ្ញុំ​ចង់​លើក​យកឧទាហរណ៍១​មក​បង្ហាញ។​ នោះ​គឺ​ទឹក។ ទឹក​គឺ​ជា​ធន​ធាន​ដែល​ចាំបាច់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដើម្បី​រស់​។​ វា​ជា​ធន​ធាន​របស់​ភព​ផែន​ដី​ដែល​មនុស្ស​គ្រប់​រូប​អាច​ប្រើប្រាស់​ឬ​ទទួល​ទាន​ដោយ​សេរី តាំង​ពី​យូរ​លង់​មក​ហើយ​។​ ប៉ុន្តែ​​វា​បាន​ក្លាយ​ជា​ផលិតផល​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ជំនួញ​ ចាប់​ផ្តើម​​ធ្វើ​ពាណិជ្ជកម្មទឹក​បរិសុទ្ធ​និង​ទឹក​រ៉ែ​ដែល​មាន​ការ​វេច​ខ្ចប់​នៅ​ក្នុង​ដប​។

ប៉ុន្តែ​ទឹក​គឺ​ដូច​គ្នា មែន​ទេ? វាគឹជា​វត្ថុ​រាវ​និង​ថ្លា។​ ដូច្នេះ​តើ​ក្រុមហ៊ុន​​ជាច្រើន​ដែល​លក់​ទឹក​​ដូច​គ្នា​បែប​នេះ​ ធ្វើ​បែប​ណា​ដើម្បី​អាច​ជំរុញ​អតិថិជន​ឲ្យ​ទិញ​ទឹក​បរិសុទ្ធ​របស់​ពួក​គេ​ជាជាង​ទិញ​ពី​អ្នក​ផ្សេង?

ចម្លើយចំពោះ​សំនួរ​នេះ​​គឺ​ជាការ​បង្កើត​ម៉ាកហ្នឹង​ឯង​។

យោង​តាម​និយម​ន័យ​ផ្តល់​ដោយសមាគម​ទីផ្សារ​នៃប្រទេ​ស​អាមេរិក​ ម៉ាក​​គឺ​​ជា​ឈ្មោះ​ ការ​ឌីហ្សាញ​ និង​សញ្ញាឡូកូ​ ដែល​គេ​ប្រើប្រាស់​ដើម្បី​កំណត់​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​លក់​ម្នាក់​​ ខុស​ពី​អ្នក​លក់​ដទៃ​ទៀត។​ ​

អ្នក​អាច​គិត​ថា​ ម៉ាក​គឺ​ជា​គំនិត​ឬ​រូប​ភាព​ដែល​អតិថិជន​មើល​ឃើញ​នៅ​​ក្នុង​ចិត្ត​ ​អំពីគុណ​សម្បត្តិ​នៃ​ផលិតផល (ឧ. ស្បែក​ជើង​កីឡានេះ​ស្រាល) ​រួម​ជាមួយ​នឹង​អារម្មណ៍​ដែល​កើត​ឡើង​នៅ​ពេល​ជាមួយ​គ្នា​នោះ (ឧ. ស្បែក​ជើង​កីឡានេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថាម​ពល​ដ៏​អស្ចារ្យ!)។​ ដូច្នេះ​ម៉ាក​មិន​មែនកើត​មក​ពី​​គុណ​សម្បត្តិនៃ​ផលិតផល​ឬ​សេវាកម្ម​តែម៉្យាង​​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​វា​ក៏​ជា​អារម្មណ៍​របស់​អតិថិជន​មាន​ទៅ​លើ​ក្រុមហ៊ុន​មួ​យ​ឬក៏ទៅ​លើ​​ផលិតផលណា​មួយផង​ដែរ​​​។​

អ្នក​លក់​ច្រើន​អាច​ចម្លង​ផលិតផល​ទៅ​​តាម​គ្នា​ ប៉ុន្តែ​ម៉ាក​តែង​តែ​មាន​មួយ​ជានិច្ច​។​ ឧទាហរណ៍​ ភេសជ្ជៈ Coca-Cola និង​ Pepsi មាន​រសជាតិ​សឹង​តែ​ដូច​គ្នា​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​អតិថិជន​ខ្លះ​​ចូល​ចិត្ត​ Coca-Cola និងអ្នក​ខ្លះទៀត​ចូល​ចិត្ត​ Pepsi ​​?

