ទំនងតើ!

កាល​ពីយប់ថ្ងៃទី​១៤​ខែមេសា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើសេចក្តីសម្រេច​បិទ​ក្រុងភ្នំពេញទាំងមូល និងភូមសាស្ត្រក្រុងតាខ្មៅ​រយៈពេល១៤ថ្ងៃ ដើម្បី​រាំងផ្ទប់​ការរីករាលដាល​ការឆ្លងកូវីដ​ជាសហគមន៍ដែល​នៅបន្ត​ឆ្លង​ក្នុងចំនួន​មួយ​គួរឱ្យព្រួយបារម្មណ៍។ នេះជា​លើកទី១​ហើយ​ដែលប្រទេស​យើង​បាន​ជួប​បទពិសោធន៍​Lockdown បែបនេះ ដោយ​ប្រជាជន​ស្ថិត​នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ត្រូវនៅផ្ទះ ដោយ​មិនអាចចេញទៅណាបាន​ប្រសិនបើគ្មានករណីចាំបាច់ ហើយវាគឺជា​វិធី​ដ៏ល្អមួយ​សម្រាប់​ប្រយុទ្ធប្រឆាំង​ការរីករាលដាល​លឿន និងអាច​នាំទីក្រុងទាំង២នេះ​ត្រឡប់​ទៅរកសភាព​ដើមវិញ។

ការបិទទីក្រុង​ទាំងស្រុងនេះ អាច​នឹងធ្វើឱ្យ​អារម្មណ៍​មនុស្សភាគច្រើនមានភាព​ភ័យខ្លាច ស្ត្រេស ឬ​ក៏កើតមានអារម្មណ៍​តានតឹងខ្លាំង ដោយសារតែវាជា​បទពិសោធន៍លើកដំបូង​បង្អស់ក្នុងប្រវត្តិសាស្ត្រ ហើយ​វា​ជា​របត់​ភ្លាមៗពេកដែលមនុស្សជាច្រើន​មិនទាន់ស៊ាំ។

ដើម្បីចូលរួម​ចំណែក​ដោះស្រាយ​បញ្ហានេះ ខ្ញុំសូម​លើកយកនូវសកម្មភាពខ្លះៗ​ដែលអ្នកទាំងអស់គ្នា​អាច​យកទៅអនុវត្ត​ ជា​ប្រយោជន៍​ក្នុងកំឡុងពេលដែលមនុស្សភាគច្រើន​ត្រូវ​ស្ថិតនៅក្នុងផ្ទះ ហើយក៏ជា​មធ្យោបាយ​មួយ​យើងអាច​ប្រើប្រាស់ពេលវេលាដែលមិនអាចចេញទៅប្រកបការងារនេះ ឱ្យបានផ្លែផ្កាក្នុងរយៈពេល១៤ថ្ងៃនេះ ជាជាង​ចំណាយពេល​ច្រើនពេកលើ​បណ្តាញសង្គម ហើយពេលខ្លះ អាចមើលឃើញ​តែព័ត៌មាន​អវិជ្ជមាន ដែលនាំឱ្យប៉ះពាល់ដល់​សុខភាពសតិអារម្មណ៍ ប្រសិនបើយើងមើលឃើញព័ត៌មានទាំងនោះ​១ថ្ងៃ២ម៉ោង ដូចដែលលោកជំទាវ វេជ្ជបណ្ឌិត ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាលបានលើកឡើងកាលពីពេលថ្មីៗនេះ។

