ពាណិជ្ជកម្ម
Home ធុរកិច្ច ហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?

ហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?

0

សេវាកម្មអតិថិជន(Customer Service) គឺជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែទទួលបានជោគជ័យនិងរីកចម្រើនទៅមុខ ដែលយើងអាចនិយាយម្យ៉ាងទៀតបានថាសេវាកម្មអតិថិជននេះគឺជាបេះដូងនិងជាខ្យល់ដង្ហើមនៃអាជីវកម្មដែលអាចធ្វើឲ្យអតិថិជនដែលបានទិញផលិតផលឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នកហើយ​ មានអារម្មណ៍សប្បាយចិត្ត កក់ក្ដៅ មានតម្លៃនិងចង់មកទិញនូវផលិតផលរបស់អ្នកម្ដងហើយម្ដងទៀតគ្មានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។យើងឃើញថាទោះបីជាការបង្កើតឲ្យមានសេវាកម្មអតិថិជនល្អ ត្រូវចំណាយធនធាន ពេលវេលា និងថវិកាច្រើនក៏ដោយ ប៉ុន្តែបើសិនជាអ្នកធ្វើវាបានជោគជ័យ(បង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អឥតខ្ចោះ) អាជីវកម្មរបស់អ្នកនឹងទទួលបាននូវការជឿជាក់ ទំនុកចិត្តពីអតិថិជន ដែលជាហេតុធ្វើឲ្យអ្នកអាចយកឈ្នះដៃគូប្រកួតប្រជែង និងអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។ជាពិសេសគឺអាចរក្សានូវកត្តិនាមក្រុមហ៊ុនរប​ស់អ្នកឲ្យកាន់តែមានភាពល្បីល្បាញ។

ដូចនេះតើការណ៍ដែលមានសេវកម្មអតិថិនល្អអាចជួយអ្វីដល់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នក?

១. ជួយរក្សានិងជួយបង្កើនអតិថិជនឲ្យបានច្រើន

សេវាកម្មអតិថិជនមួយដែលល្អអស្ចារ្យគឺគួរតែផ្ដោតសំខាន់ទៅលើការបម្រើជូន ការមើលថែទាំ និងតាមដានពីតម្រូវការរបស់ពួកគេឲ្យបានល្អ ថាពួកគេត្រូវការអ្វីពីអ្នក ជាពិសេសនោះគឺត្រូវរីករាយចំពោះការឆ្លើយតបនិងជួយដោះស្រាយរាល់បញ្ហាដែលពួកគេកំពុងតែជួបប្រទះ។ ការដែលធ្វើបែបនេះ អាជីវកម្មនិងក្រុមហ៊ុនរបស់អ្នកនឹងទទួលបានការចូលរួម និងការគាំទ្រពីអតិថិជនបានកាន់តែច្រើន ហើយថែមទាំងជួយកសាងនូវទំនាក់ទំនងរវាងអ្នកនិងអតិថិជនអ្នកកាន់តែជិតស្និទ្ធទៀតផង។ជាក់ស្ដែងយើងឃើញថាអតិថិជនភាគច្រើនដែលតែងតែបន្តនូវការកម្ម៉ង់ឬទិញទំនិញពីហាងដដែលឬក្រុមហ៊ុនដដែលនោះគឺដោយសារតែពួកគេទុកចិត្តនិងជឿជាក់រាល់ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនទាំងនោះបានផ្ដល់ជូន។ ករណីបែបនេះបើសិនជាខាងក្រុមហ៊ុនរបស់អ្នកពិតជាបានផ្ដល់នូវសេវាកម្មអតិថិជនមួយដ៏ល្អឥតខ្ចោះទៅកាន់អតិថិជនទាំងនោះពិតមែន នោះក្រុមហ៊ុនអ្នកនឹងកាន់តែមានអតិថិជនច្រើនឡើងៗដែលអ្នកនឹកស្មានមិនដល់។

២. ជួយពង្រីកម៉ាកយីហោរបស់អ្នកឲ្យកាន់តែទូលាយ
ពាណិជ្ជកម្ម

​​​​​​​       ហេតុអ្វីបានជាសេវាកម្មអតិថិជនអាចធ្វើឲ្យម៉ាកយីហោរបស់អ្នកកាន់តែល្បី?

