Homeយុទ្ធសាស្ត្រទីផ្សារគ្រាន់តែផ្លាស់ប្តូរបន្តិច ១ថ្ងៃ​កើន​ការបរិច្ចាកជិត២០ម៉ឺនដុល្លារជាមួយ​នឹង​យុទ្ធនាការរត់ជាមួយ​សាយជួយ​កុមារកម្ពុជា

គ្រាន់តែផ្លាស់ប្តូរបន្តិច ១ថ្ងៃ​កើន​ការបរិច្ចាកជិត២០ម៉ឺនដុល្លារជាមួយ​នឹង​យុទ្ធនាការរត់ជាមួយ​សាយជួយ​កុមារកម្ពុជា

 

“ ខ្មែរជួយខ្មែរ ស្មារតីស្រឡាញ់ជាតិ” គឺជាឃ្លាប្រយោគដែលបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប ។ យ៉ាងណាមិញដោយសារតែឃ្លាប្រយោគមួយនេះហើយដែលជាកត្តាជម្រុញចិត្តឲ្យសិល្បៈករវ័យក្មេងម្នាក់គឺលោកសាយដែលបានលះបង់ពេលវេលា ថវិកា កម្លាំងកាយនិងកម្លាំងចិត្តនៅក្នុងការផ្តួចផ្តើមធ្វើនូវកម្មវិធីសម្បុរសធម៌ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #SaiRunCharityKH ក្នុងរយៈពេល ៩៩ ថ្ងៃដើម្បីប្រមែប្រមូលថវិកាមូលនិធិក្នុងការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែត្រូវការជំនួយក្នុងការជួយសង្គ្រោះជិវិតកុមារកម្ពុជាជាច្រើននាក់ ។ ចាប់តាំងពីថ្ងៃទី ៦ ​​ខែ តុលា មករហូតមកដល់ពេលនេះរូបលោកនិងក្រុមការងារក៏ដូចជាអ្នកស្ម័គ្រចិត្តមួយចំនួនធំបាននូវកំពុងតែបន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ ។

 

Charity running

គួរបញ្ជាក់ផងដែរថាគិតចាប់តាំងពីថ្ងៃទី ៦​ ខែ​ តុលា​  រហូតមកដល់ថ្ងៃអង្គារ ដែលត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ២០២០​មូលនិធិនៃថវិកាដែលបានបរិច្ចាគគឺទទួលបានត្រឹមតែ ២០ % នៃថវិកាសរុប(២៥មុឺនដុល្លារ)ដែលបានគ្រោងទុកតែប៉ុណ្ណោះដែលអាចចាត់ទុកថាជាចំនួនមួយដ៏តិច ។ ដូច្នេះហើយនា ថ្ងៃ១១ ខែ វិច្ឆិកា​ ឆ្នាំ ២០២០ លោកសាយក៏បានបង្ហោះសារមួយនៅលើគណនីរបស់
លោកដែលខ្លឹមសារដូចខាងក្រោម:
Charity running

 

ជាលទ្ធផលត្រឹមតែរយៈពេល ២៤​ ម៉ោងតែប៉ុណ្ណោះ ទឹកប្រាក់បរិច្ចាគស្រាប់តែមានការកើនឡើងយ៉ាងឆាប់រហ័សដោយនឹកស្មានមិនដល់គឺរហូតទៅដល់ ៧៥១ លានរៀលដែលស្មើនឹងចំនួនទឹកប្រាក់ចំនួន ១៨៣ ០០០ ដុល្លារ ។ ដែលចំនួនដ៏សន្ធឹកសន្ធាប់នេះទទួលបានមកពីការបរិច្ចាគរបស់ប្រជាជនខ្មែរតាមរយៈការលេងហ្គេម #onedollarchallengeforcambodianchildren #១ដុល្លារសម្រាប់កុមារកម្ពុជា ដែលនៅលើ បណ្តាញសង្គម Facebookនេះឯង ។

 

Charity Running with Sai

 

​​​​​​​​​​​​​ជាក់ស្តែងដោយសារទឹកចិត្តនិងស្មារតីលះបង់ដើម្បីកុមារកម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចាប់អារម្មណ៍នឹងការលេងហ្គេមមួយនេះហើយបានធ្វើការបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនរបស់ពួកគេចូលក្នុងមូលនិធិមួយនេះក៏ដូចជាចែករំលែកទៅកាន់មិត្តភកត្តិដទៃទៀតនៅក្នុង បណ្តាញសង្គមFacebook​​ ថែមផងដែរ  ។
និយាយនៅក្នុងបរិបទនៃការធ្វើទីផ្សារមូលហេតុដែលធ្វើឲ្យយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យគឺ

 

.ការជ្រើសរើសនូវច្រកផ្សព្វផ្សាយឲ្យបានត្រឹមត្រូវគឺជារឿងដែលសំខាន់

 

ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើឥរិយាបថនិងផ្នត់គំនិតរបស់មនុស្ស ។​ ម្យ៉ាងវិញទៀតវាគឺជាច្រកផ្សព្វផ្សាយមួយដ៏មានសក្តានុពលដែលអាចបញ្ជូននូវព័ត៌មាននានាបានយ៉ាងរហ័សនិងទូលំទូលាយថែមទៀតផង។ ក៏ដោយសារតែ Facebook នេះដែរទើបយុទ្ធនាការខាងលើនេះទទួលបានជោគជ័យដែលព័ត៌មានត្រូវបានចែកចាយតៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលត្រឹមតែរយៈពេល ១ ថ្ងៃសោះអ្នកប្រើប្រាស់ Facebook រហូតដាល់រាប់ពាន់ រាប់សែននាក់បានដឹងហើយចូលរួមបរិច្ចាគដែរ ។ នេះសបញ្ជាក់ឲ្យឃើញថាបណ្តាញសង្គមមិនមែនត្រឹមតែវេទិកាសម្រាប់តែភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ផ្ទុយទៅវិញវានឹងក្លាយទៅជាឧបករណ៍ដ៏មានប្រយោជន៍បំផុតប្រសិនបើអ្នកមានភាពឆ្លាតវៃនៅក្នុងការប្រើប្រាស់វាឲ្យបានចំគោលដៅ ។

 

. កត្តាចិត្តសាស្រ្តនិងអារម្មណ៍( Psychology and Emotion)

 

កត្តាអារម្មណ៍ ( Emotional ) :

 

នៅអំឡុងពេលដែលក្មេងៗជាច្រើនកំពុងតែលំបាកហើយត្រូវការចំនួយប្រាកដណាស់មនុស្សជាច្រើននឹងមានអារម្មណ៍ថាអាណិតហើយក៏ចង់ចូលរួមចំណែកក្នុងការជួយផងដែរ ទើបពួកគេធ្វើការបរិច្ចាគទោះបីត្រឹមតែ ១ ដុល្លារ ឬច្រើនជាងនេះក្តីវាគឺជាទឹកចិត្តដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាយ៉ាងហោចណាស់ពួកគេក៏បានធ្វើសកម្មភាពល្អតូចមួយសម្រាប់សង្គមដែរ  ។
កត្តាចិត្តសាស្ត្រ ( Publicity ):

 

ជាក់ស្តែងនៅពេលដែលយើងមើលឃើញថា មនុស្សដែលអ្នកស្គាល់ ធ្វើការ បង្ហោះនូវរូបភាពដែលពួកគេគ្រប់គ្នាបរិច្ចាគយើងក៏មានអារម្មណ៍ថាអ្នកក៏គួរតែបរិច្ចាគដែរពីព្រោះគ្រប់គ្នាបានធ្វើរួចហើយ ។ ជារួមមនុស្សភាគច្រើនអាចនឹងមានទំនោរទៅលើរឿងអ្វីមួយប្រសិនបើពួកគេឃើញមនុស្សជុំវិញខ្លួនធ្វើសកម្មភាពនោះដែរ ។

 

. ភាពច្នៃប្រឌិតនិងបម្លាស់ប្តូរ   

 

ជាក់ស្តែងដូចជាកម្មវិធីខាងលើដែលដំបូងលោកសាយនិងក្រុមការងាររបស់លោកគ្រាន់តែថតវីដេអូនិងរូបភាពរួចបង្ហោះនៅលើ Facebookតែប៉ុណ្ណោះដែលហាក់ដូចជាពុំសូវទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេ ។ ប៉ុន្តែដោយសារតែការផ្លាស់ប្តូរបន្តិចបន្តួចដោយមានភាពច្នៃប្រឌិតបង្កើតជា យុទ្ធនាការ #១ដុល្លារសម្រាប់កុមារកម្ពុជា #onedollarchallengeforcambodianchildren ដោយលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ធ្វើការបរិច្ចាគថវិការបស់ខ្លួនត្រឹមតែ ១ដុល្លារ តែប៉ុណ្ណោះដើម្បីជួយដល់ក្មេងៗដែលកំពុងតែត្រូវការជំនួយ ។​​​​​

 

ជារួមខាងលើនេះគឺជាមេរៀនមួយចំនួនដែលអាចយកមកពិចារណាហើយឆ្លុះបញ្ជាំងមកលើអាជីវកម្មរបស់អ្នកបាន ។ យុទ្ធនាការទីផ្សាររបស់អ្នកអាចនឹងទទួលបាននូវភាពជោគជ័យប្រសិនបើអ្នកមានភាពច្នៃប្រឌិតនិងសម្របទៅតាមបរិបទក៏ដូចជាទំនោរនៃអតិថិជនរបស់អស់ ។ យ៉ាងណាមិញប្រហែលជាអ្នកគិតថាកម្មវិធីសម្បុរសធម៌ខាងលើនេះហាក់ដូចជាគ្មានអ្វីទាក់ទងជាមួយនឹងការធ្វើទីផ្សារឬក៏ការធ្វើអាជីវកម្មនោះទេ។ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលគិតពិចារណានិងវិភាគឲ្យស៊ីជម្រៅពីវាប្រាកដណាស់អ្នកនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងមេរៀនដែលមានប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នក ។ សូមរំលឹកខ្លួនឯងថា​អ្វីៗដែលនូវជុំវិញខ្លួនអ្នកគឺជាមេរៀនដល់ល្អសម្រាប់អ្នក ចំនាយពេលសង្កេតឲ្យបានច្រើននោះអ្នកនឹងមានគំនិតថ្មីៗនិងល្អៗកាន់តែច្រើនផងដែរ ។ សហគ្រិនឬម្ចាស់អាជីវកម្មដែលជោគជ័យពិតប្រាកដគឺជាបុគ្គលដែលពូកែសង្កេតមើលអ្វីៗដែលនូវជុំវិញខ្លួនហើយឲ្យតម្លៃទៅលើការរៀននិងទទួលយកនូវចំណេះដឹងថ្មីៗជានិច្ច។

Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

Most Popular