ឱកាសដ៏មានតម្លៃបំផុតក្នុងជីវិតមិនមែនកើតមានសម្រាប់មនុស្សគ្រប់រូបនោះទេ។ ភាពជោគជ័យ និងសុភមង្គលពិតប្រាកដ គឺស្ថិតនៅលើរបៀបដែលយើងសម្រេចចិត្តចំណាយពេលវេលាដ៏កម្រនេះលើរឿងសំខាន់ៗ។
ខាងក្រោមនេះជាចំណុច ៣ យ៉ាងដែលអ្នកគួរវិនិយោគពេលវេលាឲ្យបានល្អបំផុត៖
១. ពេលជាមួយគ្រួសារ
ពេលវេលាជាមួយគ្រួសារគឺជាពេលវេលាដែលមិនអាចកាត់ថ្លៃបាន ហើយក៏មិនអាចយកអ្វីមកកាត់ថ្លៃបានដែរ។ កូនៗធំធាត់យ៉ាងឆាប់រហ័ស ហើយឪពុកម្តាយក៏ចាស់ទៅតាមវ័យទៅតាមពេលវេលា ដូចនេះអ្នកគួរចំណាយពេលជាំមួយគ្រួសារឱ្យបានច្រើនតាមដែលអាចទៅបានដូចជាបរិភាគអាហារពេលល្ងាចជុំគ្នា ដើរកម្សាន្ត ឬជជែកគ្នាលេងកសាងមូលដ្ឋានគ្រឹះនៃក្តីស្រឡាញ់ និងការយោគយល់។ល។ តែបើអ្នកនៅតែបណ្តោយឱ្យពេលវេលាទាំងនេះកន្លងហួស គឺស្មើនឹងការបាត់បង់អនុស្សាវរីយ៍ដ៏មានតម្លៃ។
២. ពេលវេលារៀនសូត្រ
សមត្ថភាពក្នុងការរៀនសូត្រថ្មីៗគឺជាទ្រព្យសម្បត្តិដែលផ្តល់ផលចំណេញខ្ពស់បំផុត។ នៅពេលអ្នកនៅក្មេង ឬនៅពេលដែលអ្នកមានកម្លាំងខ្លាំង អ្នកមានឱកាសរៀនឆាប់ចាំ ឆាប់ចេះ តែបើអ្នកដល់វ័យដែលចាស់ហើយអ្នកមិនអាចត្រឡប់ទៅពេលវេលាដ៏មានតម្លៃនេះបានឡើយ។ ហើយបើអ្នកបញ្ឈប់ខ្លួនឯងពីការទទួលយកចំណះដឹង គឺស្មើរនឹងបញ្ឈប់ខ្លួនឯងពីការរីកចម្រើនអញ្ចឹង។ ដូច្នេះ អ្នកត្រូវចាត់ទុកការរៀនសូត្រជាកិច្ចការអាទិភាព។ ចំណាយពេលអានសៀវភៅ ចូលរួមវគ្គបណ្តុះបណ្តាល ឬរៀនជំនាញថ្មីៗរៀងរាល់ថ្ងៃ។ ការវិនិយោគលើចំណេះដឹង គឺជាគន្លឹះដើម្បីបើកទ្វារទៅរកឱកាសថ្មី។
៣. ឱកាស
ឱកាសសំខាន់ៗក្នុងជីវិត (ដូចជាឱកាសការងារ ឱកាសវិនិយោគ ឬឱកាសធ្វើជាដៃគូ) គឺមានលក្ខណៈបណ្តោះអាសន្ន ហើយមិនដែលរង់ចាំនរណាម្នាក់ឡើយ។ ការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអាចធ្វើឲ្យអ្នកបាត់បង់ភាពជោគជ័យដ៏ធំ។ ដូចនេះអ្នកត្រូវត្រៀមខ្លួនជាស្រេច (តាមរយៈការរៀនសូត្រ) ដើម្បីហ៊ានធ្វើការសម្រេចចិត្តលឿន នៅពេលឱកាសមកដល់។ កុំខ្លាចហានិភ័យ ប៉ុន្តែត្រូវហ៊ានធ្វើសកម្មភាពដោយមានការគិតគូរច្បាស់លាស់។
សរុបមក ការរស់នៅដោយមានគោលបំណង គឺការចំណាយពេលវេលា និងថាមពលរបស់អ្នកដោយចេតនាលើចំណុចទាំង ៣ នេះ។ ការធ្វើបែបនេះនឹងនាំឲ្យអ្នកទទួលបានជីវិតមួយដែលពោរពេញទៅដោយអត្ថន័យ និងភាពរីកចម្រើន។

