កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានចេញសារលិខិតផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។
ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។
សម្តេចបវរធិបតីជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
ក្នុងស្មារតីនេះ, សម្តេចបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់គម្ពុជា ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។


