Homeអនុវត្តន៍៨ យ៉ាង​ដែលអ្នកមិនត្រូវបង្ហោះ​លើFacebookដើម្បី​រក្សាកេរ្តិ៍​ឈ្មោះរបស់អ្នកឱ្យល្អ

៨ យ៉ាង​ដែលអ្នកមិនត្រូវបង្ហោះ​លើFacebookដើម្បី​រក្សាកេរ្តិ៍​ឈ្មោះរបស់អ្នកឱ្យល្អ

បណ្តាញសង្គម​គឺជា​ឧបករណ៍មួយ​ដែល​មានសារៈប្រយោជន៍ខ្លាំងមែនទែន​ ដែលមិនមែនសម្រាប់តែរក្សាទំនាក់ទំនងរវាងមិត្តចាស់ រាប់អានមិត្តថ្មី បង្កើន​និងពង្រីការរកស៊ីប៉ុណ្ណោះទេ តែវាក៏ជាកន្លែង​មួយ​ដែលអ្នកអាច​កសាង​កេរ្តិ៍ឈ្មោះ និងម៉ាកយីហោល្អឱ្យខ្លួនឯង​ផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើវេទិការនេះមិនមានការប្រុង​ប្រយ័ត្ននោះទេ វាអាចធ្វើអ្នកក្លាយជាជនរងគ្រោះ និងខូចឈ្មោះទៅវិញ។ ហើយថ្ងៃនេះខ្ញុំលើកយក​ចំណុច ៨យ៉ាងដែលអ្នកមិនគួរធ្វើ​នៅលើ​បណ្តាញសង្គម។

១. បង្ហោះសារ​ដែលគ្រាន់តែចង់អួតគេ

អ្នកគួរចៀសវាង​បង្ហោះ​សារណាដែលមានគោលបំណងគ្រាន់តែ​ចង់អួតពី​ទ្រព្យ​សម្បត្តិ​ សម្ភារៈ ភាពមាន​បានរបស់ខ្លួន​ដើម្បីចង់ឱ្យគេសរសើរ បង្ហាញថាខ្លួន​អាច​ចាយលុយ​លើទំនិញ​ថ្លៃៗប្រេនៗ ឬចង់ឱ្យគេច្រណែន​ខ្លួនជាដើម។ ប្រសិន​បើអ្នកមាន​ព័ត៌មាន​ល្អណាមួយ​ចង់ចែករំលែកទៅកាន់មិត្តភក្តិ អ្នកអាច​ចែករំលែក​ក្នុងរូបភាពមួយ​ដែលមានភាពសាមញ្ញ។ ចូរចៀសវៀង​បង្ហោះ​នូវអ្វីដើម្បី​គ្រាន់តែចង់​បានការសរសើរ​ និងការច្រណែន​ពីអ្នកជុំវិញខ្លួនឱ្យសោះ។

២. សរសេរ​រឿង​ផ្ទាល់ខ្លួន​​ជាសាធារណៈ

ទោះបីជាអ្នកបែកបាក់ស្នេហា មានជម្លោះ​ក្នុងគ្រួសារ ជាមួយ​មិត្តភក្តិឬអ្នកធ្វើការជាមួយ ចូរចៀសវាង​ចែករំលែក​រឿងរ៉ាវទាំងនេះជាសាធារណៈឱ្យសោះ។ ការផ្សព្វផ្សាយ​រឿងទាំងនេះមិនបានផ្តល់​ផលចំណេញ​ដល់អ្នកឡើយ ហើយធ្វើឱ្យគេ​កាន់តែ​មើល​អ្នកក្នុងផ្លូវអវិជ្ជមាន​តែប៉ុណ្ណោះ។ ចូរគិតមុនផុស​ថា ប្រសិនបើអ្នក​បង្ហោះ​សារទាំងនេះ តើមានគុណវបត្តិអ្វីខ្លះដែលអាច​កើតឡើង?

