Century 21 Cambodia ផ្តោតខ្លាំង​លើ​ការ​បណ្តុះ​បណ្តាល​ភ្នាក់ងារ​អចលនទ្រព្យដើម្បី​នាំមុខទីផ្សារ

1002

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​ឃើញ​មាន​សន្ទុះរីកចម្រើន​ផ្នែក​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំង​ក្លា ជាពិសេស​នៅ​ក្នុងរាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែលធ្វើ​ឱ្យ​មាន​អ្នកវិនិយោគជាច្រើនចាប់​អារម្មណ៍​ខ្លាំង​នៅលើវិស័យមួយនេះ។ កំណើន​សេដ្ឋកិច្ច ស្ថិរភាព​សង្គម​​ ព្រមទាំងការបើកចំហរ​នៃ​ការ​វិនិយោគ​បានធ្វើ​ឱ្យ​អ្នក​ជំនាញ​ភាគច្រើន​មាន​សុទិដ្ឋិនិយម​លើ​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា។

ទន្ទឹមនឹងការរីកចម្រើន​នេះ យើង​ឃើញ​មាន​មនុស្ស​កាន់តែច្រើន​ឡើង​ចាប់ផ្តើម​ប្រឡូកចូល​ធ្វើ​ជា​ភ្នាក់ងារ​វិស័យ​អចលនទ្រព្យ​កាន់តែច្រើនឡើងៗ ដែលធ្វើឱ្យទីផ្សារ​ក្រុមហ៊ុន​អចលនទ្រព្យ​កាន់តែមាន​ការប្រកួត​ប្រជែង​ដើម្បី​ទទួលបាន​ទំនុកចិត្ត​និងភាពជឿជាក់​​ពីសំណាក់អតិថិជន។

ទីផ្សារ​កាន់តែប្រកួត​ប្រជែង ធ្វើ​ឱ្យកម្រិត​គុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​តម្រូវ​ឲ្យ​មាន​កាន់តែខ្ពស់ផងដែរដែលហេតុផល​នេះ​គឺជា​ហេតុផលចម្បង​ដែល​ក្រុមហ៊ុននីមួយៗ​ខិតខំពង្រឹង​សមត្ថភាព​បុគ្គលិក​របស់ខ្លួន​ដើម្បី​យកឈ្នះ​នៅលើទីផ្សារ។

ក្នុងចំណោម​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់ ក្រុមហ៊ុនCentury 21 ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ម៉ាកសញ្ញាធំជាង​គេ​នៅលើពិភពលោក មាន​ការិយាល័យ​ជាង​ដប់​នៅក្នុង​ប្រទេស​កម្ពុជា និងជាង​៧០០០លើពិភពលោក បាននឹង​កំពុង​ដុតដៃ​ដុតជើង​ បំពាក់បំប៉ន​សមត្ថភាព​បុគ្គលិក​របស់ខ្លួន​ជាប់ជានិច្ច ជាពិសេស​គឺ​បាន​អញ្ចើញ​គ្រូ​ដែលមានជំនាញ និង​បទពិសោធន៍ជាច្រើនឆ្នាំ​ពី​សហរដ្ឋអារិច ជប៉ុន តៃវ៉ាន់ អូស្ត្រាលី និងចិនជាដើម​មកបង្វឹកហាត់ភ្នាក់ងាររបស់ខ្លួន​ដើម្បី​ធ្វើជាអ្នកនាំមុខគេ​ក្នុង​ទីផ្សារ​ភ្នាក់ងារ​អចលនទ្រព្យ។

ជាក់ស្តែង កាលពីថ្ងៃ​ទី០២-០៣ ខែ​មេសា ការិយាល័យ​កណ្តាល​Century 21 នៅប្រទេស​កម្ពុជា​បានអញ្ចើញ​​​​ លោក Shen Wen Li ពីប្រទេសចិន ដែលជាអ្នកគ្រប់គ្រង​ជាន់ខ្ពស់នៅ​Century 21 Xia Men ដោយលោកគ្រប់គ្រង​ការិយាល័យ​ជាង​១៨០ ការិយាល័យ និង​ភ្នាក់ងារ​ជាង​២០០០នាក់​នៅប្រទេសចិន​ដើម្បី​មក​បំពាក់បំប៉ន​អគ្គនាយក​ប្រចាំ​ការិយាល័យ​នីមួយៗក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ភ្នាក់ងារ​អចលនទ្រព្យដែលជា​សមាជិក​របស់ Century 21។

គោលដៅ​ដែល​ Century 21 Cambodia អញ្ចើញ​គ្រូដែលមានបទពិសោធន៍ជាច្រើន​មកបណ្តុះ​បណ្តាល​និងចែករំលែក​ពី​សំណាក់ប្រទេសដែលមាន​វិស័យ​អចលនទ្រព្យ​មានការ​អភិវឌ្ឍន៍ខ្ពស់​គឺដើម្បី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ និង​ភ្នាក់ងារ​ដើម្បី​ឈរ​ជើងលេខ១​នៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​ភ្នាក់ងារ​អចលនទ្រព្យ។

តើ​ Century 21 អាច​នឹង​ឈរ​ជើង​នាំមុខ​គេ​នៅក្នុង​ប្រទេសកម្ពុជា​បាន​ដែរឬទេ? ចម្លើយ​នេះ​ គឺ​នឹង​អាច​ទទួលបាន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ!