ហាង Kon Store Cambodia គឺជាហាងលក់សម្ភារៈទារក និងកុមារមានគុណភាពខ្ពស់ ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារ ដោយទីតាំងហាងស្ថិតនៅជិតរង្វង់មូលទួលគោក ផ្ទះលេខ 93A, St 289 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ថែមពីនេះ ទំនិញភាគច្រើននាំចូលពីប្រទេសថៃ ជប៉ុន កាណាដា អាមេរិច បារាំង កូរ៉េ និងពីសហភាពអឺរ៉ុប។
ឆ្លងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី លី លីហ្សា សហស្ថាបនិកនៃហាង Kon Store គឺលោកស្រីបានបកស្រាយពីរឿងរ៉ាវនៃការបង្កើតហាងនេះឡើងមកកាន់ក្រុមការងារគំនិតដូចខ្លឹមសារខាងក្រោម។
មូលហេតុនៃការបង្កើតហាង Kon Store
ការចាប់ផ្ដើមដំបូងនៃហាង Kon Store គឺលោកស្រីជួបផលវិបាកក្នុងការសម្រេចចិត្តជ្រើសរើសអីវ៉ាន់សម្រាប់កូននៅពេលមានកូនលើកដំបូង ដូចជាគ្មានការប្រឹក្សាយោបល់លើការជ្រើសរើសទំនិញបានច្រើន និងមិនសូវមានទំនិញល្អៗសម្រាប់កូនរបស់គាត់ឡើយ ដោយជាទូទៅគាត់ត្រូវរើសអីវ៉ាន់តាមការប៉ាន់ស្មាន។ ម្យ៉ាងវិញទៀត ដោយសារតែលោកស្រីបានសង្កេតឃើញថា ចំពោះអ្នកម្ដាយដែលទើបមានកូនលើកដំបូង គឺគាត់មិនដឹងថាត្រូវទិញអីវ៉ាន់អ្វីសម្រាប់កូនរបស់គាត់ឡើយ។ កត្តាទាំងពីរនេះហើយ ដែលធ្វើឱ្យលោកស្រីចាប់ផ្ដើមស្រលាញ់សម្ភារៈក្មេងៗ និងមានគំនិតចង់បើកហាងនេះឡើង ដើម្បីជួយផ្ដល់ប្រឹក្សាយោបល់សម្រាប់អ្នកម្ដាយគ្រប់រូបលើការសម្រេចចិត្តទិញសម្ភារៈដល់កូនឱ្យបានល្អជាងមុន។
បន្ទាប់ពីលោកស្រីលីហ្សា មានគំនិតក្នុងការបង្កើតហាង Kon Store ហើយ ដូច្នេះលោកស្រីក៏ចាប់ផ្ដើមបបួលមិត្តភក្តិដែលមានគំនិតចង់ចាប់ផ្ដើមលើផ្នែកសម្ភារៈកូនក្មេងដែរ ដោយមានជំនាញដែលអាចបំពេញឱ្យគ្នាបាន ដើម្បីសហការគ្នាក្នុងការធ្វើឱ្យហាងមួយនេះកាន់តែរីកចម្រើន។ ជាក់ស្ដែងនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ2021 ហាង Kon Store ក៏បានពង្រីកខ្លួនធំជាងមុននៅទួលគោក។ ហើយត្រង់ចំណុចនេះ យើងច្បាស់ជាមានចម្ងល់ហើយថា តើកត្តាអ្វីដែលហាង Kon Store អាចពង្រីកខ្លួនពីតូច មកធំបាន?
កត្តាដែលធ្វើឱ្យ ហាង Kon Store រីកចម្រើន
នៅក្នុងកិច្ចសម្ភាសន៍ លោកស្រីលី លីហ្សា បានបញ្ជាក់ប្រាប់ថា កត្តាដែលធ្វើឱ្យហាង Kon Store រីកចម្រើនដូចសព្វថ្ងៃនេះ ដោយសារ៖
- ផ្ដល់ជាការប្រឹក្សាយោបល់ដល់ម៉ាក់ៗក្នុងជម្រើសលើសម្ភារៈសម្រាប់កូនៗ
- ជ្រើសរើសទំនិញដោយផ្ទាល់ ដើម្បីធានាថាអីវ៉ាន់ណាមានគុណភាពល្អ ស័ក្តសមសម្រាប់ក្មេងៗ និងមិនគួរយកមកដាក់លក់
- ចម្រាញ់យករូបភាពដែលថតផ្ទាល់និងច្បាស់ល្អ ដើម្បីផ្សព្វផ្សាយនៅលើផេកផ្លូវការ
លើសពីនេះ លោកស្រីលីហ្សា ក៏បានលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន សូមចាប់ផ្ដើមចេញពីការស្រលាញ់ ការមានឆន្ទៈ ការមានពេលវេលាគ្រប់គ្រាន់ក្នុងការចាប់ផ្ដើម ត្រូវផ្ដោតលើគុណភាពផលិតផល និងមានដើមទុនគ្រប់គ្រាន់ទៅតាមបរិមាណនៃអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម។
ទស្សនាវីដេអូកិច្ចសម្ភាសន៍៖ https://fb.watch/cUvGSHSKFP/