ទំនងតើ!

ត្រូវតែជឿថា នៅក្នុងពិភពលោកនេះ អ្វីៗតែងតែមានហេតុ និងផល ហើយ​រាល់ការពើបប្រទះអ្វីមួយ សុទ្ធតែមានរឿងរ៉ាវនៅពីក្រោយ។ អ្នកខ្លះផ្តល់ភាពកក់ក្តៅដល់អ្នកអ្នកខ្លះធ្វើបាបអ្នក អ្នកខ្លះស្រឡាញ់អ្នក ថ្នាក់ថ្នមអ្នក ហើយមនុស្សខ្លះទៀតក្តៅដាក់អ្នកនិងរុញអ្នកចេញឱ្យឆ្ងាយ។ មិនថាមានបញ្ហាអ្វី ឬមានរឿងអ្វីក៏ដោយ កុំប្រកាន់អី កុំកើតទុក្ខអី។

ធ្វើជាមនុស្សគួរកុំបន្ទោសនរណា អ្នកដែលកុហកអ្នក គឺជាអ្នកបានផ្តល់បទពិសោធន៍ដល់អ្នក អ្នកដែលធ្វើបាបអ្នក គឺជាអ្នកបង្រៀនអ្នកឱ្យរឹងមាំ។

រាល់ការជួបប្រទះគឺសុទ្ធតែមានការរៀបចំយ៉ាងល្អបំផុត ដូចនេះ​អ្នកគួរការផ្លាស់ប្តូរខ្លួនឯងប្រសើរជាងបន្ទោសអ្នកដទៃ។​ ត្រូវក្លាយជាមនុស្សឆ្លាតជាងមុន នៅពេលដែលមានរឿងជាមួយនឹងនរណាម្នាក់ ត្រូវចេះឆ្លុះបញ្ចាំងខ្លួនឯងឱ្យបានច្រើន ពេលជួបបញ្ហាញ៉ូយដង។ ភាគច្រើនកំហុសដែលកើតមាន គឺអ្នកជាអ្នកសាងវាឡើង មិនមែនដោយសារតែអ្នកដទៃឡើយ។

អ្នកខ្លះកុហកអ្នកព្រោះអ្នកឆោតពេក អ្នកខ្លះទៀតធ្វើបាបអ្នកដោយសារអ្នកមានចិត្តល្អពេក។ ជួបរឿងមួយ អ្នករៀនបានចំណេះមួយ ហើយបើគ្មានបទពិសោធន៍ទាំងនេះទេ តើអ្នករៀនចេះរឹងមាំបានយ៉ាងដូចម្តេច? តើអ្នកអាចរះបានដោយវិធីណា?

ដូច្នេះកុំស្តីបន្ទោសគេអី ព្រោះមិនថាអ្នកណាត្រូវឬខុស ក៏មិនចាំបាច់បន្ទោសដែរ។ បើវាជាកំហុសរបស់អ្នកដទៃហេតុអ្វីអ្នកគួរដាក់ទណ្ឌកម្មខ្លួនឯង បើវាជាកំហុសរបស់អ្នក អ្នកមិនអាចបន្ទោសអ្នកដទៃបានទេ។ ខុសក៏ល្អ ត្រូវក៏ប្រសើរ ព្រោះវាបានបង្រៀនយើង​ឱ្យចេះ​ធ្វើចិត្ត និងមើលឃើញកាន់តែជ្រៅ។

មនុស្ស​រស់ក្នុងមួយជីវិតនេះ អ្វីដែលសំខាន់បំផុតនោះគឺធ្វើខ្លួនឱ្យល្អ រក្សាចរិតល្អ, កុំធ្វើអំពើអាក្រក់ឬបញ្ឆោតអ្នកដទៃ ទោះបីជា​អ្នកត្រូវ​បានគេធ្វើឱ្យឈឺចាប់ ឬធ្វើអ្វីមិនសមរម្យក៏ដោយ។

ធ្វើជាមនុស្សកុំបន្ទោសគេអី ព្រោះវាគ្មានតម្លៃអីនឹងខំកើតទុក្ខដោយសារគេ ហើយវាក៏មិនចាំបាច់ដែរ។ អ្នកដែលធ្វើបាបអ្នកមិនបានឃើញភាពល្អរបស់អ្នក វាគឺជាការខាតបង់របស់ពួកគេ។ អ្នកដែលបញ្ឆោតអ្នក នឹងធ្វើឱ្យអ្នកបាត់បង់ការទុកចិត្ត វាជាកំហុសរបស់ពួកគេ។ តែដោយសារតែ​ពួកគេទាំងនោះបានបង្ហាញខ្លួន​ធ្វើរឿងទាំងនេះដាក់អ្នក ធ្វើឱ្យអ្នកកាន់តែរឹងមាំជាងមុន ធ្វើឱ្យដំណើរជីវិតរបស់អ្នកអាចយកឈ្នះព្យុះភ្លៀង។

ធ្វើជាមនុស្សកុំបន្ទោសគេអី វាជាការខ្ជះខ្ជាយពេលវេលានិងថាមពល វានឹងបង្កើនអារម្មណ៍អវិជ្ជមានរបស់អ្នក។រឿងតែមួយគត់ដែលអ្នកអាចធ្វើបានគឺរក្សាចរិតល្អ និងព្យាយាមផ្លាស់ប្តូរខ្លួនឯង។ ការប្រព្រឹត្ដល្អ ធ្វើឱ្យអ្នករស់នៅដោយភាពជ្រះថ្លា ធ្វើឱ្យអ្នកកាន់តែខ្លាំងហើយរស់នៅដោយមិនភ័យខ្លាច!

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។