៣. រិះគន់​ឌឺដងគេ

តាមពិត​ទៅ នេះជារឿងដែលមនុស្សជាច្រើន​មិនបានគិតដល់ ហើយប្រព្រិត្តិនូវកំហុសដ៏ធំមួយនេះ។ ភាគច្រើនគិតថា ការធ្វើដូចនេះ​ដើម្បី​បញ្ជាក់អ្នកគ្រប់គ្នាថាខ្លួន​ត្រឹមត្រូវ និងជាជនរងគ្រោះដោយបង្ហោះសារបែបឌឺដង ឬ​ទម្លាក់កំហុស​ឱ្យ​អ្នកដទៃ​។ ទោះបីជាអ្នក​ជាជនរងគ្រោះក៏ដោយ តែប្រសិនបើអ្នកបង្ហោះ​សារបែបឌឺដង និងរិះគន់គេជាសាធារណៈដូចនេះ វាគ្រាន់តែធ្វើឱ្យអ្នកគ្រប់គ្នា​​មាន​សញ្ញា​ “?” មួយ​នៅក្នុង​ខួរក្បាលរបស់អ្នកដទៃ​ចំពោះអ្នក ហើយគ្រប់គ្នា​និង​មានការសង្ស័យ​ថាអ្នកពិតជាជនរងគ្រោះមែន ឬគ្រាន់តែចង់លាងខ្លួនឱ្យស្អាតតែប៉ុណ្ណោះ? ហើយ​ប្រសិនបើ​អ្នកប្រព្រិត្តិ​រឿងនេះ​កាន់តែញឹកញយ ម៉ាកយីហោរបស់អ្នក​នឹងកាន់តែ​ធ្លាក់ទៅវិញ ដោយគ្រប់គ្នា​ចាប់ផ្តើមមានជំនឿថា អ្នកគ្រាន់តែជាមនុស្ស​ម្នាក់​ដែលយកខ្លួនឯងជាធំ ហើយចូលចិត្តគិតថា មានតែខ្លួនទេទើបគិតអ្វីក៏ត្រូវ។ ហើយប្រសិនបើអ្នកជាអ្នកដឹកនាំទៀត កូនក្រុមដែលមានសមត្ថភាពរបស់អ្នក​នឹងចាប់ផ្តើម​ធ្លាក់ទំនុកចិត្ត និងលែងជឿជាក់អ្នក។ ខ្ញុំ​ជួបអ្នករកស៊ី និងអ្នកធ្វើការ​ដែលមានភាពចាស់ទុំមិនតិចទេ ហើយភាគច្រើនគឺពួកគាត់មិនចូលចិត្តធ្វើការជាមួយ ឬទុកចិត្តអ្នកដែលចូលចិត្ត​ចែករំលែក​ការរិះគន់ និងឌឺដង​អ្នកដទៃ​លើទីសាធារណៈដើម្បីលើកមុខមាត់ខ្លួនឯងឡើយ។ ហើយបើអ្នកនៅមាន​ការសង្ស័យ អ្នកអាចសួរនាំ​រឿងនេះទៅអ្នកដែលអ្នកគិតថាចាស់ទុំ និងមានភាពជាអ្នកដឹកនាំ ថាតើគាត់មានគំនិតយ៉ាងណាចំពោះរឿងនេះ។

៤. បង្ហោះរូបភាពផឹកស៊ីរញ៉េរញ៉ៃ

ការជប់លៀងសប្បាយគឺជារឿង​ដែលមិនអាច​ចៀសរួចក្នុងជីវិត តែអ្វីដែលអ្នកត្រូវគិត គឺត្រូវប្រុងប្រយ័ត្ន​ការបង្ហោះរូបថតណាដែលទាញអ្នក ឬមិត្តភក្តិអ្នកទម្លាក់ទឹក ដូចជា​រូបភាព​បែបប្រមឹក ជក់បារី ឬរូបច្រង៉េងច្រង៉ាង។ ទោះបីជាអ្នកជាមនុស្សល្អយ៉ាងណាក៏ដោយ​ មានសមត្ថភាពយ៉ាងណាក៏ដោយ ហើយគ្រាន់តែមានបរិយាកាសសប្បាយ​រីករាយម្តងម្តាល  តែប្រសិនបើរូបទាំងនេះ​ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះ មនុស្សគ្រប់គ្នានឹងគិតផ្ទុយ​ពីនេះ ហើយ​ភាគច្រើននឹងមានគំនិតអវិជ្ជមានចំពោះអ្នក។

