ទំនងតើ!

វិស័យអចលនវត្ថុគឺជាវិស័យមួយដែល​ធ្វើឲ្យមនុស្ស​មិនតិចទេ​មានបាន ហើយ​ក៏មិនតិ​ចដែរដែល​បោកក្បាលចងក ដោយសារតែ​ភាពលោភលន់ ហ៊ានហួសមាឌ និងធ្វើការវិនិយោគដោយមិនមានចំណេះដឹង និងខ្វះបទពិសោធន៍។ សម្រាប់អ្នកដែលថ្មីថ្មោង ប្រាកដណាស់នឹងមានចម្ងល់មួយ​នៅក្នុង​ចិត្ត ថា​តើ​គួរវិនិយោគ​ដោយប្រាក់កម្ចីពីគេ ឬពីធនាគារដែរឬទេ? ព្រោះថា​ ប្រសិនបើរង់ចាំ​ទម្រាំមានលុយ​សុទ្ធទាំងមូល គឺជារឿងមួយដែលពិបាក តែក៏មានកង្វល់ធំមួយដែរ ប្រសិនបើខ្ចី វាជារឿងមួយដែលល្អឬទេ ព្រោះយើងត្រូវ​បង់ការប្រាក់ ហើយ​មាន​មតិ​មិន​តិចដែលនិយាយ​ថា អ្នកមិនគួរខ្ចីលុយគេ ឬធនាការ​មកវិនិយោគ​អចលនវត្ថុនោះឡើយ។

តាមពិត រឿងខ្ចីគេមកវិនិយោគ ឬទិញអចលនវត្ថុ មានមិនមានចម្លើយ​មួយជាក់លាក់ដែលថា ត្រូវឬខុសនោះទេ។ ពិតណាស់​ ប្រសិនបើអ្នកគ្មានចំណេះដឹងទាល់តែសោះ គ្មានបទពិសោធន៍ គ្មាន​ព័ត៌មាន ការខ្ចី​លុយគេមកទិញ ឬវិនិយោគគឺជា​ការប្រថុយប្រថាន និងមានហានិភ័យខ្ពស់។ ហានិភ័យខ្ពស់ត្រង់ថា ប្រសិនបើ​ទិញហើយ ដី ឬផ្ទះនោះមិនឡើងថ្លៃសោះ អ្នកប្រាកដជា​លង់នឹងកំណើនការប្រាក់ ដែលនាំឲ្យមានការខាតបង់ ឬបាក់ស្បាត។

ប៉ុន្តែ មិនមែនការខ្ចីលុយគេមកទិញ ឬមកវិនិយោគទាំងអស់គឺជារឿង​ដែលមិនល្អនោះទេ! ប្រសិនបើអ្នកមានព័ត៌មាន​ច្បាស់លាស់និងមានចំណេះដឹង​គ្រប់គ្រាន់ ហើយធ្វើការវិភាគដឹងថា តម្លៃអចលនវត្ថុនោះនឹងឡើងថ្លៃ​ ដែលមាន​អាត្រាកំណើន​ច្រើនជាង​កំណើន​ការប្រាក់​នោះ ប្រាកដណាស់ ការខ្ចីលុយ​មកទិញ​គឺជា​ជម្រើស​ឆ្លាតវៃ។ ឧទាហរណ៍ថា ប្រសិនបើអ្នកទិញផ្ទះ​មួយល្វែងឬ ដីមួយកន្លែង អាត្រា​កំណើន​ដែលអ្នក​រំពឹងទុកគឺ​កើន​២០%​ក្នុង​មួយឆ្នាំ ហើយអាត្រាការប្រាក់​ត្រឹមតែ៨%ក្នុងមួយឆ្នាំ នោះមានន័យថា ការខ្ចីលុយ​មកទិញគឺជា​រឿង​មួយ​ដែលល្អ ព្រោះ​អ្នកប្រើប្រាស់ធនធានអ្នកដទៃដើម្បីចំណេញពីការវិនិយោគ ដែលទោះបីជាត្រូវចែកថ្លៃសេវាការប្រាក់មែន តែអ្នកនៅតែសល់លុយ​ពីការវិនិយោគនេះ។ ប៉ុន្តែបើផ្ទុយទៅវិញ អាត្រាឡើងទាបជាងការប្រាក់ ច្បាស់ណាស់ អ្នកនឹងខាតលុយ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកត្រូវចងចាំនោះគឺ រាល់ការវិនិយោគ​ទាំងអស់តែងតែមានហានិភ័យតិច ឬច្រើនបើទោះបីជា​យើងមានចំណេះដឹង​ និងបទពិសោធន៍យ៉ាងណាក៏ដោយ។ ដូចនេះ ប្រសិនបើអ្នកសម្រេចចិត្ត​យកកម្ចី ដែលត្រូវ​បង់ត្រឡប់​(រំលស់ឱ្យគេវិញប្រចាំខែ) អ្នកត្រូវប្រាកដក្នុងចិត្ត​ថា លម្ហូរសាច់ប្រាក់ប្រចាំខែរបស់អ្នកមានភាពរឹងមាំល្អ ដែលទោះបីជា​មិនអាច​លក់​អចលនវត្ថុដែលអ្នកវិនិយោគ​នោះបានដូចការរំពឹងទុក អ្នកនឹងមិនជួបបញ្ហាការបង្វិលសាច់ប្រាក់នោះឡើយ ទើបនោះជា​ការវិនិយោគប្រកបដោយសុវត្ថិភាព។

ចូរចាំថា​ កុំរេរាតាមខ្យល់ កុំតក់ក្រហល់នឹងការវិនិយោគដែលងងឹតស្លុង ដោយសារតែភាពលោភលន់ ហើយជឿតាមអ្នកណាម្នាក់ដោយមិនមានការពិចារណា ឬចំណេះដឹងវិនិយោគ​ទាល់តែសោះ។

លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។