Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិ 500 ពាន់លានដុល្លារកាលពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 នេះបើយោងតាមទស្សនាវដ្តី Forbes ។ ទ្រព្យសម្បត្តិរបស់គាត់បានឡើងដល់ 500 ពាន់លានដុល្លារក្នុងរយៈពេលខ្លី ក្នុងអំឡុងពេលជួញដូរ ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃវាគឺ 499.1 ពាន់លានដុល្លារ។ ការកើនឡើងនេះបានកើតឡើងដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង 4% ហើយតម្លៃរបស់ក្រុមហ៊ុនផ្សេងទៀតរបស់គាត់គឺ SpaceX និង xAI ក៏កើនឡើងផងដែរ។
ចំពោះទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើងលឿនជាងអ្នកដទៃ ដោយកាលពីឆ្នាំ2021 គាត់គឺជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិឈានដល់ 300 ពាន់លានដុល្លារ និងឈានដល់ 400 ពាន់លានដុល្លារក្នុងឆ្នាំ 2024 ហើយនៅឆ្នាំ2025 នេះ គាត់មានទ្រព្យរហូតដល់ 500 ពាន់លានដុល្លារ។
ថែមពីនេះ ទ្រព្យសម្បត្តិនេះគឺមានលើសលោក Larry Ellison (ដែលជាអ្នកជំនួញជនជាតិអាមេរិក និងជាមហាសេដ្ឋីមួយរូបនៅក្នុងពិភពលោក) រហូតជាង 150 ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ គេក៏បានរំពឹងដែលថា ទ្រព្យសម្បត្តិរបស់លោក Elon Musk នឹងអាចឈានដល់ 1 ពាន់ពាន់លានដុល្លារនៅឆ្នាំ 2033 ។

