ទំនងតើ!

ការ​រកស៊ី​តាម​អនឡាញ ជាពិសេស​នៅលើបណ្តាញសង្គមFacebook មាន​ភាព​ផុស​ផុល​យ៉ាងខ្លាំង​មួយ​រយៈចុងក្រោយនេះ។ អ្នកខ្លះ​ផ្តោត​​រកស៊ីពេញម៉ោងនៅបណ្តាញ​សង្គមមួយនេះ ហើយអ្នកខ្លះទៀត​បានឆ្លៀត​ពេល​ខ្លះ​ក្រៅម៉ោងរកស៊ីលើ​វេទិការនេះ​បន្ទាប់​ពី​កិច្ច​ការងារស្នូល​របស់ខ្លួន។ ដោយសារតែ​ការប្រកួតប្រជែង​ផ្សព្វផ្សាយកាន់តែពុះកញ្ច្រោល​ មនុស្ស​​ចេះ​ចុចប៊ូតុង​Boostកាន់តែច្រើនទៅៗ ហើយម្នាក់ៗហ៊ានចាយលុយយ៉ាងច្រើន​នៅ​លើ​បណ្តាញសង្កម​មួយ​នេះដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវ​ឱ្យទិញទំនិញរបស់ខ្លួន។

ខណៈពេលដែលសហគ្រិន អ្នករកស៊ី​ និងអ្នកទីផ្សារមួយភាគធំ ខិតខំ​ចាយលុយ​ទៅលើការផ្សព្វផ្សាយ (Boost)លើ Facebook ហាងសៀវភៅអនឡាញ​មួយគឺ My Bookshop Cambodiaប្រើប្រាស់​វិធី​ផ្សេងពីគេ ដោយ​មិនចាយលុយសូម្បីតែ១សេនលើការផ្សព្វផ្សាយតាមFacebookក្នុងរយៈពេល​១ឆ្នាំ​កន្លះ​ចុងក្រោយនេះ ហើយដែលគាត់ផ្តោត​គឺ បង្កើតមាតិកាទីផ្សារល្អ​ៗសម្រាប់​អ្នកតាមដាន Page និង​ការប្រឹក្សា​លើការជ្រើស​រើសសៀវភៅ​ដែលល្អ​បំផុតសម្រាប់អតិថិជន។

លោក ប៊ួយ​ សុធន ស្ថាបនិកបណ្ណាគារ My Bookshop Cambodia

ហាង​លក់សៀវភៅអនឡាញដែលមានលោកប៊ួយ សុធន ជាសហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់បាននិយាយថា  ហាងសៀវភៅនេះគឺហាងសៀវភៅមួយដែលមិនផ្តោតតែលើការលក់ខ្លាំងពេកឬក៏គ្រាន់តែបង្ហោះសៀវភៅជាកាតាឡុកដូចហាង​សៀវភៅ​ ឬក៏ហាងទំនិញផ្សេងៗទៀតនោះទេ តែអ្វីដែលហាងនេះធ្វើ​ខុសពីគេ គឺ​គាត់តែងតែផ្តោត​លើអតិថិជន​ជា​ចម្បង ដោយធ្វើការចែករំលែកចំណុចសំខាន់ៗនៃ​សៀវភៅ បង្កើត​មាតិកាដែលគួរឱ្យចាប់អារម្មណ៍ និងមានគុណប្រយោជន៍ ដើម្បីផ្សារភ្ជាប់ជាមួយ​នឹងសៀវភៅនិងអ្នកអាន បំផុស​ឱ្យម​នុស្ស​អានសៀវភៅ និងធ្វើ​ការប្រឹក្សា​លើប្រភេទសៀវភៅ​ដែល​អតិថិជន​ចង់​ទិញ ឬណែនាំ​អតិថិជន​គាត់ឱ្យអានសៀវភៅដែលសក្តិសម​បំផុត។មិនតែប៉ុណ្ណោះរាល់ការផ្សព្វផ្សាយណែនាំផលិតផលនីមួយៗសុទ្ធតែបានសិក្សាពិនិត្យយ៉ាងច្បាស់លាស់ លើគុណភាពនៃការនិពន្ធជាពិសេស ហើយតែងតែធានាជូនភ្ញៀវនូវការចំណាយតិចបានផលច្រើនទាំងលុយកាក់ និងពេលវេលា។