១. ចំណាយពេលវេលាមួយចំនួនធំរៀនបន្ថែមជំនាញថ្មី

ក្នុងកាលទេសៈLockdownនេះ ខ្ញុំជឿជាក់ថា​យើងនឹងមានពេល​កាន់តែច្រើនជាងមុន​ ហើយអាច​យក​ពេលនេះទៅរៀនជំនាញថ្មីៗជាច្រើន​ដើម្បីអាច​យកទៅប្រើប្រាស់​ពេលដែលសភាពការ និងសេដ្ឋកិច្ច​ត្រឡប់​ទៅរកភាពដើមវិញ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីវិបត្តិកូវីដ១៩នេះ មនុស្សនឹងកាន់តែឆ្លាតជាងមុន ចេះជាងមុន ប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងមុន ដែលក្នុងនាមយើងជាមនុស្សសម័យថ្មីមួយរូប ត្រូវតែក្លាយ​ជាបុគ្គលប្រកបដោយការប្រកួតប្រជែង រៀនបន្ថែមមុខជំនាញដែលអាច​ជួយ​អាជីព និងអាជីវកម្មយើងដូចជា​ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងធ្វើបដិវដ្តបច្ចេកវិទ្យានៅក្នុងស្ថាប័នរបស់ខ្លួន(Digitalization and Digital Transformation) ជំនាញ​យុទ្ធសាស្ត្រទីផ្សារសម័យថ្មី ភាពជាអ្នកដឹកនាំក្នុងសម័យ​ឌីជីថល ជំនាញ​ប្រើប្រាស់ និងរក្សាទិន្នន័យ ស្វែងយល់ពីប្រធានបទ​ AI AR VR Big Data IoTជាដើម។ល។ ជំនាញទាំងនេះសុទ្ធតែអាចរៀនបាន​ពីច្រើនកន្លែង​ទាំង​បង់​ប្រាក់និងមិនបង់ប្រាក់ ហើយ​មាន​ប្រភព២ដែលយើងអាចរៀនបានឥតគិតថ្លៃ​គឺ www.coursera.org និង www.edx.org​ ដែលជា​គេហទំព័រ​ប្រមូលផ្តុំដោយ​កម្មវិធីបង្រៀន​លក្ខណៈអន្តរជាតិ ចេញពីសាកលវិទ្យាល័យល្បីៗកំពូល​ទូទាំងពិភពលោក ដូចជា​ Harvard MIT Sandford ។ល។  អាច​ឱ្យយើង​ស្វែងយល់ និងបង្កើនជំនាញ​បាន ហើយ​មុខជំនាញខ្លះ ត្រូវបានរៀបចំ​ឡើង​ចេញជាវគ្គសិក្សា​បែបអាជីព និងយើងអាចទទួលបានវិញ្ញាបនបត្រ​ផងដែរ​ បន្ទាប់ពីបញ្ចប់បានជោគជ័យ​ដោយគ្រាន់តែ​ចំណាយប្រាក់លើថ្លៃសិក្សា ជាមួយ​នឹង​តម្លៃសមរម្យ។

ក្រៅពី​ប្រភពខាងលើ ខ្ញុំក៏តែងចូល​ប្រភពផ្សេងៗទៀត​ដែលមានការបង់ប្រាក់ដូចជា www.lynda.com Linkedin Learning និង www.udemy.com ជាដើម​ដែលជាស្ថានប័ន​ផ្តល់មេរៀន​ថ្មីៗ ខ្លីៗ ស្ទើរតែគ្រប់វិស័យ និងតម្លៃសិក្សាសមរម្យ​ដែលក្នុងនាម​យើងជា​អ្នកចង់ក្លាយជាអ្នកជំនាញអាជីព ជាសហគ្រិនសម័យថ្មី និងជាអ្នកដឹកនាំសម័យ​ឌីជីលត្រូវតែហ៊ានចំណាយ​ដើម្បីអាចក្លាយទៅជាបុគ្គលប្រកបដោយភាពប្រកួតប្រជែង និងឈានមុខគេមួយគេ។

២.ចូលរួមបណ្តាញសង្គម Clubhouse

Clubhouseគឺជាបណ្តាញសង្គមថ្មីមួយ និងកំពុងតែពេញនិយម​ខ្លាំងនៅសហរដ្ឋអាមេរិច និងប្រទេសផ្សេងទៀត។ វាជាបណ្តាញសង្គម​សម្លេង​ មួយដែលឈានមុខគេ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ យោងតាម​គេហទំព័រ​បច្ចេកវិទ្យារបស់សាកលវិទ្យាល័យ  MITបាននិយាយថា បណ្តាញសង្គមសម្លេងគឺជាបណ្តាញសង្គមនាពេលអនាគត ហើយយោងតាម​ប្រភពជាច្រើនបានលើកឡើង អនាគត​នៃជីវិត​របស់យើងនឹង​ប្រើប្រាស់សម្លេងច្រើនជាង​ការអាន ឬការមើលទៅទៀត ហើយបើនិយាយ​តាមភាពជាក់ស្តែង យើងកំពុងតែចាប់ផ្តើម​ទទួលបទពិសោធន៍នេះហើយ ដោយសារតែយើងមិនចាំបាច់​វាយអត្ថបទទៀតទេ គឺយើងអាចប្រើប្រាស់សម្លេងរបស់យើងនិយាយ ហើយកម្មវិធីឆ្លាតវៃនឹងជួយយើង​បន្លែងសម្លេងនោះទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិ។

