Homeបច្ចេកវិទ្យាតើអ្នកគួរតែបង្កើតAppទូរស័ព្ទ​សម្រាប់អាជីវកម្មអ្នកដែរឬទេ?

តើអ្នកគួរតែបង្កើតAppទូរស័ព្ទ​សម្រាប់អាជីវកម្មអ្នកដែរឬទេ?

ជាមួយ​នឹងការរីកចម្រើននៃជីវភាព បច្ចេកវិទ្យា និងសេវាកម្មអ៊ីនធឺណិតនៅកម្ពុជា យើងឃើញ​ការបម្រែប្រួលទម្លាប់នៃការរស់នៅជាច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជីវតយើង និងទូរសព្ទដៃស្មាតហ្វូន។ ស្ទើរតែមួយភាគធំនៃពេលវេលាប្រចាំថ្ងៃក្រៅពីការងារ យើងបានចំណាយពេលជាមួយនឹង​ទូរស័ព្ទដៃ និងឧបករណ៍​ឆ្លាតវៃ​ជាច្រើនទៀត​ដែលមានភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអាចប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីទូរស័ព្ទនានា។

ទំនោរការប្រើប្រាស់យ៉ាងច្រើនបែបនេះក្នុងជីវភាព​ប្រចាំថ្ងៃនេះ ធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើន​ចង់វិនិយោគ​បង្កើត​កម្មវិធីអាជីវកម្មរបស់ខ្លួនដាក់ក្នុងទូរស័ព្ទដៃដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលនេះ។ តើអាជីវកម្មគ្រប់ប្រភេទគួរតែមានApp ខ្លួនឯងដែរឬក៏យ៉ាងណា? ខាងក្រោមនេះគឺជាសំណួរទាំងឡាយដែលអ្នកគួរសួរខ្លួនឯងមុន​នឹង​សម្រេចចិត្ត​បង្កើត​Appសម្រាប់អាជីវកម្មអ្នក។

១. តើអតិថិជនអ្នកបានសំណូមពរឱ្យមានAppដែរឬទេ?

ប្រសិនបើមានការសំណូមពរ ឬក៏ការចង់បាន​ពីអតិថិជន​ដើម្បីជួយ​បង្កើតងាយស្រួលដល់ពួកគេជាមួយ​នឹងអាជីវកម្មរបស់អ្នក អ្នកគួរតែពិចារណា​បង្កើត​មួយ តែត្រូវប្រើមធ្យោបាយAgile (វិធីសាស្ត្រដែលអាចធ្វើបានលឿនរហ័ស បែកជាការងារតូចៗ និងមានភាពងាយស្រួលបត់បែន)។ តែប្រសិនបើគ្មានការសំណូមពរទេ តែអ្នកចង់វិនិយោគបង្កើតវាឡើង អ្នកត្រូវតែ​មានគំនិតថាតើអាចពង្រីកវិសាលភាពកម្មវិធីនេះដោយវិធីណា និងអាចបានកម្រិតណាដើម្បីអ្នកអាចទាញយកផលប្រយោជន៍ ឬក៏ចំណូលពីវាបាន។

២. តើផលិតផលរបស់អ្នកស័ក្តិសម​នឹងមានAppដែរឬទេ?

តាមពិតទៅមិនមែនគ្រប់អាជីវកម្មទាំងអស់ត្រូវការApp នោះទេ។ ការបង្កើតកម្មវិធីលើឧបករណ៍វៃឆ្លាតទាំងនេះគឺអាស្រ័យលើ ថាតើអតិថិជនប្រើប្រាស់​ផលិតផលរបស់អ្នករបៀបណា ឬត្រូវទំនាក់ទំនងអាជីវកម្មអ្នកយ៉ាងណា។ ប្រសិនបើ​អាជីវកម្មរបស់អ្នក​មិនតម្រូវ​ឱ្យអតិថិជន​មានការប្រាស្រ័យទាក់ទងញឺកញ៉ាប់ជាមួយ​នឹង​ក្រុមហ៊ុន ឬក៏ក្រុមការងារអ្នក អ្នកពិតជាមិនត្រូវការចំណាយលុយបង្កើតApp នោះទេ។ តែប្រសិនបើអតិថិជនត្រូវការប្រាស្រ័យទាក់ទងអ្នកជាញឹកញ៉ាប់ វាជាគំនិតល្អដែលអ្នកគួរវិនិយោគបង្កើត ហើយធ្វើយ៉ាងណា​ឱ្យវាមានដំណើរការប្រើប្រាស់ងាយស្រួល។

៣. តើកម្មវិធីនោះគួរមានអ្វីខ្លះសម្រាប់ប្រើប្រាស់?

តើAppនោះគួរមានអ្វីខ្លះ​សម្រាប់អ្នកប្រើប្រាស់ឬអតិថិជនរបស់អ្នក? ប្រសិនបើកម្មវិធីនោះគឺមិនមានអ្វីក្រៅពី​ព័ត៌មានធម្មតាៗដូចជាគេហទំព័ររបស់ក្រុមហ៊ុននោះទេ វាគ្មានប្រយោជន៍អ្វីបង្កើតវាឡើងមកឡើយ។ អ្នកគួរតែគិតថា​ តើអ្នកអាចបញ្ចូលអ្វីខ្លះសម្រាប់អតិថិជនប្រើប្រាស់ដើម្បីភាពងាយស្រួល? អាចដោះស្រាយបញ្ហាអ្វីខ្លះ? និងជួយជីវិតប្រចាំថ្ងៃអ្វីខ្លះ?

៤. តើអតិថិជន​ត្រូវការអ្វី?