លោក ប៊ួយ សុធនក៏បានបន្តទៀតថា បេសកកម្មធំបំផុតនៅលើPageហាងសៀវភៅមិនមែនជាការលក់នោះទេគឺ30% post លក់ ឯ70%ទៀតគឺ ចែករំលែក ដែលពេលខ្លះ អ្នកអានសឹងថា មិនពិបាកគិតច្រើនលើគុណភាព (មិនពិបាករើសឬសម្រេចចិត្ត) ឬសឹងថា មិនចាំបាច់ទិញនោះទេ ព្រោះ Admin Page តែងដកស្រង់ខ្លឹមសំខាន់ៗនៃសៀវភៅនីមួយៗ post ជារៀងរាល់ថ្ងៃ ដែលក្រុមការងារ My BOOKSHOP Cambodia រំពឹងទុកថា អ្នកដែល follow page រាល់ថ្ងៃ ទោះមិនទិញក្តី ក៏អាចទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនជារៀងរាល់ថ្ងៃ “ចូរអាន page ដើម្បីទទួលបានការកំសាន្ត និងពុទ្ធិទូទៅប្រចាំថ្ងៃ”។

សហស្ថាបនិក​រូបនេះ​ក៏បានបញ្ជាក់ថា ហាង​សៀវភៅមួយនេះ​បង្កើតបាន២ឆ្នាំ​មកហើយ ហើយ៦ខែ​ដំបូង​គាត់ក៏​បាន​ចាយលុយខ្លះៗ​ដើម្បីផ្សព្វផ្សាយ​តាមFacebookដើម្បីឱ្យអតិថិជនស្គាល់ផងដែរ​ តែក្រោយមកគាត់​បានដាក់គោលដៅ​ខ្លួនឯង​ថា​នឹង​មិនចំណាយលើការផ្សព្វផ្សាយដោយការBoostទៀតឡើយ ដោយ​ព្យាយាម​បង្កើត​មាតិកាដែលមានគុណប្រយោជន៍​សម្រាប់ទាក់ទាញ​អតិថិជន​ដើម្បី​ឱ្យក្លាយជាម៉ូយ​រយៈពេលវែង ហើយអ្វីដែលគាត់ព្យាយាម​រយៈពេល​១ឆ្នាំកន្លះចុងក្រោយនេះពិតជាបាន​ផល​ដូចការរំពឹងទុកមែន។

ការងារ​ដែលផ្តោតលើការបង្កើតមាតិកាល្អៗដែលពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដើម្បី​ទាក់ទាញ​អ្នកតាមដានគឺជារឿងមួយ​ដែលមិនងាយស្រួល ហើយត្រូវការ​ពេលវេលា​​​ តែ​នៅពេលដែល​អ្នកអាចសាង​កេរ្តិ៍ឈ្មោះដ៏ល្អមួយ (ដូចហាងសៀវភៅ​ My Bookshop Cambodia) អ្នកនឹង​អាច​ឆក់​យក​ទំនុកចិត្ត និងការជឿជាក់​ពីសំណាក់អតិថិជន ហើយអ្នកនឹងក្លាយជាអ្នកប្រឹក្សា​ផ្ទាល់ខ្លួនដ៏គួរឱ្យជឿជាក់មួយ​សម្រាប់ពួកគាត់​ជាមិនខាន។ ហាងសៀវភៅ​ My Bookshop Cambodia ប្រើប្រាស់វិធីនេះ​ដើម្បី​ទាញ​ម៉ូយបានយ៉ាងច្រើន (Loyalty Customer) ដោយសារតែគាត់អាចកសាង​ទំនុកចិត្ត និងភាព​ជឿជាក់លើការប្រឹក្សា​លើសៀវភៅ​ដែលល្អ​បំផុត​សម្រាប់អ្នកអាន។គាត់កំណត់យក យន្តការ “ការណែនាំតៗគ្នាពីបងប្អូនអតិថិជនដែលពេញចិត្ត គុណភាពសៀវភៅ និងសេវាកម្ម -Word of Mouth“។

 

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។