ពាណិជ្ជកម្ម
Home ហិរញ្ញវត្ថុ តើគួរទិញផ្ទះមុន ឬទិញឡានមុន?

តើគួរទិញផ្ទះមុន ឬទិញឡានមុន?

ទិញផ្ទះមុន ឬឡានមុន? នេះជា​ចម្ងល់មួយដែលមនុស្ស​ជាច្រើន​ពិបាកស​ម្រេចចិត្ត​នៅពេលដែលមានលុយក្នុងដៃមានកំណត់។ បើអ្នកសួរមនុស្សទូទៅ ឬ​ស្តាប់ពីការចែករំលែក​លើបណ្តាញសង្គម ប្រាកដណាស់ចម្លើយ​ភាគច្រើន​គួរនឹងនិយាយ​ថា អ្នកគួរទិញផ្ទះមុន ព្រោះផ្ទះជាទ្រព្យ ហើយឡាន​ទិញទៅ​និង​ធ្លាក់ថ្លៃ ហើយវាបំណុល​ជាក់ជាមិនខានឡើយ។

ពិតជាត្រឹមត្រូវណាស់ដែលថា អ្នកនឹងខាតលុយ​ប្រសិនបើអ្នកទិញឡាន ព្រោះតម្លៃឡាន​មិនឡើង​នោះឡើយ ហើយបើអ្នកទិញឡានថ្មីវិញ នោះខាត​កាន់តែច្រើន។ ក៏ប៉ុន្តែ នេះគ្រាន់តែជាជ្រុងមួយ​ប៉ុណ្ណោះ ដែលអ្នកមិនគួរពិចារណា​ការទិញឡាន ឬផ្ទះ​ដោយផ្អែកតែ​តម្លៃ​ទិញលក់នៃវត្ថុនីមួយៗនេះ​តែមួយមុខប៉ុណ្ណោះទេ។

ចំណុច​សំខាន់បំផុត​ដែលអ្នកគួរតែគិតយកទៅពិចារណានោះគឺ តើស្ថានភាពអ្នក វត្ថុទាំង២​នេះ មួយ​ណាសំខាន់ជាងគេសម្រាប់អ្នក?  ប្រាកដណាស់ ប្រសិនបើអ្នកទិញឡាន​សម្រាប់តែភាពឡូយឆាយ និងមិនបានទាញប្រយោជន៍ពីវា​ អ្នកមិនគួរទិញឡានមុននោះទេ ព្រោះវាមិនបានជួយបង្កើនទ្រព្យអ្នក ហើយបន្ថែមបន្ទុកចំណាយទៀតផង។ ក៏ប៉ុន្តែ ប្រសិនបើ​ការទិញឡាន គឺជា​ស្ពានមួយដែលធ្វើឱ្យអ្នករកលុយកាន់តែបានច្រើន បង្កើនចំណូល និងជួយសម្រួលការរស់ប្រចាំថ្ងៃដែលអ្នកគិតថាជា​រឿងចាំបាច់សម្រាប់គ្រួសារ ការមានឡានមុនគឺជាជម្រើសដំបូង។

ការទិញផ្ទះ ពិតណាស់គឺជាទ្រព្យ ដែលមនុស្ស​ជាច្រើនគិតថា វិនិយោគ​លើផ្ទះ​នឹងមានផលចំណេញខ្ពស់។ តែរឿងនេះ ក៏មិនមែនជា​រឿងដែលត្រូវទាំងស្រុងនោះដែរ។ ការវិនិយោគផ្ទះដើម្បីចំណេញ វាទាមទារឱ្យអ្នកចេះ​ស្វែងរកផ្ទះដែលត្រូវ ចេះមើលទីតាំង និងចេះគិតគូរហិរញ្ញវត្ថុថាវានឹងផ្តល់ផលចំណេញប៉ុណ្ណា ព្រោះខ្ញុំឃើញមានមនុស្សមិនតិចទេ ដែលត្រូវ​រង​បំណុលដោយសារតែការទិញផ្ទះ​បង់រំលស់ដែលការប្រាក់ខ្ពស់ជាង​តម្លៃ​ឡើងថ្លៃនៃ​អចលនវត្ថុនោះ ធ្វើឱ្យ​ពួកគាត់ខាតបង់ទៅវិញ។

ពាណិជ្ជកម្ម

សំណួរសួរថាទិញផ្ទះមុន ឬឡានមុន គឺជារឿងដែលសាមញ្ញ តែវាបង្កប់ន័យជ្រៅ​សម្រាប់មនុស្ស​គ្រប់រូប ហើយ​ចម្លើយ​គឺគ្មាន​មួយណាខុស ឬត្រូវដាច់ខាតនោះទេ​ ដោយវាអាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់បុគ្គល​ម្នាក់ៗ។ ខ្ញុំឃើញមានការឱ្យយោបល់ជាច្រើន ថាទិញផ្ទះមុន ឬឡាន​មុន​ទៅតាមការយល់ឃើញរបស់ខ្លួន តែពួកគាត់​ឱ្យយោបល់អ្នកទាំងអស់គ្នាទៅតាមស្ថានភាពរបស់គាត់ តែមិនមែនស្ថានភាពរបស់អ្នកទេ ព្រោះគ្មានអ្នកណាដឹងស្ថានភាពអ្នកជាងអ្នកខ្លួនឯងនោះឡើយ។ ដូចនេះ បើអ្នកស្តាប់គេដោយមិនពិចារណា អ្នកនឹងមានហានិភ័យ មិនថាទាំងការទិញផ្ទះ ឬឡានឡើយ។ ជាក់ស្តែង ខ្ញុំទិញឡាន​មុនផ្ទះ ហើយដោយសារតែឡាននេះហើយ ដែលធ្វើឱ្យខ្ញុំអាចពង្រីកចំណូល ពង្រីក​អាជីវកម្ម និងមានលុយទិញផ្ទះ ទិញដីកាន់តែច្រើន។

ខ្ញុំតែងតែប្រាប់អ្នកជុំវិញខ្ញុំថា កុំស្តាប់ខ្ញុំ​ហើយ​ធ្វើតាមខ្ញុំ ព្រោះនេះគ្រាន់តែជា​យោបល់ ព្រោះខ្ញុំមិនដឹងស្ថានភាពគ្រប់ជ្រុងជ្រោយនោះទេ នេះគ្រាន់តែជា​យោបល់​សម្រាប់យកទៅពិចារណា។ ខ្ញុំចង់ឱ្យ​មនុស្ស​ទាំងអស់ ចេះ​ធ្វើការគិត វិនិច្ឆ័យ ចេះពិចារណា និងថ្លឹងថ្លែងវិភាគ​ដើម្បីធ្វើការសម្រេចចិត្តបានល្អបំផុត ទើប​អ្នកទាំងនោះអាច​ចៀសផុត​ពីការបោកប្រាស់​ និងការសម្រេចចិត្តដោយកាត់បន្ថយ​ការខុសបានច្រើនបំផុត។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។
Exit mobile version