៥. បង្ហោះរូប​ភាពដែល​អាក្រាត ឬស៊ិចស៊ីជ្រុល

ខ្ញុំគិតថា​​ គ្រប់គ្នាប្រាកដជាដឹងរួចមកហើយអំពីរឿងបង្ហោះរូបភាព​ស៊ិចស៊ី​ជ្រុល ថាវាមិនល្អនោះ​ទេ។ ប៉ុន្តែអ្វីដែលខ្ញុំចង់រំឮកបន្ថែម គឺសូម្បី​តែនៅក្នុង​ក្រុមChatមិត្តភក្តិ​ដែលអ្នកទុកចិត្តបំផុត​ក៏​មិនត្រូវបង្ហោះ​ចូលផងដែរ​ប្រសិន​បើអ្នក​មិនចង់​ឱ្យគេឃើញជាសាធារណៈនោះ។ ព្រោះពេលខ្លះ ការលេងសើចមួយចំនួន​អាចធ្វើឱ្យអ្នក​ទទួល​រង​ហានិភ័យ​ដែលអ្នកមិនអាច​ស្មានដល់។

៦.រអ៊ូ​រទាំរឿងការងារ ឬរឿងដៃគូរ​រកស៊ី

ទោះបី​ជា​អ្នកថ្ងៃនោះ​គឺជាថ្ងៃដ៏អាក្រក់នៅក្នុងការិយាល័យធ្វើការ​យ៉ាងណាក៏ដោយ វាមិនមែនជារឿងល្អទេដែលអ្នករអ៊ូ​រទាំ​អំពី​កន្លែងធ្វើការរបស់អ្នក ឬក៏​អំពី​ដៃគូរ​ការងាររបស់អ្នកនៅលើ​បណ្តាញសង្គម ឬអនឡាញ។ ប្រសិនបើអ្នកបង្ហោះ​សារបែបទាំងនេះ ច្បាស់ណាស់​គ្រប់គ្នាមើលមកកាន់អ្នកអាចគិតផ្សេងពីអ្វីដែលអ្នក​រអ៊ូនោះ ហើយប្រសិនបើថ្នាក់លើរបស់អ្នកឃើញ ឬក៏ក្រុមហ៊ុន​ដទៃផ្សេងទៀតឃើញ ឬអ្នករកស៊ី​ផ្សេងទៀតឃើញ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលមិនគួរឱ្យទុកចិត្ត។

៧. បង្ហោះ​ពី​ផែនការយុទ្ធសាស្ត្រសម្ងាត់​របស់​ក្រុមហ៊ុន​ជាសាធារណៈ

ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានគម្រោងណាមួយដែលមិនទាន់ចង់​ឱ្យលេចទៅសាធារណៈ ហើយអ្នកបង្ហោះដើម្បី​ឱ្យគ្រប់គ្នាមានអារម្មណ៍ថាអ្នកអស្ចារ្យ​កំពុងតែ​ធ្វើការលើ​ការងារដ៏សំខាន់មួយនោះ លទ្ធផល​អាចនឹងផ្ទុយស្រឡះ។ ថ្នាក់លើរបស់អ្នកនឹងលែងជឿជាក់អ្នក ដៃគូររបស់អ្នក​នឹងបាត់ទំនុកចិត្ត ហើយ​ថ្ងៃក្រោយអ្នកអាច​នឹង​មិនទទួលបានឱកាស​លើ​គម្រោងដែលសំខាន់ៗទៀតឡើយ។

៨. និយាយដើម ឬវាយប្រហារគេ

ខណៈពេលដែលអ្នកគិតថាបណ្តាញសង្គមគឺជាកន្លែងដ៏មានសុវត្ថិភាពមួយ​សម្រាប់និយាយ​ដើម ឬក៏វាយប្រហារដល់អ្នកធ្វើការជាមួយ អតីតសហជីវិន ឬមិត្តភក្តិភក្តិដែលគិតថាបានក្បត់អ្នក វាគឺជាគំនិតដែលអាក្រក់បំផុតដែលអ្នកបង្ហោះសារទាំងនោះ​។ ធ្វើ​ការ​ឌឺដង​ ទោះបីជាលក្ខណៈប្រយោលមិនចំឈ្មោះក៏ដោយ វាអាចធ្វើឱ្យអ្នកផ្សេងទៀតយល់ច្រឡំលើអ្នក ហើយវាជាមូលហេតុគ្រប់គ្រាន់សម្រាប់មិត្តភក្តិ ឬអ្នកដែលស្គាល់អ្នក លែងទុកចិត្តអ្នក។

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular