Homeធុរកិច្ចហេតុអ្វី​ការ​តវ៉ារបស់FB ជាមួយ​Apple ​​មិន​សម​ហេតុផល​? (គោលនយោបាយឯកជនភាពថ្មី)

ហេតុអ្វី​ការ​តវ៉ារបស់FB ជាមួយ​Apple ​​មិន​សម​ហេតុផល​? (គោលនយោបាយឯកជនភាពថ្មី)

នៅ​ក្នុងសន្និសិទ​ កុំ​ព្យូទ័រ ឯកជន​ភាព និង​ការការពារ​ទិន្នន័យ​ ដែល​បាន​ប្រព្រឹត្ត នា​​​ទី​២៨ ខែ​មករា លោក​ ធីម​ ខុក ដែល​ជា​និយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​​អេផល​ បាន​និយាយ​អំពី​សារៈសំខាន់​ដែល​យើង​ត្រូវ​ផ្តល់សិទ្ធ​​ឲ្យ​​​អ្នក​ប្រើ​ប្រាស់ផ្ទាល់ អាច​​គ្រប់​គ្រងលើ​ទិន្នន័យ​របស់​ពួក​គេ​​ សម្រាប់​កា​រ​ផ្សព្វផ្សាយលើ​ប្រព័ន្ធ​​អន​ឡាញ​។​ ខ្ញុំ​សូម​រំលឹក​ផង​ដែរ​ថា អេផល​ នឹង​​ដាក់​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​ ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់រូប​​ សម្រេច​ចិត្ត​ថា​ ពួក​គេ​ចង់​ឬ​មិន​ចង់​ឲ្យ​ ​ពាណិជ្ជករ​ ទទួល​បាន​ទិន្នន័យ​ពួក​គេ​ ហើយ​ប្រើ​ប្រាស់​វាក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព  ​ (personalized advertising) ឡើយ​។​

បងប្អូន​មិត្ត​អ្នក​អាន​ ប្រហែល​ជា​ឆ្ងល់​ថា​ការផ្សាយពាណិជ្ជកម្ម​​ឯកត្តភាពគឺ​ជាអ្វី? បើ​បង​ប្អូនជា​អ្នក​ក្នុង​វិស័យ​ឌីជីថល​ម៉ាឃីតធីង​ ប្រាកដ​ជា​ស្គាល់។​ និយាយ​ឲ្យ​ងាយ​យល់​ទៅ វាជា​ការ​ផ្សាយ​មួយ​បែប​ដែល​ទាម​ទារ​ការ​ទាញ​ព៏ត៌មាន​របស់​អតិថិជន​គោល​ដៅ​ (ដូច​ជា ​ការ​ចង់​បាន​ ទីតាំង​រស់​នៅ និង​ទម្លាប់​ប្រវត្តិ​នៃ​ការ​ទិញជាដើម) មក​ប្រើ​ប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ។

ហ្វេសប៊ុក​ ដែល​ពឹង​ផ្អែក​លើ​យ៉ាង​ខ្លាំង​លើ​ការផ្សាយ​​ពាណិជ្ជកម្ម​ឯកត្តភាព បាន​ឆ្លើយ​តប​យ៉ាង​កំរោល​លើ​ការ​សម្រេច​ចិត្ត​របស់​អេផល​ ដោយ​ចុះ​លើ​កាសែត​ពេញសន្លឹក​ទំព័រ​​តែ​ម្តង​​ មានកាសែត​ញូញ៉ក ថាម​ កាសែតវ៉ល​ស្រ្ទីត និងកាសែតវ៉ា​ស៊ីន​តោន​ប៉ុស្តិ័ ដោយ​ចោទ​ប្រកាន់​ថា អេផល​​កំពុង​បង្ក​ហានិភ័យ​ចំពោះ​អាជីវកម្ម​តូចៗ​ហើយ។ មិន​តែ​ប៉ុណ្ណោះ ហ្វេស​ប៊ុក​ក៏​បាន​បង្កើត​វ៉េប​សាយ​​ដែល​ អាជីវកម្ម​តូចៗ​អាច​បញ្ចេញ​មតិ​របស់​ពួក​គេ​ ជុំ​វិញ​គ្រោង​ការណ៍​របស់​អេផលនេះដែរ​។

ការ​តវ៉ា​ដែល​ហ្វេស​ប៉ុក​សង្កត​ធ្ងន់​ទៅ​លើ​ គឺ​ អាជីវកម្ម​តូចៗ​នឹង​ខាតបង់​ប្រាក់​ចំណូល​ប្រសិន​បើ​ពួក​គេ​មិនអាច​​ប្រើ​ប្រាស់​​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព។  ហ្វេសប៊ុក​សរសេរ​លើ​ការសែត​និង​វ៉េប​សាយ​ដូច្នេះថា “បើ​​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព ទិន្នន័យ​ហ្វេសប៊ុក​បាន​បង្ហាញ​ថា ជា​មធ្យម​អាជីវកម្ម​តូចៗ​​ ជាមធ្យម​នឹង​ឃើញ​មាន​ការ​ថយ​ចុះ​លើស​ពី​៦០%​នៃ​ការ​លក់ ដែល​ទទួល​បាន​ពី​ការ​​ចំណាយ​១​ដុល្លា។” ទិន្នន័យពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើលមែន​។ បើ​អញ្ចឹង​មែន​ មាន​​ន័យ​ថា អេផល​កំពុង​តែ​សម្លាប់​អាជីវកម្ម​តូចៗ​ហើយ​​។ ប៉ុន្តែ​ តើ​ទិន្នន័យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​បែប​ហ្នឹង​មែន​ឬ​ទេ​?

ដើម្បី​យើង​អាច​វាយ​តម្លៃ​​លើ​ ការ​លើក​ឡើង​របស់​ហ្វេសប៊ុក យើង​ត្រូវ​ដឹង​ជាមុន​នូវ​មេទ្រីត (metric)ដ៏​មាន​ប្រជាប្រិយភាព​មួយ ​ដែល​ហ្វេស​ប៊ុក​ប្រើ​ប្រាស់​​ដើម្បី​បង្ហាញ​អំពី ​បរិមាណភាព​ជោគជ័យនៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម។​ មេទ្រីត នោះ​គឺ ផល​ទទួល​បាន​ពី​ការ​ចំណាយ​លុយ​ផ្សាយ​ ឬ​ក្នុង​ភាសា​អង់​គ្លេស​គេ​ហៅ​ថា return on ad spend ឬនិយាយ​កាត់​ជា​ ROAS។

មេទ្រីតនេះ​ ចង្អុល​បង្ហាញ​​អំពី បរិមាណ​នៃ​ចំណូល​​ ដែល​ជាប់​ពាក់​ព័ន្ធទៅ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ប៉ុន្តែ​វា​មិន​បាន​បង្អុល​បង្ហាញ​អំពី​ចំណូល​​ដែល​បាន​កើត​ឡើង​ដោយ​សារ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។​ ហើយ​ចំណុច​នេះ​ហើយ​ដែល​សំខាន់។

យើង​មក​មើល​ឧទាហរណ៍​មួយ​ដើម្បី​ឲ្យ​យល់បាន​កាន់​តែ​​ច្បាស់។ ឧបមាថា​ក្រុមហ៊ុន​មួយ​​ស្គាល់​អតិថិជនពួក​គេ​​យ៉ាង​ច្បាស់​លាស់។  ពួកគេ​អាច​ព្យាករណ៍​ស្ទើរ​តែ​​ត្រឹម​ត្រូវ​អំពី​ការ​ចំណាយ​របស់​អតិថិជននៅ​​ខែ​បន្ទាប់​។​ ​ប្រសិន​បើ​ក្រុមហ៊ុន​នេះ​​ដាក់​គោល​ដៅ​ផ្សាយ​ទៅ​កាន់​អតិថិជន​ដែល​ពួក​គេ​អាចប៉ាន់​ស្មានបាន​ថា​នឹង​ចំណាយ​ច្រើន ដូច្នេះ​រាល់​១ដុល្លា​ដែល​បាន​ចំណាយ​លើ​ការ​ផ្សាយ​នឹង​ផ្តល់​មក​ឲ្យ​វិញ​នូវ​ចំណូល​ខ្ពស់។ ​វាពិត​ជា​រឿង​ល្អមែន​ ដែលក្រុមហ៊ុន​នេះ​បាន​ទទួល​ផល​ពី​ការ​ចំណាយ​លុយ​ផ្សាយ​ខ្ពស់។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ ខ្ញុំ​ចង់ឲ្យ​យើងទាំង​អស់​គ្នា​ពិនិត្យ​ពិច័យនិង​​ស្វែង​យល់​ គឺ​​អតិថិជន​ទាំង​នោះ​​មុខ​នឹង​ចំណាយ​ច្រើន​ស្រាប់​ទៅ​ហើយ។​ ហេតុនេះ​ហើយ​ទើប​បានជាយើង​ចំណាយ​​លុយ​ផ្សាយ​ផ្តោត​ទៅ​លើ​ពួក​គេតាំង​ពី​ដំបូង​នោះ​​។ ដូចនេះ​ វាគឺ​ជា​កំហុស​មួយ ​​បើសិន​​យើង​ធ្វើ​ការ​សន្និដ្ឋាន​ថា​អតិថិជន​ទាំង​នោះ​ចំណាយ​ច្រើន ​ពីព្រោះ​តែការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​។ ចាស វា​មិន​ត្រឹម​ត្រូវ​ទេ។​

នៅ​ក្នុង​ការ​ប្រឆាំង​តវ៉ា​ជុំ​វិញ​ច្បាប់​ថ្មី​របស់​អេផល​នេះផង​ដែរ​​ ហ្វេសប៊ុកកំពុង​​លើក​ឡើង​ថា​ ក្នុង​ការ​ប្រៀប​ធៀបរវាង ផល​ទទួល​បាន​ពី​ការ​ចំណាយ​លុយ​ផ្សាយ(ឬហៅកាត់​ថា​​ ROAS)នៃការ​ផ្សាយ​​ឯកត្តភាព​​ ជាមួយនឹង​ ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​មិន​ប្រើព័ត៌មាន​​​ឯកត្តភាព​របស់​បុគ្គល បាន​បង្ហាញ​ថា​ អាជីវកម្ម​ធន​តូច​ នឹង​ប្រឈម​ជាមួយ​ការ​ថយ​ចុះ​៦០%​នៃ​ចំណូល ​ប្រសិន​បើ​ពួក​គេ​មិន​ប្រើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​។​

តួលេខ​នដ៏គួរ​ឲ្យ​​ភិត​ភ័យ​នេះ យ៉ាង​ណា​មិញ​ មិន​បាន​បង្ហាញ​ច្រើន​ថា តើគោលនយោបាយឯកជនភាពថ្មី​របស់​​អេផល​​មាន​ផល​ប៉ះ​ពាល់​ដោយ​របៀប​ណា​ ​ទៅ​លើ​ចំណូល​នៃ​អាជីវកម្ម​ធន​តូចនោះ​ឡើយ​។​

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​លើក​ទីមួយនៃ​អត្ថបទ​ដែល​អ្នក​កំពុង​អាន​នេះ​ ​ ​ ហ្វេសប៊ុកបាន​ទាក់ទងមក​យើង ​ហើយ​បាន​លាត​ត្រដាង​ស៊ី​ជម្រៅ​បន្ថែម​អំពី​​ វិធី​សាស្រ្ត​របស់​ពួក​គេ។​ ពួក​បាន​បំបែក​ការផ្សាយ​ចំនួន ច្រើន​ជាង​​២៥០០០ ជា​២​ក្រុម។​ ការ​ផ្សាយ​ក្នុង​ក្រុម​ដំបូង​​ ត្រូវ​ផ្តោត​លើ​ការ​ចុច​លើ​លីង​វ៉េប​សាយ​ (optimized for link clicks ) ដែល​មិន​ទាម​ទារ​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​បុគ្គល​ឡើយ​(អ្នក​ប្រើ​ប្រាស់)។ ចំណែក​​ការផ្សាយ​ក្នុង​ក្រុម​ទី​២​ ត្រូវ​បាន​ផ្តោត​លើ​ការ​ទិញ​របស់​អតិថិជន​( optimized for purchases) ដែល​ទាម​ទារ​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​​អតិថិជន​ឬ​អ្នក​ប្រើ​ប្រាស់​។ ដូច្នេះ​ហ្វេសប៊ុក​ហៅ​ការ​ផ្សាយ​ទី២​នេះ​គឺ​ជា​ ការផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព។​ ពិតមែន​ហើយ​ ការផ្សាយ​ទី២​នេះ មុខនឹង​មាន​ទំនាក់​ទំនង​ជាមួយការទទួល​បាន​​ចំណូល​ខ្ពស់​។ ប្រព័ន្ធ​ដំណើរ​ការ​របស់​ហ្វេសប៊ុក​​ឬ​ហ្វេសប៊ុក​អាលកូរីសឹម​ (algorithms ) បាន​ទទួល​បញ្ជា​ឲ្យ​ស្វែង​រក​អតិថិជន​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទិញ។​ វា​មិន​មែន​មាន​ន័​យ​ថា​ ការផ្សាយ​នោះ​ គឺ​បានកែប្រែ​ ​​អតិថិនដែល​​​មិនមាន​បំណង​​ទិញ​ឲ្យ​ទិញ​​នោះ​ទេ។​

ដោយ​គ្មាន ​ការសាកល្បងដែលគ្រប់គ្រងដោយចៃដន្យ ហ្វេសប៊ុក​​មិន​គួរ​ធ្វើ​ការ​លើក​ឡើង​ ដែល​​ស​បញ្ជាក់​​អំពី​ឥទ្ធិពលខ្លាំង​ខ្លា​​​​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​នោះ​ទេ។

(ក្នុង​ភាសា​អង់​គ្លេស​យើង​ហៅ​ថា randomized control trial។ មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ តែ​សម្រាប់​សាស្រ្តាចារ្យឬ អ្នក​ក្នុង​មន្ទីរពិសោធន៍​ ពិត​ជា​ស្គាល់​ច្បាស់​។ វាគឺ​ជាការ​សិក្សាពិសោធន៍ដែលត្រូវបានគេជ្រើសរើសដោយចៃដន្យចំពោះក្រុមត្រួតពិនិត្យ)។​

ដោយ​គ្មាន ​ការសាកល្បងដែលគ្រប់គ្រងដោយចៃដន្យ ហ្វេសប៊ុក​​មិន​គួរ​ធ្វើ​ការ​លើក​ឡើង​ ដែល​​ស​បញ្ជាក់​​អំពី​ឥទ្ធិពលខ្លាំង​ខ្លា​​​​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​នោះ​ទេ។​ ការសាកល្បងដែលគ្រប់គ្រងដោយចៃដន្យ ដែលធ្វើ​ការ​​ប្រៀប​ធៀប​ រវាង​ ​ការផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​ ជាមួយ​នឹង​ គ្មាន​ការ​ផ្សាយ​ បានបង្ហាញ​ផល​ប៉ះពាល់​លើ​ការលក់​តែ​បន្តិចបន្តួច​​ប៉ុណ្ណោះ​។ ​(សម្រាប់​បង​ប្អូន​ដែល​ចូល​ចិត្ត​ ​ស្វែង​យល់​បន្ថែម​អំពី​ការ​សិក្សា​នេះ អាច​អាន​ នៅ​ទីនេះ។)

នេះ​មិន​មែន​ជា​បញ្ហា​តែ​មួយ​ទេ​ ចំពោះ​ការ​លើក​ឡើង​របស់​ ​ហ្វេសប៊ុក​។​

បើ​យោង​តាម​ហ្វេសប៊ុក​ ការ​សម្រេចចិត្ត​របស់​​អេផល គឺ​ជាការ​បំផ្លិច​បំផ្លាញ​ទៅ​វិញ​ទេ​ ជាពិសេស​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​កូវិត​១៩ ពី​ព្រោះ​ ការ​ស្រាវជ្រាវថ្មី​​របស់​ Deloitte បានរក​ឃើញ​ថា ​៤៤%​នៃ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ ចាប់​ផ្តើម​ឬ​បង្កើន​ការប្រើ​ប្រាស់​ ការផ្សាយពាណិជ្ជកម្ម​ឯកត្តភាព​ នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​កូវីត​១៩​នេះ​។

ពួក​យើង​បាន​ពិនិត្យ​ពិច័យ​ទៅ​លើ​ការ​សិក្សា​របស់​ Deloitte។ វា​ហាក់​បី​ដូច​ជា​មិន​ផ្តល់​ព័ត៌មាន​គ្រប់​គ្រាន់​នោះទេ។​ នៅ​ក្នុង​ការ​សិក្សា​នេះ​ Deloitte ស្ទង់​មតិ​​ក្រុមហ៊ុន​មក​ពី​​វិស័យចំនួន​៩​ និង​​ក្នុង​១៧​ប្រទេស។ ស្តាប់​ទៅ​ពិត​ជាតួរលេខ​​សម្បើម​​មែន​ ៤៤% នៃ​អាជីវកម្ម​ធន​តូច​​បាន​ចាប់​ផ្តើម​និង​បង្កើន​ការ​ប្រើប្រាស់នូវ​ ការផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព។

ប៉ុន្តែ​យើង​​សាកមក​​គិត​បែប​នេះ​វិញ​។

​​ជាដំបូង​៥៦% នៃ​អាជីវកម្ម​មិន​បង្កើន​ការ​ចំណាយ​លើ​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព​ទេ​។ អាជីវកម្ម​ភាគ​ច្រើន​​និយាយ​ថា​ពួកគេ​មិន​ដែល​ធ្លាប់​ប្រើ​ការ​ផ្សាយ​បែបនេះ​ទេ ខ្លះ​និយាយថា​ពួក​គេ​បាន​ឈប់​ប្រើ​វាក្នុង​អំឡុង​ពេល​​វិបត្តិ​កូវីត ហើយ​ខ្លះទៀត​បន្ថយ​ការប្រើ​ប្រាស់​ ឬ​ប្រើ​ក្នុង​កម្រិត​ដដែល​។​

