ទំនងតើ!

បណ្តាញសង្គម​គឺជា​ច្រក​ពាណិជ្ជកម្មដ៏មមាញឹក​ក្នុង​ការផ្សព្វផ្សាយ​ផលិតផល និងសេវាកម្ម ហើយក៏ជា​ច្រកដែលបានជួយ​ឱ្យ​ម្ចាស់អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជារីកធំធាត់បានយ៉ាងឆាប់រហ័ស និងអាច​ប្រកួតប្រជែងជាមួយ​នឹងម៉ាក​សញ្ញា​ធំៗបាន​។

ការវិវឌ្ឍ​ន៍​នៃ​សម័យកាល និងវត្តមានថ្មីរបស់បណ្តាញសង្គមជំនាន់ក្រោយ និងការកែប្រែ​របស់បណ្តាញសង្គម​ចាស់ៗ បានធ្វើឱ្យអ្នកប្រើប្រាស់​មានការ​ប្រែប្រួល​ពី១ឆ្នាំ ទៅ១ឆ្នាំ ​ដែលទាមទារ​ឱ្យម្ចាស់អាជីវកម្ម អ្នកទីផ្សារ​សម័យទំនើប​ត្រូវ​តាមដាន និង​បត់បែន​ជានិច្ច។

ថ្វីត្បិតតែ​បច្ចុប្បន្ននេះមានបណ្តាញសង្គមជាច្រើននៅលើពិភពលោក ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំ​បណ្តាញសង្គម​៥ ដែលអាច​បន្តជួយ​ពង្រីក​វិសាលភាព​សេវាកម្ម និងការលក់ផលិត​របស់អ្នក​ទាំងអស់គ្នាបាន​នៅឆ្នាំ២០២១​នេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

Facebook

ថ្វីត្បិត​តែ​បណ្តាញសង្គមនេះ​មានវត្តមាន និងភាពល្បីល្បាញនៅកម្ពុជា​១ទស្សវត្សហើយក៏ដោយ ច្រកមួយនេះនៅតែពេញនិយម និងនៅតែមានការប្រើប្រាស់ច្រើន ហើយក៏ជា​បណ្តាញផ្សព្វផ្សាយ​ដែលផ្តល់ផល​ឈានមុខគេ​ដដែលក្នុងឆ្នាំ​២០២១នេះ។ ប៉ុន្តែអ្វីដែលប្រែប្រួល គឺFacebookកាន់តែទាមទារ​ឱ្យអ្នកផ្សព្វផ្សាយកាន់តែ​មានភាពច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បី​រក្សា​ប្រសិទ្ធភាពផ្សព្វផ្សាយ និងកាន់តែប្រយ័ត្នប្រយ៉ែង​លើការបង្ហោះ​មាតិការណា​មិនស្របនឹងគោលការFacebook បើពុំដូច្នោះទេ ផេក​របស់អ្នកអាច​នឹងត្រូវ​បិទបណ្តោះអាសន្ន ឬ​ដកចេញ​ពី​Facebook តែម្តង។

TikTok

ជាបណ្តាញ​សង្គម​កូនពៅ​គេមួយ តែទទួលបានការគាំទ្រយ៉ាងច្រើនពី​យុវវ័យ​​ហើយ​មានអ្នកប្រើប្រាស់ជាង ៨០០លាននាក់លើពិភពលោក និងទទួលបានការបញ្ចូល​លើទូរស័ព្ទ​ជាង​២ពាន់លានដងដោយរួមបញ្ចូលទាំង​ Google Play និង App Store។ បើតាមទំនោរនៃការប្រើប្រាស់ Tik Tok នឹងកាន់តែផុសផុល​នៅក្នុងឆ្នាំ​២០២១​នេះ​នៅប្រទេស​កម្ពុជា​ ហើយ​វានឹងលែងក្លាយជា​បណ្តាញ​សង្គមបែកស្លុយទៀតហើយ ដោយ​សារតែមួយរយៈពេលចុងក្រោយនេះ​មាន​មាតិការ​ជាច្រើនដែលមាន​ប្រយោជន៍​ខ្លីៗ និងមានប្រយោជន៍ហើយទទួលបានការគាំទ្រជាច្រើន។ មិនតែប៉ុណ្ណោះ មាន​ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម​មិនតិច​ទេ​ដែល​បាន​ឆក់យកឱកាសនេះ​ដើម្បីបង្កើតមាតិការ​ដើម្បីទាញផលប្រយោជន៍បានយ៉ាងច្រើន។

