Park Café បង្កើនសកម្មភាព ខណៈពេលដែលម៉ាកសញ្ញាមួយចំនួនធំ​ស្ងប់ស្ងាត់ក្នុង​ពេលផ្ទុះកូវីដ១៩

269

កូវីដ១៩នៅតែ​បន្តធ្វើការយាយី​ជាបន្តបន្ទាប់​ ហើយរយៈពេល​៥​ខែចុងក្រោយនេះ មាន​ការ​ផ្ទុះ​ការឆ្លង​ជា​សហគមន៍​រហូតដល់ទៅ៣​ដងឯណោះ ជាពិសេស​ទំហំនៃការឆ្លង​ព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ​ថ្មីៗនេះ​នៅតែ​បន្ត​សកម្មភាពមិនទាន់មានភាពថមថយនៅឡើយ ហើយ​មាន​សភាព​ធ្ងន់ធ្ងរជា​ង​ការ​ផ្ទុះ​លើកមុនៗ។

ខណៈពេលដែលម៉ាកសញ្ញា​មួយចំនួន​ធំ​បន្ថយសកម្មភាពរបស់ខ្លួន​ក្នុងកំឡុងពេល​ផ្ទុះម្តងៗ ហាងកាហ្វេ និងម្ហូបអាហារ​ក្នុងស្រុកដែលល្បីមួយ Park Café បាន​បន្ថែម​សកម្មភាព​កាន់តែខ្លាំង​វិញ និងចាប់យក​ឱកាស​ក្នុង​ការចេញ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំទៅវិញ។

ដូចធ្លាប់មានឃ្លាមួយ​ដែលគេចូលចិត្តលើកឡើង គឺ “ក្នុង​គ្រោះតែងតែមានលាភវិញ ហើយ​ក្នុង​ពេលមានហានិភ័យ ក៏ជាពេលដែលមានឱកាសផងដែរ”។

Park Café បាន​ធ្វើយុទ្ធនាការជិះដង្ហែរ​ជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមដងផ្លូវ ដើម្បីបង្ហាញថា ហាងកាហ្វេមួយនេះនៅតែសកម្ម ហើយ​នៅតែបម្រើជូន​ភ្ញៀវ​ក្នុងពេលដែល​មនុស្ស​ជាច្រើនមិនហ៊ានចេញក្រៅ ដោយ​ហាងនេះ មានសេវាកម្មដឹកជញ្ចូន​ទៅដល់គេហដ្ឋាន​ដែលប្រកបដោយ​សុវត្ថិភាព។

មិនតែប៉ុណ្ណោះ Park Café ក៏បានប្រើប្រាស់យុទ្ធសាស្ត្រ​ជួយសង្គម (ស្របតាមសម័យកាលទីផ្សារ ៣.០) ដែលជា​សម័យកាលមនុស្ស​ឱ្យ​តម្លៃ​លើការចេះជួយគ្នា​ក្នុងគ្រាក្រ​ ជួយសង្គម​ពេលមានវិបត្តិ​ដោយ​ការ​ផ្តល់ជូននូវអាហារដល់កងទ័ពអាវសជួរមុខ ក៏ដូច​ជា​កងសមត្ថកិច្ច​ដែលត្រូវ​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លង​រាត​ត្បាត​កូវីឌ​នេះ។

ក្នុង​កំឡុង​ពេលផ្ទុះកូវីដនេះ ថ្វីត្បិតតែ​អាជីវកម្ម​ជាច្រើន​ទទួល​រងគ្រោះ និង​ជួបផលលំបាកច្រើន តែនេះជា​ពេលវេលា​មួយ​ដែលយើងត្រូវតែជំនះ ហើយ​សាកល្បងគ្រប់វិធីសាស្ត្រ​ដើម្បីបន្ត​ដង្ហើម ឬដំណើរ​ទៅមុខ​បន្តទៀត។ ហើយ​ប្រសិនបើអាច នេះជាពេលវេលាមួយ​ដែលយើង​មិនត្រូវនៅស្ងៀមនោះទេ ជាពេលវេលា​ដែលយើង​ត្រូវតែ​មានភាពសកម្មជាងមុន តាមបែបគន្លងថ្មី ជាពិសេស​តាម​ច្រក​បច្ចេកវិទ្យា និងវិធីសាស្ត្រផ្សេងៗទៀតដែលអាច​បន្តរក្សា​កិត្តិនាម​ និង​សកម្មភាព​របស់ហាង​យើង​បន្ត​ទៀត​បាន។ ទោះបីជា​ករណីខ្លះ អាជីវកម្ម​យើង​នៅមាន​សភាព​តូច និង​ធនធាន​តិចតួច​នៅឡើយ ឱ្យ​តែ​យើង​ព្យាយាម​រកដំណោះស្រាយ គិត​រក​វិធី ខ្ញុំជឿជាក់ថា យើងប្រាកដជា​មាន​ផ្លូវទៅមុខទៀតជាមិនខាន។

Previous articleតើគួរបន្តឬផ្អាកអាជីវកម្មនៅអំឡុងពេលវិបត្តិ Covid 19 នេះ ?
Next articleសេរីOne Plus ដែលល្បីខាងស្តេចល្បឿន ពេលនេះបន្ថែមមុខមាត់ថ្មីមួយទៀត!
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។