ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដូចជា Alibaba, ByteDance និង Tencent បានបិទមុខងារ AI chatbot មួយចំនួនក្នុងអំឡុងពេលប្រឡង gaokao ដែលជាការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យរបស់ប្រទេសចិនដែលបានធ្វើឡើងចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែមិថុនា។
រីឯកម្មវិធី Qwen, Doubao, Yuanbao និង Kimi ក៏បានបិទមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតសំណួរ ដើម្បីទទួលបានចម្លើយផងដែរ នេះជួយបញ្ឈប់ការលួចចម្លងអំឡុងពេលប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ។ ការប្រឡងនេះមានសិស្សជាង 13.3 លាននាក់បានចូលរួមក្នុងការប្រឡងដ៏សំខាន់នេះ បើពិន្ទុនៃការប្រឡងខ្ពស់ពួកគេនឹងមានឱកាសចូលរៀននៅសាកលវិទ្យាល័យកំពូលៗ និងសាកលវិទ្យាល័យដែលគេចង់រៀន។
ខណៈមនុស្សជាច្រើនបានចែករំលែករូបភាពនៅលើ Weibo បង្ហាញថាកម្មវិធី AI មិនដំណើរការទេ។ ទន្ទឹងនឹងនោះ ក្រុមហ៊ុនបានចេញមុខនិយាយថាពួកគេធ្វើបែបនេះដើម្បីជួយរក្សាការប្រឡងឱ្យមានភាពស្មោះត្រង់ និងយុត្តិធម៌។

