ហាងSteakបែបប៊ូហ្វេ២បត់ខ្លួនក្នុងសម័យកូវីដ១៩

599

ព្រឹត្តិការណ៍២០កុម្ភៈដែលជាការផ្ទុះជាសហគមន៍លើកទី៣​​បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មជាច្រើន ដោយសារតែការរីករាលដាលលើកនេះបានអូសបន្លាយពេលជាង២ខែ និងរហូតដល់រាជរដ្ឋាភិបាលបង្ខំចិត្តអនុវត្តវិធានការ​បិទខ្ទប់រាជធានី និងទីតាំងមួយចំនួន ដាក់ចេញបម្រាមគោចរណ៍ និង​បិទការឆ្លងខេត្តក្រុងជាដើម។

ពិតណាស់ វាជាស្ថានភាពមួយ ដែលម្ចាស់អាជីវកម្ម​ជាច្រើនមិនចង់អូសបន្លាយកាន់តែយូរនោះទេ ជាពិសេសអាជីវកម្ម​ដែលពឹងផ្អែកខ្លាំង ឬទាំងស្រុង​លើការទទួលភ្ញៀវមកទីតាំងផ្ទាល់។ យ៉ាងណាមិញ ក្នុងវិស័យម្ហូបអាហារដែលតែងតែពឹងផ្អែកខ្លាំង​លើការចូលមកហូបអាហារផ្ទាល់នោះ បានបត់ខ្លួនផ្តល់សេវាកម្មដឹកជញ្ចូនដល់ផ្ទះ ដើម្បីបន្តដង្ហើមអាជីវកម្មរបស់ខ្លួន ជាពិសេស​ក្នុងពេល​ការបិទខ្ទប់ និងការរិតត្បិតការធ្វើដំណើរដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល។

ថ្វីត្បិតតែហាងម្ហូបអាហារជាច្រើនអាច​ផ្តល់សេវាកម្មដឹកជញ្ចូនមែន តែម៉ូដែលហាងអាហារមួយចំនួន​គឺ​មិនអាច​បត់ខ្លួនបានភ្លាមៗនោះទេដោយសារតែ​ម៉ូដែលអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែង​ហាងអាហារSteakបែប​ប្រស៊ីល​២បែបបូហ្វេ(ញ៉ាំឥតកំណត់)នៅក្នុងរាជធានីភ្នំពេញ ដែលពីមុន​ពឹងទាំងស្រុងលើការញ៉ាំនៅនឹងកន្លែង និងផ្តល់សេវាកម្មអាហារសម្រាប់តែក្នុងពិធីជប់លៀង (អាហារប្រភេទនេះគឺជាការអារសាច់ស្ទេក​ជាច្រើនប្រភេទដាក់តាមតុរបស់ភ្ញៀវ) បានបត់ខ្លួន​ កែប្រែម៉ូដែលអាជីវកម្ម និងរបៀបលក់ ដើម្បី​បន្តដំណើរការ និងដង្ហើម​តទៅមុខទៀត។

ហាង Whole Steakhouse

ហាងសាច់ស្ទេកអារដាក់តុនេះ និងញ៉ាំមួយសេរីដោយចំណាយពី២៥ទៅ៣០ដុល្លារក្នុងម្នាក់ដោយមានប្រភេទសាច់ជាង១០មុខ បានផ្អាកដំណើរការមួយរយៈតាំងពីការផ្ទុះខ្លាំងមក តែថ្មីៗនេះបានកែប្រែការផ្តល់សេវាកម្មដែលពឹងផ្អែក​លើការអារសាច់ដាក់តាមចាន​របស់អតិថិជន មកជាការវេចខ្ចប់ និងដឹកដល់ផ្ទះអតិថិជនដោយអតិថិជន​អាច​ជ្រើសរើសសាច់បីមុខ ដោយ​គិត​តម្លៃ១៥ដុល្លារក្នុង​១ប្រអប់។

ហាង Davyna Steak House

ម៉ូដែលមិនខុសពី​ហាងសាច់​ស្ទេក​ខាងលើនោះទេ គឺជាហាងសាច់បូហ្វេញ៉ាំមួយសេរីដែលមានប្រភេទសាច់ជាង១០មុខដូចគ្នា ក៏បានបត់ខ្លួនយ៉ាងលឿនផងដែរ។ ខុសពីWhole Steakhouse ដែលបន្តលក់សាច់ឆ្អិន Davyna Steak Houseបាន​ប្រែសេវាកម្មអារសាច់អាំងឱ្យភ្ញៀវតាមតុ មកជាការលក់សាច់គោស្រស់ សាច់ចៀម និងសាច់ដែលមាននៅក្នុងម៉ឺនុយ​ក្នុងហាងពីមុន ហើយដឹកជញ្ចូន​ឱ្យអតិថិជន​ដល់ផ្ទះ ដោយបន្ថែមជូនទឹកជ្រលក់សាច់សម្រាប់អតិថិជនវិញ។

សរុបមកវិញ ក្នុងសម័យកូវីដ១៩នេះ ដើម្បីអាច​បន្តរស់ ឬបន្តប្រតិបត្តិការបាន អាជីវកម្ម​នីមួយៗត្រូវតែ​ផ្លាស់ប្តូរវិធីសាស្ត្រនៃការផ្តល់សេវាកម្ម ឬក៏ពេលខ្លះ​គឺកែប្រែម៉ូដែលរបស់ខ្លួនចេញពីអ្វីដែលមានស្រាប់ដើម្បី​អាច​បន្តការបើកទ្វារ។ ហើយវិធីសាស្ត្រ​របស់ហាងសាច់ស្ទេក​ទាំងពីរខាងលើគឺជាឧទាហរណ៍ជាក់ស្តែងមួយ និងជាការជម្រុញទឹកចិត្តដល់សហគ្រិន និងម្ចាស់អាជីវកម្មផ្សេងៗទៀត​ក្នុងការយកគម្រូតាម។

ចុះអ្នកវិញ តើបានធ្វើការកែប្រែអ្វីខ្លះក្នុងសម័យការកូវីដ១៩ ដើម្បីបន្តដំណើរទៅមុខ និងថែរក្សាក្រុមការងារ? កុំភ្លេច​ចូលរួមចែករំលែកជាមួយគេហទំព័រគំនិត ដើម្បីផ្តល់ជាយោបល់ជួយដល់សហគមន៍អ្នករកស៊ីនៅកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។

­

 

Previous articleតើ Business Life Cycle គឺជាអ្វី ?
Next articleតើ IOS version 14.5 របស់ Apple ប៉ះពាល់ទៅលើអ្នកលក់តាមអនឡាញឬទេ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។