តើ Page ដែលមាន Blue Verified Badge គឺជាអ្វី?

712
តើ Page ដែលមាន Blue Verified Badge គឺជាអ្វី?

 

មួយរយៈចុងក្រោយនេះមានម្ចាស់អាជីវកម្មឬអ្នកទីផ្សារមួយចំនួនធំបានងាកមកចាប់អារម្មណ៍ហើយ​ក៏មានចម្ងល់យ៉ាងច្រើនទាក់ទងនឹង Page ដែលមាន Blue Verification Badge ។ អ្នកខ្លះក៏បានចំណាយលុយអស់រាប់ពាន់ដុល្លារទៅទិញ Page បែបនេះដោយរំពឹងថាអាចជួយឲ្យអាជីវកម្មរបស់ខ្លួននៅលើ Facebook មានភាពល្អប្រសើរជាងមុន ។ ប៉ុន្តែចំពោះការពិតជាក់ស្តែងវិញតើវាពិតជាអញ្ជឹងមែនដែរឬទេ? តើអ្នកគួរតែចំណាយលុយយ៉ាងច្រើនទៅទិញ Page នោះដែរឬទេ ? តើវាពិតជាចាំបាច់ដែរឬទេ?

ទាំងនេះគឺជាសំណួរដែលមនុស្សជាច្រើនកំពុងតែចោទសួរដើម្បីទទួលបាននូវចម្លើយ ។ ដូច្នេះអត្ថបទនេះនឹងជួយអ្នកនៅក្នុងការស្រាយចម្ងល់ទាំងអស់នេះក៏ដូចជាចែករំលែកនូវចំណេះដឹងមួយចំនួនជុំវិញបញ្ហាដែលបានលើកឡើងខាងលើនេះ ។

តើ Verified Page ឬ Profile គឺជាអ្វី ?

ប្រសិនបើអ្នកឃើញ Verified Badge នៅលើ Page ឬ Profile មានន័យថា Facebook បានទទួលស្គាល់ថាវាគឺជា Page ឬ Profile ផ្លូវការណ៍របស់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រុមហ៊ុន និង ម៉ាកយីហោ( Brand) ល្បីៗ ។ គួរបញ្ជាក់ផងដែរថាមិនមែនតារាល្បីៗ និងម៉ាកយីហោ ( Brand) ល្បីៗ ទាំងអស់សុទ្ធតែទទួលបាននូវ Verified Badge ពី Facebookនោះទេ គឺលុះត្រាតែពួកគេអាចបំពេញទៅតាមលក្ខណ្ឌទាំងអស់របស់ Facebook ទើបអាចទទួលបាននូវសញ្ញាមួយនេះ ។

ហេតុអ្វីបានជាការទទួលបាននូវ Verification Badge គឺជារឿងដែលសំខាន់?

. ទទួលបាននូវទំនុកចិត្តពីអតិថិជន

នៅពេលដែលអតិថិជនមើលឃើញនូវ Verification Badge នៅលើ Page នៃអាជីវកម្មរបស់អ្នកពួកគេនឹងគិតថាអាជីវកម្មរបស់អ្នកជាអាជីវកម្មដែលមានការទទួលស្គាល់ មានកេរ្តិ៍ឈ្មោះល្បី មានអ្នកស្គាល់ច្រើននិងអាចទុកចិត្តបាន។ តាមរយៈកត្តាមួយនេះអ្នកអាចទាក់ទាញចិត្តរបស់អតិថិជនឲ្យជ្រើសរើសអាជីវកម្មរបស់អ្នកបានងាយស្រួលជាងមុន។

. បញ្ជៀសនូវការក្លែងបន្លំ

ការទទួលបាននូវ Verification Badge អាចបញ្ជៀសអាជីវកម្មរបស់អ្នកពីការក្លែងបន្លំបាន ។ ជាក់ស្តែងយើងសង្កេតឃើញថាការក្លែងបន្លំគឺតែងតែកើតមានឡើងចំពោះអាជីវកម្មជាច្រើន។ ឧទាហរណ៍ថាមានគេបង្កើត Page ហើយក្លែងបន្លំថាជា Page របស់អ្នកដោយដាក់ឈ្មោះនិងរូបភាពដូចជា Page របស់អ្នកបេះបិទ ។ បន្ទាប់មកទៀតពួកគេបានយក Page នោះប្រព្រឹត្តរឿងខុសច្បាប់មួយចំនួនដូចជាបោកប្រាស់ឬឆបោកគេជាដើមដែលធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថាអ្នកដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នក ។ ដូច្នេះការទទួលបាននូវ Verification Badge នឹងជួយអ្នកនៅក្នុងការទទួលបាននូវអត្តសញ្ញាណមួយដែលច្បាស់លាស់​ ផ្លូវការនិងជៀសវាងការក្លែងបន្លំបាន។

. អតិថិជនអាចស្វែងរក Page របស់អ្នកបានរហ័សនិងងាយស្រួលជាងមុន

ការទទួលបាននូវ Verification Badge មានន័យថា​ Facebook បានធ្វើការទទួលស្គាល់នូវ Page របស់អ្នកជាផ្លូវការហើយដូច្នេះអ្នកអាចនឹងទទួលបាននូវឱកាសដែលអតិថិជនអាចមើលឃើញមុនគេនៅពេលដែលពួកគេធ្វើការស្វែងរក ។

. មានលទ្ធភាពទទួលបាននូវមុខងាថ្មីៗ

នៅពេលដែលអ្នកទទួលបាន Verification Badge ហើយអ្នកនឹងអាចមានលទ្ធភាពទទួលបាននូវមុខងារពិសេសៗមួយចំនួនដែល Page ឬ គណនីធម្មតាគ្មាន ។ ជាក់ស្តែងដូចជាអ្នកអាចធ្វើការ Boost នៅអំឡុងពេល Live Stream ដើម្បីឲ្យបានទៅដល់មនុស្សកាន់តែច្រើនជាងមុន ជាដើម  ។