យើង​សាក​ក្រឡេក​មើល​ ឧទាហរណ៍​អំពី​ទឹក​ម្តង​ទៀត​។​ ផលិតផល​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​គឺ​ទឹកសុទ្ធ​កំប៉ុង​ ប៉ុន្តែ​ដើម្បី​បញ្ចុះ​បញ្ចូល​អតិថិជន​ឲ្យ​ទិញ​ទឹក​ណា​មួយ​ ក្រុមហ៊ុន​លក់​ទឹកទាំង​អស់​​ត្រូវ​តែ​បង្កើត​ម៉ាក​ទឹក​សុទ្ធ​ផ្សេងៗ​គ្នា​ ដូច​ជា Evian, Perrier​ ឬ Fiji។ ហើយ​ម៉ាក​នីមួយៗ​ទាំង​នេះ​បង្កើត​ជា​​អត្ថន័យ​ផ្សេង​គ្នា​សម្រាប់​ទឹក​សុទ្ធ​របស់​ពួក​គេ​។​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ

ជាសរុប​ ម៉ាក​គឺ​ជា​អារម្មណ៍​អំពី​ផលិតផល​ឬក្រុមហ៊ុន​ណា​មួយ។​ មនុស្ស​ម្នាក់ៗ បង្កើត​រូបភាព​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គាត់​រៀង​ខ្លួន​ ហើយ​ម៉ាក​ខ្លះ​បង្កើន​ឬអាច​ថយ​ចុះ​​នូវ​ភាព​ល្បីល្បាញ​ដោយ​សារ​តែ​អារម្មណ៍​​​អតិថិជនចំពោះ​ពួក​គេ​ហ្នឹងឯង!

តើ​ការ​កសាង​ម៉ាក​គឺ​ជា​អ្វី?

“ ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ជា​ការ​ផ្តល់ថាម​ពល​នៃ​ម៉ាក​​ ទៅ​លើ​​ផលិតផល​និង​សេវាកម្ម​ ” (Kotler & Keller, 2015)

ការ​កសាង​ម៉ាក​សញ្ញា​គឺ​ជា​ដំណើរ​ការនៃ​ការ​បង្កើត​អត្ថន័យ​សម្រាប់​ក្រុមហ៊ុន​ ឬ​ផលិតផល​ឬសេវាកម្មដោយ​បង្កើតនិង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន។​ វា​គឺ​ជា​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ​ដើម្បី​ឲ្យ​អតិថិជន ​ងាយ​ចំណាំ​ និងបង្កើត​បទពិសោធន៍ ជាមួយផលិតផលឬសេវាកម្ម​ ហើយចំណុច​សំខាន់​មួយ​ទៀត​ គឺ​ការ​ផ្តល់​ហេតុផល ច្បាស់​លាស់​​​មួយ​​​ សម្រាប់ឲ្យ​អតិថិជន​ ជ្រើសរើស​ផលិតផលអ្នក ​ជាជាង​អ្នក​ដទៃទៀត នៅ​ក្នុងទីផ្សារ។​

គោលបំណង​នៃ​ការ​កសាង​ម៉ាក​សញ្ញា​ គឺ​ដើម្បី​ទាក់​ទាញ​ និង​រក្សា​ទុក​អតិថិជន​ស្មោះស្ម័គ និង​បុគ្គល​ដែលជា​អ្នក​រួម​ចំណែក​ផ្សេងៗ​ទៀត​ដោយ​ ការ​រក្សា​សន្យារបស់​​ម៉ាក​សញ្ញា​​ ។​

តើ​កសាង​ម៉ាក​ដោយ​ដូចម្តេច?

ក្រុមហ៊ុន​នីមួយៗ​តែង​តែ​ប្រើប្រាស់វិធីសាស្រ្ត​​ផ្សេង​គ្នា​ក្នុង​ការ​បង្កើត​និង​ច្នៃ​រូបភាព​នៃ​​ម៉ាកសញ្ញា​​នៅ​ក្នុង​ចិត្ត​របស់​អតិថិជន​។​ ឧទាហរណ៍​ ការ​កសាង​ម៉ាក​អាច​ធ្វើ​ឡើង​តាមរយៈ ៖

