Homeវិបត្តិ និងឱកាសដំណោះស្រាយ និងឱកាសក្នុងកំឡុងពេលកូវីដ១៩

ដំណោះស្រាយ និងឱកាសក្នុងកំឡុងពេលកូវីដ១៩

I.        ទិដ្ឋភាពទូទៅ

ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងប្រទេសចិននាចុងឆ្នាំ ២០១៩  ។ រហូតមកដល់ឆ្នាំ២០២១ ការរាតត្បាតនៃជំងឺនេះនៅតែបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ខណៈដែលរលកទី២របស់វាកំពុងបោកបក់លើប្រទេសកម្ពុជា ។ មិនត្រឹមតែបង្ករភាពអាសន្នផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបង្ករឱ្យមានភាពរង្គោះរង្គើដល់សរសេរគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរផងដែរ។ កូវិដ១៩ បានធ្វើឱ្យខ្សែ    សង្វាក់ផ្គត់ផ្គង់រាំងស្ទះ និងបង្ករជាផលវិបាកទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ដែលជាហេតុនាំមកនូវការរំខានទៅលើគ្រប់វិស័យនៃសកម្មភាពសេដ្ឋកិច្ចទាំងអស់ក្នុងប្រទេសកម្ពុជា ។ ដោយសារកត្តាទាំងនេះ បានធ្វើឲ្យការនាំចេញរបស់កម្ពុជា លើវិស័យវាយណភ័ណ្ឌ ស្បែកជើង មានត្រឹមតែ ៧,៥ % ប៉ុណ្ណោះ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០[1] ហើយដោយសារព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តផ្ទុះឆ្លងចូលសហគមន៍ ការវាយតម្លៃចំពោះផលប៉ះពាល់ក្នុងឆ្នាំង២០២១នេះ នៅមិនទាន់បានធ្វើឡើងនៅឡើយទេ ។

II.        បញ្ហាប្រឈម

ក្នុងខែមេសាឆ្នាំ២០២១ ការបិទខ្ទប់ដ៏ធំដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ត្រូវបាន     រដ្ឋាភិបាលបង្ខំអនុវត្តន៍ ដោយហាមប្រជាជនប្រមាណ ២លាននាក់ នៅរាជធានីភ្នំពេញមិនធ្វើដំណើរចេញទៅប្រកបកិច្ចការងារអ្វីទាំងអស់ ។ សកម្មភាពសេដ្ឋកិច្ចត្រូវបានផ្ដាច់ស្ទើរគ្រប់វិស័យ សង្វាក់ផលិតកម្មក្នុងវិស័យវាយណភ័ណ្ឌត្រូវបានផ្អាក ហើយកម្មកររាប់ម៉ឺននាក់បានប្រឈមនឹងការចំណាយផ្សេងៗ ខណៈដែលចំណូលពួកគេបានធ្លាក់ចុះយ៉ាងគំហុក ។

គិតត្រឹមថ្ងៃទី ៤ ខែឧសភានេះ ផលប៉ះពាល់សរុបត្រូវបានអ្នកជំនាញវាយតម្លៃថា មានរោងចក្រចំនួន២០៦ បានរងការខូចខាត ក្នុងនោះមានកម្មករកើនដល់ ១,៦៧៣នាក់ ត្រូវបានគេរាយការណ៍ថាបានឆ្លងជំងឺកូវិដ ហើយកម្មករប្រមាណ ២ម៉ឺននាក់ផ្សេងទៀត បានដាក់ឱ្យធ្វើចត្តាឡីស័ក[2] ខណៈដែលកម្មករប្រមាណ១០ ម៉ឺននាក់ផ្សេងទៀតត្រូវប្រឈមនឹងប្រាក់ចំណូលចុះទាបទប់ទល់នឹងជីវភាព ។ បើយោងតាមធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះ ០,៥ % ដែលនេះជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩[3]

III.        ប្រភពបញ្ហា

បញ្ហាទាំងនេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានវាយតម្លៃថាទំនងបណ្ដាលមកពីបញ្ហា        សំខាន់ៗ ៣ ៖

  1. ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសធំៗ មានដូចជា៖ អាមេរិក ប្រទេសក្នុងសភាពអឺរ៉ុប និង ចិន ជាដើម ។
  2. ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅបន្តអូសបន្លាយខណអ្នកឆ្លងជាងប្រចាំជាមធ្យមមានជាង ៤០០នាក់
  3. បណ្ដាលមកពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបពីប្រទេសកម្ពុជាដែលចាប់ផ្តើមតាំងដើមខែសីហា ឆ្នាំ២០២០។[4]