ដើម្បីជួយឲ្យម៉ាកយីហោ(Brand)របស់អ្នកកាន់តែល្បី មានអ្នកស្គាល់ច្រើន មានអ្នកពេញចិត្តច្រើន រឿងដំបូងដែលក្រុមហ៊ុនអ្នកត្រូវចាប់ផ្ដើមនោះ គឺត្រូវបង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អបំផុតដើម្បីផ្ដល់ទៅឲ្យពួកគេ។ កាលណាដែលសេវាកម្មរបស់អ្នកកាន់តែរហ័ស កាន់តែល្អឥតខ្ចោះ នោះភាគរយដែលអតិថិជននឹងមកគាំទ្រ និងប្រើប្រាស់ផលិតផលរបស់អ្នកនឹងកាន់តែរីកធំៗឡើង។អ្វីដែលសំខាន់នោះគឺ ក្រុមហ៊ុនអ្នកត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាងាយស្រួល សុវត្ថិភាព សប្បាយចិត្ត កក់ក្ដៅ និងមានអារម្មណ៍ថាជាពិសេសបន្ទាប់ពីប្រើប្រាស់នូវផលិតផលឬសេវាកម្មរបស់អ្នក។ ពេលដែលអតិថិជនរបស់អ្នកមានអារម្មណ៍បែបនេះហើយ ច្បាស់ណាស់ពួកគេនឹងជួយផ្សព្វផ្សាយនូវម៉ាកយីហោរបស់អ្នកទៅកាន់មនុស្សជាច្រើនឲ្យបានស្គាល់រួមមាន មិត្តភក្តិ ក្រុមគ្រួសារ អ្នកស្គាល់គ្នា និងមនុស្សជាទីស្រលាញ់ជាដើម។ កំឡុងពេលនោះហើយគឺជាពេលដែលម៉ាកយីហោរបស់អ្នកត្រូវបានសាយភាយ និងត្រូវបាននិយាយពីម្នាក់ទៅម្នាក់ដែលជាហេតុធ្វើឲ្យអ្នកកាន់តែទទួលបានជោគជ័យក្នុងវិស័យធុរកិច្ចនេះ។

 ៣. សេវាកម្មអតិថិជនល្អធ្វើឲ្យអតិថិជនស្មោះត្រង់នឹងអ្នក

ប្រសិនបើអតិថិជនដែលធ្លាប់ទៅទិញទំនិញនៅហាងរបស់អ្នក ហើយទទួលបាននូវការរាក់ទាក់ ការមើលថែ ការណែនាំនិងទទួលបាននូវសេវាកម្មមួយដ៏ល្អពីហាងអ្នក នោះប្រាកដណាស់គឺគ្មានផ្លូវដែលអតិថិជនទាំងនោះអាចបោះបង់ទំនិញនៅហាងអ្នកចោលហើយរត់ទៅទិញទំនិញនៅហាងដទៃទៀតដែលជាដៃគូរប្រកួតប្រជែងរបស់អ្នកនោះទេ។ដូចនេះដើម្បីធ្វើឲ្យអតិថិជនបន្តនូវភក្ដីភាពចំពោះអាជីវកម្មរបស់អ្នកឲ្យបានយូរអង្វែង អ្នកត្រូវតែផ្ដល់នូវអ្វីដែលអតិថិជនត្រូវការ ដូចជាផ្ដល់នូវការប្រឹក្សាយោបល់ ជួយដោះស្រាយបញ្ហា និងផ្ដល់នូវសេវាកម្មល្អៗទៅដល់ពួកគេជាដើម ដើម្បីឲ្យពួកគេចងចាំអ្នកជានិច្ច។

ជារួមប្រសិនបើអ្នកចង់ឲ្យដំណើរការអាជីវកម្មរបស់អ្នករីកដុះដាលកាន់តែខ្លាំង ព្រមទាំងអាចបន្តឈរជើងបានយូរអង្វែងនិងជារៀងរហូត អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសេវាកម្មអតិថិជននេះ​ ពោលគឺត្រូវធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្តនឹងអ្នក ស្មោះនឹងអ្នក ព្រោះក្រុមហ៊ុនអ្នកអាចទៅមុខឬថយក្រោយបានគឺដោយសារតែសេវាកម្មអតិថិជននេះឯង។

 

 

គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។
Exit mobile version