  • និយម​ន័យ​នៃ​ម៉ាក​៖ ការ​បង្ហាញ​អំពី គោល​បំណង​ គុណតម្លៃ និង​ការសន្យា
  • Brand positioning statement
  • អត្តសញ្ញាណ​ម៉ាក​៖ ឈ្មោះ​ ជម្រើស​ពាក្យ​ពេចន៍​ ការ​រចនា ( រួម​បញ្ចូលដូចជា ​ឡូកូ ពណ៌ និង​ហ្វុង​ ..…)
  • ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ ​​និង​ទំនាក់​ទំនង​ជាមួយ​សាធារណៈ​៖ ទូរទស្សន៍ ទស្សនាវដ្តី​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដូចជានៅ​លើ​ហ្វេសប៊ុក​ វ៉េប​សាយ​ និងផ្ទាំង​បដាជាដើម
  • ការ​ឧបត្ថម្ភ​ និង​ការ​សហការ​សម្រាប់​កម្ម​វិធី​ផ្សេងៗ
  • របៀប​វេចខ្ចប់​និង​ការ​ឌីហ្សាញ​កញ្ចប់​ផលិតផល​
  • បទពិសោធន៍អតិថិជន​​នៃ​ការ​មក​ផ្ទាល់​នៅ​ហាង
  • បែប​ផែន​នៃ​ការ​ធ្វើ​ការងាររបស់​បុគ្គលិក​ និង​របៀប​នៃ​ការ​ដឹក​នាំ​ក្រុមហ៊ុន
  • ​សេវាកម្មអតិថិជន​

ចំពោះ​ឧទាហរណ៍​នៃ​ម៉ាក​ទឹក​សុទ្ធ​ ការ​ឌីហ្សាញ​នៃការ​វេចខ្ចប់ផលិតផល​ និង​ការ​ផ្សាព្វផ្សាយ​ អាច​និយាយ​បាន​ថា​គឺ​ជាវិធីសាស្រ្ត​​២ ដ៏​បាន​ឥទ្ធិផល​​បំផុត​​​ក្នុង​ការ​ធ្វើ​ទីផ្សារ​ទំនិញនេះ​។​​

ការ​វេចខ្ចប់ផលិតផល គឺ​ជា​វិធីសាស្រ្ត​ទីផ្សារ និង​ជា​ភ្នាក់​ងារ​លក់​ ​ស្ងាត់ស្ងៀម​។ វា​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​​ទៅ​កាន់​អតិថិជន​ និង​ធ្វើ​ឲ្យ​ម៉ាក​របស់​អ្នក​មាន​ភាព​លេខ​ធ្លោ​ក្នុង​ចំណោម​​ម៉ាក​ដទៃទៀត​នៅ​លើ​ធ្នើរ​ក្នុង​ផ្សារ​ទំនើប​ឬ​ផ្សារ​ម៉ាត។

ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​​ចាត់​ទុក​ថា​ជោគជ័យ​គឺ​ Fiji ដែល​បាន​រចនា​ដប​ដ៏​ស្រស់​ស្អាត​ ដែល​ឆ្លុះបញ្ចាំង​អំពី​​ គុណ​តម្លៃ​នៃ​ម៉ាក​ ( ដបថ្លា​ដែលយើង​​អាច​មើល​ពី​ម្ខាង​ដល់​ម្ខាង​បង្ហាញអំពី​ទឹក​ដ៏​​បរិសុទ្ធ​ និង​រូប​ភាព​ផ្កា​ស្រស់​លាយ​លំ​ជាមួយ​ស្លឹក​ឈើដែល​ផ្សាភ្ជាប់​នឹង​ធម្មជាតិ​។​

ការផ្សាព្វផ្សាយ គឺ​ជា​វិធីសាស្រ្ត​ដ៏មាន​ឥទ្ធិពល​សម្រាប់​បង្កើត​និង​ច្នៃ​រូបភាព​ម៉ាកនៅក្នុង​ចិត្ត​របស់​អតិថិជន​​ តាម​រយៈរូបភាព​និង​វីដអូ ដែល​​រៀបរាប់​អំពី​​រឿង​រ៉ាវ​ដ៏មាន​អត្ថន័យ​នៃផលិតផល​​ឬ​ក្រុមហ៊ុននោះ។​  ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ផ្សព្វផ្សាយ​នៃ​ការ​កសាង​ម៉ាក​របស់​​ទឹក​សុទ្ធ​

– Evian ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​កុមារភាព​

– Perrier ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ស៊ិសស៊ី​

 

– Fiji ធ្វើ​ឲ្យ​អតិថិជនមាន​អារម្មណ៍​ថា​ទទួល​បាន​សុខភាព​ដោយ​ធម្មជាតិ​

ប្រភព៖ thebrandingjournal.com