ដើម្បីបង្កើនផលិតភាពនៅក្នុងស្ថាប័នមួយគេពិតជាត្រូវការធនធានមនុស្សជាចាំបាច់។ ការរើសបុគ្គលិកគឺត្រូវធ្វើយ៉ាងល្អិតល្អន់មុននឹងបានមនុស្សដែលអាចជឿទុកចិត្តបានដើម្បីមកធ្វើការឲ្យយើង។ នៅពេលដែលបានបុគ្គលិកមកធ្វើការគេត្រូវផ្តល់ជាកញ្ចប់ផលប្រយោជន៍ដល់ពួកគេដូចជាប្រាក់ខែលើសពីចំនួនអប្បរមា ថ្ងៃឈប់សម្រាក ធានារ៉ាប់រង និងអត្ថប្រយោជន៍បន្ថែមផ្សេងៗ។ ហេតុនេះបានជានៅក្រុមហ៊ុនធំៗមួយចំនួននៅពេលដែលគេត្រូវការបុគ្គលិកចំពោះដំណែងមិនសូវចាំបាច់គេអាចរកពីខាងក្រៅឬបុគ្គលិកកុងត្រាមកធ្វើការជំនួសបុគ្គលិករបស់គេ។ ដំណែងទាំងនោះមានដូចជា អ្នកទទួលទូរស័ព្ទ អ្នកអនាម័យ សន្តិសុខ អ្នកបើកឡានជាដើមក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើអត្ថប្រយោជន៍ផ្សេងៗក្រៅពីប្រាក់ខែ។ មិនត្រឹមតែដំណែងមិនចាំបាច់ប៉ុណ្ណោះទេដែលអ្នកអាចជួលអ្នកខាងក្រៅមកធ្វើការបាន។
ប៉ុន្តែតើអ្នកដឹងទេថាពេលណាទើបអ្នកត្រូវរកមនុស្សមកពីខាងក្រៅដើម្បីធ្វើការឲ្យ? ចំណុចទាំងប៉ុន្មានខាងក្រោមនេះនឹងជួយអ្នកវិភាគពីពេលវេលាត្រឹមត្រូវដើម្បីជួលបុគ្គលិកមកធ្វើការឲ្យស្ថាប័នរបស់អ្នក ៖
- វិភាគថាតំណែងអ្វីខ្លះដែលអ្នកខ្វះ ៖ អ្នកត្រូវដឹងថាដំណែងនោះជាដំណែងដែលមិនជាន់ជាមួយនឹងដំណែងដែលអ្នកជំនាញ។ ឧទាហរណ៍ថាក្រុមហ៊ុនអ្នកជាក្រុមហ៊ុនទេសចរណ៍និងចង់ផលិតវីដេអូផ្សព្វផ្សាយអាជីវកម្មរបស់អ្នក អ្នកមិនចាំបាច់ត្រូវរើសបុគ្គលិកដែលចេះថតនោះទេអ្នកគ្រាន់តែជួលអ្នកជំនាញពីខាងក្រៅមកជាការស្រេច។ ជាពិសេសចៀសវាងការជួលពួកគេមកធ្វើមុខដំណែងសំខាន់ៗដូចជាអ្នកគ្រប់គ្រងទូទៅជាដើម។
- អ្នកត្រូវប្រាកដថាអ្នកចំណេញពេលវេលា ៖ មិនត្រឹមតែការជួលមនុស្សពីខាងក្រៅជួយឲ្យអ្នកចំណេញថ្លៃដើមទេអ្នកត្រូវប្រាកដថាពួកគេគឺអាចជួយសន្សំសំចៃពេលរបស់អ្នកផងដែរ។ អ្នកត្រូវប្រាកដថាគេអាចទទួលបន្ទុកការងារតាមដែលអ្នកត្រូវការមិនមែនត្រឹមតែកិច្ចការណាមួយនោះទេ។
- គិតគូរពីជំនាញនិងបទពិសោធន៍ ៖ អ្នកត្រូវច្បាស់ថាគេមានបទពិសោធន៍និងជំនាញគ្រប់គ្រាន់ដើម្បីមកបំពេញចំណុចខ្វះខាតក្នុងការងារដែលអ្នកកំពុងតែស្វែងរក។
- មើលពីអត្តចរិករបស់គេ ៖ ទោះបីជាគេគ្រាន់តែជាបុគ្គលិកកុងត្រាក៏ដោយប៉ុន្តែអត្តចរិករបស់គេពិតជាសំខាន់ណាស់ក្នុងការសម្របខ្លួនធ្វើការបានជាមួយអ្នកដទៃ ភាពស្មោះត្រង់ ព្រមទាំងភាពវ័យឆ្លាតរបស់គេផងដែរ។
- មើលពីសញ្ញាគម្រាមកំហែងមួយចំនួន ៖ អ្នកត្រូវដឹងថាមនុស្សដែលចូលមកធ្វើការក្នុងក្រុមហ៊ុនអ្នកមិនថាការងារតូចធំ ពេលវេលាយូរឬវែងទេក៏ត្រូវពិចារណាឲ្យបានល្អិតល្អន់ដែរចៀសវាងការសោកស្ដាយនៅពេលក្រោយ។ អ្នកអាចវិភាគពីការនិយាយស្តី ទឹកមុខ កាយវិការជាដើម។ បើម្នាក់នោះមិនទាន់ទាំងចូលធ្វើការផងហើយក៏កើតមានពាក្យកុហកចំពោះអ្នកទៅហើយអ្នកគួរតែចៀសវាងចុះ។
www.managementstudyguide.com