Home ទូទៅ កុំភ្លេចអភ័យទោសឲ្យខ្លួនឯង! ដើម្បីរស់នៅក្នុងជីវិតមួយដែលសុខសាន្ត

កុំភ្លេចអភ័យទោសឲ្យខ្លួនឯង! ដើម្បីរស់នៅក្នុងជីវិតមួយដែលសុខសាន្ត

យើងតែងតែត្រូវបានបង្រៀនឲ្យចេះអភ័យទោសឲ្យអ្នកដទៃ ប៉ុន្តែបុគ្គលដែលយើងពិបាកអភ័យទោសឲ្យបំផុតជាញឹកញាប់គឺ ខ្លួនឯង។ ការរស់នៅដោយស្តីបន្ទោសខ្លួនឯងចំពោះកំហុសពីអតីតកាល គឺជាការដាក់ទណ្ឌកម្មដ៏ឃោរឃៅបំផុត ដែលរារាំងអ្នកមិនឲ្យរកឃើញសេចក្តីសុខនៅពេលបច្ចុប្បន្ន។ ខាងក្រោមនេះជាហេតុផល និងវិធីសាស្ត្រដែលអ្នកត្រូវអនុវត្ត៖

១. អ្នកបានធ្វើល្អបំផុតហើយ
នៅពេលអ្នកក្រឡេកមើលទៅក្រោយ អ្នកតែងតែគិតថា “ប្រសិនបើខ្ញុំដឹងរឿងនេះពីមុន ខ្ញុំនឹងមិនធ្វើបែបនោះទេ”។ ប៉ុន្តែការពិតគឺថា អ្នកពីមុន មិនមានចំណេះដឹង និងយល់ពីវាជ្រៅជ្រះដូចអ្នកពេលនេះទេ។ អ្នកបានធ្វើការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងស្ថានភាពដែលអ្នកមាននៅពេលនោះ។ ដូច្នេះ ត្រូវមានចិត្តមេត្តាចំពោះខ្លួនឯងកាលពីអតីតកាល។

២. កំហុសគឺជាភស្តុតាងនៃការរៀនសូត្រ
កុំមើលកំហុសជាស្លាកស្នាមនៃភាពបរាជ័យ តែត្រូវមើលវាជាមេរៀនដ៏ល្អនៃជីវិត។ ពីព្រោះថា បើអ្នកមិនធ្លាប់ធ្វើខុស មានន័យថាអ្នកមិនធ្លាប់ហ៊ានប្រថុយ ឬធ្វើអ្វីថ្មីឡើយ។ កំហុសរបស់អ្នកថ្ងៃនេះ គឺជាប្រភពនៃភាពឈ្លាសវៃរបស់អ្នកនៅថ្ងៃស្អែក។

៣. ការបន្ទោសខ្លួនឯងមិនអាចកែប្រែអ្វីបានទេ
ការស្តីបន្ទោសខ្លួនឯងម្តងហើយម្តងទៀត មិនអាចធ្វើឲ្យអតីតកាលផ្លាស់ប្តូរបានទេ។ វាមិនមែនជាការទទួលខុសត្រូវទេ តែវាជាការបំផ្លាញខ្លួនឯងទៅវិញ។ ដូចនេះអ្នកគួរហ៊ាមទទួលយកការទទួលខុសត្រូវដោយនិយាយថា “ខ្ញុំបានធ្វើខុស” ហើយបន្ទាប់មកសួរថា “តើខ្ញុំត្រូវធ្វើអ្វីបន្តទៀតដើម្បីកែតម្រូវវា?”

៤. ប្រព្រឹត្តចំពោះខ្លួនឯងដូចមិត្តល្អ
ប្រសិនបើមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នកធ្វើខុសដូចអ្នក តើអ្នកនឹងនិយាយអ្វីទៅកាន់គេ? អ្នកប្រាកដជាលួងលោម និងលើកទឹកចិត្តគេ មិនមែនជាន់ពន្លិចគេទេ។ ហើយហេតុអ្វីអ្នកមិនផ្តល់ក្តីមេត្តានោះឲ្យខ្លួនឯងផង? ដូចនេះចូរនិយាយទៅកាន់ខ្លួនឯងដោយពាក្យលើកទឹកចិត្ត ដូចដែលអ្នកនិយាយទៅកាន់មនុស្សដែលអ្នកស្រឡាញ់។

ជារួម ការអភ័យទោសឲ្យខ្លួនឯង មិនមែនមានន័យថាអ្នកលុបចោលកំហុសនោះទេ តែមានន័យថាអ្នកសម្រេចចិត្ត ដោះលែងខ្លួនឯងពីគុកនៃវិប្បដិសារី ដើម្បីឲ្យអ្នកមានឱកាសចាប់ផ្តើមសារជាថ្មី។ អ្នកសមនឹងទទួលបានសេចក្តីសុខ និងឱកាសទីពីរពីខ្លួនឯង។