បច្ចុប្បន្ននេះសហគមន៍អ្នកប្រើប្រាស់បណ្តាញសង្គម Clubhouseក៏កំពុងតែមានវត្តមាននៅកម្ពុជាផងដែរ ដែលភាគច្រើនអ្នកប្រើប្រាស់ទាំងនោះ សុទ្ធតែមាន​សាវតាជា​អ្នកនៅក្នុងវិស័យបច្ចេកវិទ្យា ស្ថាបនិក​អាជីវកម្មបែបថ្មី អ្នកជំនាញទីផ្សារឌីជីថល ផ្នែកច្នៃប្រឌិតនិងប្រព័ន្ធផ្សព្វផ្សាយ សហគ្រិន និងអ្នកជំនាញអាជីព និងអ្នកដែលស្រឡាញ់វិស័យទាំងអស់ខាងលើ។

នៅក្នុងClubhouseសហគមន៍ខ្មែរ អ្នកនឹងឃើញមាន​កម្មវិធីជជែកពីប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ការ​ធ្វើបដិវដ្តបច្ចេកវិទ្យាក្នុងអាជីព និងអាជីវកម្ម ការប្រើប្រាស់ប្រព័ន្ធឌីជីលដើម្បីផ្សព្វផ្សាយ សុខភាពផ្លូវអារម្មណ៍ និង​ការអភិវឌ្ឍន៍ខ្លួនឯង ដែលខុសពី​បណ្តាញសង្គមផ្សេងៗទៀតនាពេលបច្ចុប្បន្នដែលផ្តោតភាគច្រើនលើការកម្សាន្ត។ ដូចនេះប្រសិនបើអ្នកចង់អភិវឌ្ឍន៍ខ្លួនឯង កុំភ្លេចសាកល្បងប្រើប្រាស់​Clubhouseក្នុងកំឡុងពេលLockdown នេះ។

បច្ចុប្បន្ន Clubhouseមិនទាន់បើកឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេ ដែលទាមទារឱ្យ​អ្នកដែលមាន​គណនីInviteអ្នកឱ្យចូលរួម ហើយអាចប្រើប្រាស់បានតែអ្នកប្រើiOS ប៉ុណ្ណោះ។ ដូចនេះ បើអ្នកមិនទាន់មាន អាចធ្វើការស្វែងរកអ្នកដែលមានគណនីClubhouseដើម្បី​ទាញអ្នកចូលក្នុងបណ្តាញសង្គមនេះ។

៣. អានសៀវភៅ ឬស្តាប់សៀវភៅ

ខ្ញុំជឿជាក់ថា មានមនុស្សជាច្រើនដែល​តែងតែនិយាយថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់អានសៀវភៅនោះទេ តែពេល​បិទទីក្រុងនេះគឺជាពេលវេលាដ៏ល្អ​បំផុតដែលអ្នកអាច​យកសៀវភៅដែលនាំធ្លាប់ទិញយក​មកអាន ឬមួយ​ក៏ចាប់ផ្តើម​អាន​សៀវភៅ។ ប្រសិនបើអ្នកថា អ្នកមិនមានសៀវភៅនៅក្នុងផ្ទះ ខ្ញុំមានវិធីជាច្រើនដែលអ្នកនៅតែ​បន្តបេសកកម្មនេះ ដូចជា​ស្វែងរយកសៀវភៅអេឡិចត្រូនិកមកអានតាមប្រភពជាច្រើនដូចចា Amazon ឬអាចសួរនាំមិត្តភក្តិ​ឱ្យផ្ញើរសៀវភៅអេឡេចត្រូនិកមកឱ្យ ឬក៏ណែនាំសៀវភៅដែលល្អសម្រាប់អាន។ ហើយប្រសិនបើអ្នកខ្ចិលអាន សម័យនេះក៏មាន​សៀវភៅជាលក្ខណៈសម្លេងជាច្រើនដែលមានដូចជា​នៅលើល BlinkistAudible ជាដើមដែលជាសៀវភៅអង់គ្លេស និងក៏មាន​ជាសៀវភៅភាសាខ្មែរ​ផងដែរដូចជា Bookeyond និងកម្មវិធីផ្សេងៗទៀតដែលមានសៀវភៅរាប់សិបក្បាលដែលអ្នកអាចស្តាប់បាន។ តែបើអ្នកនិយាយ​ថាមិនចង់ចំណាយ​លើ​ការបង់ប្រាក់ បណ្តាញវីដេអូ YouTube គឺជាកន្លែងដែលអ្នកស្វែងរកសៀវភៅជាសម្លេងទាំងខ្មែរ និងអង់គ្លេសជាច្រើនដែលមិនអស់ប្រាក់។ ដូចនេះ អ្នកគួរតែ​ឆ្លៀតពេលនេះសម្លៀងខួរក្បាលរបស់អ្នកជាមួយ​នឹង​ប្រភពចំណេះដឹង​រាប់លាន​ ដើម្បីឱ្យអ្នកក្លាយជាអ្នកឈានមុខគេមួយ។

