ទំនងតើ!

ការឆ្លងរាតត្បាតជាសកល​នៃជម្ងឺកូវី១៩នៅតែមិនទាន់មានសញ្ញាថមថយ​នៅឡើយ ហើយវិបត្តិនេះបានធ្វើ​ឲ្យ​មានការផ្លាស់ប្តូរយ៉ាងច្រើន​ចំពោះការរស់នៅ និងការធ្វើអាជីវកម្ម។ ជម្ងឺផ្លូវដង្ហើមនេះ ធ្វើឲ្យយើងស្គាល់ពាក្យ​ថា យើងត្រូវរស់នៅបែបគន្លងថ្មី ដោយ​កាត់បន្ថយការជួបជុំ និងរក្សាគម្លាតពីគ្នា ដើម្បីកាត់បន្ថយហានិភ័យ។ ទោះបីជាមានវ៉ាក់សាំងហើយក៏ដោយ ពិភព​លោក​នឹងមិនអាចត្រឡប់ទៅរកសភាពដើមបានភ្លាមៗឡើយ ហើយ​ត្រូវបាន​គេប្រមើលមើលថា យ៉ាងហោចណាស់​ស្ថានភាពបែបនេះត្រូវបន្ត​រហូតដល់ឆ្នាំ២០២២ ឬអាចយូរជាងនេះ។

ក្នុងសម័យកាលនេះ មានអាជីវកម្ម​មិនតិចទេ​ដែលទទួលរងផលប៉ះពាល់ ហើយ​ហាងក៏មិនតិច​ដែរ​ដែលត្រូវបិទទ្វារដោយសារតែគ្មានភ្ញៀវចូល ដែលតម្រូវ​ឱ្យ​ម្ចាស់អាជីវកម្ម​ត្រូវបន្សាំ ឬ​ត្រូវបត់ខ្លួន​ដើម្បី​កាត់បន្ថយការចំណាយ និងផ្លាស់ប្តូររបៀប​ប្រកបអាជីវកម្ម។

ដោយសារតែកូវីដ ហាងលែងជាទីកន្លែងដែលមនុស្ស​អាចទៅអ៊ូរអរដូចមុន ហើយ​ក្នុងកំឡុងពេលនេះ ការមានហាងឬទីតាំងល្អ លែងសូវជា​កត្តាសំខាន់ទៀតហើយ ដោយមនុស្ស​កាន់តែច្រើនទៅៗ ចាប់ផ្តើម​បត់ខ្លួន​ប្រប្រាស់​ប្រព័ន្ធបណ្តាញសង្គម ឬ​វិធីសាស្ត្រឌីជីថលផ្សេងៗទៀត​ដើម្បីទិញ ឬលក់ទំនិញ/សេវាកម្មរបស់ខ្លួន។

វិបត្តិកូវីដ១៩នេះ នឹងធ្វើឱ្យភោជនីយដ្ឋានបែបចង្ក្រានឥតស្រមោល (Ghost Kitchen) និង​ហាង​គ្មានរូបរាង (Dark Store)កាន់តែពេញនិយមខ្លាំងឡើងៗ។ ចង្ក្រាន​ឥតស្រមោលគឺជាអាជីវកម្ម​អាហារដែលមាននិន្នាការថ្មីមួយ ដោយ​ម្ចាស់អាជីវកម្ម​មិនចាំបាច់​មានទីតាំងល្អទេ គឺអាចធ្វើនៅផ្ទះ ឬទីកន្លែង​ណាមួយក៏បាន ដោយគ្មានតុកៅអី​ទទួលភ្ញៀវ ហើយផ្តោតតែ​សេវាកម្មវេចខ្ចប់ និងដឹកទៅដល់ទីតាំងរបស់អតិថិជន។ ហាង​អត់រូបរាងវិញ​ក៏ដូច្នេះដែរ គឺម្ចាស់អាជីវកម្ម​លែងពឹកពាក់លើការដើរចូលមកហាង ឬមានទីតាំង​ល្អទៀតហើយ ដោយយើងអាច​ធ្វើការលក់ពីទីណាក៏បាន ដោយផ្តោត​លើការដឹកជញ្ចូន​ដល់អតិថិជន និងប្រើប្រាស់ច្រកឌីជីថល​សម្រាប់ធ្វើការផ្សព្វផ្សាយ​ស្វែងរកអតិថិជន។

អាជីវកម្ម​ម៉ូដែលទាំង២ខាងលើ ចាប់ផ្តើមផ្ទុះកាន់តែខ្លាំងឡើងទូទាំងសកល​ក្នុងកំឡុងពេលការឆ្លងរីករាលដាលនេះដោយសារតែ​អតិថិជនចាប់ផ្តើមស៊ាំនឹងការបញ្ជាទិញតាមអនឡាញ និងលែងហ៊ានចេញក្រៅជួបជុំមនុស្សច្រើន ហើយ​ទម្លាប់ទិញតាមអនឡាញ​នឹងមិនសាបរលាបនោះទេ ទោះបីជា​កូវីដ១៩រលត់ទៅវិញក៏ដោយ។ និន្នាការនេះ នឹងបង្ក​ភាពកាន់តែងាយស្រួលដល់អ្នកចង់ចាប់ផ្តើមអាជីវកម្ម​ផងដែរ ដោយសារតែ​ការចំណាយ​បើកអាជីវកម្ម​ទាំងនេះ មានទំហំតិចជាងមុន តែម្ចាស់អាជីវកម្ម​ត្រូវមានភាពច្នៃប្រឌិតក្នុង​ការ​ធ្វើការផ្សព្វផ្សាយទាក់ទាញអារម្មណ៍តាមរយៈប្រព័ន្ធឌីជីថល ឬប្រព័ន្ធផ្សព្វផ្សាយនានា។

 

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។