spot_img
spot_img
Homeធុរកិច្ចការពិត​​ទាំង​៤​នៃ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ​ដំបូង

ការពិត​​ទាំង​៤​នៃ​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ​ដំបូង

-

បើសិនជា​អ្នក​ខ្លាច​​​ភាពលំបាក​ដូចជាភាព​តានតឹង​(ស្រ្តេស)​ ឬ​ការប្រថុយ​នឹង​គ្រោះថ្នាក់ អ្នក​មិនគួរ​បើក​អាជីវកម្ម​ឡើយ​។ ភាពជា​សហគ្រិន​អ្នក​ត្រូវការ​បេះដូង​ដ៏​រឹងមាំ​ដែល​មិនងាយ​ចុះចាញ់​គ្រប់​ឧបសគ្គ​ព្រោះ​​អ្នកគឺ​មាន​ទំនួលខុសត្រូវ​​លើ​អនាគត​របស់ខ្លួនឯង បុគ្គលិក​ និង​គ្រួសារ​​ផងដែរ។ ​​អ្នក​ពិតជា​ត្រូវ​ការ​​ភាពអត់ធ្មត់ ការប្រឹងប្រែង និង​ការព្យាយាម ទោះបី​ជា​អ្នក​មិន​ប្រាកដ​ថា​អ្នក​នឹង​ទទួលបាន​ជោគជ័យ​ក៏ដោយ​។ ​ខ្ញុំ​ឃើញ​ថាមាន​​ម្ចាស់​អាជីវកម្ម​​ជាច្រើន​​​ដែល​​មិនបាន​​រៀបចំ​​ផែនការ​​ឲ្យ​បាន​​ច្បាស់លាស់នោះឡើយ។ ជាទូទៅ​បញ្ហា​ដែល​នឹង​អាច​​កើតមាន​ឡើង​ដែល​យើង​នឹកស្មាន​មិនដល់​នៅពេល​ឆ្នាំដំបូង​​គឹមាន​ច្រើនណាស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ឆ្លងផុត​ដំណាក់កាល​នៃ​ការបើក​អាជីវកម្ម​ក្នុងឆ្នាំ​ដំបូង​បាន​នោះ​ភាគរយ​​ដែល​អ្នក​អាច​រក្សា​អាជីវកម្ម​របស់អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​គឺ​មាន​អាត្រា​ខ្ពស់​។ ខាងក្រោម​នេះ​គឺ​អ្វី​ដែល​អ្នក​គួរ​ពិចារណា​មុនពេល​ដែល​អ្នក​ចា​ប់បើក​អាជីវកម្ម​ឆ្នាំដំបូង​របស់អ្នក៖

ភាពជា​សហគ្រិន​អ្នក​ត្រូវការ​បេះដូង​ដ៏​រឹងមាំ​ដែល​មិនងាយ​ចុះចាញ់​គ្រប់​ឧបសគ្គ

១. អ្នក​ត្រូវការ​បុគ្គលិក

អ្នក​​ប្រហែលជា​គិតថា​អ្នក​ធ្វើអ្វី​គ្រប់យ៉ាង​ក្នុង​អាជីវកម្ម​របស់អ្នក​ដោយ​ខ្លួនឯងបាន​​ព្រោះ​អ្នក​គិតថា​អ្នក​ឆ្លាត​ក្នុង​ការ​បង្កើត​អាជីវកម្ម។ ដូចច្នេះ​ហើយ​អ្នក​គិតថា​អ្នក​​អាច​គ្រប់គ្រង​កិច្ចការ​គ្រប់យ៉ាង​បាន​ដោយ​ខ្លួនឯង​ទាំងអស់​។ បើសិនជា​អ្នក​មិន​ចង់​ឈឺក្បាល​ចំពោះ​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​ទេ អ្នក​គួរ​ជ្រើសរើស​មនុស្ស​ឲ្យ​បាន​សក្តិសមមក​ជួយ​កិច្ចការ​អ្នក។ អ្នក​គួរ​គិតថា​មុខជំនាញ​មួយចំនួន​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ឧទាហរណ៍ ជំនាញ​គណនេយ្យ​ ជំនាញ​បង្កើតគេហទំព័រ​ជាដើមព្រោះ​អ្នក​គ្មាន​ជំនាញ​ច្បាស់លាស់គ្រប់បែប​យ៉ាង​​ដើម្បី​​ជួយ​​​អាជីវកម្ម​​​អ្នក​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយទេ​។  ម្យ៉ាងវិញ​ទៀត អ្នក​ក៏​ត្រូវការ​មនុស្ស​ជួយ​ក្នុងការ​ទំនាក់ទំនង​ជាមួយ​អតិថិជន។ ដូចច្នេះ អ្នក​អាច​យក​ពេល​វេលា​ទៅ​ផ្តោត​លើ​ការងារ​រដ្ឋបាល​​និង​​រិះរក​គំនិត​យុទ្ធសាស្រ្ត​ធ្វើ​ទីផ្សារ​បាន​។ នៅ​ពេល​ដែល​អ្នក​មាន​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ធ្វើការ​ជាមួយអ្នក​ ពួកគេ​​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​កើតមាន​ឡើង​បាន​​។