អ្វីដែលអ្នកត្រូវសួរមុនគេគឺថា តើអតិថិជន​របស់អ្នកត្រូវការអ្វី? ហើយ​បង្កើត​App ដើម្បីដោះស្រាយបញ្ហានោះឱ្យអតិថិជន។ តែប្រសិន​បើអតិថិជនរបស់អ្នកត្រូវការចូលម្តងម្កាល ហើយ​គេហទំព័រអាចដោះស្រាយបញ្ហានោះបានយ៉ាងងាយនោះ ការបង្កើតគេហទំព័រគឺគ្រប់គ្រាន់ហើយ ផ្ទុយទៅវិញ ប្រសិនបើអតិថិជនត្រូវការ​ចូលមក​ទំនាក់ទំនងយើងញឹកញាប់ ឬជាប្រចាំ វាជាពេលដ៏ល្អមួយដែលយើងអាចបង្កើត​Appសម្រាប់អាជីវកម្មហើយ។ អ្នកគួរតែផ្តោតលើការផ្តល់ដំណោះស្រាយសម្រាប់អតិថិជន ជាជាងបង្កើតកម្មវិធីមួយដោយគ្រាន់តែអ្នកចង់ និងមានលទ្ធភាពតែប៉ុណ្ណោះ។

៥. តើវាមានគុណប្រយោជន៍យ៉ាងតិច៣ដែរឬទេ?

គ្រប់គ្នាគឺមានភាពជ្រួលជ្រើមក្នុងបង្កើតAppតាមគ្នា ប៉ុន្តែពួកគាត់មិនបានគិតដល់ពីគោលបំណងនៃការបង្កើតដែលអាចផ្តល់គុណតម្លៃ​ និងអាចដោះស្រាយបញ្ហារបស់អតិថិជនបាន។ ដូចនេះ មុននឹងចង់បង្កើត អ្នកគួរតែគិតថាវាអាចនឹងមានប្រយោជន៍ ហើយមានមុខងារអ្វីខ្លះ? តើវាជួយឱ្យមានភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនង​អាជីវកម្មរបស់អ្នកដែរឬទេ? តើវាជួយឱ្យអតិថិជន​មានអារម្មណ៍ពិសេស និងផ្ទាល់ខ្លួនដែរទេ? តើវាជួយឱ្យបទពិសោធន៍ប្រើប្រាស់សេវាកម្ម ឬផលិតផលកាន់តែពិសេសឬក៏យ៉ាងណា? តើវាជួយឱ្យសេវាកម្មអ្នកកាន់តែរហ័ស? ប្រសិនបើអ្នកមាន​គុណប្រយោជន៍ពិសេសជូនដល់អតិថិជនយ៉ាងតិច៣ នោះអ្នកអាចពិចារណាក្នុងការបង្កើតAppបាន។

៦. តើគុណប្រយោជន៍អ្វីដែលអ្នកនឹងផ្តល់ឱ្យតាមរយៈApp?

ប្រសិនបើអ្នកចង់បង្កើតAppដោយសារតែ​ឃើញមានចំនួនអ្នកចូលមើលគេហទំព័រអាជីវកម្មអ្នកច្រើនតាមរយៈទូរស័ព្ទដៃនោះ វាជាកំហុសធំមួយដែលអ្នកគិតថាវាជាពេលដែលអ្នកត្រូវបង្កើតApp។ អ្វីដែលអ្នកត្រូវឆ្លើយមុននឹងបង្កើតនោះគឺ តើAppនោះផ្តល់អ្វីខ្លះជូនអតិថិជនខុសប្លែកពីគេហទំព័រ?ប្រសិនបើអ្នកមិនមានចម្លើយណាដែល្អសម្រាប់សំណួរនេះទេ ហើយគេហទំព័រវាគ្រប់គ្រាន់សម្រាប់មុខងារនេះ អ្នកគួរតែបោះបង់គំនិតនេះចោល ហើយទៅផ្តោតលើរឿងដែលសំខាន់ជាងនេះ។

៧. តើអ្នកអាចរក្សាទិន្នន័យ និងអាចវិភាគឥរិយាបថអតិថិជនដែរទេ?

សម្រាប់សម័យបច្ចេកវិទ្យា ទិន្នន័យគឺប្រៀបដូចជាប្រភពរ៉ែប្រេងកាតអញ្ចឹង គឺមានតម្លៃកាត់ថ្លៃមិនបាន។ តែទិន្នន័ននេះមិនមែនបានន័យថាគ្រាន់តែចំនួន​អ្នកប្រើប្រាស់​ ឬចំនួនស្ថិតិសមញ្ញៗនោះទែ គឺជាទិន្នន័យដែលអ្នកអាច​យក​មកវិភាគ​ និងសិក្សាពីឥរិយាបថអតិថិជន និងការចង់បានរបស់អតិថិជន​ដើម្បីយកទិន្នន័យនេះមក​ប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍​អាជីវកម្ម និងការប្រមើលមើលពីអនាគតអាជីវកម្ម។ ប្រសិនបើAppដែលអ្នកចង់បង្កើតអាចទាក់ទាញ​អតិថិជន​ឱ្យចូលមកប្រើប្រាស់ញឹកញាប់ ហើយអាច​រក្សា ឬចាប់យកទិន្នន័យ​ឥរិយាបទអតិថិជនបាន វាជាគំនិតមួយដ៏ល្អដែលគួរវិនិយោគបង្កើត តែប្រសិនគ្រាន់តែបង្ហាញព័ត៌មានទូទៅពី​ប្រវត្តិក្រុមហ៊ុន និងមិនមានអ្វីច្រើនដើម្បីឱ្យគេចូលមើលជាបន្តបន្តាប់នោះទេ អ្នកគួរតែបោះបង់គំនិតបង្កើតApp​ទៅ។

 

ហាក់ គីមថុងhttp://www.hak-kimthong.com
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។

Most Popular