៤. មើលការនិយាយជាសាធារណៈ

មានកម្មវិធីការនិយាយជាសាធារណៈជាច្រើនដែល​មាន​វត្តមានលើបណ្តាញអ៊ីនធឺណិត ដូចជាកម្មវិធី Ted Talk,Ignite,Adobe Conference, Google Conference និងកម្មវិធីផ្សេងទៀតដែលអ្នកអាច​រកមើលបាននៅលើYouTube។ វាជាសម័យកាលមួយដែលប្រជាជនខ្មែរយើងត្រូវតាមដាន​កម្មវិធីទាំងនេះដើម្បី​អាចរត់តាមគេ និងដឹងនូវអ្វីៗដែលថ្មីៗ កើតមានជុំវិញពិភពលោក ហើយពេលនេះជាពេលដែលសក្តិសមបំផុតសម្រាប់យើងគ្រប់គ្នាដោយសារតែវិបត្តិកូវីដ ដែលយើង​ត្រូវតែ​ដឹងពីបច្ចេកវិទ្យា ដឹងពីរៀបដែលយើងត្រូវបត់ខ្លួន ដឹងពី​ការត្រៀមខ្លួនសម្រាប់អនាគត និងក្លាយជា​ជំនាន់ដែលដឹកនាំ​ការផ្លាស់ប្តូរនៃរបត់ការងារ និងរបៀបធ្វើការងារ។

ក្រៅពី​ប្រភពពីបរទេស នៅក្នុងប្រទេសកម្ពុជាក៏មានស្ថាប័នជាច្រើនដែលតែងតែ​មានរៀបចំកិច្ចពិភាក្សាលើប្រធានបទជាច្រើនពី​ការអភិវឌ្ឍខ្លួនឯង ភាពជាអ្នកដឹកនាំ រហូតដល់​ការប្រើប្រាស់បច្ចេកវទ្យា និងការផ្សព្វផ្សាយ​តាមប្រព័ន្ធឌីជថលកំពុងតែវត្តមាន​លើបណ្តាញសង្គម និងYouTube។

៥. ធ្វើជាអ្នកចែករំលែក និងកសាងម៉ាកយីហោឱ្យខ្លួនឯងក្នុងពេលLockdown

ពេលនេះអ្នកមិនត្រឹមតែអាចរៀនបន្ថែមនោះទេ នេះក៏ជាឱកាស​ដែលអ្នកទាំងអស់គ្នាអាចចែករំលែកចំណេះ​ផងដែរ​ដោយ​ចាប់ផ្តើម​ដោយការសរសេរ ឬបង្កើតជាវីដេអូ ឬសម្លេង​ ឬការLiveជាដើម សម្រាប់ចែករំលែកដល់មិត្តភក្តិ និងអ្នកតាមដានអ្នក។ ចូរកុំខ្មាស់អៀន ហើយហ៊ាន​ចែករំលែក​នូវជំនាញ គំនិត ការយល់ឃើញ​របស់អ្នកក្នុងវិស័យដែលអ្នកមានជំនាញ ឬចូលចិត្ត ជាពិសេស​ការផ្តល់ជាដំណោះស្រាយ​ និងគំនិតល្អៗនានាដែលអាច​យក​មក​ដោះស្រាយបញ្ហាវិបត្តិកូវីដ។

នៅពេលដែលអ្នក​ចែករំលែកបានច្រើន ហើយចែករំលែកចំជំនាញ​របស់អ្នក អ្នកប្រាកដជាអាចក្លាយជាមនុស្ស​ក្នុងចិត្ត​របស់អ្នកតាមដានជាច្រើន ដែលវាជា​គុណប្រយោជន៍មួយ​ជួយឱ្យម៉ាកយីហោអ្នកកាន់ល្អ និងមានឱកាស​កាន់តែច្រើន។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។