ទំនងតើ!

 

Influencer Marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលផ្តោតទៅលើការសហការជាមួយនឹងបុគ្គលដែលមានប្រជាប្រិយភាព( Influencers)ដើម្បីឲ្យពួកគេធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ ជាទូទៅបុគ្គលដែលមានប្រជាប្រិយភាព(Influencers)តែងតែទទួលបាននូវ ការស្រលាញ់និងចូលចិត្តពីអ្នកគាំទ្រជាច្រើននៅតាមបណ្តាញសង្គមដូចជា Facebook Instagram និង​ YouTube ដែលសុទ្ធសឹងតែជាច្រកផ្សព្វផ្សាយដ៏មានឥទ្ធិពលសម្រាប់អាជីវកម្ម។ កត្តាចិត្តសាស្ត្រមួយដែលធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារមួយនេះទទួលបាននូវលទ្ធផលខ្ពស់នោះគឺអតិថិជនភាគច្រើននឹងទិញឬប្រើប្រាស់នូវផលិតផលក៏ដូចជាសេវាកម្មណាដែលពួកគេស្គាល់តាមរយៈការណែនាំពីមិត្តភក្តិ មនុស្សជុំវិញខ្លួននិងបុគ្គលដែលពួកគេគាំទ្រជាជាងការស្គាល់តាមរយៈផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ Influencers គឺត្រូវបានបែងចែកជា ៥ ប្រភេទ ដូចជា

១. Micro-influencer

Micro-influencerគឺសំដៅទៅលើបុគ្គលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងអ្នកគាំទ្រដែលមានចំនួនរាប់ពាន់ទៅរាប់ម៉ឺននាក់។ ពួកគេគឺជាក្រុមមនុស្សដែលមានទំនោរនិងចំណង់ចំណូលចិត្តដូចគ្នាឬស្រដៀងគ្នាទៅលើរឿងអ្វីមួយ ។ ម្យ៉ាងវិញទៀតពួកគេបានបង្កើតនូវទំនាក់ទំនងនិងសម្ព័ន្ធភាពដ៏ល្អជាមួយនឹងអ្នកគាំទ្ររបស់ពួកគេតាមរយៈការបង្កើតនូវមាតិកាថ្មីៗដូចជារូបភាពនិងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ។​ ជាក់ស្តែងដូចជាបុគ្គលដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេងនៅកន្លែងដែលពុំសូវមានអ្នកទៅលេងច្រើនពួកគេតែងតែផ្តិតយកនូវរូបភាពនិងវីដេអូដ៏គួរឲ្យទាក់ទាញនៅតំបន់នោះដើម្បីបង្ហោះនៅក្នុងគណនីនៃបណ្តាញសង្គមរបស់ពួកគេសម្រាប់ណែនាំទៅកាន់អ្នកគាំទ្រដែលចូលចិត្តដើរកម្សាន្តឲ្យពួកគេបានស្គាល់និងទៅលេងកន្លែងនោះដែរ។ និយាយចំពោះការធ្វើទីផ្សារវិញប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលផ្គត់ផ្គង់សម្ភារៈសម្រាប់ដំណើរកម្សាន្តដូចជាតង់ កាតាបស្ពាយ ជាដើមអ្នកអាចសហការជាមួយពួកគេតាមរយៈការបង្កើតជាវីដេអូនិងរូបភាពដែលបង្ហាញនិងណែនាំអំពីផលិតផលរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេនៅតាមបណ្តាញសង្គម Facebook Instagram និង​ YouTube របស់ពួកគេ។ នេះជាវិធីសាស្ត្រនៃការផ្សព្វផ្សាយដែលចំអតិថិជនគោលដៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

២. Celebrity Influencer

Celebrity Influencerគឺសំដៅទៅលើបុគ្គលដ៏មានប្រជាប្រិយភាពរួមជាមួយអ្នកគាំទ្ររាប់លាននាក់និងជាបុគ្គលដែលមនុស្សភាគច្រើនបានស្គាល់។  ជាមួយនឹងប្រជាប្រិយភាពនិងចំនួននៃអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយទើបធ្វើឲ្យពួកគេក្លាយទៅជាបុគ្គលដែលមានឥទ្ធិពលទៅលើការឥរិយាបទនិងការសម្រចចិត្តនៃអតិថិជនដែលជាអ្នកគាំទ្ររបស់ពួកគេ។ និយាយឲ្យចំពួកគេអាចជាតារាចម្រៀង​ តារាសម្តែង និង តារាកំប្លែងល្បីៗ ជាដើម។ សម្រាប់ម្ចាស់អាជីវកម្ម អ្នកអាចសហការជាមួយពួកគេក្នុងការបង្កើតជាវីដេអូនិងរូបភាពដើម្បីផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកតាមរយៈបណ្តាញសង្គម រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងបដា ពាណិជ្ជកម្មតាមទូរទស្សន៍ជាដើម។ យ៉ាងណាមិញប្រសិនបើអ្នកជាមា្ចស់អាជីវកម្មហាងសម្លៀកបំពាក់ ឬ គ្រឿងអលង្ការក៏អ្នកអាចសហការជាមួយ Celebrity Influencer តាមរយៈការផ្តល់ជូនឬឧបត្ថម្ភ (Sponsor) នូវសម្លៀកបំពាក់ ឬ គ្រឿងអលង្ការសម្រាប់កម្មវីធីផ្សេងៗដែលពួកគេចូលរួមផងដែរដែលជាឱកាសដ៏ល្អបំផុតក្នុងការបង្ហាញអំពីភាពប្រណិតនិងសោភ័ណ្ឌភាពនៃគ្រឿងអលង្ការឬសម្លៀកបំពាក់ឲ្យមនុស្សជាច្រើនបានស្គាល់។

 

Seriously experienced event photography by www.SNAPP.media

៣ Blog Influencer

Blog Influencer គឺជាបុគ្គលដែលមានជំនាញក្នុងការសរសេរ blog ឬ   អត្ថបទប្រកបដោយភាពទាក់ទាញ​ដែលមានអ្នកគាំទ្រនិងអ្នកអានជាច្រើន ។ ដោយសារតែចំនួននៃអ្នកគាំទ្រដ៏ច្រើននេះហើយទើបធ្វើឲ្យពួកគេមានឥទ្ធិពលទៅលើអ្នកដែលអានអត្ថបទរបស់ពួកគេ។អ្នកអាចសហការជាមួយនឹង Blog Influencer ដើម្បីឲ្យពួកគេសរសេរអត្ថបទដែលមានរូបភាពនិងខ្លឹមសារដែលរៀបរាប់និងណែនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកអានរបស់ពួកគេ។ ជាក់ស្តែងដូចជា Cambo Auto(ខេមបូ អូតូ) គឺជាគេហទំព័រដែលផ្តោតទៅលើការចែករំលែកអត្ថបទព័ត៌មាននិងចំណេះដឹងដែលទាក់ទងនឹងយានយន្តប្រកបដោយវិជ្ជាជីវៈនិងគួរឲ្យទុកចិត្តមួយ។ដូច្នេះប្រសិនបើអ្នកជាមា្ចស់អាជីវកម្មរថយន្តហើយចង់ផ្សព្វផ្សាយទៅកាន់អតិថិជនដែលជាអ្នកដែលចូលចិត្តអាននិងតាមដាននូវព័ត៌មានជាលក្ខណៈអត្ថបទ អ្នកអាចសហការជាមួយនឹង Cambo Autoដើម្បីឲ្យពួកគេសរសេរអត្ថបទដែលផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នក។ តាមរយៈការផ្សព្វផ្សាយបែបនេះអតិថិជនអាចទទួលបានខ្លឹមសារយ៉ាងជាក់លាក់និងលម្អិតក៏ដូចជាគួរឲ្យទុកចិត្តអំពីរថយន្តរបស់អ្នកផងដែរ។

 