Tik Tokគឺជា​បណ្តាញ​សង្គមថ្មីមួយដែល​មានទំនោរដូច Facebookកាលពីជាង១០ឆ្នាំមុនយ៉ាងដូច្នេះដែរ ដោយ​ច្រកមួយនេះ​​មានភាពងាយស្រួលក្នុងការ​ទទួលបានFan ដោយមិនចាយលុយ​ តែខ្ញុំជឿជាក់ថា បន្ទាប់​ពី​មានការ​គាំទ្រ និងប្រើប្រាស់ច្រើន យើងនឹងចៀសមិនរួចក្នុងការចាយលុយ​ដើម្បីផ្សព្វផ្សាយដូចការវិវឌ្ឍនៃFacebook ហើយនេះគឺជា​ឱកាស​ល្អដែលយើងគួរចាប់ផ្តើម​ដើម្បីកាត់បន្ថយការចំណាយ និង​ចាប់ឱកាស​ ខណៈដែលអ្នកផ្សេងជាច្រើនទៀតមិនទាន់ចូលមក។

YouTube

វាជាទីកន្លែងដែលគ្រប់គ្នាចូលទៅមើលវីដូអូរាប់ពាន់លាន ហើយទទួលបានការពេញនិយម​យ៉ាងខ្លាំង​នៅកម្ពុជា​ក៏ដូចជាពិភពលោក។ ពីមុន​បណ្តាញសង្គមមួយនេះមិនសូវមានមុខងារច្រើនក្រៅពីជាកន្លែងបង្ហោះ​វីដេអូនោះទេ តែមួយរយៈចុងក្រោយនេះ YouTubeបានកែប្រែខ្លួនបន្តិចម្តងៗ ដោយមានបញ្ចូលទាំងមុខងារ Story និងការបង្ហោះជាមាតិការរូបភាពផងដែរ​។

ប្រសិនបើអ្នកមានលទ្ធភាព និងមានភាពច្នៃប្រឌិតលើការបង្កើតវីដេអូ​ YouTubeគឺជាកន្លែងមួយដែលអ្នក​ផលិត​មាតិការ​ដើម្បីទាក់ទាញអ្នកប្រើប្រាស់នៅទីនោះរាប់លាននាក់។ តែប្រសិនបើអ្នកមិនសូវមានដុងខាងបង្កើតវីដូអូទេនោះ អ្នកក៏អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មលើនោះផងដែឬ​ដើម្បីបង្កើន​ការស្គាល់ម៉ាកសញ្ញារបស់អ្នក។

Instagram

បណ្តាញសង្គមមួយនេះគឺជាបុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Facebook ហើយក៏ទទួលបានការគាំទ្រ​មិនតិចទេ​នៅប្រទេសកម្ពុជា ជាពិសេស​អ្នកប្រើប្រាស់វ័យក្មេង។ វាជាបណ្តាញសង្គមបែបចែករំលែករូបភាព ហើយល្អសម្រាប់អ្នកដែល​មានអាជីវកម្ម​បែបយុវវ័យសម័យថ្មី។ មិនតែប៉ុណ្ណោះ មួយរយៈក្រោយនេះ Instagram កាន់តែបង្កភាពងាយស្រួលដោយសារតែអាច​បង្កើត​ហាង​លក់ទំនិញ អាចភ្ជាប់ជាមួយFacebook ដែលយើងអាចបង្ហោះពីFacebookផ្ទាល់ចូលទៅគណនីInstagram ត្រួតពិនិត្យសារ និងមតិយោបល់នៅលើFacebookតែមួយកន្លែង ហើយអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ចេញពីFacebookថែមទៀតផង។

LinkedIn

ជាបណ្តាញសង្គម​ភាគច្រើនសម្រាប់អ្នក​ជំនាញ និងស្វែងរកបេក្ខជន​បម្រើការងារ។ LinkedIn គឺជា​បណ្តាញ​សង្គមដែលមាន​វត្តមាន​ជាង​១ទស្សវត្សន៍ហើយ តែទើបតែ​មានសន្ទុះប្រើប្រាស់គួរសមមួយ​រយៈចុងក្រោយនេះនៅកម្ពុជាដោយសារតែមានការកែប្រែរូបរាងថ្មី ថែមមុខងារថ្មី និងជាកន្លែងដែលយើងអាច​ពង្រីកចំណេះដឹង និងជំនាញបាន។

ប្រសិនបើអ្នកមានអាជីវកម្ម​បែប B2B (ស្វែងរកដៃគូរ ឬផ្តល់សេវាកម្ម/ផលិតផលដល់ក្រុមហ៊ុន) LinkedInអាច​ជា​កន្លែងដែលផ្តល់ផល​ដល់អ្នក។ ប្រសិនបើអ្នក​កំពុងតែ​ស្វែងរក​បេក្ខភាពសម្រាប់បម្រើក្នុងក្រុមហ៊ុនអ្នក បណ្តាញសង្គមនេះប្រាកដជា​ជួយអ្នកបានដោយសារតែកន្លែងនេះសម្បូរ​ទៅដោយ​អ្នកជំនាញប្រើប្រាស់ ខុសពីFacebookដែលភាគច្រើន​ប្រើប្រាស់បែបលក្ខណៈកម្សាន្ត។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។