ជាការពិតណាស់លំហូរចូលនៃវិនិយោគដោយផ្ទាល់ពីបរទេស មានជាង ៥០% នៃវិនិយោគសរុបនៅកម្ពុជា គឺមានប្រភពមកពីចិន និងតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ[5]។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩មក ការវិនិយោគផ្ទាល់ពីបរទេសមានការធ្លាក់ចុះយ៉ាង      ខ្លាំង។ យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩បាននាំឱ្យការវិនិយោគមានអត្រាធ្លាក់ចុះ -៥,៣ % ក្នុងឆ្នាំ ២០២០ ដោយសារតែការថមថយនៃការវិនិយោគផ្ទាល់ពីប្រទេសចិន[6]

បន្ទាប់មានពីធ្លាក់ចុះសេដ្ឋកិច្ចស្ទើពេញមួយឆ្នាំ២០២០មក ទីបំផុតសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវអ្នកសេដ្ឋវិទូនៃធនាគារ ADB វាយតម្លៃថាមានកំណើនឡើងវិញ ដូចតារាងខាងក្រោម ។

ជុំវិញការព្យាករណ៍សេដ្ឋកិច្ចមុនពេល និងក្រោយពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ត្រូវបានគេមើលឃើញថាមានភាពខុសគ្នាទៅតាមស្ថាប័នផ្សេងៗគ្នា ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងរដ្ឋាភិបាលកម្ពុជារវាងឆ្នាំ២០២០ និង២០២១ [7]

IV.        វិធានការណ៍ឆ្លើយតប និងដំណោះស្រាយ

រហូតមកដល់ពេលនេះការឆ្លើយតបរបស់រដ្ឋាភិបាលហាក់មានប្រសិទ្ធិភាពមធ្យមនៅឡើយ ខណៈកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងក៏ដូចជាបញ្ហាសង្គមផងដែរ[8] ។ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអ៊ឺរ៉ុប (EBA) ហាក់ក៏ជាផ្នែកមួយរុញសេដ្ឋកម្ពុជាឱ្យដើរថយក្រោយផងដែរ ។

ទោះបីយ៉ាងណាដើម្បីស្ដារស្ថានភាពនេះឱ្យបានប្រសើរវិញ យើងមានដំណោះស្រាយដូចខាងក្រោមសម្រាប់ជូនរដ្ឋាភិបាល ៖

        ទី១ ត្រូវចាត់វិធានការបន្ទាន់ជាច្រើនទៅលើអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូចជាឧស្សាហកម្មកាត់ដេរ ជាដើម ដែលវិស័យទាំងនេះបានបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ ព្រមទាំងបានបង្កើតការងារដល់កម្មករដែលភាគច្រើនជាស្ត្រី[9] ដោយបញ្ចេញទន់បំរុងរបស់ជាតិ ១ពាន់លានដុល្លារ និងដោយការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងលំហូរនៃការដោះដូរទំនិញ ។

ទី២ រដ្ឋត្រូវលើកលែងពន្ធលើវិស័យឧស្សាហកម្មនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងរយៈពេលចាប់ពី ៦ ខែទៅ ១ ឆ្នាំ ដោយគិតចាប់ខែមិថុនាតទៅ ។

ទី៣ រដ្ឋត្រូវចាត់ចែងមន្ត្រីបច្ចេកទេស ក្រសួងពាក់ព័ន្ធ ក្នុងការបោះទុនបង្កើតរោងចក្រសហគ្រាសកែឆ្នៃវត្ថុធាតុដើមដោយខ្លួនឯង ដោយមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើការនាំចូលពីចិនច្រើនពេកនោះឡើយ។

ទី៤ ត្រូវបន្ធូរបន្ថយពន្ធលើផលិតផលដែលផលិតដោយឧស្សាហ៍កម្មក្នុងស្រុកឱ្យទាបជាងប្រទេសជិតខាង ដើម្បីទាក់ទាញវិនិយោគគិនមកបង្កើតទីតាំងផលិតនៅកម្ពុជា ។

ទី៥ តម្លៃឋាមពលអគ្គីសនីដែលលក់ឱ្យរោងចក្រសហគ្រាសឧស្សាហ៍កម្ម ត្រូវតែមានលក្ខណៈប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងរក្សាបាននូវស្ថេរភាពផ្គត់ផ្គង់ ។