ទី២ ការសិក្សា​នេះ​បាន​បង្ហាញ​តិច​មែន​ទែន​អំពីការ​ចំណាយ​របស់​អាជីវកម្ម​ទៅ​លើ​ការ​ផ្សាយតាម​ប្រព័ន្ធ​ឌីជីថល។​​ ហើយ​សូម្បី​តែ ​​ការ​បង្កើនការ​ចំណាយ​ផ្សាយតិច​តួច​ ​( អាច​ថា​៥%​​) ​ទំនង​ជា​បាន​បាច​សាច​ទៅ​លើ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយចំនួន​​ច្រើន ដែលពួកគេ​បាន​​​បង្កើន​ការ​ចំណាយ​ខ្លះ​។​ ​

ទី​៣ ក្នុង​តារាង​នៃ​ស្តិតិ​ដដែល​នេះ​  Deloitte បាន​សរសេរ​របាយការណ៍​អំពី​ ចំនួន​អាជីវកម្ម​ធន​តូច​ដែល​បាន​ចាប់​ផ្តើ​ម​ប្រើ​ប្រាស់​ ឬ​បង្កើន​ការ​ប្រើប្រាស់​​នៃ​ការ​ផ្សាយ​ មិន​មែន​ជា​ឯកត្តភាព​។ ចំនួន​នោះ​គឺ​ ៣៥% ហើយ​តួលេខ​នេះ ​ក៏​មិន​មែន​តិច​ជាង ​តួលេខ​ដែល​ហ្វេស​ប៊ុក ​លើក​ឡើង​មក​ ណាស់​ណា​ដែរ។ វា​ស​បញ្ជាក់​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ឯកត្តភាព ក៏​មិន​មាន​អ្វី​ពិសេស​ខ្លាំង​ នៅ​ក្នុង​ពេល​វេលារោគ​រាត​ត្បាត​សាកល​​នេះ​ដែរ។​​

​នៅ​ក្នុង​ការ​គិត​របស់​ខ្ញុំ​ ហ្វេសប៊ុក​ព្យាយាម​យក​តួលេខ​ដែល​គេ​គិត​ថា​ល្អ​បំផុត​មក​គាំទ្រ​នូវ​ការ​​តវ៉ា​ប្រឆាំង​របស់​គេ​ ក៏​ប៉ុន្តែ​តួរលេខ​នេះ​មិន​មែន​ល្អ​ពិសេស​ដូច​ទៅ​នឹង​អ្វី​ដែល​គេ​បាន​គិត​នោះ​ឡើយ។​

ជារួម​មក​វិញ យើង​មិន​មែន​​មិន​គិត​អំពី​ផល​លំបាក​​ដែល​អាជីវកម្ម​ខ្នាត​តូច ​អាច​ជួប​ប្រទះ​ ដោយ​សារ​​ការ​ផ្លាស់​ប្តូរ​របស់ ​អេផល​ ឡើយ​។ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ជា​រឿង​ពិត។ អេផល​គ្រោង​ឲ្យ​ ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​តែ​ពន្យល់ ​អំពី​​ ការ​ប្រមូល​ទិន្នន័យ​របស់អ្នក​ប្រើ​ប្រាស់​ នៅ​ពេល​ស្នើរ​សុំ​បញ្ចូល​ អេប​ថ្មីៗ​ ឬ​ធ្វើ​ការ​អាប់​ដេត​អេប​ ហើយ​អ្នក​ប្រើ​ប្រាស់ជាច្រើន​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ការ​តាម​ដាន​សកម្មភាព​របស់​ពួកគេ​នោះ​ទេ។ ហ្វេសប៊ុក​និយាយ​ថា ពួក​គេ​ចង់​ការពារ​អាជីវកម្ម​តូចៗ ប៉ុន្តែការលើក​យក​​​ព័ត៌មាន​មិនពិត​ ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ផ្សាយ​ មក​តវ៉ា​ប្រឆាំង​ គឺ​មិន​មែន​ជា​ផ្លូវ​ដែល​ត្រូវ​ដើរ​នោះ​ទេ។​

ប្រភព Hbr.org

Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular