ទំនងតើ!

ការរៀបចំ Page ឲ្យត្រឹមត្រូវតាមស្តង់ដារដែលក្រុមហ៊ុន Facebook បានកំណត់គឺពិតជាសំខាន់ណាស់ ព្រោះវាជាចំណែកមួយដែលអាចជួយឲ្យ Page របស់លោកអ្នកមានព័ត៌មានគ្រប់គ្រាន់ និងពេញលេញសម្រាប់អ្នកទស្សនា និងអតិថិជនងាយស្រួលក្នុងការស្វែងរក ក៏ដូចជាបង្កើនទំនុកចិត្តទៅដល់អតិថិជនផងដែរ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែល Page Facebook របស់បងប្អូនចាំបាច់ត្រូវមានដើម្បីក្លាយជា Page មួយដែលមានស្តង់ដារ។

១. រូបភាព Profileរូបសញ្ញាតំណាង

ការមានរូបភាព Profile ឬរូបសញ្ញាជាតំណាង (logo) ជួយឲ្យ Page លោកអ្នកមានភាពខុសប្លែកពី Page ដទៃនិងមិនធ្វើឲ្យអតិថិជនមានការភ័ន្តច្រលំដោយប្រការណាមួយឡើយ។ គំនិត សូមណែនាំឲ្យលោកអ្នកគួរតែមាននូវ រូបសញ្ញាជាតំណាង (logo) ដែលជារបស់ខ្លួន និងមិនចម្លងពីអ្នកដទៃដើម្បីបង្កើតជាម៉ាកសញ្ញាផ្ទាល់ខ្លួនសម្រាប់លោកអ្នក ប៉ុន្តែការបង្កើតរូបសញ្ញាជាតំណាង (logo) នេះតម្រូវឲ្យលោកអ្នកចំណាយថវិការមួយចំនួនក្នុងការបង្កើតវា ដូច្នេះសម្រាប់លោកអ្នកដែលមានលទ្ធភាពតិច លោកអ្នកក៏អាចប្រើរូបភាពជំនួសបណ្តោះអាសន្នក៏បានដែរ។

២. ផ្ទាំង Cover

ចំពោះផ្ទាំង Cover នេះផងដែរ លោកអ្នកអាចប្រើប្រាស់ជារូបភាពដែលបង្ហាញពីព័ត៌មានហាង ព័ត៌មានផលិតផល ឬសេវាកម្មរបស់លោកអ្នក ដើម្បីងាយស្រួលដល់ការស្វែងយល់របស់អតិថិជន។ ផ្ទាំង cover ប្រៀបបីដូចជាស្លាកយីហោ របស់អាជីវកម្មអ្នកអ៊ីចឹង ដូច្នេះអ្នកគួរតែរំលេចតែព័ត៌មានណាដែលសំខាន់ និងចាំបាច់ប៉ុណ្ណោះ ហើយអ្នកក៏គួរជៀសវាងការដាក់នូវព័ត៌មានដែលពុំសូវមានប្រយោជន៍ ព្រោះវាអាចធ្វើឲ្យអតិថិជនរបស់អ្នកពិបាកក្នុងការចាប់យកព័ត៌មានទាំងនោះ។

៣. Page Username

Page Username នេះប្រៀបដូចជាលេខកូដសម្គាល់ខ្លួនអ៊ីចឹង មានន័យថា Page នីមួយៗគឺមានលេខសម្គាល់ខ្លួនផ្សេងៗគ្នា និងមិនអាចដាក់ឲ្យដូចគ្នា ១០០% បាននោះទេ។ Page Username ជួយអតិថិជនឲ្យមានភាពងាយស្រួល និងរហ័សក្នុងការស្វែងរក Page របស់លោកអ្នកដោយគ្រាន់តែធ្វើការវាយ @ បូកជាមួយ Page Username នៅកន្លែងស្វែងរកជាការស្រេច។ ឧទាហរណ៍ លោកអ្នកគ្រាន់តែធ្វើការវាយ @kumnitdotcom នៅក្នុងកន្លែងស្វែងរក នោះលោកអ្នកនឹងឃើញ Page របស់ គំនិត នៅខាងលើគេជាក់ជាពុំខាន។

៤. ប៊ូតុងសម្រាប់ទំនាក់ទំនង Contact Button (Action Button)

សម្រាប់ប៊ូតុងសម្រាប់ទំនាក់ទំនងនេះ លោកអ្នកអាចធ្វើការជ្រើសរើសបានទៅតាមគោលបំណង និងអាជីវកម្មរបស់លោកអ្នក ដែលវាមានជម្រើសមួយចំនួនដូចជា៖ អាចឲ្យអតិថិជនអាចធ្វើការណាត់ជួបជាមួយលោកអ្នក អាចឲ្យអតិថិជនធ្វើការទំនាក់ទំនងមកកាន់លោកអ្នកតាមរយៈការផ្ញើសារ តេទូរស័ព្ទ ផ្ញើជាអ៊ីម៉េល រួមទាំងមុខងារដទៃមួយចំនួនទៀតដូចក្នុងរូបខាងក្រោម។

៥. អាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង

ប្រសិនបើលោកអ្នកមានហាង ដែលមានទីកន្លែងច្បាសលាស់ លោកអ្នកអាចបញ្ចូលអាស័យដ្ឋានទីតាំងរបស់ហាងលោកអ្នកបានសម្រាប់អតិថិជនអាចអញ្ចើញមកដល់ទីតាំងផ្ទាល់។ លើសពីនេះ លោកអ្នកក៏អាចបន្ថែមលេខទូរស័ព្ទទំនាក់ទំនង ដែលកាន់តែបន្ថែមភាពងាយស្រួលក្នុងការប្រកបអាជីវកម្មរបស់លោកអ្នកផងដែរ។

ដូច្នេះតើ ផេក របស់បងប្អូនមានព័ត៌មានគ្រប់គ្រាន់តាមស្តង់ដារហើយឬនៅ?

លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