តើអ្នកគួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីក្លាយជាវិនិយោគិនដ៏ជោគជ័យ?

718

នាពេលបច្ចុបបន្ននេះវិស័យអចលនទ្រព្យកំពុងតែមានវិសាលភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងសង្កេតឃើញថាក្នុងអំទ្បុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសំណង់អគារធំៗ ព្រមទាំងគេហដ្ឋានជាច្រើនកំពុងតែរីកដុះដាលនិងលេចចេញជារូបរាងជាលំដាប់។ អាស្រ័យហេតុនេះទើបមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ហើយបែរមកវិនិយោគលើវិស័យនេះវិញ។ ការប្រទ្បូកនៅក្នុងវិស័យអចលនទ្រព្យអោយបានជោគជ័យមិនសូវជាងាយស្រួលប៉ុន្មានទេ។ ក្នុងអំទ្បុងពេលដែលអ្នកដើរនៅលើផ្លូវនេះអ្នកប្រាកដជាបានជួបនូវបញ្ហានិងការខាតបង់ជាច្រើនដែលវិនិយោគិនមិនតិចទេបានឆ្លងកាត់រួចមកហើយមុនពេលដែលពួកគេឈានទៅដល់ភាពជោគជ័យ។

ដូច្នេះបើសិនជាអ្នកកំពុងតែមានក្តីស្រមៃឬក៏មានបំណងចង់ក្លាយទៅជាវិនិយោគិនដ៏ជោគជ័យម្នាក់​ អត្ថបទនេះនឹងបង្ហាញប្រាប់អ្នកអំពីលក្ខណ:សម្បត្តិមួយចំនួនដែលវិនិយោគិនជោគជ័យជាច្រើនមានហើយអ្នកក៏គួរតែមានផងដែរ។

១. ស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួនឯង

ខ្លួនអ្នកផ្ទាល់គឺជាទ្រព្យសម្បត្តិដ៏ពិសេសបំផុតដែលអ្នកមាន។ ជាការពិតអ្នកគឺជាចំណុចចាប់ផ្តើមដ៏ធំបំផុតនៃការវិនិយោគរបស់អ្នក។ វាគឺជារឿងមួយដែលសំខាន់ក្នុងការស្វែងយល់ពីជំនាញនិងទេពកោសល្យរបស់អ្នក។ប្រហែលជាអ្នកអាចមានសម្ថភាពនូវក្នុងការគ្រប់គ្រងនូវអចលនទ្រព្យសម្រាប់ជួលតែក៏មិនប្រាកដថាអ្នកអាចក្លាយទៅអ្នកវិនិយោគដ៏ជោគជ័យនៅក្នុងវិស័យអចលនទ្រព្យដែរ។ វិនិយោគិនជោគជ័យតែងតែគិតថាតើពួកគេគួរតែចំណាយពេលទៅលើអ្វីដែលល្អបំផុត។ការដែលអ្នកព្យាយាមចង់ធ្វើរឿងគ្រប់យ៉ាងអាចនឹងក្លាយទៅជាការចំណាយពេលឥតប្រយោជន៍ទៅវិញ។ អ្នកគួរតែយកពេលខ្លះមកគិតនិងឆ្លុះបញ្ចាំងពីខ្លួនឯងដើម្បីអោយអ្នកដឹងថាតើអ្នកពូកែខាងអ្វីជាងគេហើយអ្នកគួរតែយកពេលវេលារបស់អ្នកទៅធ្វើរឿងអ្វីដែលសាកសមបំផុតសម្រាប់ខ្លួនឯង។ អ្នកគួរតែលះបង់នូវរឿងមួយចំនួនដែលពុំសូវសំខាន់សម្រាប់អ្នកហើយរៀនទុកចិត្តលើអ្នកដទៃនិងមនុស្សជុំវិញខ្លួនរបស់អ្នកអោយធ្វើអ្វីទាំងនោះសម្រាប់អ្នកវិញពីព្រោះថាមនុស្សម្នាក់ៗមានចំណុចពិសេស ទេពកោសល្យនិងជំនាញរៀងៗខ្លួន។ វិនិយោគិនដ៏ជោគជ័យតែងតែដឹងច្បាស់ពីដែនកំណត់របស់ខ្លួនឯង។

២ .ផ្តោតទៅលើទិន្នន័យច្បាស់លាស់

វិនិយោគិនជោគជ័យមិនធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍របស់ខ្លួនឯងនោះទេ ។ នៅពេលដែលរឿងអ្វីមួយគ្មានការធានាពីភាពជោគជ័យច្បាស់លាស់ទេនោះ​ការពិនិត្យមើលទៅលើទិន្ន័យគឺជាចំណុចដែលសំខាន់បំផុត។អ្វីទាំងអស់ដែលមាននៅក្នុងអាជីវកម្មតាំងពីការធ្វើទីផ្សាររហូតដល់ការវិភាគចរចារសុទ្ធតែមាននូវទិន្ន័យ។បើសិនជាអ្នកមើលឃើញថាទិន្ន័យរបស់អចលនទ្រព្យនោះមិនល្អទេ អ្នកមិនគួរវិនិយោគទេ ពីព្រោះថាអ្នកអាចនឹងខាតបង់នាពេលអនាគត។ វិនិយោគិនជោគជ័យចាត់ទុកទិន្ន័យជាតម្លៃស្នូលនៃការវិនិយោគ។

៣ . គិតទៅលើគុណភាពជាជាងបរិមាណ

វិនិយោគិនជោគជ័យនឹងជ្រើសរើសកិច្ចព្រមព្រៀងមួយដែលផ្តល់ផលប្រយោជន៍ច្រើនជាជាងកិច្ចព្រមព្រៀងដែលមើលទៅហាក់ដូចជាមានចំនួនច្រើនតែផ្តល់ផលប្រយោជន៍តិច។ នៅពេលដែលអ្នកចាប់ទទួលកិច្ចព្រមព្រៀងណាមួយអ្នកគួរតែពិនិត្យទៅលើចំណុចមូលដ្ឋានមួយចំនួនជាមុនសិនថាតើអ្នកនឹងត្រូវខាតបង់អ្វីខ្លះបើសិនជាអ្នកវិនិយោគលើគម្រោងមួយនេះ ? ជាទូទៅបញ្ហាជាមួយនឹងគម្រោងខ្នាតមធ្យមគឺថាអ្នកត្រូវតែធ្វើប្រតិបត្តិការរបស់អ្នកអោយបានល្អបំផុតទើបអ្នកអាចទទួលបាននូវផលចំនេញ​ដែលវាមិនសូវជាងាយស្រួលប៉ុន្មានទេ ។ ផ្ទុយទៅវិញបើសិនជាអ្នកអត់ធ្មត់ហើយរងចាំទទួលគម្រោងផ្សេងដែលល្អជាងនេះអ្នកអាចនឹងទទួលបានភាពជោគជ័យជាង​។

៤​​ . រៀនឆ្លើយថា”​ទេ”

អ្នកមិនអាចចេះតែយល់ព្រមចំពោះរឿងគ្រប់យ៉ាងនោះទេ ។ វិនិយោគិនជោគជ័យដឹងច្បាស់ថា តើនៅក្នុងស្ថានភាពបែបណាគួរតែបដិសេធហើយស្ថានភាពបែបណាគួរតែយល់ព្រម។ ប្រហែលជាពេលខ្លះភ្នាក់ងារអចលនទ្រព្យអាចនឹងបញ្ចុះបញ្ចូលអ្នកអោយវិនិយោគលើអចលនទ្រព្យណាមួយ​​ ដូច្នេះបើសិនជាអ្នកមិនចាប់អារម្មណ៍ទេអ្នកគួរតែបដិសេធជាជាងការយល់ព្រមចំពោះគ្រប់រឿងដែលអាចផ្តល់ផលប៉ះពាល់ដល់អ្នកនាពេលអនាគត។​ មិនមែនមនុស្សនិងអចលនទ្រព្យទាំងអស់សុទ្ធសឹងតែល្អសម្រាប់អ្នកទេ​ ​​​​ហើយការបដិសេធក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។

៥ .ចំណង់ចំណូលចិត្ត និងការតស៊ូ

វិនិយោគិនភាគច្រើនទទួលបានជោគជ័យគឺដោយសារតែការស្រលាញ់និងការពេញចិត្តចំពោះអ្វីដែលគេកំពុងតែធ្វើ។ ពួកគេតែងតែបង្កើននូវចំណេះដឹងនិងគំនិតបន្ថែមទៀតតាមរយះការអាននិងការចូលរួមសិក្ខាសិសាផ្សេងៗដែលទាក់ទងនឹងវិស័យអចលនទ្រព្យ។ លើលពីនេះទៅទៀតពួកគេព្យាយាមបង្កើតនូវទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួននិងអ្នកដែលអាចជួយពួកគេបាន។ យ៉ាងណាមិញវិនិយោគិនជោគជ័យជាច្រើនសុទ្ធតែមាននូវចំណុចពិសេសរួមមួយគឺជាការតស៊ូមិនបោះបង់។ មិនថាជួបនឹងបញ្ហាឬការលំបាកយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តស្វែងរកដំណោះស្រាយរហូតបានទទួលបានជោគជ័យដែរ​។

៦. ការមានវិន័យលើខ្លួនឯង

អ្នកត្រូវមានវិន័យលើខ្លួនឯង មិនគួរបណ្តោយអោយភាពលោភលន់នាំមុខអ្នកទ្បើយ ។ មានវិនិយោគិនមិនតិចទេដែលជួបប្រទះនឹងការខាតបង់រហូតដល់អស់ទ្រព្យពីខ្លួនក៏មាន​ នៅពេលដែលទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះម្តងៗ ដោយសារតែការខ្វះនូវម្ចាស់ការលើខ្លួនឯង។ ការតាមដានព័ត៌មានថ្មីៗអំពីអចលនទ្រព្យគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនប៉ុន្តែមានវិនិយោគិនមួយចំនួនពុំបានចាប់អារម្មណ៍នោះទេ។​ នៅពេលដែលតម្លៃអចលនទ្រព្យកំពុងតែទ្បើងខ្ពស់ពួកគេសង្វាតប្រមូលលុយទាំងអស់ទៅទិញដោយភាពលោភលន់ហើយភ្លាមៗនោះស្រាប់តែទីផ្សារបែរជាធ្លាក់ចុះវិញពួកគេក៏ត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរ​ដែលនេះគឺជាលទ្ធផលនៃការមិនមានវិន័យលើខ្លួនឯង។

ដូច្នេះហើយបើសិនជាអ្នកចង់ក្លាយវិនិយោគិនដ៏ជោគជ័យអ្នកគួរតែព្យាយាមអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាបំពេញបន្ថែមនូវចំនុចខ្វះដែលអ្នកមានហើយចំណាយពេលបន្ថែមទៀតលើការតាមដានព័ត៌មាននិងចំណេះដឹងទាក់ទងនឹងអចលនទ្រព្យអោយបានច្រើនតាមដែលអាចធ្វើបាន។ លើសពីនេះទៅទៀតបើសិនជាអ្នកដាក់ចិត្តចង់ប្រទ្បូកក្នុងវិស័យនេះហើយអ្នកគួរតែរៀបចំផែនការជីវិតអ្នកអោយបានត្រឹមត្រូវនិងកុំបោះបង់ចោលទ្បើយទោះបីជាវាលំបាកតែថ្ងៃណាមួយអ្នកប្រាកដជានឹងទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។