២. អ្នក​គួរ​តែ​ស្គាល់​អតិថិជន​គោលដៅ​របស់អ្នក

កំហុសមួយ​ទៀត​ដែល​ខ្ញុំ​តែងតែ​ឃើញ​គឺ​ម្ចាស់អាជីវកម្ម​ជាច្រើន​គាត់​គិតថា​គាត់​មាន​គំនិត​អស្ចារ្យ​សម្រាប់​អាជីវកម្ម​របស់គាត់​។ ផ្ទុយទៅវិញ គាត់​មិនបាន​​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថាតើ​នរណា​ខ្លះ​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល ​ឬ​សេវាកម្ម​របស់​គាត់។​ ទង្វើ​បេបនេះ​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់គាត់​ដួល​រលំ​បាន​។ ចូរ​ចងចាំ​ថាបើ​អាជីវកម្ម​របស់អ្នក​គ្មាន​អតិថិជន​ទេ​​គឺ​​មិនអាច​ទទួល​បាន​ជោគជ័យឡើយ​។ ដូចនេះ​​អ្នក​ត្រូវ​ស្គាល់​អតិថិជន​របស់អ្នក​ឲ្យ​បានច្បាស់​ថាតើ​ពួកគាត់​ត្រូវការ​អ្វីដើម្បី​អ្នក​បំពេញ​ចិត្ត​ពួកគាត់។​ នេះហើយ​​​គឺ​​ជា​ជំហាន​ដែល​នាំអ្នក​ឆ្ពោះ​​ទៅកាន់​​ភាព​ជោគជ័យ​។

៣. អ្នក​មិនអាច​កំណត់​​ប្រាក់​ចំណេញ

នៅកំឡុង​ពេល​ដែល​អ្នក​បើក​អាជីវកម្ម​នៅឆ្នាំ​ដំបូង អ្នក​នឹង​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​អាជីវកម្ម​របស់អ្នក។ ដូចនេះ​ហើយ​អ្នក​ត្រូវ​មាន​ការរៀបចំ​ហិរញ្ញវត្ថុ​​ឲ្យបានច្បាស់លាស់ បើពុំ​ដូចនោះទេ​អ្នក​នឹង​ត្រូវស្រេ្តស​ពី​បញ្ហា​ទាំងនោះ។ វា​ជា​ការ​ប្រសើរ បើសិនជា​​អ្នក​មាន​ប្រាក់សន្សំ​ផ្ទាល់ខ្លួនដោយ​អ្នក​អាច​យកលុយ​ទាំងនោះ​ដើម្បី​ទប់​ទល់​នឹង​បញ្ហាហិរញ្ញវត្ថុ​​បាន​និង​​មិន​បាច់​ត្រូវ​ខ្ចី​អ្នក​ដទៃ។

៤. អាជីវកម្ម​ថ្មី​តិចតួចប៉ុណ្ណោះ​​ដែល​អាច​ដំណើរការ​បាន​លើស​ពី​២​ឆ្នាំ

ការធ្វើ​ជំនួញ​ពិតជា​ពិបាក​ បើ​ចង់​ឲ្យ​​វា​ជោគជ័យគឺ​​រឹតតែ​​ពិបាក​ជាង​ការគិត​របស់អ្នក​ទៅទៀត។ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ចង់​បំភ័យ​អ្នក​នោះទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រៀបចំ​ផែនការ​ធុរកិច្ច​របស់អ្នក​ឲ្យបាន​ច្បាស់លាស់ទុកជាទុន​បម្រុង​ដើម្បី​​ជំនះ​​ឧបសគ្គ​ទាំងអស់​ដែល​អ្នក​នឹង​ត្រូវ​ប្រឈមមុខ​។ ​គ្មាន​រូបមន្ត​ឬ​មន្តអាគម​ណា​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់អ្នក​ទទួលបាន​ជោគជ័យ​នោះទេ បើសិនជា​អ្នក​មិន​ចំណាយ​ពេល​ដើម្បី​ត្រិះរិះ​និង​រៀបចំ​គម្រោង​​អាជីវកម្ម​របស់អ្នក​ឲ្យបាន​ច្បាស់លាស់​នោះទេ​។

 

bunneath Heng
bunneath Heng
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