វិធី៣យ៉ាងដើម្បីបំផុសនូវគំនិតច្នៃប្រឌិតនៅក្នុងការលក់

972

តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រឌិតដែលអ្នកមានឬយ៉ាងណា?

បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯងឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព? ដូចនេះចំណុចទាំង៣ខាងក្រោមនេះនឹងជួយអភិវឌ្ឍនិងបំផុសនូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែខ្ពស់៖

     ១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រឌិត

ការគិតបែបច្នៃប្រឌិត វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ ការអនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រឌិតរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក ។ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រឌិតនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។

Creativity, Idea, Inspiration

ចំពោះផ្នែកទី១ដែលថាគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើននិងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។រីឯផ្នែកទី២ ដែលគំនិតច្នៃប្រឌិតមានភាពសំខាន់នោះគឺ ការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។អ្នកត្រូវមានភាពច្នៃប្រឌិតក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថាតើអ្វីគឺជាតម្រូវការរបស់អតិថិជន?? ហើយអ្វីជាមូលហេតុដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញផលិតផលឬសេវាកម្មនោះ?? យ៉ាងណាមិញផ្នែកទាំងពីរនេះ វាគឺជាការដកពិសោធន៍សតិបញ្ញា ភាពវាងវៃ ភាពរហ័សរហួន ការបត់បែននិងថាមពលខួរក្បាលរបស់អ្នកយ៉ាងពិតប្រាកដ។

២. គិតរិះរកវិធីសាស្រ្តប្រើទំនិញបែបថ្មី

គំនិតច្នៃប្រឌិតរបស់អ្នក គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការរកវិធីសាស្ត្រនិងការប្រើទំនិញថ្មីឲ្យមានប្រសិទ្ធភាព។អ្នកត្រូវប្រើថាមពលខួរក្បាលដើម្បីគិតរកវិធីសាស្ត្រ និងទិចនិកចំនួនក្នុងការប្រើទំនិញបែបថ្មី ដើម្បីធ្វើឲ្យការលក់ដែលនៅមិនទាន់មាននរណាធ្លាប់លក់ពីមុនមកនោះកើតឡើង។តួយ៉ាង ការយកកត្តាផ្សំតូចៗនៃការធ្វើធុរកិច្ចមករួមបញ្ចូលគ្នា រួមមាន រូបអ្នក ក្រុមហ៊ុនអ្នក អតិថិជន ទំនិញឬសេវាកម្ម តម្លៃ ការដឹកជញ្ចូន ការតម្លើង និង កិច្ចការផ្សេងៗ គឺសុទ្ធតែជារឿងមួយដែលស្មុគស្មាញ ដែលអ្នកចាំបាច់ត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយ និងគ្រប់គ្រងវាឲ្យបានល្អ។

​​   ​សមត្ថភាពរបស់អ្នកក្នុងការប្រើគំនិតច្នៃប្រឌិតដើម្បីយកឈ្នះលើមតិរិះគន់របស់អ្នកទិញ និងការឆ្លើយតបចំពោះការតវ៉ា គឺជារឿងសំខាន់មួយចំពោះភាពជោគជ័យនៅទឹកចុងក្រោយ ហើយសមត្ថភាពក្នុងការសម្រេចការលក់ និងធ្វើឲ្យអតិថិជនសម្រេចចិត្ត វាគឺជាកត្តាសំខាន់ក្នុងការសន្និដ្ឋានថា អ្នកលក់បានប៉ុណ្ណា ហើយអ្នកនឹងរកប្រាក់បានច្រើនប៉ុណ្ណា។

៣. ត្រូវដឹងថាខ្លួនឯងនិយាយពីអី្វ

ការលក់ប្រកបដោយភាពច្នៃប្រឌិត គឺចាប់ផ្ដើមដោយការយល់ដឹងលម្អិតពីទំនិញឬសេវាកម្មរបស់អ្នក។ បើអ្នកកាន់តែដឹង និងយល់ច្បាស់ថា តើអ្នកកំពុងតែលក់អ្វីច្រើនប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រឌិតក្នុងការលក់ច្រើនប៉ុណ្ណោះដែរ។បើអ្នកកាន់តែមានការយល់ដឹងថា “ហេតុអ្វីបានទំនិញរបស់អ្នកខ្ពស់ជាងទំនិញរបស់គូប្រជែង ឬហេតុអ្វីបានជាទំនិញរបស់អ្នកអន់ជាងដៃគូប្រកួតប្រជែងបាន?” នោះអ្នកនឹងអាចរកទិចនិកដើម្បីពង្រឹងនិងអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺអាចនិយាយរៀបរាប់ពីគុណភាពនិងសារសំខាន់នៃផលិតផលរបស់អ្នកបានយ៉ាងល្អ។

​​   ជារួមបើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និង គំនិតច្នៃប្រឌិតដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ដូចនេះចំពោះចំណុចធំៗទាំង៣ខាងលើដែលបានលើកឡើងមកនេះ ពួកយើងសង្ឃឹមថាវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់អ្នកឲ្យបានកាន់តែរីកចម្រើន និងជួយឲ្យការលក់របស់អ្នកកាន់តែទទួលបានជោគជ័យផងដែរ។ដកស្រង់ចេញពីសៀវភៅ “ ចិត្តសាស្ត្រនៃការលក់”