៤​ .  Social Media Influencer

Social Media Influencer គឺជាបុគ្គលដ៏មានប្រជាប្រិយភាពនិងមានចំនួនអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅរាប់សែននិងរាប់លាននៅក្នុងបណ្តាញសង្គមនានាដូចជា Instagram , YouTube , Facebook , Tik Tok ជាដើម។ ពួកគេបង្កើតនូវមាតិកា(Content)ដែលទាក់ទងទៅនឹងប្រធានបទជាច្រើន ដូចជា សុខភាព រថយន្ត អាហារ សិល្បៈ សម្រស់ ជាដើម។ ដោយទ្បែកដអ្នកគួរតែជ្រើសរើសនូវ Social Media Influencer ណាដែលមានអ្នកគាំទ្រជាអតិថិជនគោលដៅរបស់អ្នកដើម្បីឲ្យការផ្សព្វផ្សាយរបស់អ្នកទទួលបាននូវលទ្ធផលខ្ពស់។ បន្ទាប់មកទៀតអ្នកគួរតែអំពី មាតិកា(Content) ដែលអ្នកគួរបង្កើតដើម្បីឲ្យពួកគេប្រម៉ូត(Promote)នូវផលិតផលឬសេវាកម្មរបស់អ្នក។ តាមរយៈ Instagram​ ពួកគេអាចបង្ហោះជារូបភាពរបស់ពួកគេផ្ទាល់រួមជាមួយនឹងផលិតផលរបស់អ្នកហើយ Tag ឲ្យគណនី(Account) នៃអាជីវកម្មរបស់អ្នក។ រីឯបណ្តាញសង្គម Facebook  វិញពួកគេអាចបង្កើតជាវីដេអូក៏ដូចជាធ្វើការ Live នូវ Video ដែលនិយាយណែនាំអំពីផលិតផលរបស់អ្នកទៅកាន់អ្នកគាំទ្ររបស់ពួកគេ ។​ បន្ថែមពីនេះពួកគេក៏អាចបង្កើតនូវល្បែងកម្សាន្តនានាដើម្បីទទួលបាននូវផលិតផលរបស់អ្នកដោយឥតគិតថ្លៃឬក៏ Giveaway ជាដើម។

 

៥  .Key Opinion Leaders (KOLs)

Key Opinion Leaders (KOLs) គឺជាបុគ្គលដែលមានជំនាញនិងចំណេះដឹងទូលំទូលាយចំពោះប្រធានបទដ៏ច្បាស់លាស់ណាមួយរបស់ពួកគេ។ ជាទូទៅពួកគេតែងតែបង្កើតជាវីដេអូឬក៏រូបភាពដែលចែករំលែកជាចំណេះដឹងនានានិងព័ត៌មានដែលមានប្រយោជន៏ប្រកបទៅដោយវិជ្ជាជីវៈទៅកាន់អ្នកគាំទ្ររបស់ពួកគេ។​ ប្រសិនបើអ្នកមានគោលបំណងចង់ផ្សព្វផ្សាយទៅកាន់អតិថិជនដែលមានវិជ្ជាជីវៈច្បាស់លាស់នៅក្នុងវិស័យណាមួយ​ Key Opinion Leaders (KOLs)គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នក។ ពួកគេគឺជាបុគ្គលដែលទទួលបាននូវទំនុកចិត្តនិងភាពជឿជាក់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។

 

ជារួម Influencer Marketing គឺយុទ្ធសាស្ត្រទីផ្សារដ៏មានឥទ្ធិពលនិងជាផ្នែកមួយនៃការវិនិយោគដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មពីព្រោះថាអ្នកនឹងត្រូវចំណាយថវិកាមួយចំនួនឬក៏ធនធានផ្សេងៗទៅលើ Influencer ដើម្បីឲ្យពួកគេផ្សព្វផ្សាយឲ្យអ្នក។ អាស្រ័យហេតុនេះហើយអ្នកគួរតែជ្រើសរើសនូវInfluencer ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវដែលស្រមទៅតាមអតិថិជនគោលដៅរបស់អ្នក៕

 

គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។