ទំនងតើ!

យើងបានដឹងរួចមកហើយថា នៅក្នុងសម័យកាលបច្ចេកវិទ្យាដ៏ទំនើបនេះ បណ្តាអាជីវកម្មជាច្រើនបាននឹងកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុក ជាពិសេសនៅក្នុងសម័យកាលកូវីត១៩នេះក៏ព្រោះតែមានមនុស្សមិនច្រើននោះទេដែលហ៊ានទៅទិញទំនិញ ឬឥវ៉ាន់នៅតាមបណ្តាហាងនានាដោយផ្ទាល់ ហើយភាគច្រើនពួកគេទៅទិញទំនិញមួយចំនួនដូចជា៖ ស្បៀងអាហារ អាល់កុល ម៉ាស និងសម្ភារដែលចាំបាច់មួយចំនួនតែប៉ុណ្ណោះ។ ក្រៅពីនោះទំនិញផ្សេងទៀតហាក់មានសភាពស្ងាប់ស្ងាត់ រហូតដល់ហាង និងស្ថាប័នមួយចំនួនត្រូវក្ស័យធនបង្ខំចិត្តបិទទ្វា។ ក្រៅពីបញ្ហាកូវីត១៩នេះ ក៏មានហេតុផលសំខាន់ៗមួយចំនួនទៀតដែលអ្នកគួរតែដឹងអំពីការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់អ្នក។

ថ្ងៃនេះ គំនិត សូមលើកយកហេតុផលទាំង ០៤យ៉ាងដែលម្ចាស់អាជីវកម្មសម័យថ្មីគួរតែមាន ផេកហ្វ៊េសប៊ុក សម្រាប់់​អាជីវកម្ម​ខ្លួន។

១. ហេតុផលទីមួយ៖ វិសាលភាពនៃអតិថិជន

ជាការពិតណាស់ នៅពេលដែលអ្នកមានផេកអាជីវកម្មរបស់អ្នក នោះអ្នកនឹងអាចពង្រីកវិសាលភាពអាជីវកម្មរបស់លោកអ្នកបានតាមរយៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ច្រើន និងកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកប្រើប្រាស់គណនីផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកនោះ ចំនួនអ្នកដែលអាចឃើញការផ្សព្វផ្សាយរបស់អ្នកគឺមានកំណត់ទៅតាមនឹងដែរ។ ជាក់ស្តែងសម្រាប់គណនីផ្ទាល់ខ្លួនរបស់អ្នក អាចផ្ទុកចំនួនមិត្តភក្តិបានច្រើនបំផុត ៥០០០នាក់តែប៉ុណ្ណោះ។ ចំណែកឯផេកហ្វ៊េសប៊ុកអាជីវកម្មវិញគឺពុំមានចំនួនកំណត់អ្នកដែលអាចឃើញការផ្សព្វផ្សាយរបស់លោកអ្នកនោះទេ។

២. ហេតុផលទីពីរ៖ មានមុខងារជាច្រើនដែលអ្នកអាចប្រើប្រាស់បាន

ប្រសិនបើអ្នកប្រើប្រាស់គណនីផ្ទាល់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកនោះ លោកអ្នកអាចធ្វើការផ្សព្វផ្សាយបានតែត្រឹមការផុសរូប ឬវីឌីអូតែប៉ុណ្ណោះ។ និយាយរួមគឺការផ្សព្វផ្សាយ ក៏ដូចជាមតិការដែលលោកអ្នកអាចធ្វើបានគឺនៅមានកម្រិតមែនទែន។ តែបើយើងក្រឡេកមកមើលពីអ្វីដែល ហ្វ៊េសប៊ុកផេក អាចធ្វើបាននោះគឺមានច្រើនមែនទែន។​

៣. ហេតុផលទីបី៖ ការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម (Ads Boosting)

មុខងារដ៏សំខាន់មួយទៀតដែលហ្វ៊េសប៊ុកផេក អាចធ្វើបានសម្រាប់អាជីវកម្មអ្នកនោះគឺ ការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម ឬក៏បងប្អូនយើងភាគច្រើនស្គាល់ថាជាការប៊ូស (Boost)។​ ផ្ទាំងពាណិជ្ជកម្ម និងជួយឲ្យអាជីវកម្មរបស់លោកអ្នកអាចឈានទៅដល់មនុស្សកាន់តែច្រើនលើសពីអ្នកដែលបានស្គាល់ផេក ឬអាជីវកម្មរបស់លោកអ្នក។ ក៏ប៉ុន្តែប្រសិនបើលោកអ្នកប្រើប្រាស់ត្រឹមតែគណនីផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយ នោះការផ្សាយរបស់លោកអ្នកគឺអាចបានឃើញត្រឹមតែអ្នកដែលមានភាពជាមិត្តភក្តិ (Friend) ជាមួយលោកអ្នកតែប៉ុណ្ណោះ។

៤. ហេតុផលទីបួន៖ មានទិន្នន័យពីអតិថិជនគោលដៅរបស់លោកអ្នក

ចំណុចដ៏ពិសេសមួយទៀតនៅពេលដែលលោកអ្នកមានផេកហ្វ៊េសប៊ុកសម្រាប់អាជីវកម្មរបស់លោកអ្នកគឺនៅត្រង់ថាលោកអ្នកអាចតាមដានទិន្នន័យអតិថិជនគោលដៅរបស់លោកអ្នកបាន ដោយលោកអ្នកអាចស្វែងរកព័ត៌មានទាក់ទងនឹង ភេទ អាយុ ទីកន្លែង និងភាសា នៅក្នុងផេករបស់អ្នកទាំងអស់គ្នាបាន។ ដើម្បីចូលទៅមើលទិន្នន័យទាំងនោះ សូមធ្វើតាមរូបខាងក្រោម៕

លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