ជប៉ុនគ្រោងនឹងសម្អាតកាកសំណល់អវកាសដោយប្រើឡាស៊ែរពីដី។ ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា EX-Fusion កំពុងសហការជាមួយក្រុមហ៊ុនអូស្ត្រាលីមួយដែលមានឈ្មោះថា EOS Space Systems ដើម្បីសាងសង់ឡាស៊ែរដ៏មានឥទ្ធិពលនៅឯកន្លែងសង្កេតលំហអាកាសនៅជិតទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ដំបូង ឡាស៊ែរនឹងត្រូវបានប្រើដើម្បីរកបំណែកតូចៗនៃសំរាមដែលពិបាករកមើលនៅអវកាសដែលមានទំហំតូចជាងបួនអ៊ីញ។ នៅជំហានបន្ទាប់ ឡាស៊ែរនឹងធ្វើឱ្យសារធាតុឥតបានការទាំងនោះផ្លាស់ទីយឺតជាងមុន។ នៅពេលដែលវាថយចុះ កាកសំណល់នឹងធ្លាក់មកផែនដី ហើយឆេះនៅក្នុងបរិយាកាស មុនពេលវាទៅដល់ដី។
យ៉ាងណាមិញ ឡាស៊ែរដែលត្រូវបានគេប្រើនេះ គឺមិនមានគ្រោះថ្នាក់ទេ ព្រោះវាមិនមានថាមពលខ្លាំងដូចឡាស៊ែរយោធានោះទេ។ ដូច្នេះវាអាចជួយសម្អាតកាកសំណល់ក្នុងលំហដោយមិនបង្កគ្រោះថ្នាក់។ នេះជួយការពារផ្កាយរណបនៅក្នុងលំហ។