តើឥរិយាបថនៅក្នុងការទិញរបស់អតិថិជនមានអ្វីខ្លះ?

2616
តើឥរិយាបថនៅក្នុងការទិញរបស់អតិថិជនមានអ្វីខ្លះ?

មានថ្ងៃមួយអ្នកកំពុងតែអង្គុយលេងជាមួយមិត្តភក្តិរបស់អ្នកហើយស្រាប់តែពេលនោះមិត្តភក្តិរបស់អ្នកក៏បាននិយាយដល់ហាងកាហ្វមួយកន្លែងនៅឯខេត្តកំពតដែលជាហាងកាហ្វេនៅលើភ្នំដែលប្រកបដោយបរិយាកាសដ៏ល្អជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធសាកមសម្យបំផុតក្នុងការញុំាកាហ្វេនិងសម្រាក់កម្សាន្តលំហែអារម្មណ៍។ ពួកគេក៏បានបន្ថែមទៀតថាពួកគេចូលចិត្តហាងកាហ្វេនោះណាស់ខ្លាំងណាស់ហើយក៏បានណែនាំអ្នកឲ្យទៅហាងកាហ្វេនោះដែរ។ បន្ទាប់ពីអ្នកបានលឺមិត្តភក្តិរបស់អ្នកនិយាយហើយអ្នកហាក់ដូចជាមានការចាប់អារម្មណ៍និងកាន់តែចង់ដឹងបន្ថែមអំពីហាងកាហ្វេនោះ។ រួចអ្នកក៏បានទាញទូរស័ព្ទដៃរបស់មកដើម្បីស្វែងរក Page ​ហាងកាហ្វេមួយនោះនៅក្នុង Facebook។​ រួចអ្នកក៏សង្កេតឃើញថាទិដ្ឋភាពរបស់ហាងកាហ្វេមួយនោះពិតជាគួរឲ្យទាក់ទាញនិងគួរឲ្យចង់ទៅខ្លាំងណាស់ហើយគ្រោងនឹងទៅហាងកាហ្វេនោះនាថ្ងៃឈប់សម្រាក់ខាងមុខនេះ។ បន្ទាប់មកទៀតអ្នកក៏ចង់ដឹងថាហាងកាហ្វេនោះមានទីតាំងនៅផ្តុំណារួចអ្នកក៏ផ្ញើរសារ(Chat)ទៅកាន់​ Pageនោះដើម្បីសួរពីទីតាំងនិងព័ត័មានបន្ថែមរបស់ហាងកាហ្វេនោះ។ រហូតដល់ថ្ងៃឈប់សម្រាកមកដល់អ្នកក៏ធ្វើដំណើរទៅកាន់ហាងកាហ្វេនោះ។ ក្រោយពេលដែលអ្នកទៅដល់ហាងកាហ្វេនោះហើយអ្នកពិតជាពេញចិត្តនឹង​បរិយាកាសរបស់ហាងកាហ្វេនោះខ្លាំងណាស់ហើយក៏គិតក្នុងចិត្តថាអ្នកនឹងឈានចូលហាងកាហ្វេមួយនេះគ្រប់ពេលដែលអ្នកទៅលេងនៅខេត្តកំពត។ បន្ទាប់ពីទទួលបានបទពិសោធន៍ល្អៗទាំងនោះហើយអ្នកក៏បបួលមិត្តភក្តិរបស់អ្នកដទៃទៀតទៅហាងកាហ្វេនោះដើម្បីជួបជុំគ្នាលើកក្រោយ។
ឧទាហរណ៍ដែលបានលើកទ្បើងខាងលើនេះមិនមែនត្រឹមតែជាសាច់រឿងធម្មតាទេ។ អ្វីដែលអ្នកគួរតែចាប់អារម្មណ៍នោះគឺវាបានបង្ហាញឲ្យអ្នកឃើញយ៉ាងច្បាស់ពីឥរិយាបថរបស់អតិថិជនទូទៅនៅក្នុងការទិញផលិតផលឬប្រើប្រាស់សេវាកម្មណាមួយដែលជាទូទៅត្រូវបានកំណត់និងបែងចែកចេញជា ៥ ដំណាក់កាល។
តើឥរិយាបថនៅក្នុងការទិញរបស់អតិថិជនមានអ្វីខ្លះ?

១. Awareness ( ស្គាល់ )

 

Awareness គឺជាជំហានដំបូងបង្អស់នៃការទិញរបស់អតិថិជន។​ វាគឺជាដំណាក់កាលដែលអតិថិជនគោលដៅរបស់អ្នកចាប់ផ្តើមឃើញនិងស្គាល់អំពីម៉ាកយីហោឬកេរ្តិ័ឈ្មោះនៃអាជីវកម្មរបស់អ្នកតាមរយៈការណែនាំពីមនុស្សជុំវិញខ្លួន ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងវិទ្យុ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ជាដើម។ ស្របពេលគ្នានេះដែរម្ចាស់អាជីវកម្មគួរផ្តោតទៅលើការបង្កើតនូវការចងចាំរយៈពេលខ្លីសម្រាប់អតិថិជនដើម្បីជួយរំលឹកនិងធ្វើឲ្យអតិថិជនបានស្គាល់អំពីម៉ាកយីហោ( Brand) របស់អ្នកកាន់តែច្បាស់។

២ .Appeal( ចាប់អារម្មណ៍)

 

នៅត្រង់ដំណាក់កាលនេះអតិថិជនបានវិវត្តន៍ពីការស្គាល់ទៅជាចាប់អារម្មណ៍ហើយចង់ដឹងបន្ថែមពីផលិតផលឬសេវាកម្មរបស់អ្នក។ ចំពោះម្ចាស់អាជីវកម្មវិញអ្នកគួរតែព្យាយាមធ្វើយ៉ាងណាឲ្យម៉ាកយីហោ( Brand)របស់អ្នកកាន់តែទទួលបានការចាប់អារម្មណ៍ឬបង្កើតជាភាពភ្ញាក់ផ្អើលសម្រាប់អតិថិជនដែលធ្វើឲ្យអតិថិជនកាន់តែចាប់អារម្មណ៍ថែមទៀត។ ជាក់ស្តែងអ្នកអាចបង្កើតជាមាតិកា (Content) ជារូបភាពនិងវីដេអូដែលគួរឲ្យទាក់ទាញអំពីផលិផលឬសេវាកម្មរបស់អ្នករួចបង្ហោះនៅក្នុងគេហទំព័រអាជីវកម្ម(Facebook Page)របស់អ្នក។ ជាប្រយោជន៍នៅពេលដែលអតិថិជនដែលស្វែងរកផលិតផលឬសេវាកម្មរបស់អ្នកនៅតាមបណ្តាញសង្គមពួកគេនឹងបានឃើញហើយកាន់តែចាប់អារម្មណ៍ថែមទៀត។

៣. Ask(សាកសួរ)

 

ក្រោយពេលដែលអតិថិជនចាប់អារម្មណ៍នូវផលិតផលរបស់អ្នកហើយពួកគេនឹងព្យាយាមស្វែងរកនូវព័ត៌មានលម្អិតបន្ថែមទៀតពីផលិតផលរបស់អ្នកតាមរយៈមិត្តភក្តិ ក្រុមគ្រួសារនិង មនុស្សជុំវិញខ្លួនដែលធ្លាប់ប្រើផលិតផលរបស់អ្នកដើម្បីឲ្យបានដឹងពីមតិយោបល់និងបទពិសោធន៍នៃការប្រើប្រាស់ផលិតផលឬសេវាកម្មនោះថាយ៉ាងដូចម្តេចខ្លះ។ ក្រៅពីនេះពួកគេក៏អាចស្វែងរកមើលផលិតផលរបស់អ្នកតាមរយៈ Facebook Page ជាដើមដើម្បីឲ្យកាន់តែប្រាកដអំពីគុណភាពនៃផលិតផលឬសេវាកម្មនោះ។ ម្យ៉ាងវិញទៀតពួកគេក៏អាចក៏អាចទំនាក់ទំនងទៅកាន់អាជីវកម្មរបស់អ្នកផ្ទាល់តែម្តងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផលិតផលឬសេវាកម្មនោះ។ ជារួមវាអ្វីដែលអតិថិជនភាគច្រើនតែងតែធ្វើមុននឹងពួកគេធ្វើការសម្រេចចិត្តទិញផលិតផលណាមួយ។ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគួរគិតគូរពីយុទ្ធសាស្ត្រដែលធ្វើយ៉ាងណាឲ្យអតិថិជនទទួលបាននូវចម្លើយនិងព័ត៌មានលម្អិតផ្សេងៗដែលអាចជួយជម្រុញដល់ការសម្រេចចិត្តរបស់ពួកគេក្នុងការទិញផលិតផលរបស់អ្នក។