ទី៦ រដ្ឋាភិបាលត្រូវផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មកររោងចក្រយ៉ាងតិច ១៥០ ដុល្លារ ដោយរួមចំណែកជាមួយម្ចាស់រោងចក្រ ធ្វើយ៉ាងណាកុំឱ្យកម្លាំងពលកម្មហូរចូលទៅក្នុងប្រទេសថៃ ។

ទី៧ ក្រសួងការងារ ត្រូវពង្រឹងលើវិជ្ជាជីវៈបណ្ដុះបណ្ដាលឱ្យកម្មករដែលគ្មានជំនាញ ទៅជាកម្មករជំនាញ និងជាជំនួយដល់កម្មករ ។

ទាំងនេះសុទ្ធសឹងតែជាដំណោះស្រាយដែលគួរធ្វើដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍ ដែលរដ្ឋាភិបាល គួរពិចារណាក្នុងការសង្គ្រោះវិស័យឧស្សាហ៍កម្មវាយណភណ្ឌ ដែលវិស័យនេះបានរួមចំណែករហូតដល់ ៧៤% ក្នុងការនាំចេញសរុបរបស់កម្ពុជា [10]

អត្ថបទនេះរៀបរៀងដោយ ឃី ពិសី

[1] ធនាគារពិភាពលោក “ការសិក្សាពីកម្ពុជាក្នុងកំឡុងពេលកូវិដ១៩” ចូលអានថ្ងៃទី១៣ ឧសភា ២០២១

[2] វិទ្យុបារាំងអន្តរជាតិ “កម្មករនយោជិត ៥០% អាចចូលបម្រើការងារតាមរោងចក្រក្រោយការបិទខ្ទប់” ចូលអានថ្ងៃទី១២ ឧសភា ២០២១

[3] ធនាគារពិភពលោក “ផ្ដោតការសិក្សាពិសេសសម្រាប់កម្ពុជាក្នុងកំឡុងពេលកូវិដ ១៩” ចូលអានថ្ងៃទី១១ ឧសភា ២០២១

https://pubdocs.worldbank.org/en/357291590674539831/pdf/CEU-Report-May2020-Final.pdf

[4] ធនាគារអភិវឌ្ឍអាស៊ី (ADB) “ទស្សនវិស័យសម្រាប់អាស៊ី” អំពីផលប៉ះពាលនៃការផ្ទុះឡើងជំងឺកូវិដ១៩ “ចូលអានថ្ងៃទី

១១ ឧសភា ២០២១

https://www.adb.org/sites/default/files/publication/575626/ado2020.pdf

[5] ធនាគារពិភពលោក “ផ្ដោតការសិក្សាពិសេសសម្រាប់កម្ពុជាក្នុងកំឡុងពេលកូវិដ ១៩” ចូលអានថ្ងៃទី១៣ ឧសភា ២០២១ https://pubdocs.worldbank.org/en/357291590674539831/pdf/CEU-Report-May2020-Final.pdf

[6] សារព័ត៌មានខ្មែរថែម “ការធ្លាក់ចុះការអភិវឌ្ឍ” ចូលអានថ្ងៃទី ១១ ឧសភា ២០២១ https://www.khmertimeskh.com/736882/construction-suffers-from-low-growth/

[7] ធនាគារអភិវឌ្ឍអាស៊ី (ADB) “ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា” ចូលអាននៅថ្ងៃទី ១១​ ឧសភា ២០២១ https://www.adb.org/news/cambodias-economic-growth-slow-2020-rebound-expected-2021-adb

[8] កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) “ការងើបឡើងវិញនៃសេដ្ឋកិច្ចឆ្ពោះទៅឆ្នាំ២០៣០” ចូលអានថ្ងៃទី១១ ឧសភា ២០២១​ https://www.kh.undp.org/content/cambodia/en/home/coronavirus/support-to-national-response.html

[9] គេហទំព័រ DFDL “ការផ្ដល់ជំនួយសម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ពីកូវិដ១៩ និង EBA” ចូលអានថ្ងៃទី ១១ ឧសភា ២០២១ https://www.kh.undp.org/content/cambodia/en/home/coronavirus/support-to-national-response.html

[10] https://www.ilo.org/wcmsp5/groups/public/—asia/—robangkok/documents/publication/wcms_714915.pdf

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular