ទំនងតើ!

 

ការធ្វើទីផ្សារគឺពិតជាមានភាពចាំបាច់ណាស់សម្រាប់អាជីវកម្ម​​ពីព្រោះថាវាគឺជាកត្តាចម្បងដែលជម្រុញឱ្យការលក់របស់អ្នកកើនទ្បើង។​ អាស្រ័យហេតុនេះហើយដើម្បីឲ្យការធ្វើទីផ្សាររបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់អ្នកចាំបាច់ត្រូវតែរៀបចំនិងធ្វើផែនការទីផ្សារឱ្យបានល្អនិងស្របទៅតាមគោលដៅរបស់ក្រុមហ៊ុន។

ខាងក្រោមនេះគឺជាសំណួរទាំង៥ដែលអាចជួយអ្នកក្នុងធ្វើផែនការទីផ្សារប្រកបដោយប្រសិទ្ធិភាព ​:

 ១. តើអ្វីជាគុណតម្លៃនៃអាជីវកម្មរបស់អ្នក?

គុណតម្លៃនៃអាជីវកម្មគឺជាការពិព័ណ៌នាយ៉ាងខ្លីអំពីអាជីវកម្មរបស់អ្នកដោយភ្ជាប់ជាមួយខ្លឹមសារនិងចំណុចពិសេសមួយចំនួនដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដៃគូរប្រកួតប្រជែង។ វាក៏ជាអ្វីដែលអ្នកគួរតែមានផងដែរនៅមុនពេលដែលអ្នកចាប់ផ្តើមនូវអាជីវកម្មពីព្រោះថាគុណតម្លៃនៃអាជីវកម្មនេះហើយគឺជាអ្នកតម្រង់ទិសនៅក្នុងការធ្វើទីផ្សាររបស់អ្នក។ លើសពីនេះទៅទៀតវាក៏ហេតុផលដែលជម្រុញឱ្យអតិថិជនជ្រើសរើសផលិតផលឬសេវាកម្មរបស់អ្នកជាជាងដៃគូរប្រកួតប្រជែងផងដែរ។ ជាក់ស្តែងដូចជា Uber ដែលមនុស្សជាច្រើនបានស្គាល់រួចមកហើយថាជាកម្មវិធីទូរស័ព្ទដៃប្រើសម្រាប់ជួយសម្រួលដល់អ្នកប្រើប្រាស់នៅក្នុងការហៅតាក់ស៊ី​។​ គុណតម្លៃរបស់ពួកគេគឺ”ការធ្វើដំណើររបស់អ្នកនឹងមានភាពងាយស្រួលហើយរហ័សជាងមុនដោយគ្រាន់តែចុចនៅប៊ូតុងមួយនៅលើទូរស័ព្ទរបស់អ្នកនោះតាក់ស៊ីនឹងមកដល់កន្លែងអ្នកតែម្តង។ អ្នកបើកបររបស់អ្នកនឹងដឹងច្បាស់ពីកន្លែងដែលអ្នកចង់ទៅ។ រីឯការបង់ប្រាក់វិញនឹងត្រូវធ្វើតាមរយះទូរស័ព្ទរបស់អ្នកប្រកបដោយភាពងាយស្រួលនិងរហ័សទាន់ចិត្ត”។ ​​​​ ដូចដែលអ្នកបានឃើញស្រាប់ហើយថាគុណតម្លៃនៃអាជីវកម្មរបស់ពួកគេគឺពិតជាមានភាពច្បាស់លាស់និងអាចបំពេញតម្រូវការបស់អតិថិជនបានយ៉ាងល្អប្រសើរទៀតផង។ ដូច្នេះហើយអ្នកគួរតែបង្កើតនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកឱ្យបានល្អជាមុនសិនមុននឹងធ្វើការចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក។

២. តើអ្នកណាជាអតិថិជនគោលដៅរបស់អ្នក?

 

មុននឹងអ្នកចាប់ផ្តើមបង្កើតនូវយុទ្ធសាស្រ្តទីផ្សារអ្នកគួរតែកំណត់និងបែងចែកឱ្យបានច្បាស់លាស់ពីប្រភេទនៃអតិថិជនគោលដៅរបស់អ្នកជាមុនសិន។​ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចស្វែងយល់និងដឹងច្បាស់អំពីតម្រូវការដ៏ពិតប្រាកដរបស់ពួកគេបាន។ ក្រោយពេលដែលអ្នកបានដឹងច្បាស់ហើយអ្នកនឹងអាចរៀបចំនូវយុទ្ធសាស្រ្តទីផ្សារបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :
⁃ តើពួកគេជាអ្នកណា?
⁃ តើពួកគេជាមនុស្សប្រុស​ឬក៏ស្រី?
⁃ តើពួកគេមានអាយុប៉ុន្មានឬស្ថិតនៅក្នុងវ័យណា?
⁃ តើពួកគេរស់នៅឯណាឬតំបន់ណា?
⁃​ តើពួកគេប្រកបការងារអ្វី?
⁃​តើពួកគេមានចំណូលប្រចាំខែជាមធ្យមប៉ុន្មាន?

⁃ តើចំណង់ចំណូលចិត្តរបស់ពួកគេមានទំនោរទៅលើអ្វី?
⁃ តើបញ្ហាឬក៏តម្រូវការអ្វីដែលពួកគេកំពុងតែជួបប្រទះ ?

៣. តើអ្នកណាជាដៃគូប្រកួតប្រជែងរបស់អ្នក?

អ្នកត្រូវតែកំណត់ឱ្យបានថាតើដៃគូរប្រកួតប្រជែងរបស់អ្នកជាអ្នកណា ហើយពួកគេកំពុងតែធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេ។ ការដឹងនិងស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែងរបស់អ្នកនឹងជួយឱ្យអ្នកអាចវិភាគព្រមទាំងសិក្សាប្រៀបធៀបអាជីវកម្មរបស់អ្នកនិងអាជីវកម្មរបស់ពួកគេដើម្បីឱ្យអ្នកអាចអភិវឌ្ឍន៍ខ្លួនបាន។ ការសង្កេតនិងវិភាគអំពីដៃគូប្រកួតប្រជែងគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់អាជីវកម្ម។

ចំណុចដែលអ្នកគួរតែលើកយកមកសិក្សាមានដូចជា :

⁃ តើផលិតផលឬសេវាកម្មអ្វីដែលពួកគេកំពុងតែធ្វើអាជីវកម្ម?
⁃ តើពួកគេកំណត់តម្លៃនៃផលិតផលយ៉ាងដូចម្តេច?
⁃ តើពួកគេចែកចាយនិងដឹកជញ្ជូនដោយរបៀបណា?
⁃ តើអ្វីដែលជាចំណុចខ្លាំងនិងចំណុចខ្វះខាតដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេ?
⁃ តើអ្នកណាជាអតិថិជនរបស់ពួកគេ?
⁃ តើផលិតផលអ្វីខ្លះដែលអតិថិជនតែងតែទិញពីពួកគេ?

៤. តើអ្វីទៅជាគោលដៅនៃការធ្វើទីផ្សាររបស់អ្នក?

គោលដៅនៃអាជីវកម្មគឺជាអ្វីដែលអ្នកចង់សម្រេចឱ្យបានតាមរយះការដាក់ចេញនូវសកម្មភាពទីផ្សារ​ ។​​​​​​​​​​​​​​​​ ជាដំបូងអ្នកត្រូវតែដឹងអោយបានច្បាស់ជាមុនសិនថាអ្នកចង់បានអ្វីអោយពិតប្រាកដពីអាជីវកម្មរបស់អ្នក​។​ តើអ្នកចង់បង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកអោយមានអតិថិជនស្គាល់ច្រើនជាងមុន ឬ ក៏អ្នកចង់អោយការលក់របស់អ្នកកើនទ្បើង ? អ្នកត្រូវតែមានចក្ខុវិស័យនិងគោលបំណងច្បាស់លាស់សម្រាប់អាជីវកម្មរបស់អ្នក ​​​​​​​​​​​​​​​​​​​​​។ បន្ទាប់មកអ្នកត្រូវតែដឹងពីមធ្យោបាយដែលអាចជួយអ្នកក្នុងការសម្រេចនូវគោលបំណងទាំងនោះបាន ។ ឧទាហរណ៍ថា អ្នកជាម្ចាស់អាជីវកម្មហាងកាហ្វេខ្នាតមធ្យមមួយដោយក្នុងមួយថ្ងៃអ្នកលក់បានត្រឹមតែ៥០កែវ​​​​តែប៉ុណ្ណោះ ដូច្នេះហើយអ្នកចង់ឱ្យការលក់របស់អ្នកមានការកើនទ្បើងអោយបាន១០០ កែវក្នុងមួយថ្ងៃ ។​ បន្ទាប់ពីដឹងអំពីគោលដៅរបស់អ្នកហើយអ្វីដែលអ្នកគួរតែធ្វើបន្តទៀតគឺជាការរៀបចំនូវផែនការសកម្មភាព​​ដូចជា ការធ្វើប្រម៉ូសិនផ្សេងៗនៅក្នុងហាង បង្កើតជាហ្គេមសប្បាយៗហើយផ្តល់រង្វាន់ដល់អ្នកដែលឈ្នះ រៀបចំបរិយាកាសនៅក្នុងហាងយ៉ាងណាអោយមានភាពទាក់ទាញនិងថតរូបភាពស្អាតៗរបស់អតិថិជននៅក្នុងហាងរបស់អ្នកហើយបង្ហោះនៅលើបណ្តាញសង្គមជាដើម​។​​​​ ​ដែលនេះជាឧទាហរណ៍ក៏ដូចជាគំនិតមួយចំនួនសម្រាប់អ្នកក្នុងការយកជាគំរូនៅក្នុងការអនុវត្តន៍ផងដែរ។

៥.​តើអ្នកបានត្រៀមនូវកញ្ចប់ថវិកាប៉ុន្មានសម្រាប់ចំណាយទៅលើការធ្វើទីផ្សាររបស់អ្នក?

ការអនុវត្តន៍នូវផែនការទីផ្សារតែងតែត្រូវការជាចាំបាច់នូវថវិកាសម្រាប់ចំណាយទៅលើដំណើរការទាំងមូល។ អ្នកត្រូវតែគិតនិងបែងចែកអោយបានច្បាស់លាស់អំពីប្រភពនៃការចំណាយផ្សេងៗដើម្បីឲ្យអ្នក​មានភាពងាយស្រួលក្នុងការរៀបចំនិងត្រៀមទុកជាមុននូវកញ្ចប់ថវិកាដែលសមាមាត្រនឹងការចំណាយទាំងនោះ ។​​​​ ការធ្វើដូច្នេះគឺអាចជួយអ្នកក្នុងការបញ្ជៀសនូវហានិភ័យនៃការចំណាយហួសពីតម្រូវការដែល។

 

 

គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។