៤ . Act( សកម្មភាព)

 

ក្រោយពេលដែលពួកគេប្រមូលបាននូវព័ត៌មានគ្រប់គ្រាន់ហើយពួកគេនឹងសម្រេចចិត្តអមជាមួយនឹងសកម្មភាព។​ នៅត្រង់នេះពាក្យថាសកម្មភាពគឺសំដៅទៅលើការទិញរបស់អតិថិជន។​ អ្វីដែលមា្ចស់អាជីវកម្មគួរតែធ្វើនោះគឺជាការធានាថាអ្នកនឹងផ្តល់ជូនអតិថិជនរបស់នូវសេវាកម្មដែលល្អបំផុតនិងធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពួកគេជាមនុស្សដ៏ពិសេសសម្រាប់អ្នក។ លើសពីនេះទៅទៀតអ្នកគួរតែព្យាយាមផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាមួយពួកគេដែលធ្វើឲ្យពួកគេមានអារម្មណ៍វិជ្ជមាននិងទទួលបាននូវបទពិសោធន៍ល្អៗជាមួយនឹងអាជីវកម្មរបស់អ្នក។

៥ . Advocacy ( ទិញម្តងហើយម្តងទៀត)

ក្រោយពេលដែលអតិថិជនទទួលបាននូវអារម្មណ៍វិជ្ជមាននិងបទពិសោធន៍ល្អៗពីអាជីវកម្មរបស់អ្នកហើយពួកគេនឹងស្រាលាញ់ចូលចិត្តផលិតផលរបស់អ្នកហើយនឹងមកទិញពីអ្នកម្តងទៀត។​ ជាលទ្ធផលពួកគេនឹងក្លាយទៅជាអតិថិជនដែលនឹងទិញផលិតផលរបស់អ្នកម្តងហើយម្តងទៀតឬក្លាយទៅជាម៉ូយរបស់អ្នក។ ដោយសារតែការពេញចិត្តជាមួយនឹងអាជីវកម្មរបស់អ្នកនិងការទទួលបាននូវបទពិសោធន៍ល្អៗនេះហើយដែលធ្វើឲ្យពួកគេចង់ចែករំលែកបទពិសោធន៍ទាំងនោះឲ្យអ្នកដទៃបានដឹងដែរ។ពួកគេនឹងក្លាយទៅជាអ្នកដែលណែនាំនិងផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកឲ្យមនុស្សជុំវិញខ្លួនរបស់ពួកគេបានស្គាល់។ និយាយចំពោះម្ចាស់អាជីវកម្មវិញវាគឺជាការផ្សព្វផ្សាយអាជីវកម្មដែលមានប្រសិទ្ធភាពខ្ពស់បំផុតដោយគ្មានចំណាយថវិកាសូម្បីតែបន្តិច។ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគួរតែព្យាយាមពង្រឹងបន្ថែមទៀតនូវសេវាកម្មរបស់អ្នកឲ្យកាន់តែមានភាពល្អប្រសើរដែលធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកក្លាយទៅជាជម្រើសទីមួយនៅក្នុងចិត្តរបស់អតិថិជន៕